ភ្នំពេញៈ ​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន​ ម៉ា​ណែ​ត ​ផ្តល់​យោបល់​ទៅ​ដល់​ស្ថាប័ន​ពាក់ព័ន្ធ​ គណៈ​កម្មាធិ​ការ​ជាតិប្រឆាំងភេរវ​កម្ម​ អង្គ​ភាព ក្រសួង​ ដែល​ពាក់ព័ន្ធ​ទាំង​អស់​ សូម​ពិនិត្យ​ឡើង​វិញ​លើ​ការរៀប​ចំ​​បទដ្ឋាន​គតិ​យុត្ត​ យន្តការ​ និង​វិធីសាស្ត្រ​ដោះស្រាយ​ ដើម្បីត្រៀម​ លក្ខណៈ​ប្រយុទ្ធ​ប្រឆាំង​ភេរវ​កម្ម និង​ត្រៀម​ជួយ​សង្គ្រោះ​មហន្ត​រាយ​នា​នា​។​​


លោក ​ហ៊ុន ​ម៉ា​ណែ​ត ​បាន​លើក​ឡើង​​បែប​នេះ​ នា​ឱកាស​អញ្ជើញ​ចូលរួម​ពិធី​អបអរ​សាទរ ​«​ខួប​អនុ​ស្សាវរី​យ៍​​លើក​ទី​២៨​ ថ្ងៃ​បង្កើត​បញ្ជា​ការ​ដ្ឋានទ័ព​ពិសេស ​(៩​ វិច្ឆិកា ​១៩៩៥-៩​  វិច្ឆិកា ២០២៣)​  នៅ​​បញ្ជាការ​ដ្ឋាន​ទ័ព​ពិសេស​ នៅ​ថ្ងៃទី​១០​ ខែ​វិច្ឆិកា​នេះ​​។ ​

លោក​បាន​យក​ឱកាស​នេះ ​ថ្លែង​អំណរ​គុណ​ និង​ឧទ្ទិស​សមិទ្ធ​ផល​ដែល​មាន​សព្វ​ថ្ងៃនេះ​​ជូន​​ដល់​វីរជន​គ្រប់​ជំនាន់​ ទាំង​ក្នុង​បញ្ជា​ការ​ដ្ឋាន​ទ័ពពិសេស ​ក៏ដូ​ច​ជា​កង​យោធពល​ខេម​រ​ភូមិ​ន្ទ​ទាំង​មូល ដែល​បាន​លះ​បង់​សាច់​ស្រស់ឈាម​ស្រស់ ក្នុងបុព្វ​ហេតុការ​ពារ​ជាតិ​មាតុ​ភូមិ​ ក៏​ដូច​ជា​ការ​ស្វែង​រក​នូវ​សន្តិ​ភាព​ ការបង្រួប​បង្រួម​ជាតិ​ដូច​សព្វ​ថ្ងៃ​នេះ​។​​


ទន្ទឹម​នេះ​សង្ឃឹម​ថា ​កម្ពុជា​នឹង​លែង​មាន​ប្រឈម​ការ​ប្រយុទ្ធ​ទ្រង់​ទ្រាយ​ធំ​ដូច​មុនៗ​ ក៏​ប៉ុន្តែ​ការ​គំរាម​កំហែង​បញ្ហា​សន្តិសុខ​នឹង​នៅតែ​បន្ត​បើសិន​ជា​យើង​ធ្វេស​ប្រហែស​ ស្រប​ពេល​ដែល​ភាព​តាន​តឹង​ក្នុង​តំបន់​ និង​សកល​លោក​នៅ​បន្ត​កើត​ឡើង​។​ 
លោក​​ថ្លែង​ថា​៖«​​ជាក់​ស្តែង​ទាក់ទង​ទៅនឹ​ង​ការ​ប្រឆាំង​ភេរវកម្ម​ កា​រ​ប្រយុទ្ធ​នឹង​ឧក្រិដ្ឋ​កម្ម​ឆ្លងដែន​ និង​ការ​ឆ្លើយតប​ទៅ​នឹង​គ្រោះ​មហន្ត​រាយ​ ដែល​នឹង​ក្លាយ​ទៅ​ជា​ឧទា​ហរណ៍​មួ​យចំ​នួន​ក្នុង​សម​រភូមិ​បែប​ថ្មី​ក្នុង​សតវត្សរ៍​ទី​២១​នេះ​។ ​ការ​កើន​ឡើង​នៃ​បញ្ហា​ទាំង​នេះ​ជា​សក្ខីភាព​ចាំ​បាច់​នៃ​អង្គភាព​​ទ័ព​ពិសេស ​ដែល​មាន​សមត្ថ​ភាព​ខ្ពស់​អាច​ឆ្លើយ​តប​បាន​យ៉ាង​ឆាប់​រហ័ស​ និង​ទាន់​ពេល​វេលា នេះ​ហើយ​បេសក​កម្ម​ស្នូល​ និង​ជា​មូល​ហេតុ​ដែល​បង្កើត​បញ្ជា​ការដ្ឋាន​ទ័ព​ពិសេស​ និង​សង្ឃឹម​ថានឹ​ង​បន្ត​ដើរ​តួ​ជា​អង្គ​ភាព​ដ៏​ចាំ​បាច់​សម្រាប់​វិស័យ​ការ​ពារ​ជាតិ​នា​ពេល​អនា​គត​»​​។​ 

«​អត់​មាន​នរណា​ទាយ​បាន​ទេ​ថា ​ភេរវ​កម្ម​អត់​អាច​កើត​លើ​ទឹកដី​កម្ពុជា​នោះទេ​ ហើយ​យើង​ធ្លាប់​មាន​ករណី​ជា​ច្រើន​ដែល​អាច​ទប់ស្កាត់​អាច​បង្ការ​បាន ​នៅពេ​ល​ដែល​ភេរ​វករ​រៀបចំ​ផែនការ​វាយ​ប្រហារ​ក្នុង​ទឹកដី​របស់​យើង​។ ​អ៊ីចឹង​!​យើង​សង្ឃឹម​នូវ​អ្វីដែល​ល្អ​បំផុត​ ប៉ុន្តែ​ត្រៀម​លក្ខណៈ​ជា​ប្រចាំ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​សេនា​រី​យ៉ូ ​ឬក៏​ហេតុការណ៍​យថាហេតុ​អាក្រក់​ដែល​អាច​កើត​ឡើង​»។​ នេះ​បើតាម​លោក​ ហ៊ុន​ ម៉ា​ណែ​ត​ បញ្ជាក់​បន្ថែម​។​​


ទិដ្ឋភាពនៃ​ការ​ប្រារព្ធពិធីខួបអនុស្សាវរីយ៍លើកទី​២៨​ថ្ងៃបង្កើតបញ្ជាការ​​ដ្ឋានទ័ពពិសេស។ រូប STPM

ជាមួយ​គ្នា​នេះ​លោក​នាយក​រដ្ឋ​មន្ត្រី​ បាន​ផ្តល់​យោបល់​ទៅដល់​ស្ថាប័ន​ពាក់ព័ន្ធ​ គណៈ​កម្មាធិ​ការ​ជាតិ​ ប្រយុទ្ធ​ប្រឆាំង​ភេរ​វកម្ម​ អង្គ​ភាព​ក្រសួង ​ដែល​ពាក់​ព័ន្ធ​ទាំង​អស់​ សូម​ពិនិត្យ​ឡើងវិញ​លើ​ការ​រៀប​ចំ​នូវ​បទដ្ឋាន​គតិយុត្ត​ និង​យន្ត​ការ​ វិធី​សាស្រ្តក្នុង​ការ​ដោះ​ស្រាយ ។​

លោក​ថា​៖ «​ព្រោះ​យើង​មាន​ការ​រៀ​ប​នូវ​ជំនាញ​និង​កម្លាំង​ច្រើន​ ប៉ុន្តែ​ការ​ប្រយុទ្ធ​ប្រឆាំង​​ភេរវកម្ម​នេះ មាន​លក្ខណៈ​​ស្មុគ​ស្មាញ ​និង​ពេល​ខ្លះ​ពាក់ព័ន្ធ​ផ្លូវ​ច្បាប់ ​និង​ការទូត​។​ ព្រោះ​ពេល​ខ្លះ​ការ​វាយ​ប្រហារ​មិន​ពាក់ព័ន្ធ​ពលរដ្ឋ​ខ្មែរ​ ឬ​មួយ​ប្រទេស​ណា​មួយ​ទេ​ គឺ​វា​អាច​ពាក់ព័ន្ធ​ទៅ​នឹង​មុខ​សញ្ញា​ទាំង​ជន​រងគ្រោះ ​និង​គោល​ដៅ​ត្រូវ​វាយប្រហារ​ជា​បរទេស ​ឬ​មួយ​ក៏​ប្រតិបត្តិ​ការ​ភេរវ​កម្ម​ក៏​ជា​បរទេស​អ៊ីចឹង​!​ទាមទារ​ការ​សហ​ការ​ដែល​យើង​មាន​នៅ​ក្នុង​គណៈ​កម្មាធិ​កា​រ​ជាតិ​ដែល​មាន​​គ្រប់​ស្ថាប័ន​រួម​ទាំង​​ក្រសួង​ការ​បរទេស​ ក្រសួង​ការ​ពារ​ជាតិ​ ក្រសួង​មហា​ផ្ទៃ​»​​​។​​

ពាក់​ព័ន្ធ​ការ​សង្គ្រោះ​មហន្ត​រាយ​វិញ​លោក ​ហ៊ុន ម៉ា​ណែ​ត ​បាន​ណែនាំ​ឱ្យទ័ព​ពិសេស ​ត្រូវ​តៀម​លក្ខណៈ ​និង​បង្កើន​សមត្ថ​ភាព​ពង្រឹង​ផ្នែក​សង្គ្រោះ​អគ្គិ​ភ័យ​ គ្រោះទឹក​ជំនន់​ និង​ការ​បាក់​រលំ​អគារ​ជា​ដើម​។​​

បន្ថែម​ពីនេះ ​លោក​ស្នើ​ឱ្យ​ក្រសួង​ការពារ​ជាតិ​ អគ្គ​បញ្ជាការ​ដ្ឋាន​ និង​បញ្ជាការ​ដ្ឋាន​ប្រភេទ​ទ័ព​ទាំង​អស់​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ការ​គំរាម​កំហែង​បច្ចុប្បន្ន​ និង​ទៅ​អនា​គត​មួយ​ទៀត​ គឺ​ការ​គំរាម​កំហែង​សន្តិ​សុខ​សុវត្ថិ​ភាព​បច្ចេក​វិទ្យា​​។ ​

លោក​​បញ្ជាក់​ថា​៖ «​កិច្ច​ការងារ​នេះ​គឺ​យើង​ចាំបាច់​ត្រូវ​យកចិត្ត​ទុក​ដាក់​ ព្រោះ​កង​ទ័ព​យើង​ទំនើប​កម្ម​ហើយ ​សូម្បី​រថយន្ត​ដែល​ប្រើ​សុទ្ធ​តែ​អេឡិចត្រូនិក​។​ ព្រោះ​បច្ចេក​វិទ្យា​គឺ​បច្ចុប្បន្ន​ និង​អនាគត​ យើង​មិន​អាច​បោះ​វា​ចោល​ទេ​យើង​ត្រូវ​ប្រើ​វា​ដើម្បី​បង្កើន​ប្រសិទ្ធ​ភាព​ ប៉ុន្តែ​បើ​ជ្រុល​ជា​ប្រើ សូម​កុំ​ឱ្យ​វា​ជា​មុខ​ពីរ​ យើង​ត្រូវ​ការ​ពារ​ផង​»​។

នា​ឱកាស​នោះ មេ​បញ្ជាការ​ដ្ឋាន​ទ័ព​ពិសេស​​លោក ​ស៊ុំ ​សំណាង​ បាន​ថ្លែងថា​ រាជ​រដ្ឋាភិ​បាល​ក្រោម​​ការដឹក​នាំ​លោក​ ហ៊ុន ​ម៉ា​ណែ​ត​ បាន​លើក​កិត្យា​នុភាព​ជាតិ​នៅ​លើ​ឆាក​អន្តរ​ជាតិ​ ទាំង​ក្នុង​តំបន់ ​និង​ពិភព​លោក ​កាន់តែ​ឃើញ​យ៉ាង​ច្បាស់​អំពី​ការ​ខិតខំ​ប្រឹងប្រែង​ ការ​ក​សាង ​និង​អភិ​វឌ្ឍន៍​ មានការ​រីក​ចម្រើន​លើ​គ្រប់​វិស័យ​ ជា​រដ្ឋ​ឯករាជ្យ​ នីតិ​រដ្ឋ ​និង​ប្រជា​ធិប​តេយ្យ​សេរី​ពហុបក្ស​។​ ជាមួយ​គ្នា​នេះ​ តាង​នាម​ឱ្យ​បញ្ជាកា​រ​ដ្ឋាន​ទ័ព​ពិសេស​ បាន​ប្តេជ្ញា​ស្មោះត្រ​ង់​ និង​ការពារ​ចំពោះ​ជាតិ សាសនា​ ព្រះ​មហាក្ស​ត្រ​ និង​កា​ពារ​រាជ​រដ្ឋាភិ​បាល​ស្រប​ច្បាប់​ សុខ​សន្តិភាព​ អធិប​តេយ្យ​ភាព និង​បូរណ​ភាព​ទឹក​ដី​ឱ្យ​បាន​ស្ថិត​ស្ថេរ​។​​

លោក ​ហ៊ុន​ ម៉ា​ណែ​ត​ លើក​ឡើង​ក្នុង​ពិធី​នេះ​ថា ​កង​ទ័ព​ត្រូវ​តែ​ជា​កងទ័ព​មាន​វិជ្ជា​ជីវៈ​ខ្ពស់​ដែល​ស្មោះត្រង់​ដាច់ខាត​ចំពោះ​ជាតិ ​មាតុភូមិ​ និង​ប្រជាជន​ និង​យក​អស់​ស្មារតី​ គោរព​ និង​អនុ​វត្ត​​ឱ្យបាន​ម៉ឺង​ម៉ាត់​ នូវ​រាល់​បទ​ប្បញ្ញត្តិ​ សារា​ចរ​ណែ​នាំ​ លក្ខន្តិ​កៈ​​កង​យោធពល​ខេមរ​ភូមិន្ទ​ បទ​ដ្ឋាន​គតិយុត្ត​នា​នា​ ​ប្រកាន់​ខ្ជាប់​នូវ​ប្រពៃ​ណី​ សេច​ក្តី​ថ្លៃថ្នូរ​ ​របស់​កង​យោធពលខេមរ​ភូ​មិន្ទ​ ក្លាយ​ជា​កម្លាំង​ពិត​ ដើម្បី​ការ​ពារ​ជាតិ​មាតុ​ភូមិ​ និង​ប្រ​ជា​ជន​​។ ​

លោក​ណែនាំ​ដល់​គ្រប់​អង្គភាព​ទាំងអស់​ត្រូវ​យក​ចិត្ត​ទុក​ដាក់​បំផុត​ ទៅ​លើ​ការ​ប្រើ​ប្រាស់​កង​កម្លាំង​​ ធនធាន​ និង​ទ្រព្យ​សម្បត្តិ​រដ្ឋ​ ដែល​បាន​ប្រគល់​ជូន​ ឱ្យ​បាន​ស្ថិត​ស្ថេរ ​និង​មាន​ប្រសិទ្ធភាព​ ​ពោល​គឺ ​សូម​ប្រើ​ប្រាស់​កម្លាំង​ឱ្យ​សមស្រប​ទៅ​នឹង​តម្រូវ​ការ ​និង​សូម​គ្រប់គ្រង​ថែរ​ក្សា​គ្រឿង​សព្វា​វុធ​ ​បរិក្ខារ​យោធា​គ្រប់​បែប​យ៉ាង​ ព្រម​ទាំង​ស្បៀង​អា​ហារ​ជា​ដើម​ ឱ្យ​បាន​ត្រឹម​ត្រូវ​ និង​បាន​គង់​វង្ស​។​

លោក​នាយក​រដ្ឋ​មន្ត្រី​ក៏​បាន​ជំរុញ​ដល់​គ្រប់​អង្គភាព​ទាំង​អស់​ត្រូវ​ពង្រឹង​ការ​ងារ​ហ្វឹក​ហ្វឺន​​រៀន​សូត្រ និង​ការ​កសាង​ប្រភព​ធនធាន​មនុស្ស ​ទាំង​បរិមាណ ​និង​គុណ​ភាព ​ដើម្បី​បម្រើ​ការ​ពារជាតិ​ ឱ្យមាន​ប្រសិទ្ធ​ភាព​។​ ជាពិសេស​ អង្គ​ភាព​ទាំង​អស់​ត្រូវ​ពង្រឹង​ការ​បង្កើន​ជំនាញ​ដល់​កងទ័ព ​ទាំង​ជំនាញ​យោធា ​និង​ជំនាញ​ដែល​មាន​ប្រយោជ​ន៍​ក្នុង​វិស័យ​ស៊ីវិល ​ដើម្បី​ធានា​ថា ​កងទ័​ព​យើង​មាន​សមត្ថ​ភាព​ ហើយ​ក៏​នឹង​ក្លាយ​ជា​ធន​ធាន​ដ៏​មាន​តម្លៃ​ជូន​សង្គម​ជាតិ​ផងដែរ​ ក្រោយ​ពេល​លា​ឈប់​ពី​ជួរ​កង​ទ័ព​។​ ​

លោក​ថ្លែង​ថា​៖ «​សូម​អង្គភាព​ទាំងអស់​យកចិត្ត​ទុក​ដាក់​ត្រៀម​កម្លាំង​ មធ្យោបា​យ​ និង​សម្ភារ​គ្រប់​បែប​យ៉ាង​ ដើម្បី​ជួយសង្គ្រោះ​ប្រជា​ពលរដ្ឋ ​នៅពេ​ល​មាន​គ្រោះភ័យ​ជាយ​ថា​ហេតុ​ណាមួ​យ​ ដោយ​ត្រូវ​មាន​ស្មារតី​បុ​រេ​សកម្ម​ ព្រម​ទាំង​សហ​ការ​ឱ្យបាន​ស្អិតរ​មួ​ត​ជាមួយ​អាជ្ញាធរ​ដែន​ដី​ និង​ក្រសួង​​ស្ថាប័ន​ពាក់ព័ន្ធ​។​ សូម​អង្គភាព​ទាំង​អស់​ជំរុញ​ការ​កសាង​សេដ្ឋកិច្ច​នៅនឹ​ងក​ន្លែង​ ដូចជា​ ការ​បង្ក​បង្កើន​ផល​ និង​ការ​ចិញ្ចឹម​សត្វ​ជាដើម​ ដើម្បី​កែប្រែ​ជីវភាព​រស់​នៅ​របស់​ក​ង​ទ័ព​ និង​ក្រុម​គ្រួសារ​​ឱ្យមា​ន​ជីវ​ភាព​រ​ស់​នៅ​ស​ម​ស្រប​ មាន​ផាសុកភាព​,​ សុខុ​មាល​ភាព ​និង​ផលិត​ភាព​ ក្នុង​ការ​បំពេញ​បេសក​កម្ម​របស់​ខ្លួន​​»​៕