ភ្នំពេញៈ លោក ង៉ូវ កាង រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល បាន​ណែនាំ​ឱ្យ​ពលរដ្ឋ ​ត្រូវ​​ធ្វើ​លំហាត់​ប្រាណ​ឱ្យ​បាន​ទៀង​ទាត់ និង​បរិ​ភោគ​អាហារ​ដែល​មាន​សុវត្ថិភាព ដើម្បី​ជួយ​បង្ការ​​ពី​​ជំងឺ​មិន​ឆ្លង ជាពិសេស​បញ្ឈប់​ការ​ផឹក​គ្រឿង​ស្រវឹង និង​ជក់បារី ដែល​បណ្ដាល​ឱ្យ​កើ​ត​ជំងឺ​ទឹក​នោម​ផ្អែម និង​ជំងឺ​មហារីក​ជាដើម។


លោក ង៉ូវ កាង រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល បាន​ធ្វើការ​ណែនាំ​បែប​នេះ ក្នុង​ឱកាស​លោក​​​ចូល​រួម​ជា​អធិបតី​​ក្នុង​ពិធី «​ដើរ​ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​មិន​ឆ្លង​» ដែល​រៀប​ចំ​នៅ​ពហុកីឡា​ដ្ឋាន​ជាតិ​អូឡាំពិក ​ដោយ​មាន​ការ​ចូល​រួម​ពី​មន្រ្តី និង​​ប្រជាព​លរដ្ឋ​ប្រមាណជាង ២០០​នាក់​។

​​យោង​តាម​ហ្វេសប៊ុក​​ក្រ​សួង​សុខាភិបាល ​​នៅ​ថ្ងៃ​ទី ១​២ ខែ​វិច្ឆិកា ​លោក ង៉ូវ កាង បាន​ថ្លែង​ថា ការ​ធ្វើ​លំហា​ត់​ប្រាណ​ឱ្យ​បាន​ទៀង​​ទាត់ ជាប់​ជា​ប្រចាំ និង​ការ​បរិភោគ​អាហារ​ដែល​មាន​ផា​សុកភាព គឺ​ជួយ​បង្ការ​ពី​គ្រោះ​ថ្នា​ក់​ផ្សេងៗ​ដែល​ប៉ះ​ពាល់​ដល់​សុខភាព ជា​ពិសេស​ជួយ​បង្ការ​ជំងឺ​មិន​ឆ្លង​។


លោកបានលើកឡើង​​ថា​៖ «​អត្ថ​ប្រយោជន៍​នៃ​ការ​ធ្វើ​លំហាត់​ប្រាណ​ទៀង​ទាត់ និង​ជា​ប្រចាំ និង​ការ​បរិ​ភោគ​អាហារ​ដែល​មានសុ​វត្ថិភាព​សម្រាប់​សុខភាព ដោយ​ចៀស​វាង និង​កាត់​បន្ថយ​អាហារ​ដែល​ប្រៃ​ខ្លាំង ផ្អែម​ខ្លាំង ខ្លាញ់​ច្រើន បារី និង​គ្រឿង​ស្រវឹង ដែល​ជា​អាហារ​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព ​ព្រោះ​វា​ជា​កត្តា​ជំរុញ​នៃ​ការ​​កកើត​ឡើង​ជំងឺ​ទឹក​នោម​ផ្អែម លើស​សម្ពាធ​ឈាម និង​ជំងឺ​មហារីក​»​។ 

បើ​តាម​លោក ង៉ូវ កាង ​ក្រោមកា​រ​យក​ចិត្ត​ទុក​ដាក់​ពី​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន ម៉ាណែត​ និង​រដ្ឋ​មន្ត្រី​ក្រ​សួង​សុខាភិបាល លោក ឈាង រ៉ា បាន​ណែនាំ​ដល់​ថ្នាក់ដឹ​កនាំ និង​មន្ត្រី​ក្រោម​ឱវាទ​ ឱ្យ​ខិត​ខំ​បំពេញ​ការ​ងារ​បម្រើ​សេវា​ជូន​ប្រជា​ពលរដ្ឋ​ប្រកប​ដោយ​ស្មារតី​ទទួល​ខុស​ត្រូវ និង​ក្រម​សីល​ធម៌​វិជ្ជាជីវៈ​។ 


លោក​បន្ថែម​ថា ជាក់​ស្ដែង​សព្វថ្ងៃ​​នេះ​ ការ​ផ្តល់ និង​ការ​បម្រើ​សេវា​សុខភាព​ជូនប្រ​ជាពលរដ្ឋ​នៅ​គ្រប់មូ​លដ្ឋា​ន​សុខាភិបាល ​ទាំង​ការ​ផ្តល់​សេវា​ថែទាំ​ព្យាបាល និង​សេវា​អប់​រំ​សុខភាព ទទួលបានការ​យក​ចិត្ត​​ទុក​ដាក់​ខ្ពស់​ពី​ក្រ​សួ​ង​សុខាភិបាល​។

លោក នុត សម្បត្តិ ​ប្រធាន​​​​វិទ្យា​ស្ថាន​​វេជ្ជសាស្ត្រ ជីវ​សាស្ត្រ​ និង​កសិកម្ម​ នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា មិនអាចទាក់ទង​សុំ​ការធ្វើអត្ថាធិប្បាយ​បានទេកាលពីថ្ងៃទី​ ១២ ខែវិច្ឆិកា ប៉ុន្តែលោក​ធ្លាប់បាន​ប្រាប់​​ថា ទោះ​បី​ជា​ជំងឺ​មិន​ឆ្លង​នៅ​ក្នុង​ប្រទេស​កម្ពុជា មិន​​មាន​ស្ថាន​ភាព​ធ្ងន់​ធ្ងរ​ក៏​ដោយ​ ប៉ុន្តែ​វា​ក៏​ជា​បញ្ហា​មួយ​ដែល​ក្រសួង​សុខា​ភិបាល និង​ភាគី​ពាក់​ព័ន្ធ គួរ​មាន​ក្ដី​បារម្ភ និង​ត្រូវ​ចាប់​ផ្ដើម​ប្រុង​ប្រយ័ត្ន​ពីឥឡូវ​នេះ។

​លោក​​ថា ​​ប្រសិន​ជា​ប្រជា​ពល​រដ្ឋ ​​​បាន​ដឹង​ទុក​ជា​មុន ហើយ​មាន​ត្រៀម​វិធាន​ការ​ការ​ពារ​នឹង​ជំងឺ​មិន​ឆ្លង​ នោះ​វា​នឹង​រួម​ចំណែក​កាត់​បន្ថយ​ការ​ចំណាយ​ថវិកា​របស់​ពួក​គាត់​ ​លើ​ការព្យា​បាល​ជំងឺទាំង​នេះផងដែរ​៕