​ភ្នំពេញៈ រាជបណ្ឌិត្យសភាកម្ពុជា បាន​សហការ​ជាមួយ​ស្ថានទូត​ជប៉ុន​ប្រចាំ​ព្រះរាជា​ណា​ចក្រ​កម្ពុជា រៀបចំ​កិច្ចពិភាក្សា ពិសេស​ស្តីពី​ទំនាក់​ទំ​នង​កម្ពុជា​-​ជប៉ុន នៅ​ថ្ងៃទី​ ​១០ ខែវិច្ឆិកា ដើម្បី​អបអរ​ខួ​ន​ ៧០ ​ឆ្នាំ នៃ​ចំណងមិត្តភាព​ការទូត​រវាង​ប្រទេស​ទាំង​ ២ និង​លើក​កម្ពស់​ការយល់ដឹង​ពីគ្នា​ទៅវិញទៅមក ពី​អតីតកាល និង​បច្ចុប្បន្នកាល​រវាង​ប្រជាជន​កម្ពុជា និង​ជប៉ុន​។​ 


លោក សុខ ទូច ប្រធាន​រាជ​បណ្ឌិត្យសភា​កម្ពុជា បាន​ថ្លែង​អរគុណ​ដល់​ជប៉ុន​ដែល​បាន​អញ្ជើញលោក​ទៅ​ទស្សនកិច្ច​នៅ​ប្រទេស​ជប៉ុន​នៅ​ឆ្នាំ​ ២០១៣ ដែល​ជប៉ុន​បាន​ណែនាំ​ឱ្យ​ស្គាល់​កន្លែង​ពិគ្រោះ​យោបល់ និង​កន្លែង​ចរចា​រវាង​កម្ពុជា​ចតុ​ភាគី នៅ​ទីក្រុង​តូ​ក្យូ​។​ 

លោក សុខ ទូច ថ្លែងថា មាន​ចំណុច​សំខាន់​ ៣ រវាង​កម្ពុជា និង​ជប៉ុន ដែល​គ្រប់គ្នា​ត្រូវ​ចងចាំ គឺ​ទី​១ ជប៉ុន​ជាម​ហា​អំណាច ហើយ​នៅតែ​រក្សា​បានជា​ប្រទេស​មហាអំណាច ប៉ុន្តែ កម្ពុជា ជា​ប្រទេស​មហាអំណាច តែ​រក្សា​មិនបាន​មហាអំណាច​របស់ខ្លួន ហើយ​ក្លាយជា​ប្រទេសមួយ​តូច​ទៅវិញ​។​


ជប៉ុន​ធ្លាប់​ដាក់​អាណានិគម​លើ​កម្ពុជា​នៅ​ឆ្នាំ​ ១៩៤១ និង​ចេញ​នៅ​ឆ្នាំ​ ១៩៤៥ ក្រោយ​ចប់​សង្គ្រាមលោកលើកទី​២ ប៉ុន្តែ​កម្ពុជា មិនដែល​ធ្វើ​អាណានិគម​ជប៉ុន​ទេ​។ មួយវិញទៀត​ជប៉ុន​រក្សាបាន​តម្លៃ​សេដ្ឋកិច្ច​ដ៏​អស្ចារ្យ ដែល​ពីមុន​ធ្លាប់ជា​មហាអំណាច​ទី​២ លើ​ពិភពលោក​។ បន្ថែម​លើ​នេះ វប្បធម៌​គោរព​ទន់ភ្លន់​របស់​ជ​ប៉ុន ជា​មេរៀន​ដ៏​ល្អ​។​ 

​រាជបណ្ឌិត្យសភាកម្ពុជាថ្លែងថា​៖ «​វប្បធម៌​ជប៉ុន​ពី​ដើម មនុស្ស​កាច​សាហាវ​ណាស់ ជប៉ុន​ធ្វើសង្គ្រាម​ចាញ់​សុខចិត្ត​សម្លាប់ខ្លួន តែ​ឥឡូវនេះ​ជប៉ុន​ជា​ប្រ
​ជា​ជន​ដែល​ស្លូតត្រង់ ទន់ភ្លន់ ហើយ​កាយវិកា​ដ៏​ទន់ភ្លន់​នេះ​បានមក​គ្របដណ្តប់​នៅ​ទ្វីបអាស៊ី​អាគ្នេយ៍​ទាំងមូល​»​។​ 


​លោក សុខ ទូច ថ្លែងបន្តថា ជប៉ុន​បាន​បន្សល់​នូវ​អនុស្សាវរីយ៍ ​១​ ដែល​មិនអាច​បំភ្លេចបាន​ក្នុង​ប្រវត្តិសាស្ត្រ​គឺ​នៅ​ឆ្នាំ​ ១៩៦៣ ជប៉ុន​បានធ្វើ​ស្ពាន​មួយ ហៅថា​ស្ពាន​ជ្រោយចង្វារ​។​ទោះបី​ស្ពាន​នោះ​ត្រូវបាន​កម្ទេច​នៅ​ឆ្នាំ ​១៩៧៥ ក៏ដោយ ប៉ុន្តែ​ក្រោយមក​ជប៉ុន​បានធ្វើ​ការតភ្ជាប់​ស្ពាន​នោះ​ឡើងវិញ​។​

លោក សុខ ទូច ថ្លែង​ទៀតថា បទពិសោធន៍​ដែល​មិនអាច​កាត់ថ្លៃ​បាន​ជាមួយ​ជប៉ុន គឺ​លើក​ទី​១ ​ក្នុង​ប្រវត្តិសាស្ត្រ​ជប៉ុន​ក្រោយ​បញ្ចប់​សង្គ្រាមលោកលើកទី​២ បាន​បញ្ចេញ​កងទ័ព​មួក​ខៀវ​មកជួយ​ដោះ​ស្រាយ​បញ្ហា​កម្ពុជា​នៅ​ឆ្នាំ​ ១៩៩១ ក្រោម​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​។​ 

​លោក​ថ្លែងថា​៖ «​យើង​ត្រូវ​ចងចាំ​ថា ជប៉ុន​បាន​ជួយ​កម្ពុជា កម្ពុជា​បាន​ជួយ​វិញ ដែល​ជប៉ុន​មិនអាច​ភ្លេច​បាន នៅពេលដែល​ចប់​សង្គ្រាមលោកលើកទី២ ជប៉ុន​ត្រូវ​សង​កម្ពុជា​វិញ ប៉ុន្តែ​កម្ពុជា​មិន​ទទួលយក​ទេ ដោយសារតែ​កម្ពុជា​ក៏​ធ្លាប់​រងទុក្ខវេទនា​បែបនេះ កម្ពុជា​មិន​ទទួលយក​ទេ ហើយ​អំ​ណោ​យ​ដែល​ជប៉ុន​ជួយ​គឺ​ដោយ​សប្បុរសធម៌​»​។​ 

លោក សោម វិសាល អនុ​រដ្ឋ​​លេខាធិការ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ និង​ជា​សហប្រធាន​គណៈ​ក​ម្មា​ធិ​ការប្រតិបត្តិ នៃ​ខួប​អនុ​ស្សាវ​រី​យ៍​លើក​ទី៧០ ​នៃ​មិត្តភាព​កម្ពុជា​ជប៉ុន បាន​ថ្លែងថា កម្ពុជា​ជប៉ុន​មាន​ការវិវឌ្ឍ​ជាច្រើន​ក្នុង​ទំនាក់ទំនង​ការទូត​ទៅវិញទៅមក រហូត​ឡើងដល់​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​ស៊ីជម្រៅ និង​គ្រោង​ប្រារព្ធ​ខួប​លើក​ទី​៧០​ ឆ្នាំ នៃ​ទំនាក់ទំនង​ការទូត​ប្រទេស​ទាំង​ ២ ដែល​កម្ពុជា​ជា​ប្រទេស​ទី ​១ នៅក្នុង​អាស៊ាន​ដែល​បាន​គាំទ្រ​ជប៉ុន នៅក្នុង​កិច្ច​ព្រម​​ព្រៀង​ឥណ្ឌូ​ប៉ាស៊ីហ្វិក ក្រៅពីនេះ​កម្ពុជា​ជប៉ុន​ក៏មាន​ទំនាក់​​ទំនង​កិច្ចការ​ផ្ទៃក្នុង​ផ្សេងៗ​ជាច្រើន​ទៀតផង​ដែរ​។​ 

លោក សោម វិសាល ថ្លែងថា​៖«​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​ក៏​ជា​រឿង​សំខាន់​ផងដែរ នៃ​ទំនាក់ទំនង​របស់​យើង ដែល​ជំរុញ​ពាណិជ្ជកម្ម​ប្រទេស​ទាំង​២ បាន​កើន​ឡើងជា​បន្ត​បន្ទាប់ នៃ​ការនាំចេញ​ផលិត​ផល​ជាច្រើន​ទៅកាន់​ប្រទេស​ជប៉ុន មាន​ខោអាវ ស្បែកជើង គ្រឿងសង្ហារិម និង​មានការ​
​នាំចូល​មកវិញ​នូវ​រថយន្ត និង​គ្រឿង​អេឡិចត្រូនិក​មកពី​ប្រទេស​ជប៉ុន​ផងដែរ​»​។​

លោក Atsushi  Ueno ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៃ​ប្រទេស​ជប៉ុន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ថ្លែងថា កិច្ចពិភាក្សា​ដែល​រៀបចំឡើង​នេះ​គឺជា​ព្រឹត្តិ​ការណ៍​មួយ​រំឭក​ទៅដល់​ខួប​លើក​ទី​៧០ ​ឆ្នាំ នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត​រវាង​ជប៉ុន និង​កម្ពុជា​។​ 

ឯកអគ្គរាជទូត​វិសាមញ្ញ ថ្លែងថា វេទិកា​វិទ្យាសាស្ត្រ​នេះ​ជា​ពេលវេលា​ដ៏​មាន​កិត្តិយស​សម្រាប់​ស្ថានទូត​ជប៉ុន ដែល​បាន​ចូលរួម​ជាមួយ​រាជបណ្ឌិត្យ​​សភា​កម្ពុជា ដែលជា​កន្លែង​មួយ​សម្រាប់​អភិវឌ្ឍន៍​ធនធានមនុស្ស​នៅ​កម្ពុជា និង​ដើរតួ​ជា​ធនាគារ​ខួរក្បាល​ដ៏​មាន​ឥទ្ធិពល​ទាំង​ក្នុងស្រុក និង​អន្តរជាតិ​។​ 

​លោក​ថ្លែងថា​៖ «​ខ្ញុំ​សង្ឃឹមថា កិច្ចពិភាក្សា​តុមូល​នេះ នឹង​បម្រើ​ជា​ឱកាស​ ១ ​សម្រាប់​ប្រជាជន​ខ្មែរ​ជាច្រើន​នាក់ ជា​ពិសេស​ក្មេង​ជំនាន់​ថ្មី ដើម្បីឱ្យ​កាន់តែ​ចាប់អារម្មណ៍​លើ​ប្រទេស​ជប៉ុន និង​ទំនាក់​នង​រវាង​ប្រ​ទេស​ទាំង​ ២ ឱ្យបាន​កាន់តែ​ច្រើនជាង​មុន​ទៅទៀត​»៕