ភ្នំពេញៈ ​សមា​គម​មិត្ត​ភាព​វៀត​ណាម​-​កម្ពុជា​ បាន​រួម​គ្នា​រៀបចំ​សន្និ​បាត​នៃ​សមា​គម​ប្រទេស​ទាំង​២ ​ដើម្បី​ពង្រឹង​ការ​ទូត​ប្រជា​ជន​ចំណង​មិត្ត​ភាព ​និងកិច្ច​សហ​ប្រតិ​បត្តិ​ការ​ព្រំដែន​នៃ​ប្រទេសកម្ពុជា​-​វៀត​ណាម​ សំដៅ​ឈាន​ទៅ​រក្សា​បាន​ព្រំដែន​សន្តិភាព​ និង​ការ​អភិ​វឌ្ឍ​លើ​គ្រប់​វិស័យ​ទ្វេ​ភាគី​។​


ថ្លែង​ក្នុង​សន្និ​បាត​ ដែល​រៀបចំ​រយៈពេល ​២​ថ្ងៃ ​ពីថ្ងៃ​ទី​១១​-១​២ ​​ខែវិច្ឆិកា ​ ឆ្នាំ២០២៣​ នា​​ខេត្ត​​តៃនិញ​ ប្រទេស​វៀត-​ណាម លោក​ស្រី ​ម៉ែន ​សំអន​ ប្រធានសមា​គម​មិត្ត​ភាព​កម្ពុជា​-​វៀត​ណាម​ បាន​លើក​ឡើង​ថា​ ទំនាក់​ទំនង​ការ​ទូតកម្ពុជា​-​វៀត​ណាម មក​ដល់​ពេល​នេះ​មាន​រយៈ​ពេល ​៥៦​ ឆ្នាំហើយ​។​

លោក​ស្រី​បាន​លើក​ឡើង​តាម​រយៈ​ហ្វេ​ស​ប៊ុ​ក​លោក​ស្រី​ថា​៖«​​ទំនាក់​ទំនង​ការទូត​ទ្វេភាគី ​បាន​​រីក​ចម្រើន​យ៉ាង​ខ្លាំង​ និង​បាន​ស្តែង​ចេញ​ជា​ផ្លែផ្កា​លើ​គ្រប់​វិស័យ ​ពី​វិស័យ​នយោ​បាយ ​ការពារជាតិ​ រហូត​ដល់​វិស័យ​ សេដ្ឋ​កិច្ច​ សង្គម​កិច្ច​ ទេស​ចរណ៍ ពាណិជ្ជ​កម្ម​ ​វប្ប​ធម៌ និង​វិទ្យា​សាស្ត្រ​»​។


​លោក​ស្រី​បន្តថា ​ជា​ពិសេស ​ភាគី​ទាំង​២ ​នឹង​បន្ត​ធ្វើ​ការ​ពង្រឹង​ចំណង​មិត្តភាព​ការ​ទូត​ ប្រជា​ជន​ កិច្ច​សហ-​ប្រតិប​ត្តិ​ការ​ព្រំដែន​នៃ​ប្រទេស​ទាំង​២ ​ដើម្បី​រក្សា​បាន​ព្រំដែន​សន្តិ​ភាព ​និង​ការ-​អភិ​វឌ្ឍ​លើ​គ្រប់​វិស័យ​បន្ថែម​ទៀត​។​​

ជា​មួយ​គ្នា​នេះ​ លោក​ស្រី​ង្វៀន ​ធី​ថា​ញ់​ ប្រធាន​សមា​គម​មិត្ត​ភាព​​វៀត​ណាម​-​កម្ពុជា ​ក៏បាន​លើក​ឡើង​ដែរ​ថា​ ប្រទេស​ទាំង​២ បាន​យក​ចិត្ត​ទុក​ដាក់​លើ​ការ​ផ្លាស់​ប្តូរ ​និង​ចែក​រំលែក​បទ​ពិ​សោធន៍​លើ​សកម្ម​ភាព​មិត្ត​ភាព​រវាង​ប្រជា​ជន ​និង​ប្រជា​ជន​រវាង​ខេត្ត​ជាប់​ព្រំដែន​ ​និង​ការ​ផ្លាស់​ប្តូរ​មិត្ត​ភាព​ និង​កិច្ច​សហ​ប្រតិ​បត្តិការ​រ​វាង​ធុរកិច្ច​ និង​ក្លិប​ធុរកិច្ច​នៃ​សមាគម​ទាំង​២​។ 


លោក​ស្រី​បន្ត​ថា​៖​«​សកម្ម​ភាព​ទាំង​នេះ​បាន​បង្ហាញ​ពី​ការ​ពង្រឹង​ចំណង​នៃ​ទំនុក​ចិត្ត​ និង​ការ​យោគ​យល់​គ្នា​ទៅវិញទៅ​មក ដោយ​បាន​ជំរុញ​ការ​កែ​លម្អ​បន្ថែម​ទៀត​នូវ​គុណ​ភាព ​និង​ប្រសិទ្ធភាព​នៃ​ការ​សម្រប​សម្រួល​រវាង​សមាគម​ទាំង​២ ​និង​រួម​ចំ​ណែក​ធ្វើ​ឱ្យ​កាន់​តែ​ស៊ីជ​ម្រៅ​នូវ​ទំនាក់​ទំ​នង​ប្រពៃណី​នៃ​សាមគ្គី​ភាព ​និង​មិត្ត​ភាព​ និង​កិច្ច​សហ​ប្រតិ​បត្តិការ​លើ​គ្រប់​វិស័យ​រវាង​បក្ស​ទាំង​២ ​រដ្ឋ​ទាំង​២ ​និង​ប្រជា​ជន​នៃ​ប្រទេស​ទាំង​២​»​។​​

ប្រធាន​វិទ្យា​ស្ថាន​ទំនាក់​ទំនង​អន្តរជាតិ​នៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា​​ លោក​ គិ​ន​ ភា​ នៅ​ថ្ងៃទី​១៣ ​ខែវិច្ឆិកា​ បាន​ឱ្យ​ដឹង​ថា ​ដើម្បី​ជំរុញ​ឱ្យ​ប្រទេស​ទាំង​២ ​កាន់​តែ​មាន​ទំនាក់​ទំនង​ល្អ​បន្ថែម​ទៀត​ ភាគី​ទាំង​២​ គួ​រតែ​ព​ន្លឿ​ន​ការ​ចរចា​បោះ​បង្គោល​ព្រំដែន​រវាង​ប្រទេស​ទាំង​២ ​ឱ្យ​បាន​ឆាប់ ​ដោយ​ឈរ​លើ​គោល​ការណ៍​ច្បាប់​អន្តរ​ជាតិ​ មរតក​ប្រវត្តិ​សាស្ត្រ​ និង​កេរ​ដំ​ណែល​​អាណា​និគ​ម​។​​​

លោក​ថា​៖​«​ក្រៅ​ពី​ព​ន្លឿ​ន​ការ​បោះបង្គោល​ព្រំដែន ​ប្រទេស​ទាំង​២ ​ក៏​ត្រូវ​ការ​គោរ​ព​អធិប​តេយ្យ​ឯក​រាជ​ភាព​ បូរណ​ភាព​ទឹក​ដី ការ​មិន​ជ្រៀត​ជ្រែក​កិច្ចការ​ផ្ទៃ​ក្នុង​របស់​គ្នា​ទៅ​វិញ​ទៅ​មក​ ខណៈ​ភា​គី​ទាំង​២​ ក៏​គួរតែ​ដោះ​ស្រាយ​ជន​អន្តោ​ប្រ​វេសន៍​ដោយ​គោរព​លើ​ផលប្រ​យោជន៍​រៀង​ខ្លួន​ផង​ដែរ​»​។​​

លោក​ថ្លែងថា ​ក្រៅ​ពី​នេះ បើ​ពិនិត្យ​មើល​ទំនាក់​ទំនង​ប្រជា​ជន​ប្រទេស​ទាំង​២ ​ ឃើញ​ថា​ មាន​លំហូរ​ទៅវិញ​ទៅម​ក ​ខណៈ​ប្រទេស​ទាំង​២​ ក៏​គួរ​ពង្រឹង​បន្ថែម​លើ​កិច្ច​ការ​នាំ​ចេញ​​នាំ​ចូល​រវាង​គ្នា​ ឱ្យ​កាន់​តែ​ខ្លាំង​ថែម​ទៀត​ ដើម្បី​ពង្រីក​ទំហំ​ពាណិជ្ជ​កម្ម ​និង​ធានា​សុវត្ថិ​ភាព​លើ​ការចរាចរ​ទំនិញ​។​​ ​ប្រទេស​ទាំង​២ ​ក៏​គួរតែ​ពង្រឹង​បន្ថែម​ទៀត​ លើ​វិស័យ​អប់រំ​ ឧស្សា​ហកម្ម​ បច្ចេក​វិទ្យា​ សន្តិ​សុខ​ ការពារ​ជាតិ​ និង​រួមគ្នា​ប្រឆាំង​នឹង​បទល្មើស​ឆ្លង​ដែន​ឱ្យ​មាន​​ប្រសិទ្ធ​ភាព​ជា​ដើម​។​ 

សន្និបាតបញ្ជាក់ថា កម្ពុជា ​និង​វៀត​ណាម​ក៏​បាន​ពិភា​ក្សា​រួម​គ្នា​ផ្តោត​ជា​សំខាន់​លើ​ពង្រឹង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​លើ​វិស័យ​ការ​ទូត​ ប្រជា​ជន ​និង​ប្រជា​ជន​កម្ពុជា​ សមា​គម​មិត្ត​ភាព​នៃ​ប្រទេស​ទាំង​២ ​តាម​ការក​សាង​ទំនុក​ចិត្ត​ ​និង​ការ​យោគ​យល់​គ្នា​ទៅវិញ​ទៅ​មក​ដើម្បី​ពង្រឹង​សាម​គ្គី​ភាព​ មិត្ត​ភាព​៕