ភ្នំពេញៈ​ ឯក​អគ្គ​រដ្ឋ​ទូត​បារាំង​ប្រចាំ​កម្ពុជា ​លោក ហ្សា​ក់ ប៉ឺ​ឡេ បាន​លើក​ឡើងថា ​បារាំង ​និង​កម្ពុជា ​រួមជា​មួយ​ប្រទេស​ភាគ​ច្រើន​ដទៃ​ទៀត ​បាន​ថ្កោល​ទោស​សង្គ្រាម ​​​ដែល​​កំពុង​តែ​កើត​មាននៅ​ស្ទើរ​គ្រប់​ទីកន្លែង​នៅលើ​ពិភព​លោក ក្នុងនោះ​​រួមទាំង​នៅលើ​ទឹកដី​អឺរ៉ុប​ផងដែរ ខណៈ​ដែល​អ្នក​វិភាគ​នយោ​បាយ​លើក​ឡើង​ថា ​ពុំ​មាន​សង្គ្រាម​ណាមួ​យ​បញ្ចប់​ទៅបាន ដោយ​ការ​ប្រើ​សង្គ្រាម​ទេ​​​។​



ការ​ថ្លែង​របស់​លោក ហ្សា​ក់ ប៉ឺ​ឡេ ធ្វើ​ឡើង​កា​លពី​ថ្ងៃទី​១១​ ខែវិច្ឆិកា ឆ្នាំ​២០២៣​ នៅ​ឯស្ថាន​ទូត​បារាំង​ក្នុង​ពិធី​រំឭក​ខួប​នៃ​ការ​ចុះហត្ថ​លេខា​លើ​កិច្ច​ព្រម​ព្រៀង​ឈប់​បាញ់ ​ដែល​បាន​នាំទៅ​ដល់​ការ​បញ្ចប់​សង្គ្រាម​លោក​លើក​ទី​១។ ពិធី​នេះ​មួយ​ផ្នែកទៀត ក៏បានធ្វើ​ឡើង​នៅ​វិមាន​រំឭក​ដល់​អ្នក​ទទួល​អនិច្ច​កម្ម​ក្នុង​សង្គ្រាម​លោក​លើក​ទី​១​ផង​ដែរ ដើម្បី​អបអរ​ជ័យ​ជម្នះ សន្តិ​ភាព និង​ឧទ្ទិស​ដល់​អ្នក​ដែល​បាន​ពលី​សម្រាប់​ប្រទេស​បារាំង​។​


​លោក​ឯក​អគ្គ​រដ្ឋទូត​បារាំង​បាន​មាន​ប្រសាសន៍​ថា៖ «​វិមាន​ខាង​លើ​នេះ គឺជា​និមិត្តរូប​ដ៏​មាន​អត្ថ​ន័យ​នៃ​ប្រវត្តិ​សាស្ត្រ​រួម​បារាំង ​និង​កម្ពុជា​»​។ 



​ពាក់​ព័ន្ធ​នឹង​សង្គ្រាម​បច្ចុប្បន្ន​ លោក​ ហ្សា​ក់ ប៉ឺ​ឡេ ​លើក​ឡើង​ថា​៖ «សព្វ​ថ្ងៃនេះ​ក្នុង​ពេល​ដែល​សង្គ្រាម​កំពុង​កើត​មាន​ឡើង​វិញ​គ្រប់​ទី​កន្លែង​នៅ​លើ​ពិភព​លោក ​រួម​ទាំង​នៅ​លើ​ទឹកដី​អឺរ៉ុប ​ដែល​ជា​សង្គ្រាម​មួយ​ដ៏​អាក្រក់ ​ខុស​ច្បាប់ និង​មិន​សម​ហេតុ​ផល​ បង្ក​ឡើង​ដោយ​ប្រទេស​រុស្ស៊ី​ ប្រឆាំង​នឹង​ប្រទេស​អ៊ុយ​ក្រែ​ន ក៏ដូច​​សង្គ្រាម​បង្ហូរ​ឈាម​រវាងអ៊ីស្រាអែ​ល និង​ក្រុម​ហា​ម៉ាស់​ដែរ។ ប្រទេស​បារាំង​​និង​ប្រទេស​កម្ពុជា​បាន​រួម​គ្នា​ជា​មួយ​ប្រទេស​ភាគ​ច្រើន​ដទៃ​ទៀត​ ដើម្បី​ថ្កោល​ទោស​សង្គ្រាម​ទាំង​នេះ ​»​។​


​លោក​បាន​បន្ត​ថា ​ប្រទេស​បារាំង​មាន​មោទន​ភាព​ ដែល​ស្ថិត​នៅក្បែរ​ប្រទេស​កម្ពុជា​ ដើម្បី​បម្រើ​បុព្វ​ហេតុ​សន្តិ​ភាព​ ពិភព​លោក​។ 



​លោក​ហ្សាក់ ប៉ឺ​ឡេ បាន​បន្ថែម​ថា វត្ត​មាន​កង​ទ័ព​មួក​ខៀវ​នៃ​មជ្ឈ​មណ្ឌល​ជាតិ​គ្រប់​គ្រង​កង​កម្លាំងរ​ក្សា​សន្តិ​ភាព​ បោសស​ម្អាត​មីន និង​កាក​សំណល់​សង្គ្រាម​(NPMEC)និង​សិស្ស​សា​លា​នាយ​ទា​ហាន​សកម្ម​ត្មាត​ពងនៅក្នុង​ពិធី​នេះ ស្ថាន​ទូត​បារាំង​ចង់​រំលេច​ពី​កិច្ចសហ​ប្រតិ​បត្តិការ​ដ៏​យូរ​លង់ និង​ប្រកប​ដោយ​ទំនុក​ចិត្ត ជាមួយ​កម្ពុជា​លើ​ផ្នែក​បណ្តុះ​បណ្តាល​យោធា​កម្រិត​ខ្ពស់​បំផុត​។ 


«​ប្រទេស​បារាំង​ក៏មាន​បំណង​បង្ហាញ​ពី​ការរួម​ចំណែក​របស់​ក​ម្ពុ​ជា​ក្នុង​ប្រតិ​បត្តិ​ការថែរ​ក្សា​សន្តិ​ភាព​ពិភព​លោក ដែល​ជា​ការ​សម្រេចចិត្ត​ដ៏​មោះ​មុត​មួយ​របស់​កម្ពុជា បន្ទាប់​ពី​បាន​ឆ្លង​កាត់​សង្គ្រាម​ស៊ីវិល និង​សោក​នាដ​កម្ម​ជា​ច្រើន​ទសវ​ត្សរ៍ ហើយ​ក៏​ធ្លាប់​ទទួល​ស្វាគ​ម​ន៍​បេសក​កម្ម​អាជ្ញា​ធរ​អន្តរ​កាល អ​ង្គ​ការ​សហ​ប្រជា​ជាតិ​(​អ៊ុន​តាក់​)»​។ លោក​ហ្សា​ក់ ប៉ឺ​ឡេ ប​ញ្ជាក់​បន្ថែម​។​


​សូម​បញ្ជាក់​ដែរថា លោក​ឧបនា​យក​រដ្ឋមន្ត្រី សុខ ចិន្តា​សោភា ​រដ្ឋ​មន្ត្រីការ​បរ​ទេស ​និង​សហ​ប្រតិប​ត្តិការ​អន្តរ​ជាតិ ក៏​បាន​អញ្ជើញ​ចូល​រួម​ក្នុង​ពិធី​រំឭក​ខួប​ជ័យ​ជម្នះ​ សន្តិ​ភាព​ និង​គោរព​វិញ្ញា​ណក្ខន្ធ​ដល់​យុទ្ធជ​ន​កម្ពុជា​-​បារាំ​ង ដែល​បាន​ពលី​ជីវិត​ក្នុង​សង្គ្រាម​លោកលើកទី​១​ផង​ដែរ។ ពិធី​នេះ​ត្រូវបាន​រៀបចំ​ឡើង​ដោយ​ស្ថាន​ទូត​បារាំង​នៅ​រាជ​ធានី​ភ្នំពេញ ​ដោយ​មាន​​ការចូល​រួម​ពី​ឥស្សរ​ជន​កម្ពុជា​ អង្គ​ទូត ​មន្ត្រី ​និង​និស្សិត​មក​ពី​ LycéeFrançais René Descartes​។​


​លោក គិ​ន ភា អ្នក​វិភាគ​នយោ​បាយ ​និង​ប្រធាន​វិទ្យា​ស្ថាន​ទំនាក់​ទំនង​អន្តរ​ជាតិនៃ​រាជ​បណ្ឌិ​ត្យសភា​កម្ពុជា​បាន​ថ្លែង​ថា ​រាល់​សង្គ្រាម​ដែល​កើត​ឡើង​ទាំង​អស់ ​មិន​ថា​សង្គ្រាម​លោក​ទាំង​២​លើក ​និង​សង្គ្រាម​ថ្មីៗ​នេះ​ទេ គឺ​គ្មាន​ស​ង្រា្គម​ណា​មួយ​បញ្ចប់​ដោយ​ការ​យក​សង្គ្រាម​ទៅ​បញ្ចប់​សង្គ្រាម​​ទេ ដោយ​ចុង​ក្រោយ​ទៅ គឺ​សុទ្ធ​តែ​ប្រើ​ប្រាស់​មធ្យោ​បាយ​ការ​ទូត ការចុះ​សន្ធិ​សញ្ញា និង​កិច្ច​ព្រម​ព្រៀង​ផ្សេងៗ​ជា​ដើម​។​


​លោក​បាន​បញ្ជាក់​ថា​៖ «​កា​របញ្ចប់​សង្គ្រាម​ដោយ​ប្រើ​ប្រាស់​មធ្យោ​បាយ​សន្តិវិធី​មធ្យោ​បាយ​ការទូត សង្គ្រាម​នោះ​អាច​បញ្ចប់​ក្នុង​រយៈពេល​យូរ​អង្វែង និង​មាន​ស្ថិរ​ភាព​។ ​ដូច​យើង​ដឹង​ហើយ ​សង្គ្រាម​បាន​បន្សល់​ទុក​សោក​នាដ​កម្ម​ច្រើន​ណាស់ ​មិន​ថា​សង្គ្រាម​ក្តៅ ​ឬ​សង្គ្រាម​ត្រជា​ក់​ឡើយ ​ជា​ពិសេស​ធ្វើ​ឱ្យ​ជន​ស៊ីវិល​ស្លូតត្រ​ង់​ត្រូវ​បាត់​បង់​ជីវិត​ និង​រស់នៅ​យ៉ាង​វេទ​នា​»​។​


​លោក​ គិ​ន ភា ​បានបន្តទៀតថា​ មេរៀន​សង្គ្រាម​ទាំង​អស់​នេះ​ ធ្វើ​ឱ្យ​គ្រប់​មនុស្ស​ជាតិ​​ផ្តល់​អាទិភា​ព និង​តម្លៃ​នៃ​សន្តិភា​ព ​ជា​ចាំបា​ច់ និង​គួរ​ចៀស​វាង​ការ​ប្រកួត​ប្រជែង​ណាមួ​យ​ដែល​នាំមក​អ​ស្ថិរ​ភាព​សង្គម និង​មាន​សង្គ្រាម​។​


​ លោកឯក​អគ្គរ​ដ្ឋទូត​បារាំ​ង​ប្រចាំ​កម្ពុជា ​ក៏បាន​ថ្លែង​ដែរ​ថា ​បច្ចុប្បន្ន កងទ័ព​មួក​ខៀវ​កម្ពុ​ជា​ជាង​ ៨០០​នាក់ ក្នុង​នោះ​មាន​ស្ត្រី​ជាច្រើន ​កំពុង​បំពេញបេ​សកក​ម្ម​ថែរក្សា​​​សន្តិភាព​ពិភព​លោក​ ជា​ពិសេស​នៅ​តាម​បណ្តា​ប្រទេស​ប្រើប្រាស់​ភា​សា​បារាំង​ដូចជា ​ម៉ាលី សាធារណរដ្ឋ​អាហ្វ្រិក​កណ្ដាល​ និង​លី​បង់ ដែល​នេះ​បង្ហាញ​ឱ្យ​ឃើញ​ពី​កិច្ច​ខិត​ខំ​ប្រឹងប្រែ​ង​របស់​កម្ពុជា ​ក្នុង​ការ​ថែរក្សា​សន្តិភាព​ពិភព​លោក​។​


​សូម​ជម្រាប​ថា ស​ង្គ្រាម​លោ​កលើក​ទី​១ ឬ​ហៅថា «​មហា​សង្គ្រាម​» បាន​​បញ្ចប់​នៅ​ថ្ងៃទី​១១​ ខែវិច្ឆិកា​ ឆ្នាំ​១៩១៨ ​ដែល​បណ្ដាល​ឱ្យ​បាត់​បង់​ជីវិត​មនុស្ស​១០​លាន​នាក់ ឬ​១៨​លាន​នាក់​ បើ​រាប់​ទាំង​ជន​ស៊ីវិលផង ក្នុ​ងនោះ​ប្រទេស​បារាំង​បាត់​បង់​ជីវិត​ទាហាន​១,៤​លាន​នាក់ និង​មាន​អ្នក​របួស ​និង​ពិការ​ច្រើន​ជាង​នេះ​ ៤​ដង ​ហើយ​បង្ក​ឱ្យ​ជន​ស៊ីវិល​ ៣​សែន​នាក់​រងគ្រោះ​ទៀតផង​​។ 


​ចាប់​តាំងពី​ឆ្នាំ​២០១២ ​មករៀង​រាល់​ថ្ងៃទី​១១​វិច្ឆិកា​ មិន​ត្រឹ​មតែ​ជា​ថ្ងៃ​រំឭក​ដល់​កា​រចុះហ​ត្ថលេខា​បញ្ចប់​សង្គ្រាម​លោក​លើក​ទី​១ ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​ជា​ថ្ងៃ​សម្រាប់​ឧទ្ទិស​ដល់​មនុស្ស​ទាំង​អស់​ដែល​បាន​ពលី​ជីវិត​ដើម្បី​ប្រទេស​បារាំង​នៅក្នុង​សង្គ្រាម​អតីត​កាល ​និង​បច្ចុប្បន្នកា​ល ទាំង​ជន​ស៊ីវិល ​និង​ទា​ហាន​។​


​សូម​រំឭក​ផង​ដែរ​ថា កាល​ពី​ថ្ងៃទី​១៤ ​ខែកក្កដា ឆ្នាំ​២០២៣​កន្លង​ទៅ​ លោក​ហ៊ុន សែន អតីត​នាយករ​ដ្ឋមន្ត្រី​កម្ពុជា ​និង​លោកហ្សា​ក់ ប៉ឺ​ឡេ ឯក​រដ្ឋ​ទូត​បារាំង​ប្រចាំ​នៅ​កម្ពុជា​ បាន​អញ្ជើញ​ជា​អធិ​បតី​ក្នុង​ពិធី​សម្ពោធ​វិមាន​រំឭក​ដល់​អ្នក​ដែល​ទទួល​អនិច្ច​កម្ម​ក្នុងសង្គ្រាម​លោក​លើក​ទី​១ ចន្លោះ​ឆ្នាំ​១៩១៤-​១៩១៨​។​


​វិមាន​នេះ​ត្រូវបាន​សាង​សង់​ដំបូង​ក្នុង​ឆ្នាំ​១៩២៥ ដើម្បី​ឧ​ទ្ទិ​ស​ដល់​វិញ្ញាណ​ក្ខន្ធ​ប្រជា​ជន​កម្ពុជា​ ១៥១​នាក់ និង​ជន​ជាតិ​បារាំង​នៅ​កម្ពុជា​ចំនួន ​៣៣​នាក់ ​ដែល​បាន​ពលី​ក្នុង​សង្គ្រាម​នេះ ​ប៉ុន្តែ​ត្រូវបាន​បំផ្លាញ​ដោយ​របប​ខ្មែរ​ក្រហម​ នៅ​ពេល​ពួកគេ​កាន់​កាប់​ទីក្រុង​ភ្នំពេញ​ តែទោះ​ជា​យ៉ាង​ណាក្ដី រាជ​រដ្ឋាភិ​បាល​កម្ពុជា​បាន​សម្រេច​កសាង​វិមាន​នេះ​ឡើង​វិញ ​តាម​លំនាំ​ដើម​នៅលើ​ទីតាំង​ដដែល​នៅ​ក្នុង​សួន​ច្បារមួយ​ ទល់​មុខ​ស្ថាន​ទូត​បារាំង​។​


​សំណង់​ប្រវត្តិ​សាស្ត្រ​នេះ​ មិន​ត្រឹមតែ​ជា​និមិត្តរូ​ប​នៃ​ចំណង​មិត្ត​ភាព​ដ៏​យូរ​លង់​រវាង​បារាំង ​និង​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​ជាការ​រំឭក​ពី​ផល​វិបាក​ដ៏​សោក​នាដ​កម្ម​នៃ​សង្គ្រាម​ ដែល​ជា​អ​កុស​លនៅតែ​បន្ត ​ធ្វើ​ឱ្យ​មាន​ជនរ​ងគ្រោះ​នៅ​ជុំវិញ​ពិភព​លោក​។ ការ​កសាង​វិមាន​នេះ​ឡើង​វិញ គឺជា​សារ​ស​កល​មួយ​នៃ​សន្តិ​ភាព ​និង​ការ​អត់​ឱន​៕