ភ្នំពេញៈ កម្ពុជា​ចូលរួម​សម​យុទ្ធ​ពហុ​សាសន៍​ ​«​សន្តិភាព​មិត្ត​ភាព ២០២៣» ​អា​មែន​យូ​យី​ ២០២៣ (AMAN YOUYI 2023) ជុំវិញ​ការប្រឆាំង​ភេរវកម្ម និង​ថែរក្សា​សន្តិសុខ​លម្ហ​សមុទ្រ ដែល​រៀបចំ​ដោយ​កងទ័ព​រំដោះប្រជាជន​ចិន ដែលមាន​ការចូល​​រួម​ពី​តំណាង​អង្គការ​សហ​ប្រជា​ជាតិ និង​កងកម្លាំង​ពី​ប្រទេស​អាស៊ី​ចំនួន​ ៦ ប្រទេស​ផងដែរ​។​


ក្នុង​សមយុទ្ធ​ពហុ​សាសន៍​នេះ កម្ពុជា​បាន​បញ្ជូន​កងកម្លាំង​ពិសេស​នៃ​កងយោធពល​ខេមរភូមិន្ទ​ជិត​ ១០០ នាក់ ពី​បញ្ជាការ​​ដ្ឋា​ន​ទ័ព​ពិសេស និង​បញ្ជាការ​ដ្ឋា​ន​ពល​តូច​លេខ ៧០ ប្រដាប់​ដោយ​សម្ភារ​បរិក្ខារ​យោធា ដែល​ចេញដំណើរ​កាលពី​ថ្ងៃទី​ ១១ ខែវិច្ឆិកា ឆ្នាំ ​២០២៣ ដើម្បី​ចូលរួម​ក្នុង​សមយុទ្ធ​រួម​នេះ នៅ​តំបន់​កាវ​តាន ទីក្រុង​ស៊ាន់​ជាំ​ង ខេត្ត​ក្វាង​តុង ប្រទេស​ចិន​។ 

យោងតាម​ហ្វេ​ស​ប៊ុ​ក​ក្រសួងការពារជាតិ បានឱ្យដឹងថា សម​យុទ្ធ​នេះ​ប្រព្រឹត្តទៅ​រយៈពេល ១០​ ថ្ងៃ ចាប់ពី​ថ្ងៃទី​ ១៣ ដល់​ថ្ងៃទី​ ២២ ខែវិច្ឆិកា ក្រោម​ប្រធានបទ «​ប្រតិបត្តិការ​យោធា​ចម្រុះ លើ​ការប្រឆាំង​ភេរវកម្ម​និង​ការ​​ថែរក្សា​សន្តិសុខ​លម្ហ​សមុទ្រ​» ដែលមាន​ការចូលរួម​ពី​អង្គការសហប្រជាជាតិ និង​ប្រទេស​ចំនួន ​៦ រួមមាន​៖ កម្ពុជា ឡាវ ម៉ា​​ឡេ​ស៊ី ថៃ វៀតណាម និង​ចិន ដែលជា​ម្ចាស់ផ្ទះ​ក្នុងន័យ​ប្រឆាំងនឹង​ក្រុម​ភេរវ​ករទាំង​នៅលើ​គោក និង​នៅលើ​ផ្ទៃសមុទ្រ​។​


​នៅក្នុង​ពិធី​សំណេះសំណាល​ជាមួយនឹង​កងកម្លាំង​ក​ម្ពុ​ជា​ដែល​ចេញទៅ​ធ្វើ​សមយុទ្ធ​រួម​នេះ​ កាលពី​ថ្ងៃទី​ ១០ ខែវិច្ឆិកា លោក​ឥត សារ៉ាត់ អគ្គមេបញ្ជាការ​​រង​នាយសេនាធិការ​ចម្រុះ បាន​ថ្លែងថា សមយុទ្ធ​នេះ​ជា​មោទនភាព​សម្រាប់​មុខមាត់​ប្រទេស​កម្ពុជា​ផង​និង​សម្រាប់​កង​យោធ​ពល​ខេមរភូមិន្ទ ដែល​បាន​ចិន​អញ្ជើញ​ឱ្យចូល​រួម​។​

តាមរយៈ​ខ្លឹមសារ​សំណេះសំណាល​ដែល​បាន​ផ្សព្វផ្សាយ​ដោយ​កង​យោធ​ពល​ខេមរភូមិន្ទ លោក ឥត​សារ៉ាត់ បានបង្ហាញ​ជំនឿ​ជាក់​លើ​កងកម្លាំង​កម្ពុជា​នឹងចូលរួម​ធ្វើ​ប្រតិបត្តិការ​ក្នុង​សមយុទ្ធ​នេះ​ដោយ​ជោគជ័យ​។


លោក​ក៏បាន​ក្រើនរំឭក​ផងដែរ​ថា​៖ «​នាយ​ទាហាន​ទាំងអស់​ត្រូវ ប្រកាន់ខ្ជាប់​នូវ​ភក្តីភាព​ទឹកចិត្ត​ក្លាហាន​កាយ​សម្បទា និង​ជំនាញ​និង​ត្រូវ​ចេះ​គ្រប់គ្រង និង​ប្រើប្រាស់​កម្លាំង​ឱ្យចំ​គោលដៅ និង​ជំនាញ រក្សា​ការ​សម្ងាត់​យោធា​ខ្ពស់បំផុត ហើយ​ត្រូវ​ចាត់ទុក​សមយុទ្ធ​ដែល​យើង​ទៅ​ចូលរួម​នេះ ជាការ​ងារ​ស្នូល​»​។​

លោក​ក៏បាន​ផ្តាំផ្ញើ​ឱ្យ​នាយ​ទា​ហាន​ទាំងអស់​ខិតខំ​សិក្សា​ដក​ពិសោធន៍​ពី​បណ្តា​ប្រទេស​នានា​ក្នុង​សមយុទ្ធ​នេះ ជាពិសេស​ទៅលើ​យុទ្ធវិធី​ទំនើប ក្នុងការ​វាយ​រំ​ដោះ​ចំណាប់ខ្មាំង វាយ​ចូល​ជ្រៅ​កម្ទេច​បណ្តា​ទីតាំង​ខ្មាំង ការប្រយុទ្ធ​របៀប​ទ័ពព្រៃ​ប្រឆាំង​ទ័ព​ព្រៃ ឆ្លងកាត់​ឧបសគ្គ​គ្រប់បែបយ៉ាង រួម​នឹង​ការបាញ់​ប្រតិកម្ម រហ័ស​កម្ទេច​គោលដៅ និង​ការ​ជ្រៀតចូល​ទីតាំង​ខ្មាំង​ដោយ​
​សម្ងាត់ និង​វិញ្ញាសា​នៃ​ការបំពេញភារកិច្ច​ជាច្រើន​ទៀត​។​

ពាក់ព័ន្ធ​នឹង​រឿងនេះ​ដែរ​លោក​សេង វណ្ណ​លី សាស្ត្រាចារ្យ​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ​បាន​សម្តែង​ការគាំទ្រ​ចំពោះ​ការចូលរួម​ធ្វើ​សមយុទ្ធ​យោធា​ចម្រុះ​ភាគី​ពាក់ព័ន្ធ​ការប្រឆាំង​ភេរវកម្ម​និង​សន្តិសុខ​លម្ហ​សមុទ្រ​ដែលមាន​ការចូលរួម​ពី​បណ្តា​ប្រទេស​ក្នុង​តំបន់ និង​វត្តមាន UN ថា ជាការ​បង្កើន​មុខ​មាត់​កម្ពុជា​និង​ការពង្រឹង​សមត្ថ​​ភាព​យោធា​កម្ពុជា​ផងដែរ ជាពិសេស​អាចបង្កើត​រូប​ភាពល្អ​ក្នុង​មជ្ឈដ្ឋាន​អន្តរជាតិ ខណៈ​កម្ពុជា​រង​ការរិះគន់​ទៅលើ​ការ​លម្អៀង​ទៅលើ​ចិន ហើយ​ការចូលរួម​បែប​ចម្រុះ​ភាគី​ជាការ​ធ្វើ​ពិពិធ​កម្ម​ការទូត​យោធា​កម្ពុជា​។ 

លោក​បាន​សង្កត់ធ្ងន់ថា​៖ «​នេះ​ជា​លទ្ធ​ភាពល្អ​សម្រាប់​កម្ពុជា ខណៈ​បញ្ហា​សន្តិសុខ​លម្ហ​សមុទ្រ​ជា​រឿង​សំខាន់​សម្រាប់​ប្រទេស​ជាប់​ដែនសមុទ្រ ដោយសារ​វា​ជា​ច្រក​នាំ​ចេញ នាំចូល​សំខាន់​ទោះបី​សព្វ​ថ្ងៃ​មាន​ការវិវត្ត​បច្ចេកវិទ្យា​ដឹកជញ្ជូន​ទៅលើ​ដែនអាកាស និង​គោក​ប៉ុន្តែ​ដែនទឹក​នៅតែ​សំខាន់​ក្នុង​ពាណិជ្ជកម្ម​អន្តរជាតិ ហើយ​ការរក្សាបាន​សន្តិសុខ​លម្ហ​សមុទ្រ អាច​ទាក់ទាញ​ការវិនិយោគ ព្រោះ​គេ​សម្លឹង​ឃើញ​សមត្ថភាព​ទប់​ស្កាត់​កាយ​វាយឆ្មក់​ភេរវកម្ម​ពេល​នាំ​ចេញទៅ​ទីផ្សារ​អន្តរជាតិ​។​

លោក​បន្ថែមថា សមយុទ្ធ​ដែល​រៀបចំ​ដោយ​ចិន​លើក​នេះ ជាការ​បង្កើន​សមត្ថភាព​កងកម្លាំង​កម្ពុជា​លើ​ការប្រឆាំង​ភេរវកម្ម​ទៅលើ​សន្តិសុខ​លម្ហ​សមុទ្រ​ហើយ​ដែល​អន្តរជាតិ​ជាពិសេស​ចិន​ជា​ម្ចាស់​ផ្ទះ​កំពុង​យកចិត្តទុកដាក់​លើ​ការបង្កើន​សុវត្ថិភាព​លម្ហ​សមុទ្រ​ក្នុង​តំបន់​ហើយ​ចិន​ក៏​ចង់​បញ្ជាក់ប្រាប់​ប្រទេស​ក្នុង​តំបន់​និង​អន្តរជាតិ​ថា ការ​រះ​ឡើង​នូវ​ឥទ្ធិពល​ខ្លួន តាមរយៈ​ការទូត​យោធា​និង​សម​យុទ្ធ​យោធា​រួម​មិនមែនជា​ការគំរាមកំហែង​នោះទេ​៕