ភ្នំពេញៈ កម្ពុជា និង​ប្រទេស​ជា​សមាជិក​អាស៊ាន បាន​ឯកភាព​បង្កើត​ក្រុមការងារ​ពិសេស​អាស៊ាន (ASEAN Adhoc ask Force) ដែល​ចូលរួម​ដោយ​មន្ត្រី​មកពី​វិស័យ​ទេសចរណ៍ និង​ដឹកជញ្ជូន​អា​ស៊ាន​និង​បានដាក់​ចេញ​នូវ​សេចក្តីប្រកាស​រួមគ្នា​ដើម្បី​បង្ហាញ​ពី​ការប្តេជ្ញាចិត្ត​ធ្វើការ​រួមគ្នា​ក្នុងការ​ជំរុញ​កិច្ចសហប្រតិបត្តិការ​រ​វាង​វិស័យ​ទេសចរណ៍​ និង​ដឹកជញ្ជូន​អាស៊ាន​។​


ការសម្រេច​នេះ ត្រូវបាន​ធ្វើឡើង​នាឱកាស​ ដែល​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​ បាន​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ដឹកជញ្ជូន​អាស៊ាន​លើក​ទី​ ​២៩ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ រយៈពេល ​២ ​ថ្ងៃ​ចាប់ពី​ថ្ងៃទី ​៩-១០ ​វិច្ឆិកា​ឆ្នាំ ​២០២៣​។​


​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ លោក សុខ​​សូកេន បាន​ដឹកនាំ​គណៈប្រតិភូ​ចូលរួម​កិច្ច​ប្រជុំ​តាម​ប្រព័ន្ធ​អ៊ីន​ធឺ​ណិ​ត​ស្តីពី​ការងារ​ដែល​ផ្សារភ្ជាប់​គ្នា រវាង​រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន និង​រដ្ឋមន្ត្រី​ដឹកជញ្ជូន​អាស៊ាន ក្រោម​កិច្ចសហការ​ដឹកនាំ​ដោយ លោក​ស្រី Suanesavanh Vignaket រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន វប្បធម៌ និង​ទេសចរណ៍​ឡាវ និង​ជា​ប្រធាន​អាស៊ាន ផ្នែក​ទេសច​​រណ៍ និង​លោក Ngampasong Muongmany រដ្ឋមន្ត្រី​សាធារណការ និង​ដឹកជញ្ជូន​ឡាវ​និង​ជា​ប្រធាន​អាស៊ាន​ផ្នែក​ដឹកជញ្ជូន​។ 


 

​សេចក្តីប្រកាស​ព័ត៌មាន​ស្តីពី​លទ្ធផល​នៃ​កិច្ចប្រជុំ​នេះ ដែល​បានចេញ​ផ្សាយ​កាលពី​ថ្ងៃទី​ ១១ ខែវិច្ឆិកា បាន​លើកឡើងថា កិច្ចប្រជុំ​នេះ​ធ្វើឡើង​ក្នុង​គោល​បំណង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​រ​វាង​​វិស័យ​ទេសចរណ៍ និង​វិស័យ​ដឹកជញ្ជូន​អាស៊ាន ដើម្បី​ជំរុញ​កំណើនសេដ្ឋកិច្ច​ក្នុងដំណាក់កាល​ក្រោយ​វិបត្តិ​ជំងឺ​កូ​វីដ​ ១៩ ក៏ដូចជា​ជំរុញ​ការធ្វើដំណើរ និង​លំហូរ​ភ្ញៀវ​ទេសចរ​ក្នុង​តំបន់​អាស៊ាន​ផងដែរ​។ 



​អង្គប្រជុំ ក៏បាន​ទទួលស្គាល់​នូវ​សារៈ​សំខាន់​លើ​កិច្ចសហប្រតិបត្តិការ​អន្តរ​វិស័យ​រវាង​វិស័យ​ទេសចរណ៍​និង​វិស័យ​ដឹកជញ្ជូន​ដែល​គួរតែ​បន្តធ្វើ​ការ​យ៉ាង​ជិតស្និទ្ធ​ជាមួយគ្នា ដើម្បី​ស្វែងរក​វិធីសាស្ត្រ​នានា​សំដៅ​ដល់​ការជំរុញ​លំហូរ​ទេសចរណ៍​ក្នុង​តំបន់​។​


​នា​កិច្ចប្រជុំ​នេះដែរ​លោក សុខ សូកេន បាន​ថ្លែងអំណរគុណ ដល់​ភាគី​ឡាវ​ដែល​បានរៀបចំ​កិច្ចប្រជុំ​នេះ ស្របតាម​ស្មារតី​នៃ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន លើក​ទី​ ២៦ និង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ដឹកជញ្ជូន​អាស៊ាន​លើក​ទី​ ២៨ ដើម្បី​ជំរុញ​ការតភ្ជាប់​តាមផ្លូវ​អាកាស ផ្លូវទឹក និង​ផ្លូវគោក​ក្នុង​តំបន់​អាស៊ាន​ទាំងមូល​។​

 

​ក្នុងន័យនេះ​លោក​រដ្ឋមន្ត្រី បាន​រំលេច​ពី​ភាពចាំបាច់​នៃ​កិច្ចសហការ​ស៊ីចង្វាក់​រវាង​ភាគី​ពាក់​ព័ន្ធ ដើម្បី​ជំរុញ​ការធ្វើសមាហរណកម្ម​នៃ​វិស័យ​ទេសចរណ៍​និង​វិស័យ​ដឹក​ជ​ញ្ចូ​ន ធានាបាន​នូវ​កំណើនសេដ្ឋកិច្ច​តំបន់​អា​ស៊ាន​ប្រកបដោយ​ចីរភាព និង​បរិ​យាប​ន្ន​។ 


​លោក​ថ្លែងថា​៖«​កិច្ចសហការ​នៃ​វិស័យ​ទាំង​២​នេះ​នឹង​ត្រួសត្រាយ​ផ្លូវ​ក្នុង​ការបង្កើន​ទំនុកចិត្ត​របស់​ភ្ញៀវទេសចរ ឈានទៅ​សម្រេចបាន​នូវ​គោលបំណង​រួមមួយ​ក្នុងការ​ប្រែក្លាយ​តំបន់​អាស៊ាន​ទៅជា​គោល​ដៅ​ទេសចរណ៍ ប្រកបដោយ​គុណភាព​»​។​


​អង្គប្រជុំ​ក៏បាន​ពិភាក្សា​លើ​ចំណុច​គន្លឹះ​មួយចំនួន​ផងដែរ រួមមាន​៖ ការពង្រឹង​ការ​ត​ភ្ជាប់​ផ្លូវអាកាស ផ្លូវទឹក និង​ផ្លូវគោក ដើម្បី​លើកកម្ពស់​ការធ្វើដំណើរ​ក្នុង​តំបន់​ឱ្យ​កាន់តែ​ប្រសើរ​, ការជំរុញ​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ក្នុង​វិស័យ​ទាំងពីរ​, ការ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​រ​វាង​វិស័យ​
​ទាំងពីរ ពាក់ព័ន្ធ​នឹង​ការប្រើប្រាស់​បច្ចេក​វិទ្យា​ឌីជីថល​ដើម្បី​បង្កើន​គុណភាព​នៃ​ការប្រមូលផ្ដុំ​ទិន្នន័យ​និង​ការចែករំលែក​ព័ត៌មាន​ជាដើម​។​


​ពាក់ព័ន្ធ​វិស័យ​ដឹកជញ្ជូន​វិញ រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន លោក ប៉េង ពោធិ៍​នា និង​លោក កៅ គឹមហួន អគ្គលេខាធិការ​អាស៊ាន បាន​ព្រមព្រៀងគ្នា​បន្ត​ជំរុញ​កិច្ចសហប្រតិបត្តិការ​រ​វាង​កម្ពុជា និង​អាស៊ាន ពិសេស​លើ​វិស័យ​សាធារណការ និង​ដឹកជញ្ជូន ដើម្បី​កែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​ក្នុង​តំបន់ លើកកម្ពស់​ការតភ្ជាប់ និង​ការដឹកជញ្ជូន​ឆ្លងកាត់​ព្រំដែន​ប្រកបដោយ​ប្រសិទ្ធភាព​។​


​កិច្ចប្រជុំ​នេះ​បាន​ប្រព្រឹត្តទៅ​ក្រោម​ទម្រង់​ចម្រុះ ​(Hybrid) ដែល​រៀបចំ​ដោយ​ប្រទេស​ឡាវ និង​ចូលរួម​ដោយ​រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន និង​រដ្ឋមន្ត្រី​ដឹកជញ្ជូន អាស៊ាន គណៈប្រតិភូ​នៃ​វិស័យ​ទាំងពីរ​មកពី​បណ្តា​ប្រទេស​សមាជិក​អាស៊ាន អគ្គលេខាធិការ​អាស៊ាន​និង​តំណាង​សមាគម​ដឹកជញ្ជូន​ផ្លូវអាកាស​អន្តរជាតិ (IATA) និង​សមាគម​អន្តរជាតិ​នៃ​បណ្តាញ​នាវា​ទេសចរណ៍ (CLIA)៕