​ភ្នំពេញៈ ព្រះរាជក្រឹត្យ​ស្តីពី​ការបង្កើត​ការរៀបចំ និង​កិច្ចដំណើរការ​របស់​អា​ជ្ញា​​ធរ​ជាតិដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ ត្រូវបាន​ព្រះមហាក្សត្រ ព្រះបាទ​នរោត្តម សីហមុនី ឡាយព្រះហស្តលេខា កាលពី​ថ្ងៃទី​ ២ ខែវិច្ឆិកា ឆ្នាំ​​ ២០២៣​។​


​លោក ​ជិន ម៉ា​លីន អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ថា ព្រះរាជ​ក្រឹត្យ​បង្កើត​អាជ្ញាធរ​ជាតិដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធតុលាការ​បានចេញ​ហើយ ក៏ប៉ុន្តែ​ផ្អែកទៅលើ​ព្រះរាជក្រឹត្យ​តែ ១ គឺ​មិនទាន់​អាច​ដំណើរការ​បានទេ វា​ទាម​ទារ​ការរៀបចំ​កិច្ចដំណើរការ​មួយចំនួនទៀត​។ អ៊ីចឹង​អាជ្ញាធរ​ជាតិ​នេះ នឹង​អាច​ដំណើរការ​ក្នុងពេល​ឆាប់ៗ​ខាងមុខ​។​

យ៉ាងណាក្តី​មន្ត្រី​មួយចំនួន និង​អង្គការ​សង្គម​ស៊ីវិល​រំពឹងថា អាជ្ញាធរ​ជាតិ​មួយ​នេះ​នឹង​បំពេញការងារ​បានជា​ប្រយោជន៍​យ៉ាងសំខាន់​ដល់​ប្រជាពលរដ្ឋ​ក្នុងការ​​ផ្សះផ្សា​ជម្លោះ​នៅក្នុង​សហគមន៍​។​


កញ្ញា​ សយ ពិសី ជា​ជនជាតិដើម​ភាគតិច​ព្រៅ រស់នៅ​ភូមិ​ភ្នំ​ស្វាយ សង្កាត់​បឹង​​កន្សែង ក្រុង​បាន​លុង ខេត្តរតនគិរី​បានឱ្យដឹងថា នៅក្នុង​សហគមន៍​ដែល​នាង​​កំពុង​រស់នៅ​ភាគច្រើន​ជា​ជនជាតិដើម​ភាគតិច ដូចជា​ជនជាតិដើម​កួយ ព្រៅ ​ព្នង​ជាដើម​។ ចំពោះ​ប្រពៃណី​របស់​ជន​ជាតិ​ដើម​ភាគតិច​នៅក្នុង​ភូមិ​នីមួយៗ​​តែងតែមាន​ជម្លោះ​ម្តងម្កាល​ដែរ តែ​នៅពេល​កើតមាន​ជម្លោះ គឺ​អ្នកស្រុក​តែងតែ​ទៅ​ពឹងពាក់​ចាស់ទុំ ដើម្បី​ឱ្យជួយ​សម្រុះ​សម្រួល​វិវាទ​នោះ និង​ទទួល​បានការ​សម្រុះសម្រួល​គ្នា​ពី​ចាស់ព្រឹទ្ធាចារ្យ​។​

​កញ្ញា ​ពិសី​ ពោលថា​៖ «​តាំងពី​ខ្ញុំ​ដឹងក្តី​មក បើ​មានរឿង​ទំនាស់​គ្នា ខ្ញុំ​ឃើញតែ​សម្រុះ​សម្រួល​ជម្លោះ​ដោយមាន​ចាស់ទុំ​ជា​អ្នកកាត់ក្តី​។ បញ្ហា​នេះ​ខ្ញុំ​ឃើញថា វា​ដំណើរ​​ការ​ទៅ​មាន​ភាពងាយស្រួល​ដោយសារតែ​វា​មិនសូវ​ជា​អស់​លុយ​អស់​កាក់​។ ម្យ៉ាងទៀត​វា​ចំណេញ​ពេលវេលា​ច្រើនជាង​ទៅ​តុលាការ​»​។


បើតាម​កញ្ញា​ពិសី​កន្លងមក​នៅក្នុង​សហគមន៍​របស់​កញ្ញា ធ្លាប់តែ​មានការ​ដោះស្រាយ​វិវាទ​ផ្អែក​តែ​ទៅលើ​ទំនៀម​​ទម្លាប់​ប្រពៃណី​តាម​ស្រុកភូមិ​តែប៉ុណ្ណោះ​។ បានន័យថា សម្រុះសម្រួល​ដោយ​ចាស់ទុំ​ហើយ​តាមរយៈ​ការសម្រុះសម្រួល​ជម្លោះ​ផ្ទាល់​នេះ គឺ​លទ្ធផល​ទទួលបាន​យុត្តិធម៌​ទាំងអស់គ្នា​។​

បើ​ទៅ​តុលាការ​វា​មាន​ប្រព័ន្ធ​សាំញ៉ាំ​ច្រើន ដូចជា​រង់ចាំ​កម្មវិធី​ជម្រះក្តី កម្មវិធី​ប្រកាស​សាលក្រម ឬ​សាល​ដីកា​ជាដើម​។ កញ្ញា​ ពិសី​ និយាយថា​៖ «​ខ្ញុំ​គិតថា ក្រោយពី​មានដំណើរ​ការ​របស់​អា​ជ្ញា​ធរ​ជាតិដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធតុលាការ​កើតឡើង​ការដោះស្រាយ​វិវាទ​ក្នុង​សហគមន៍ នឹង​កាន់តែ​សុក្រឹត​ជាង​ការ​សម្រុះសម្រួល​តាម​ទម្លាប់​ប្រពៃណី​»​។​

លោក ឡោ គិ​ម​ហ្គិ​ច ដែលមាន​ជំនាញ​ខាងច្បាប់ ហើយ​បច្ចុប្បន្ន​កំពុងតែ​ប្រកប​អាជីព​ជា​មេធាវី​ផង​នោះ ក៏​យល់ឃើញ​ដែរ​ថា ចំពោះ​រឿង​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធតុលាការ​នេះ ជាទូទៅ​នៅ​ប្រទេស​ជឿនលឿន​គេ​ធ្វើ​អ៊ីចឹង​មានន័យថា គេ​បាន​អនុវត្ត​ហើយ​។​

ការអនុវត្ត​បែបនេះ ដើម្បី​ជួយ​ដល់​ប្រជាពលរដ្ឋ​កុំឱ្យ​គាត់​ពិបាក ឬ​ចំណាយពេល​ច្រើន​មក​តុលា​ការដែល​ការដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធតុលាការ​នេះ នៅ​ប្រទេស​គេ​ហៅថា​«​តុលាការ​ប្រជាជន​»​។ លោក​ថ្លែងថា​៖ «​អ៊ីចឹង​គេ​បង្កើតជា​គណៈកម្មការ​ ១ ​ដើម្បី​ជួយ​ដោះស្រាយ​ឱ្យ​ប្រជាពលរដ្ឋ​នៅតាម​សហគមន៍​។ សម្រាប់​ប្រទេស​យើង​វិញ​នេះ​ជា​ចំណុច​ល្អ​ ១​ របស់​រាជរដ្ឋាភិបាល​យើង​ហើយ​»​។​

ពាក់ព័ន្ធ​នឹង​អាជ្ញាធរ​ជាតិដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធតុលាការ​នេះ ត្រូវបាន​លោក​ ម៉ែន អេង អភិបាលរង​ខេត្ត​ស្វាយ​រៀង​បាន​ថ្លែងថា បញ្ហា​ការដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធតុលាការ​នេះ ​គឺ​កន្លងមក​អាជ្ញាធរខេត្ត​ស្វាយរៀង​បានធ្វើការ​ដោះ​ស្រាយ​ជូន​ប្រជាពលរដ្ឋ​បានជា​ច្រើន​ករណី​ដែរ ដូចជា​រឿង​វិវាទ​ដីធ្លី ទំនាស់​រឿង​ទ្រព្យសម្បត្តិ​ជាដើម​។​

លោក​ថ្លែងថា​៖ «​ធ្វើ​យ៉ាងម៉េច​បើសិនជា​អាច​ដោះស្រាយបាន​ក្រៅ​ប្រព័ន្ធតុលាការ​ហ្នឹង​គឺថា យើង​ខិតខំ​ណាស់​បាទ​។ កិច្ចការ​នេះ​វា​នឹង​ផ្តល់​អត្ថ​ប្រ​យោ​ជ​ច្រើន​ដល់​ប្រជាពលរដ្ឋ​»​។​

​លោក ​ម៉ែន អេង បាន​បញ្ជាក់ថា​៖ «​យើង​ប្តេជ្ញាចិត្ត​ថា យើង​នឹង​ខិតខំ​ធ្វើ​កិច្ចការងារ​នេះ​ឱ្យ​បានល្អ​ធ្វើយ៉ាងណា​ដើម្បី​បាន​តម្កល់​ផលប្រយោជន៍រ​បស់បង​ប្អូន​ប្រជាពលរដ្ឋ​ជាធំ ព្រោះ​យើងទាំងអស់គ្នា​នេះ មាន​កាតព្វកិច្ច​តែមួយ​ទេ គឺ​ធ្វើយ៉ាងណា​ឱ្យ​ប្រជាពលរដ្ឋ​លោក​មាន​សេចក្តីសុខ​ទាំង​ផ្លូវកាយ និង​ផ្លូវចិត្ត​ដើម្បី​ប្រជាពលរដ្ឋ​យើង​ត្រូវតែ​នាំគ្នា​ធ្វើ​»​។​

ពាក់ព័ន្ធ​នឹង​ព្រះរាជក្រឹត្យ ស្តីពី​ការបង្កើត ការរៀបចំ និង​កិច្ចដំណើរការ​របស់​អា​ជ្ញា​ធរ​ជាតិដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធតុលាការ​នេះ​ត្រូវបាន​លោកនាយក​រដ្ឋ​មន្ត្រី​ ហ៊ុន ម៉ា​ណែ​ត ​បានលើកឡើង នៅ​ចំពោះមុខ​មន្ត្រីរាជការ​ក្នុង​ពិធី​សំណេះ​សំ​ណា​ល​ជាមួយ​កម្មករ​កាត់ដេរ​កាលពី​ខែតុលា នៅ​ខេត្តកំពង់ស្ពឺ​ថា អាជ្ញាធរ​ជាតិ​នេះ​មិន​ទៅ​ជំនួស​តុលាការ​ទេ ហើយក៏​មិន​ទៅ​ជំនួស​ប្រព័ន្ធយុត្តិធម៌​ដែលមាន​ស្រាប់​ដែរ​។ 

​លោក​សង្កត់ធ្ងន់ថា​៖ «​កន្លងទៅ​រាជរដ្ឋាភិបាល​ធ្លាប់​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធតុលាការ​ច្រើនណាស់ ហើយ​អានេះ​ក៏​ជា​ប្រពៃណី​របស់​យើង​ដែរ​។​ ភាគច្រើន​ពេល​មាន​ជម្លោះ​តែងតែរ​កមេ​ឃុំ មេស្រុក​ឱ្យជួយ​សម្របសម្រួល​ហើយ​មុននឹង​ទៅ​តុលាការ ឬ​រក​អ្នក​ចាស់ទុំ​ក្នុងភូមិ​ឱ្យទៅ​សម្របសម្រួល​ក៏មាន​»​។​

លោកនាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់ថា ការដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធតុលាការ មិនចាំបាច់​ដាក់ពាក្យ​រក​មេធាវី​ទៅ​តុលា​​ការ​ទេ ហើយ​ជួនកាល​ចំណាយពេល​វេលា​យូរ​ទៀត​នៅ​តុលាការ​។ កន្លងមក​រាជ​រដ្ឋា​​ភិ​បាល​បាន​ខិតខំ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធតុលាការ​នេះ បាន​ដើរតួនាទី​សំខាន់​ណាស់ ជាពិសេស​ករណី​រឿង​រដ្ឋប្បវេណី​។​

​បើតាម​លោកនាយក​រដ្ឋមន្ត្រី ផល​ប្រ​យោ​ជ​នៃ​ការបង្កើត​អាជ្ញាធរ​ជាតិ​ដោះ​ស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធតុលាការ​គឺ​ដោះ​ស្រាយ​វិវាទ​រដ្ឋប្បវេណី វិវាទ​ពាណិជ្ជកម្ម​និង​វិវាទ​ដទៃទៀត តាមរយៈ​ការ​សម្រុះ​សម្រួល​ផ្សះផ្សា ដោយ​ផ្អែកទៅលើ​កិច្ច​ព្រមព្រៀង​រវាង​ភាគី តាម​ការស្នើសុំ​របស់​ភា​គី​វិវាទ ឬ​ដែល​ភាគី​វិវាទ​ព្រម​ទទួលយក​យន្តការ​សម្រុះសម្រួល​ផ្សះផ្សា​។ ការ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធតុលាការ​នេះ មិន​បង្ខំ​ប្រជាពលរដ្ឋ​ទេ គឺជា​ជម្រើស​របស់​ប្រជាពលរដ្ឋ​ក្នុងការ​ដោះស្រាយ​ជម្លោះ​។​

លោក ​ហ៊ុន ម៉ា​ណែ​ត បាន​ណែនាំ​ឱ្យ​បណ្តា​អាជ្ញាធរខេត្ត​ស្រុក ត្រៀម​សហ​ការ​ជាមួយ​ក្រុមការងារ នៃ​អាជ្ញាធរ​ជាតិដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធតុលាការ នៅពេលដែល​ព្រះរាជក្រឹត្យ​ស្តីពី​ការបង្កើត​ការរៀបចំ និង​កិច្ចដំណើរការ​របស់​អា​ជ្ញា​ធរ​ជាតិដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធតុលាការ​ចូល​ជា​ធរមាន​។​ 

បើតាម​ព្រះរាជក្រឹត្យ​ស្តីពី «​ការបង្កើត ការរៀបចំ និង​កិច្ចដំណើរការ​របស់​អា​ជ្ញា​ធរ​ជាតិដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធតុលាការ​» ដែល​ឡាយព្រះហស្ដលេខា​ដោយ​ព្រះមហា​ក្សត្រ​កាលពី​ថ្ងៃទី ​២ ខែវិច្ឆិកា ឆ្នាំ ​២០២៣ ហើយ​ដែល ​ភ្នំពេញ​ ប៉ុស្តិ៍​ ទទួលបាន​នៅ​ថ្ងៃទី ​៩ ខែវិច្ឆិកា​ បង្ហាញថា អាជ្ញាធរ​ជាតិ​មួយ​នេះ​មាន​សមាសភាព​ចំនួន​ ១១ ​រូប មកពី​ស្ថាប័នរដ្ឋ និង​គណៈមេធាវី​។​

លោក​ ជិន ម៉ា​លីន បានឱ្យដឹងថា អ្វីដែល​នៅ​រៀបចំ​គឺ​ទី១​ សមាសភាព​ដែល​ចង់​​បង្ហាញ​នៅក្នុង​ព្រះរាជក្រឹត្យ​។ ទី​២ គឺ​អគ្គ​​លេខាធិការដ្ឋាន​ដែល​គាំទ្រ​ដល់​កិច្ច​ដំណើរការ​នេះ​។ ទី​៣ គឺ​ឯកសារ​គាំទ្រ​បទដ្ឋាន​គតិយុត្ត​ផ្សេងៗ​ទៀត​ដែលជា​ឯក​សារ​គាំទ្រ​ដល់​កិច្ចដំណើរការ និង​ទី​៤ គឺ​ការប្រកាស​ជ្រើសរើស​មន្ត្រី​សម្រុះសម្រួល​ដោះស្រាយ​វិវាទ​ការបណ្តុះបណ្តាល និង​ការចុះ​បំពេញការងារ​ភារកិច្ច​របស់ខ្លួន​។ អ៊ីចឹង​នេះ​គឺជា​អ្វីដែល​ត្រូវ​រៀបចំ​ក្រោយពី​ព្រះរាជក្រឹត្យ​ចេញ​។ 

លោក​ថា​៖ «​គោលបំណង​នៃ​ការបង្កើត​អាជ្ញាធរ​ជាតិ​នេះ​ទី​១​ គឺ​ដើម្បី​បង្ខិត​សេវា​យុត្តិធម៌​នេះ​ឱ្យ​ទៅជិត​ប្រជាពលរដ្ឋ​។ ទី​២ បង្កើត​ភាពសុខសាន្ត ភាពសុខដុមរមនា នៅក្នុង​សហគមន៍​។ ទី​៣ គឺ​វា​នឹងចូលរួម​ចំណែក​ក្នុង​ការកែ​ទម្រង់​ប្រព័ន្ធតុលាការ គឺ​ការដោះស្រាយ​ភាព​កកស្ទះ​សំណុំរឿង ការកើនឡើង​សំណុំរឿង​នៅតាម​តុលា​ការដែល​យើង​អាច​កាត់បន្ថយ​បាន​មួយចំនួន​»​។​

លោក អំ សំអាត នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ យល់ឃើញថា ការបង្កើត​អាជ្ញាធរ​ជាតិដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធតុលាការ បើសិនជា​យន្តការ​នេះ​រៀបចំ​បានល្អ មាន​នីតិវិធី គោលការណ៍​ច្បាស់​លាស់ និង​មានការ​បណ្តុះបណ្តាល​មន្ត្រី​ជំនាញ​ច្បាស់លាស់ គឺ​អាចជួយ​កាត់បន្ថយ​សំណុំរឿង​នៅ​តុលាការ​ពាក់ព័ន្ធ​នឹង​រឿង​រដ្ឋប្បវេណី វិវាទ​ពាណិជ្ជកម្ម និង​រឿង​ទំនាស់​ក្នុងការ​រស់នៅ​តាមបែប​រដ្ឋប្បវេណី និង​ទំនៀមទម្លាប់​ប្រពៃណី​ជាដើម​។ ម្យ៉ាងទៀត​គឺ​កាត់បន្ថយ​ការចំណាយ កាត់បន្ថយ​ការមើល​មុខ​គ្នា​មិន​ចំ​ក្នុង​ការរស់នៅ គឺ​រស់​​នៅ​ដោយ​សុខដុមរមនា​ជាមួយគ្នា​។​

​ប៉ុន្តែ​រឿង​ព្រហ្មទណ្ឌ និង​រឿង​មួយចំនួនទៀត​គឺ​មិនអាច​ដោះស្រាយ​តាម​យន្តការ​នេះ​បានទេ គឺ​នៅតែ​តាម​តុលាការ​ដដែល​។ យន្តការ​នេះ​ថ្មី គឺ​ត្រូវ​ទាមទារ​ទំនុកចិត្ត​ពី​ប្រជាពលរដ្ឋ​ជាមុនសិន តាមរយ​:​តម្លា​ភាព យុត្តិធម៌ មិនមាន​អំពើពុករលួយ និង​ប្រកបដោយ​វិជ្ជាជីវ​: បើ​មិនអាច​ទាញ​ទំនុកចិត្ត​ពី​ប្រជាពលរដ្ឋ​គឺ​ប្រហែល​មិនសូវមាន​ប្រសិទ្ធភាព​ទេ​។​

លោក​ថ្លែងថា​៖ «​ខ្ញុំ​យល់ថា ការបង្កើត​អាជ្ញាធរ​ជាតិ​ដោះ​ស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធតុលាការ​នេះ មិនអាច​បន្សាប​ឥទ្ធិពល​តុលាការ​ទេ ព្រោះ​នៅពេល​ដោះស្រាយ​តាម​យន្តការ​នេះ​មិនជា​សះ​នឹង​គ្នា គឺ​ត្រូវ​បញ្ជូនទៅ​តុលាការ​ដដែល ហើយ​រឿង​ព្រហ្មទណ្ឌ និង​រឿង​មួយចំនួន​មិនអាច​ដោះស្រាយ​តាម​យន្ត​ការ​នេះ​បានទេ គឺ​តាម​តុលាការ​»៕