ភ្នំពេញៈ ​អ្នក​លេង​សាច់​ដុំដែល​ជា​ម្ចាស់​មេដាយ​មាស​ជើង​ឯក​ពិភព​លោក​ សំបូរ សុ​ភ័​ណ្ឌ បាន​បន្ត​ដណ្តើម​បាន​ជ័យជ​ម្នះ​ដ៏​សំខាន់​មួយទៀ​តគឺ​​ការ​ឈ្នះ​បាន​មេដាយ​មាស​ ១​ និង​ប្រាក់​ ១ ពី​ការ​ប្រកួត​កីឡា​កាយ​វប្បកម្ម​អន្តរ​ជាតិ PCA Elite Classic ដែល​បាន​ធ្វើ​នៅ Elite Gym Pattaya ប្រទេស​ថៃ កាល​ពី​ថ្ងៃទី​ ១២​ ខែវិច្ឆិកា ឆ្នាំ​ ២០២៣​។​

​តាម​រយៈ​ការ​ប្រកួត​នេះ ​សំបូរ សុ​ភ័​ណ្ឌ បាន​បង្ហាញ​ក្តី​រំភើប​រហូត​ស្រក់​ទឹក​ភ្នែ​កចំពោះ​ការ​ដណ្តើម​បាន​មេដាយ​ប្រាក់ ​លើ​វិញ្ញា​សា ​Classic physique open ព្រោះ​វិញ្ញា​សា​នេះមា​ន​អ្ន​កខ្លាំងៗ​ចូល​រួម​រហូត​ដល់​ ១៣​ នាក់​ ហើ​យ​ការ​ដណ្តើម​បាន​មេដាយ​ប្រាក់​​នេះក៏​​ជា​ការ​ផ្តល់​កម្លាំង​ចិត្ត​ដ៏​សំខាន់​ដល់​រូបគេឈា​នទៅ​ដណ្តើម​បាន​មេ​ដាយ​មាស​លើ​វិញ្ញា​សា​ Men physique open ដែល​ត្រូវ​ប្រកួត​នៅ​ម៉ោង​បន្ទាប់ ​នា​ថ្ងៃទី​១២ ​ខែវិច្ឆិកា នោះ​ផងដែ​រ​។​

​ម្ចាស់​មេដាយ​មាស​ជើងឯ​ក​ពិភព​លោក ​ឆ្នាំ​ ២០១៨​ សំបូរ សុ​ភ័​ណ្ឌ បាន​ថ្លែង​តាម​រយៈ​ការ​ឡាយ​ផ្ទាល់ទាំ​ង​ទឹក​ភ្នែក​ថា​៖ «​ខ្ញុំ​ទទួល​បាន​លេខ​២​ ហើយ​បង​ប្អូន​! នេះ​ជា​លទ្ធផ​ល​ដ៏​ល្អ​មួយ ​ដែល​ខ្ញុំ​មាន​ការ​រំភើប ​និង​រីក​រាយ​ក្នុង​ការ​ទទួលយ​ក ព្រោះ​អ្នក​ចូល​រួម​ក្នុង​វិញ្ញា​សា​នេះ​ សុទ្ធតែ​មាន​ការ​ស៊ូ​ខ្លាំង ដែល​មាន​ការ​លំបាក​ ចំណែក​អ្នក​បាន​លេខ​១ ជា​មិត្ត​ភក្តិ​ ដែល​ធ្លាប់​ប្រកួត​ជា​មួយ​គ្នា​កាល​ពី ​៥ ​ឆ្នាំមុន ​ក្នុង​ការ​ប្រកួត​កីឡា​កាយ​វប្បកម្ម​ជើង​ឯក​អាស៊ាន ​នៅ​ខេត្ត​សៀម​រាប​»​។​


​ជា​មួយ​គ្នានេះ​ សំបូរ សុ​ភ័​ណ្ឌ បាន​ចាត់​ទុក​ការ​ដណ្តើម​បាន​មេដាយ​មាស​១ ​និង​ប្រាក់​១​ពី​ការប្រ​កួត​កីឡា​កាយ​វប្បកម្ម​អន្តរ​ជាតិ​ PCA Thailand នៅ Patayaនៅ​ប្រទេស​ថៃ​នេះ ជា​មេដាយ​រួមគ្នា​របស់​ប្រជា​ជន​កម្ពុជា ​ដែល​តែង​តែ​បាន​នាំ​គ្នា​គាំទ្រ និ​ង​លើក​ទឹក​ចិត្ត​ដល់​រូប​គេ​គ្រប់​ការ​ប្រកួត​។​

​ម្ចាស់​មេដាយមា​ស​ថ្មីថ្មោង​រូប​នេះបា​ន​បង្ហោះ​សារនៅ​លើ​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​ក្រោយ​ការ​ប្រកួត​នៅ​យប់​ថ្ងៃ​អាទិត្យ​នោះ​ថា​៖ «​ថ្ងៃនេះ​ ខ្ញុំបាទ​ពិតជា​​រំភើប​ខ្លាំង​ណាស់ ដែល​បាន​ឈ្នះ​មេដាយ​មាស ​១​ គ្រឿង និង​មេដាយ​ប្រាក់​ ១​ គ្រឿង លើ​ប្រភេទ​​២ ​វិញ្ញា​សាគឺ​​វិញ្ញា​សា ​Men physique open បាន​មេដាយ​មាស ​និង​វិញ្ញា​សា C​lassic physique open បាន​មេដាយ​ប្រាក់ ​ហើយ​ការ​ឈ្នះ​មេដាយ​ទាំង​ ២​ គ្រឿង​នេះ មិ​នមែន​ជា​មេដាយ​របស់​ខ្ញុំ​តែ​ម្នាក់​នោះ​ទេ គឺជា​មេ​ដាយ​របស់​ពុក​ម៉ែ​បង​ប្អូន​កម្ពុជា​យើង​ទាំង​មូល​»​។​


​ជា​មួយ​គ្នានេះ​ បង​ប្រុស​ទាំង ​២​ នាក់​របស់​ សំបូរ សុ​ភ័​ណ្ឌ គឺ​ម្ចាស់​មេដាយ​មាស​ជើង​ឯក​អាស៊ាន សំបូរ ​ន​ន់ និង សំបូរ​ ណាន​ ដែល​ធ្លាប់​បាន​ឈ្នះ​មេដាយមា​ស​​ជើងឯ​ក​ពិភព​លោក​ផ្នែក​កីឡា​កាយ​វប្បកម្ម​បាន​មុនគេ​នោះ ​ក៏បាន​បង្ហាញ​ភាព​រីក​រាយ​ខ្លាំង ​ចំពោះ​ការ​ដណ្តើម​បាន​មេដាយ​មាស​១ និង​ប្រាក់​១ របស់​ សុ​ភ័​ណ្ឌ ពី​ការ​ប្រកួត​ PCA Elite Classic នេះ ព្រោះ​អ្នក​លេង​សាច់​ដុំ​ត្រកូល«​សំបូរ​» បាន​ព្យាយា​ម​រាប់​ឆ្នាំ​មកហើ​យ ​ទម្រាំ​អាច​ដណ្តើម​បាន​លទ្ធ​ផល​ដ៏​ល្អ​ពី​ព្រឹត្តិ​ការណ៍​នេះ ​ដើម្បី​បង្ហាញ​ទង់​ជាតិ​កម្ពុជា​ឱ្យ​បរទេស​បាន​ឃើញ​។

​បងប្រុស​​ធំ សំ​បូរ ន​ន់ ដែល​បាន​វិ​វ​ឌ្ឍ​ខ្លួន​ទៅជា​គ្រូ​បង្វឹក​ទៅ​ហើយ​នោះ បាន​បង្ហោះ​សារ​នៅលើ​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​ថា​៖ «​ទាល់​តែ​រួម​កម្លាំង​គ្នា​ទើប​បាន​ជោគ​ជ័យ​! ខ្ញុំ​បាន​ជូន​ប្អូន​ប្រុស​ខ្ញុំ ទៅដល់​គោល​ដៅ​ហើយ ​សម្រាប់​ឆ្នាំនេះ​។ តើ​ឆ្នាំ​ក្រោយ​មាន​កីឡាករ​រូប​ណា​ទៀត ​សូម​រង់​ចាំមើល​ទាំង​អស់​គ្នា​ម្តង​ទៀត ​នៅ​ឆ្នាំ​២០២៤»​។​

​ចំណែក​លោក​នាយក​​រដ្ឋមន្ត្រី ​ហ៊ុន ម៉ា​ណែ​ត ក៏បាន​អបអ​រសាទរ​ដល់ ​សំបូរ សុ​ភ័​ណ្ឌ ផង​ដែរ​។ លោក​បាន​បង្ហោះ​សារ នៅលើ​​​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​លោក​ នៅរ​សៀល​ថ្ងៃទី​១៣ វិច្ឆិកា​ថា​៖ «​អប​អរសាទ​រ កីឡា​ករ​កាយ​វប្បកម្ម​កម្ពុជា​ សំបូរ សុ​ភ័ណ្ឌ ​ដែល​បាន​ឈ្នះមេ​ដាយ​មាស​១និង​មេដាយ​មាស​ប្រាក់​១ ក្នុង​កម្មវិធី​ការ​ប្រកួត​ជើង​ឯក​កាយ​វប្ប​កម្ម​PCA Elite Classic(មេ​ដាយ​មាស​លើ​វិញ្ញា​សា Men Physique Open និង​មេដាយ​ប្រាក់​លើ​វិញ្ញា​សា Classic​ Physique Open )នៅ​ប្រទេស​ថៃ​ថ្ងៃទី​១២ ​ខែវិច្ឆិកា ​ឆ្នាំ២០២៣»​។​

​យ៉ាង​ណាក៏​ដោយ ចំពោះ​ការ​ចេញ​ទៅ​ប្រកួត​តំណាង​ឱ្យ​កម្ពុជា ​ជា​លក្ខណៈ​ឯក​ជន​ដោយ​មិន​មាន​អ្នក​ជួយ​ទំនុក​បម្រុង​ជា​ច្រើន​ឆ្នាំនេះ​ វា​បាន​ក្លាយ​ជា​វិបត្តិ​សេដ្ឋ​កិច្ច​ចំពោះ​ សំបូរ​ សុ​ភ័​ណ្ឌ ​ដែល​រូបគេ​អាច​នឹង​ផ្អាក​អាជីព​មួយ​នេះ​រយៈ​ពេល​២​ឆ្នាំ ប្រសិន​បើកា​រព្យាយា​ម​នេះនៅ​តែ​មិន​ទទួល​បាន​ការឧ​បត្ថម្ភ​ពី​សប្បុ​រសជននិ​ង​វិស័យ​ឯក​ជន​។​

​កីឡា​ករ​វ័យ​២៨​ឆ្នាំ ​សំបូរ សុ​ភ័​ណ្ឌ បាន​និយាយ​មុន​ចេញ​ទៅ​ប្រកួត​នៅ​ប្រទេស​ថៃលើក​នេះ​ថា​៖ «​រាល់​កា​រប្រកួត ខ្ញុំ​មិន​ដែល​បាក់​ទឹក​ចិ​ត្តលើ​រឿង​ចាញ់ ​ឬ​បញ្ហា​អ្វី​អី​នោះ​ទេ​ ប៉ុន្តែ​កត្តា​សំខាន់​ដែល​ធ្វើឱ្យ​ខ្ញុំ​ចង់​ផ្អាក​ការ​ប្រកួត​ គឺ​កត្តា​សេដ្ឋ​កិច្ច​ព្រោះ​យើង​មាន​ការ​ចំណាយ​ច្រើន​ទៅលើ​​កីឡា​នេះ​។ប៉ុន្តែ​មាន​លក្ខ​ខណ្ឌ​មួយ​ដែរគឺ​ប្រសិនបើ​​ប​ងប្អូន​ស្រឡាញ់ ​គាំទ្រ និង​មាន​ការ​ជួយ​ឧបត្ថម្ភ​ទៅ​លើ​ការ​ធ្វើដំណើរ ​និង​ការ​ហូបចុ​ក ខ្ញុំ​ប្រហែល​ជា​អាច​បន្ត​ទៀត​»​។​

​ជា​មួយ​ការចំ​ណាយ​ទៅ​លើ​កា​រហ្វឹ​កហាត់​ ពិសេស​ពេល​ត្រៀម​ការប្រ​កួត​ម្តងៗ ​សំបូរ​ សុ​ភ័​ណ្ឌ បាន​ឱ្យដឹងថា​ រូបគេ​បាន​ចំណាយ​ច្រើន​ ទាំង​ទៅ​លើ​ការប្រើ​​វីតាមី​ន អា​ហារ​បំប៉ន​ផ្សេងៗ ការ​ម៉ាស្សា ​ត្រាំ​ទឹក​ក្តៅ​ទឹក​ត្រជាក់​ ដើម្បី​បំប៉ន​សាច់​ដុំ ​និង​កុំឱ្យ​ឈឺ​សាច់​ដុំ ​ជាពិសេស​ការហូប​ចុក​ប្រចាំ​ថ្ងៃ គឺ​១​ថ្ងៃ​ចំណាយ​មិន​ក្រោម​៣០​ដុល្លារ​នោះ​ទេ ​ខណៈ​ការ​ហ្វឹក​ហាត់​ត្រៀម​ចេញ​ទៅ​ប្រកួត​ក្នុង​កម្ម​វិធី ​IFBB Muscle Contest នៅ​ប្រទេស​វៀត​ណាម​កា​លពី​ពាក់​កណ្តាល​ខែ​តុលា​ កន្លងម​ក សុ​ភ័​ណ្ឌ បាន​ចំណាយ​ថវិកា​ជិត​១​ម៉ឺន​ដុល្លារ​។​

​សុ​ភ័​ណ្ឌ បាន​បញ្ជាក់​ថា​៖ «​សម្រាប់​ការ​ត្រៀម​ទៅ​ប្រកួត នៅ​​ប្រទេស​វៀតណា​មក​ន្លងមក​ ខ្ញុំ​ចំណាយ​ចូល​៨​ពាន់​ដុល្លារ​គ្រាន់​តែ​ការហូ​ប ​ហើយ​មិនទា​ន់​គិត​លើ​ថ្លៃ​ដាក់​ពាក្យ​ និង​សំបុត្រ​យន្តហោះ​​ផង​ ហើយ​បូក​ទាំង​ការ​ត្រៀម​សម្រា​ប់​ការប្រ​កួត​នៅ​ថៃ​នេះ​ទៀត​ចូល​ជាង​១​ម៉ឺន​ដុល្លារ ​ព្រោះ​១​ខែ​ចំណាយ​ជាង​២​ពាន់​ដុល្លារ​ដោយ​ថវិកា​ទាំង​នេះ ខ្ញុំ​ក៏​ខ្ចី​ពី​បង​ប្អូន​ដែរ​ទេ គឺ​គ្មាន​លុយ​គ្រប់​ឡើយ​»​។​

​យ៉ាង​ណាក៏​ដោយ សំ​បូរ សុ​ភ័​ណ្ឌ នៅតែ​មិន​ចង់​បោះ​បង់​អាជីព​នេះ ប្រសិ​នបើ​មាន​អ្នក​ជួយឧ​បត្ថម្ភ​។ «​ការ​ប្រកួត​រ​បស់ខ្ញុំ​ ចេ​ញពី​បេះដូ​ង ដោយ​សារ​យើង​ស្រឡាញ់​កីឡា​កាយ​វប្ប​កម្មនេះ ​អ៊ីចឹង​​យើង​អត់​ចង់​បោះប​ង់​ទេ​។ យើង​​ចង់​​ធ្វើ​វា​បន្តដើ​ម្បី​ឱ្យ​បរទេស​ដឹងថា​កូន​ខ្មែរ​យើង​ក៏​អាច​ធ្វើបាន​ដូចគ្នា​ហើយ​ការខិ​តខំ​ប្រឹង​ប្រែង​រប​ស់​យើង​មក​ដល់​ពេល​នេះគឺ​ដើម្បី​ប្រទេស​ជាតិ​យើង​»៕