ភ្នំពេញៈ ក្លិប​បាល់ទាត់​វិសាខា បាន​ឈានទៅដល់​ការបញ្ចប់​កិច្ចសន្យា​ជាមួយ​គ្រូបង្វឹក​អ្នកចាំទី សញ្ជាតិ​អង់គ្លេស​ជា​ផ្លូវការ​ហើយ ហើយ​កីឡាករ​ចំនួន ៣​នាក់​ទៀត ក៏បាន​ចែកផ្លូវ​ជាមួយ​ក្លិប​ណាហ្គា​វើ​លដ៍ អង្គ​រថា​យ​ហ្គឺ​រ និង​គិរីវង់​សុខ​សែន​ជ័យ​ដែរ​។ ចំណែក​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា (FFC) បាននិងកំពុង​បើក​ក្តីក្តាំ​លើ​បញ្ហា​របស់​កីឡាករ Privat Mbarga ជាមួយ FIFA​។​

តាម​ការប្រកាស​ព័ត៌មាន កាលពី​ថ្ងៃទី ​១០ ខែវិច្ឆិកា កន្លងមកនេះ បានឱ្យដឹងថា FFC បានសម្រេច​ជួល​មេធាវី នៅ​ប្រទេស​ស្វ៊ី​ស ដើម្បី​បើក​ក្តី​ក្នុង​ការតស៊ូ​មតិ​ទៅកាន់​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ (FIFA) ដើម្បី​បញ្ជាក់​ពី​លក្ខណវិនិច្ឆ័យ​របស់​ខ្សែប្រយុទ្ធ Privat Mbarga សា​ឡើងវិញ ដើម្បី​បើកផ្លូវ​ឱ្យ​កីឡាករ កំពុង​ប្រកប​អាជីព​នៅក្នុង​លី​គ​កំពូល​របស់​ប្រទេស​ឥណ្ឌូនេស៊ី​រូបនេះ អាច​ចូល​លេង​ក្នុង​ក្រុម​ជម្រើសជាតិ​កម្ពុជា​បាន​។​

ការតស៊ូ​មតិ​លើក្តី​ក្តាំ​នេះ ក៏​ព្រោះតែ FIFA ពុំបាន​បញ្ជាក់​ច្បាស់លាស់​អំពី​លក្ខណៈ​បុគ្គលិក​របស់​កីឡាករ Privat Mbarga ដែល​អាច​លេង​តំណាងឱ្យ​កម្ពុជា បើទោះបីជា​ខ្សែប្រយុទ្ធ​របស់​កា​មេ​រូ​ន​រូបនេះ ត្រូវបាន​ព្រះមហាក្សត្រ​កម្ពុជា ចេញ​ព្រះរាជក្រឹត្យ​ត្រាស់បង្គាប់ ផ្តល់​សញ្ជាតិ​ខ្មែរ​ជា​ផ្លូវការ តាម​សំណើរ​របស់ FFC ដែល​បានដាក់​ជូនទៅ​រាជរដ្ឋាភិបាល​កម្ពុជា រួចហើយ​ក្តី​។​


FFC បានបញ្ជាក់​នៅក្នុង​សេចក្តីប្រកាស​របស់ខ្លួន​ថា​៖ «​ក្នុងអំឡុង​ការកោះហៅ​កីឡាករ​បោះជំរំ​ហ្វឹកហាត់ ត្រៀម​លេង​ពានរង្វាន់​បាល់ទាត់ FIFA World Cup 2026 Preliminary Joint Qualification វគ្គ​ជម្រុះ​ជុំ​ទី​១ កាលពី​ខែតុលា​កន្លងទៅ នៅក្នុង​ការចុះឈ្មោះ​កីឡាករ FIFA ពុំបាន​បញ្ជាក់​ច្បាស់លាស់​អំពី​លក្ខណៈ​បុគ្គលិក​របស់​កីឡាករ Privat Mbarga ដែល​អាច​លេង​តំណាងឱ្យ​កម្ពុជា​បានឡើយ​»​។​

FFC បាន​បន្ថែមថា​៖ «​នៅក្នុង​ការឆ្លើយតប​នឹង​បញ្ហា​នេះ សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បាន​ជួល​មេធាវី​នៅ​ប្រទេស​ស្វ៊ី​ស ដែលជា​អ្នកឯកទេស​ក្នុង​ច្បាប់​កីឡា បើក​ក្តី​ក្នុងការ​តស៊ូ​មតិ​ទៅកាន់ FIFA ដើម្បី​បញ្ជាក់​ពី​លក្ខណវិនិច្ឆ័យ​របស់ Privat Mbarga ក្នុង​ការលេង​ឱ្យ​ក្រុម​ជម្រើសជាតិ​កម្ពុជា ហើយ​បច្ចុប្បន្ន​មេធាវី ដែល FFC បាន​ជួល​ឱ្យធ្វើ​ការតស៊ូ​មតិ​ជាមួយ FIFA នោះ កំពុងធ្វើការ​ងារ​ក្នុងករណីនេះ​។ ពួកយើង​នឹងធ្វើ​បច្ចុប្បន្នភាព​បន្ថែមទៀត នៅពេល​ទទួលបាន​ព័ត៌មាន​បន្ថែម​អំពី​ករណីនេះ​»​។​


​គួរ​បញ្ជាក់ថា ខ្សែប្រយុទ្ធ Privat Mbarga ជា​បេក្ខភាព​កីឡាករ​បាល់ទាត់​បរទេស​ទី​២ បន្ទាប់ពី​ខ្សែបម្រើ​ជនជាតិ​ជប៉ុន Yudai Ogawa ដែល​ទើប​ទទួលបាន​សញ្ជាតិ​ខ្មែរ ហើយ​សម្រាប់​ការត្រៀមខ្លួន​ប្រកួត FIFA World Cup 2026 Preliminary Joint Qualification វគ្គ​ជម្រុះ​ជុំ​ទី​១ កាលពី​ខែតុលា កន្លងមកនេះ Privat ក៏បាន​ធ្វើដំណើរ​ពី​ប្រទេស​ឥណ្ឌូនេស៊ី មក​ហ្វឹកហាត់​ជាមួយ​ក្រុម​ជម្រើសជាតិ​កម្ពុជា ផងដែរ ប៉ុន្តែ​រូបគេ​មិនត្រូវ​បាន FIFA អនុញ្ញាត ឬ​ចុះឈ្មោះ ដើម្បី​អាច​លេង​តំណាងឱ្យ​កម្ពុជា ដូច Yudai Ogawa បានទេ​។​

​ដោយឡែក បុរស​ជនជាតិ​អង់គ្លេស លោក Anthony John McMullen ដែលជា​គ្រូបង្វឹក​អ្នកចាំទី ត្រូវបាន​ក្លិប​វិសាខា បញ្ចប់​កិច្ចសន្យា កាលពី​ថ្ងៃទី​៨ ខែវិច្ឆិកា ដោយ​ក្លិប​មាន​មូលដ្ឋាន នៅ​កីឡដ្ឋាន​ព្រី​នស៍​មួយ​នេះ បានបញ្ជាក់​តាម​សេចក្តីប្រកាស​របស់ខ្លួន​ថា​៖ «​ពួកយើង មាន​កិត្តិយស​សូមជម្រាបថា ក្លិប​បាន​ព្រមព្រៀង​ចែកផ្លូវ​គ្នា​ជាមួយ លោក Anthony John McMullen គ្រូបង្វឹក​អ្នកចាំទី​ហើយ​។ ពួកយើង​សូម​អរគុណ​លោក Anthony John សម្រាប់​ការខិតខំ​បំពេញការងារ និង​រួមចំណែក​ជាមួយ​ក្រុម​ក្នុង​ការប្រកួត​នាពេល​កន្លងមក​»​។​

ជាមួយគ្នានេះ ក្លិប​អង្គ​រថា​យ​ហ្គឺ​រ ក៏បាន​សម្រេច​ចិ​ត្ដ​ចែកផ្លូវ​គ្នា​ជាមួយ​ខ្សែប្រយុទ្ធ​អេ​ស្ប៉ា​ញ Victor Blasco កាលពី​ថ្ងៃទី​៩ ខែវិច្ឆិកា​ដែរ ប៉ុន្តែ​អង្គ​រថា​យ​ហ្គឺ​រ បាន​បញ្ជាក់ថា​៖ «​វា​ជាការ​សម្រេចចិត្ត​ដ៏​លំបាក​សម្រាប់​ក្លិប ដែល​ការសម្រេចចិត្ត​នេះ មានការ​ព្រមព្រៀងគ្នា​ទៅវិញទៅមក​»​។  

ដូចគ្នានេះ ក្លិប​បាល់ទាត់​គិរីវង់​សុខ​សែន​ជ័យ បានប្រកាស​ពី​ការចែក​ផ្លូវ​ជាមួយ​កីឡាករ នុប តុលា កាលពី​ថ្ងៃទី​១១ ខែវិច្ឆិកា ហើយ​ក្លិប​ណាហ្គា​វើ​លដ៍ ក៏បាន​ចែកផ្លូវ​ជាមួយ​កីឡាករ  លឹម អា​រុណ​រ៉េ​យ​មិន ផងដែរ ដែល​ត្រូវបាន​ធ្វើឡើង កាលពី​ថ្ងៃទី​១០ ខែវិច្ឆិកា ប៉ុន្តែ​សមាគម​កីឡាបាល់ទាត់​កងយោធពល​ខេមរភូមិន្ទ (​ទ័ព​) ក៏បាន​ប្រកាស​ស្វាគមន៍​សមាជិក​ថ្មី​របស់ខ្លួន  គឺ លឹម អា​រុណ​រ៉េ​យ​មិន ក្នុង​ថ្ងៃ​ជាមួយគ្នា​នោះដែរ​។ មានន័យថា ពេលនេះ អា​រុណ បាន​ទៅ​រួមរស់​ជាមួយ​ក្រុម​ទ័ព​វិញ​ម្តង​៕