ភ្នំពេញ: ព្រឹត្តិ​ការណ៍​សិល្បៈ​បែប​ប​ស្ចិម​ប្រទេស​មួយ ​នឹង​រៀប​ចំឡើង​ក្នុង​ប្រទេស​កម្ពុជា​ គឺជា​ល្ខោន​អូ​ប៉េ​រ៉ា ​«Madama Butterfly» របស់​អ្នកនិ​ពន្ធ Giacomo Puccini ដែល​នឹង​ធ្វើ​ឱ្យ​មហា​ជន​ចាប់អា​រម្មណ៍​នៅ​ថ្ងៃទី ១០ ​ខែធ្នូ ខាង​មុខ​។​

​ព្រឹត្តិ​ការណ៍​ល្ខោន​អូ​ប៉េ​រ៉ា​នេះ ត្រូវ​បាន​ប្រារព្ធ​ឡើង​ក្រោម​កិច្ច​សហ​ការ​ជា​អន្ត​រជា​តិ ដោយ​មាន​ការ​បង្ហាញ​ការ​សម្ដែង​រវាង​សិល្ប​ករ​អន្ដ​រជាតិ រួមជា​មួយ​សិល្ប​ករ​នៅ​កម្ពុជា​។​ «Madama Butterfly» ដែល​បាន​សម្ដែង​លើក​ដំបូង​ក្នុង​ឆ្នាំ ១៩០៤ ​បាន​វិវឌ្ឍ​តាម​រយៈ​ការកែ​ប្រែ​ផ្សេងៗ​ ទៅ​ជា​ល្ខោន​អូ​ប៉េ​រ៉ា​ ដែល​ទទួល​បាន​ការ​ទទួល​ស្គាល់​យ៉ាង​ទូលំ​ទូលាយ​។​

សាច់​រឿង​ល្ខោន​តាម​កំណែ​ទម្រង់​របស់​ជប៉ុន​ និយាយ​អំពី​រឿង​សោក​នាដ​កម្ម​របស់​ស្ដ្រី​ចម្រៀង​ Cio-Ci​o ដែល​ស៊ូទ្រាំ​នឹង​ការ​អំពើ​ក្បត់ ​និង​ទុក្ខ​ព្រួយ​។ 


ព្រឹត្តិ​ការណ៍​នេះ​ទទួល​បាន​ការ​ចាប់​អារម្មណ៍ និង​ការ​គាំទ្រ​ពី​ឥស្ស​រជន​លេច​ធ្លោ ដែល​ក្នុង​នោះ​មាន​ ព្រះអង្គ​ម្ចាស់​ក្ស​ត្រី​ នរោត្តម​ រតនា​ទេវី​។ ​ទ្រង់​បាន​បង្ហាញ​ហឫ​ទ័យ​ ចង់ឱ្យ​ប្រជា​ជន​ក្នុង​ប្រទេស​កម្ពុជា ​ចូលរួម​ជា​មួយ​នឹង​វិសាល​ភាព​សិល្បៈ​ដ៏​ទូលំ​ទូលាយ​នេះ​។​

​ព្រះអង្គ​ម្ចាស់​ក្ស​ត្រីមាន​បន្ទូល​ថា​៖ «​ដូច​ដែល​យើង​អាច​កត់​សម្គាល់​បាន​ ប្រជាជន​កម្ពុជា​យើង​ជំនាន់​នេះ​ មាន​ការ​ចាប់​អារម្មណ៍​លើ​សិល្បៈ​ច្រើន​។ ខ្ញុំ​ចង់​ឱ្យ​មនុស្ស​ជំនាន់​យើង​ បើក​ចិត្ដទ​ទួល​យក​ទម្រង់​សិល្បៈ ​តន្ត្រី​ផ្សេងៗ​»​។​


ចំពោះ​ការស​ម្តែង​ល្ខោន​អូ​ប៉េ​រ៉ា​លើក​ទី​៣ នៅ​កម្ពុជា​នេះ ​ព្រះអ​ង្គម្ចាស់​ក្ស​ត្រី បាន​រំឭក​អនុ​ស្សាវរីយ៍​ដ៏​រីក​រាយ​ថា ល្ខោន​អូ​ប៉េ​រ៉ា​ខ្នាត​អន្តរ​ជាតិ​ចំនួន ​២ ​លើក​ ត្រូវ​បាន​រៀបចំ​ឡើង​នៅ​កម្ពុជា​ គឺ​ក្នុង​ឆ្នាំ​ ២០១៨​ និង ២០១៩​ ដែល​ទ្រង់​បាន​រៀប​ចំ​ជា​មួយ​សម្ដេច​ព្រះ​រៀម នរោត្ដម ​បុប្ផា​ទេវី​។​

​ព្រះអង្គ​ម្ចាស់​ក្សត្រី ​រតនាទេវី​ បាន​បញ្ជាក់​ថា​៖ «​ខ្ញុំ​ចាំ​បាន​ថា វា​តែងតែ​ធ្វើឱ្យ​ខ្ញុំ​នឹក​ឃើញ​ដល់​អនុ​ស្សាវ​រីយ៍​ល្អៗ ព្រោះ​នៅ​ពេល​នោះ ក្នុង​ការធ្វើ​សន្និ​សីទ ២លើក​ដំបូង​ ខ្ញុំ​នៅ​ជាមួយ​សម្ដេច​ព្រះរៀម​ បុប្ផា​ទេវី​ ដែល​ទ្រង់​ក៏​ជា​សិល្ប​ករ​ ១អង្គ​ដែរ​។ ទ្រង់​តែង​តែ​ប្រាប់​យើង​ថា ទ្រង់​ចង់​ឱ្យគម្រោង​អូ​ប៉េ​រ៉ា​កម្ពុជា​ បន្ត​រៀបចំ​ព្រឹត្តិ​ការណ៍​បែប​នេះ ព្រោះ​នៅ​លើ​ឆាក​មាន​អ្នក​ចម្រៀង និង​សិល្ប​ករ​ដែល​ស្រឡាញ់​លើ​ការងារ​របស់​ខ្លួន​ជា​ខ្លាំង ហើយ​វា​នឹង​ផ្ទេរ​ចំណង់​ចំណូល​ចិត្ត​របស់​ពួក​គេ​ទៅ​កាន់ទស្ស​និក​ជន​»​។​

កម្មវិធី​នេះ ​មាន​អ្នក​សម្ដែង​ជាង ​៧០ នាក់ រួមទាំង​វង់​តន្ត្រី ​និង​ក្រុម​ចម្រៀង​ ក្រោម​ការដឹ​កនាំ​សិល្បៈ​របស់​ជន​ជាតិ​អ៊ីតាលី ​Vincenzo Grisostomi Travaglini និង​អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ រ៉ាវីវឌ្ឍន៉ា មុនីពង្ស។​ 

តួ​សម្តែង​អន្តរ​ជាតិ​មាន​ទេព​កោសល្យ​ចូល​រួម​ទាំង​តារា​អ៊ីតាលី ​និង​ជប៉ុន​ដូច​ជា Yasko Fujii, Ai Iwasaki និង Enrico Terrone Guerra ក៏​ដូច​ជា​អ្នក​ចម្រៀង​អូ​ប៉េ​រ៉ា ​ដ៏​ល្បី​ល្បាញ​របស់​កម្ពុជា​លោក ​ឃួន​ សិទ្ធិ​សក្តិ​។​

លោក ​សិទ្ធិ​សក្តិ បាន​ឱ្យដឹង​ថា ប្រជា​ជន​ខ្មែរ ​កន្លង​មក​មិន​ស្គាល់​អំពី​ការ​សម្ដែង​អូ​ប៉េ​រ៉ា ហើយ​​ក្នុង​ឆ្នាំ​ ១៩៩៦ ​ពេល​លោក​ច្រៀង​អូ​ប៉េ​រ៉ា ត្រូវ​បាន​មហា​ជន​សើច​ចំពោះ​ការ​ស្រែក​ច្រៀង​របស់​លោក​។

 លោក​បាន​និយាយ​ថា​៖ «​អូ​ប៉េ​រ៉ា​ជា​សិល្បៈ​មិន​ត្រឹមតែ​ច្រៀង និង​សម្ដែង ​ជាពិសេស​ភាសា​ថែម​ទៀត​។ ប្រ​សិន​បើ​អូ​ប៉េ​រ៉ា​ជា​អ៊ីតាលី ​អ្នក​ច្រៀង​ត្រូវ​ច្រៀង​ជា​ភាសា​អ៊ីតាលី ​ហើយ​ប្រសិន​បើ​អូ​ប៉េ​រ៉ា​ជា​បារាំង​ អ្នក​ច្រៀង​ត្រូវ​ច្រៀង​ជា​ភាសា​បារាំង​»​។ 

លោក ​សិទ្ធិ​សក្ដិ ​បាន​បន្ដថា អូ​ប៉េ​រ៉ា ត្រូវ​បាន​ចាត់ទុ​កជា​សិល្បៈ​វប្ប​ធម៌​មនុស្ស​ជាតិ​លើ​ពិភព​លោក​។ ផ្ទាំង​ទស្ស​នីយ​ភាព​ដែល​ត្រូវ​បាន​សម្ដែង​នៅ​កម្ពុជា​នេះ ​ពិត​ជា​អស្ចារ្យ​ណាស់ ​ដោយ​មាន​អ្នក​ចម្រៀង និង​អ្នក​សម្ដែង​មកពី​ជុំវិញ​ពិភព​លោក​។​

លោក​បាន​ធ្វើ​ការប្រៀបធៀ​ប​ល្ខោន​អូ​ប៉េ​រ៉ា​ទៅនឹង​ល្ខោន​បា​សាក់ ​និង​យីកេ ដែ​លជា​ទម្រង់​សិល្បៈ​ស្រដៀង​គ្នា​។ 

លោ​ក ហ្វា​ចា ហ្គា​ប្រៀល ​នាយក​ផលិត​កម្ម និង​ជានា​យក​ប្រតិ​បត្តិ​នៃ Soundskool Music ជា​អ្នក​ឧបត្ថម្ភ​ល្ខោន​អូ​ប៉េ​រ៉ា​មួយ ​បានថ្លែង​​ថា ក្រុមកា​រងារ​ផលិត​មាន​ការ​ចូលរួម​ពីអ្នកអង្គម្ចាស់ ស៊ីសុវត្ថិ រ៉ាវីវឌ្ឍន៉ា មុនីពង្ស ដែល​តំណាង​ដោយ​ព្រះ​វត្ដ​មាន​កិត្តិ​យស​របស់​ព្រះ​អង្គ​ម្ចាស់​ក្ស​ត្រី ​នរោត្តម ​រតនាទេវី ​ក្នុង​សន្និ​សីទ​សារ​ព័ត៌មាន​កាលពី​យប់​ថ្ងៃទី៨ ​ខែវិច្ឆិកា​។​

​ក្រៅពី​ព្រះ​រាជ​វង្ស​ទាំង ២​ អង្គ ពួកគេ​រំពឹង​ថា ​នឹង​មាន​ការចូល​រួម​ពី​សមាជិក​គ្រួសារ​រាជ​វង្ស​ ប្រហែល​ ៣០ អង្គ និង​មន្ត្រី​រដ្ឋា​ភិ​បាល ២០ នាក់ បន្ថែម​ពីលើ​ភ្ញៀវ VIP ប្រហែល ៣០០ នាក់​នៅ​យប់​នៃ​ព្រឹត្តិ​ការណ៍​នេះ​។​

​លោក ​ហ្គា​ប្រៀល បាន​ឱ្យដឹង​ថា​៖ «​តាម​ការ​រំពឹង នឹង​មាន​លក់​សំបុត្រ​សរុប​ប្រមាណ ១ ​៥០០​ សន្លឹក​ ហើយ​រហូត​មកទល់​ពេល​នេះ ​យើង​លក់​បាន ​១​ពាន់​សន្លឹក​។ អ្នក​ឧបត្ថម្ភ​សំខាន់ៗ​សម្រាប់​ឆ្នាំ​នេះ ​​គឺ ABC, Soundskool Music, Cellcard ​និង​ស្ថានទូ​ត​អ៊ី​តាលី​នៅ​ទីក្រុង​បាង​កក​»​។​

បញ្ហា​ប្រឈម​ផ្នែក​ភ័ស្តុភា​រ​នៃ​ការធ្វើ​រៀបចំ​ព្រឹត្តិ​ការណ៍​ដ៏​ធំ​បែបនេះ​ គឺមាន​សារៈ​សំខាន់ពាក់​ព័ន្ធ​នឹង​ការ​ធ្វើ​ដំណើរ​អន្តរ​ជាតិ ​ការ​ស្នាក់​នៅ ​និង​ការ​សម្រប​សម្រួល​នៃ​ក្រុម​ការងារ​ដ៏​ធំ​។​

​លោក​បាន​បន្ដ​ថា​៖ «​ពួកគេ​ត្រូវ​ញ៉ាំ ពួក​គេ​ត្រូវ​គេង ​ពួកគេ​​ត្រូវ​ធ្វើ​ដំណើ​រ និង​សម្រប​សម្រួល​ ២ សប្តាហ៍​ មុន​ព្រឹត្តិ​ការណ៍​។ យើង​មាន​រោង​មហោ​ស្រព​កោះ​ពេជ្រ ជា​រោង​មហោ​ស្រព​ធំ​ជាង​គេ​ក្នុង​ប្រទេស​កម្ពុជា ​ដែល​ចាំ​បាច់​ត្រូវ​រៀប​ចំ ​និង​កែ​សម្រួល​ឡើង​វិញ​ទាំង​ស្រុង ​សម្រាប់​ការ​រៀប​ចំ​ល្ខោន​អូ​ប៉េ​រ៉ា​នេះ​»​។​

ទោះជា​យ៉ាង​នេះ​ក្តី ភា​ព​រីករាយ​ និង​ការប្តេ​ជ្ញាចិត្ត​របស់​សិល្ប​ករ​អន្តរ​ជាតិ ​មិនមែន​ដោយ​សារ​ការ​រក​កម្រៃ​នោះ​ទេ ប៉ុន្តែ​ដោយ​សារក្តី​ស្រឡាញ់​ចំពោះ​ប្រទេស​កម្ពុជា​ និង​សារៈ​សំខាន់​នៃ​ព្រឹត្តិ​ការណ៍​នេះ​ មាន​ភាព​លេច​ធ្លោ​។​

​មោទន​ភាព​របស់​ព្រះ​អង្គ​ម្ចាស់​ក្ស​ត្រី រតនា​ទេវី នៅ​ក្នុង​ព្រឹត្តិ​ការណ៍​នេះ ​ឆ្លុះ​បញ្ចាំង​ពី​ការ​ផ្លាស់​ប្តូរ​សិល្បៈ​វប្បធម៌​កាន់​តែ​ទូលំទូលា​យ​។ សមា​ហរណក​ម្ម​តន្ត្រីក​រ អ្ន​កចម្រៀង ​និង​សិល្បករ​ក្នុង​ស្រុក​នៅ​ក្នុង​កម្មវិធី​សិល្បៈ​បែប​សកល ​បាន​គូស​បញ្ជាក់​ពី​ស្មារតី​សហ​ការគ្នា ​ដោយ​បញ្ចូល​ទេព​កោស​ល្យ​អន្តរ​ជាតិ ​ជា​មួយ​នឹង​គំនិត​ច្នៃប្រ​ឌិត​របស់​កម្ពុជា​។​

ព្រះអ​ង្គ​ម្ចាស់​ក្ស​ត្រីបាន​ព្រះបន្ទូល​ថា​៖ «​ខ្ញុំ​ពិតជា​មាន​មោទនភា​ព​ណាស់​ដែល​កម្មវិធី​នេះ​ ​ត្រូវ​បាន​រៀប​ចំ​ឡើង​នៅ​កម្ពុជា​។ ដូច្នេះ​យើង​មាន​កិច្ច​សហ​ការ​ពី​គ្រប់​គ្នា​។ សម្លៀកបំ​ពាក់​សម្រាប់​ការស​ម្ដែង ​តន្ត្រីករ​​ខ្មែរ អ្នក​ចម្រៀ​ង​ខ្មែរ​ សិល្ប​ករ​ក្នុង​ស្រុក​ដែល​នឹង​រួមចំ​ណែក​ក្នុង​ការ​រៀ​បចំ​។ ដូច្នេះ​ខ្ញុំ​មាន​មោទន​ភាព​ណាស់​»​។​

«Mad​ama Butterfly» ​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​ ១០ ​ខែធ្នូ នៅ​មហោស្រ​ព​កោះ​ពេជ្រ​។ ដើម្បី​ទទួល​បាន​ការប​ញ្ចុះ​តម្លៃ​ ៥ ​ភាគរ​យ សូម​ប្រើ​លេខ​កូដ ​“ABCBEExceptional” នៅ​​តំណ​ភ្ជាប់​ https:/​/ww​w.ma​dama-butt​erfly​.org​/tickets​៕