ភ្នំពេញ:  នៅក្នុង​កាយវិការ​ដ៏​កក់ក្តៅ​នៃ​សាមគ្គីភាព កញ្ញា ឡាលីសា ម៉ាណូ​បាល់ ឬ លីសា ​ជា​តារា K-pop ដ៏​ល្បីល្បាញ​ពីក្រុម​ចម្រៀង​ BLACKPINK របស់កូរ៉េបាន​បង្ហាញ​​ការគាំទ្រ និង​សេចក្តីស្រឡាញ់​របស់​កញ្ញាទៅកាន់​កុមារ​ក្នុង​អង្គការ ដើម្បី​ភាព​​ញញឹម​ (PSE) នៅក្នុង​ប្រទេស​កម្ពុជា​។​

​តារា​លំដាប់​ពិភពលោក​រូបនេះ​បាន​ចែករំលែក​សារ​ដ៏​ស្មោះស្ម័គ្រ​ជាមួយកុមារ​ដែល​ខិតខំ​ដើម្បី​អនាគត​ដ៏​ល្អប្រសើរ និង​ក្រុម​អ្នក​គាំទ្រ​នៅ​កម្ពុជា តាមរយៈ​សារលិខិត​ពី​ឪពុក​របស់​កញ្ញា​។​

​នៅក្នុង​សារ​នោះ កញ្ញា​ លីសា​ បាន​សម្តែង​ការពេញចិត្ត​យ៉ាងខ្លាំង​ចំពោះ​ការខិតខំ​ប្រឹងប្រែង​រប​ស់កុមារ​​ទាំងអស់ ដែលជា​ផ្នែក​​នៃ​កម្មវិធី PSE​។​


កញ្ញា​បាន​សរសេរ​ថា​៖ «​នាង​ខ្ញុំ​ក៏​សូម​ជម្រាបសួរ​ទៅកាន់​អ្នកគាំទ្រ និង​មិត្ត​ភក្ដិ​ទាំងអស់គ្នា​ក្នុងប្រទេស​កម្ពុជា ជាពិសេស​ប្អូនៗ និង​យុវជន​ដែល​ស្ថិតនៅក្រោម​ជំនួយ​ឧបត្ថម្ភ​គាំទ្រ​យកចិត្តទុកដាក់​នៃ​អង្គការ​ដើម្បី​ភាព​ញញឹម​នៃ​កុមារ​ក្នុង​រាជធានី​ភ្នំពេញ​»។​

​កញ្ញា​បន្ដថា​៖ «​អ្វីៗ​គ្រប់យ៉ាង​ដែលជា​ផែនការ និង​ក្ដី​ស្រមៃ​របស់​អ្នកនា​ថ្ងៃ​អនាគត អ្នក​ទាំងអស់គ្នា​ត្រូវ​ចងចាំ​ជានិច្ច​ថា​៖ មិនត្រូវ​បោះបង់ចោល​ផែនការ និង​ក្ដី​ស្រមៃ​នោះ​ជាដាច់​ខាត​ទោះបី​ជាមាន​បញ្ហា​អ្វី​កើតឡើង​ក៏ដោយ​ក្នុង​ដំណើរ​ជីវិត​របស់​យើង​ទាំង​អស់គ្នា​»។​


​​ពាក្យ​ពេចន៍​លើកទឹកចិត្ត​របស់​កញ្ញា​​បាន​ផ្ញើ​ជូន​កុមារ​នៅក្នុង​អង្គការ​ ដោយ​បណ្តុះ​អារម្មណ៍​នៃ​ក្តីសង្ឃឹម និង​ការ​តាំង​ចិត្ត​ជម្នះ​ឧបសគ្គ និង​ឈាន​ទៅរ​កក្ដី​ស្រមៃ​​។​

លោក Marco Brüschweiler ឪពុក​កញ្ញា លីសា ជាមេចុង​ភៅ មកកាន់​អង្គការ PSE កម្ពុជា កាល​ពីពេល​ថ្មីៗ​។ រូបថត PSEAFP

កញ្ញា លីសា សមាជិក BLACKPINK បាន​បន្ថែម​ថា​៖ «នាង​ខ្ញុំ​ក៏​ធ្លាប់​ជួបប្រទះ​នូវ​រឿងរ៉ាវ​ជាច្រើន​(​វិជ្ជមាន និង​អវិជ្ជមាន​) រាប់​មិនអស់​អំឡុងពេល​ហ្វឹកហាត់​ផ្ទាល់​របស់ខ្ញុំ។ ប៉ុន្ដែ​នាង​ខ្ញុំ​តែងតែ​ជម្នះ​រាល់​ឧបសគ្គ​ទាំងអស់នោះ​តាមរយៈ​៖ ការ​ទទួល​បាន​​កម្លាំង​ចិត្ត​ពី​អ្នក​ទាំងអស់គ្នា ភាពរឹងមាំ និង​ក្ដីសង្ឃឹម​ប្រកបដោយ​វិជ្ជមាន​ក្នុង​ជីវិត​»។​

​​ទំនាក់​ទំនង​របស់ លីសា​ ជាមួយ PSE លើសពី​ពាក្យ​គាំទ្រ​។ ឪពុក​របស់​កញ្ញា​​គឺ​មេ​ចុងភៅឈ្មោះ​ Marco Brüschweiler បានមក​កាន់​ PSE នៅ​ភ្នំពេញ ហើយ​បាន​ចូលរួម​យ៉ាងសកម្ម​ជាមួយ​សិស្ស​មកពី​សាលា​បដិសណ្ឋារកិច្ច និង​ទេសចរណ៍​។​

កាលពីសប្ដាហ៍​មុន អង្គការ PSE បានទទួល​ស្វាគមន៍​ដំណើរ​មកដល់​នៃ​ក្រុមការងារ​អង្គការ​ដើម្បី​ភាព​ញញឹម​នៃ​កុមារ​សាខាប្រទេស​ស្វ៊ីស​រយៈ​ពេល​ពេញ​ ១​ សប្ដាហ៍​ក្នុង​មណ្ឌល​ដោយផ្ទាល់​។ 

ក្នុងចំណោម​ក្រុមការងារ​ប្រទេស​ស្វ៊ីស ក្នុងនោះ​ក៏មាន​វត្តមាន Chef Marco Brüschweiler ​ជា​ឪពុក​របស់​កញ្ញា លីសា សិល្បការិនី និង​ជា​តារាចម្រៀង​កូរ៉េ​ដ៏​ល្បីល្បាញ​នៃ​ក្រុម​ BLACKPINK ដែល​មហាជន​គ្រប់គ្នា​បាន​ស្គាល់​។ 

លោក Marco បានមក​ទស្សនា​មណ្ឌល​ដោយផ្ទាល់ ចូលរួម​ចម្អិនម្ហូប​ដ៏​ឈ្ងុយឆ្ងាញ់​ជាមួយ​សិស្ស​មកពី​សាលា​បដិ​សណ្ឋារ​កិច្ច និង​ទេសចរណ៍ និង​ដំណើរ​ទស្សនកិច្ច​ទៅកាន់​សហគមន៍​​របស់​អង្គការ​​ផងដែរ​។ 

កញ្ញា ​លី​សា​ ក៏បាន​ចែករំលែក​នូវ​ក្ដី​ស្រឡាញ់​ទៅកាន់​កុមារ​​ និង​ចូលរួម​ជា​ជំនួយ​ផ្ទាល់ខ្លួន​របស់​កញ្ញា​មកកាន់​យុទ្ធនាការ​សប្បុរសធម៌ ជាពិសេស ​លី​សា​ ក៏បាន​ចែករំលែក​នូវ​សារ​លើក​ទឹកចិត្ត​មកកាន់​សិស្ស​និស្សិត និង​អ្នកគាំទ្រ​របស់​កញ្ញា​ទាំង​អស់​​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ​។​

កញ្ញា លីសា សមាជិក BLACKPINK។AFP

លោកស្រី ឃុន ប្រាក់ មន្ដ្រី​ផ្នែក​ទំនាក់​ទំនង​នៃ​អង្គការ PSE បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្ដិ៍​ថា​៖ បើសិនជា​មានឱកាស គាត់​អញ្ជើញ​មកលេងអង្គការ​នៃ​ភាព​ញញឹម​ ឃើញ​ពី​សកម្មភាព​របស់​យើង​ វា​ជា​រឿង​មួយ​ដ៏​ល្អ​។ នៅពេល​ប៉ា​របស់​គាត់​នៅទី​នេះ ពួក​គាត់​​​ក៏​បាន​ឆ្លើយ​ឆ្លង​សារ​គ្នា​ទៅវិញ​ទៅមក​ផង​ដែរ​»។

លោក​ Brüschweiler បាន​បង្ហាញ​កូន​សិស្ស ចែករំលែក​បទពិសោធន៍​ជំនាញ​ចុង​ភៅ​ ហើយ​លោក​បា​នចុះ​សួ​រ​សុខទុក្ខ​កុមារ​នៅតាម​សហគមន៍​ ក៏ដូចជា​តាម​សាលា​របស់​អង្គការ ជាពិសេស​កុមារ​សិក្សា​ក្នុង​វិស័យ​បដិ​សណ្ឋារកិច្ច និង​ទេសចរណ៍​។ 

ទង្វើ​សប្បុរសធម៌​របស់កញ្ញា លីសា មិន​ត្រឹមតែ​បាន​ទាក់ទាញ​ចិត្តកុមារ​​ពី PSE ប៉ុណ្ណោះ​ទេ ថែមទាំង​បាន​ពង្រឹង​ចំណង​មិត្ត​ភាព​​រវាង​តារា​ពិភព​លោក និង​អ្នកគាំទ្រ​នៅ​​កម្ពុជា​​​​ថែម​ទៀត​​។​

​ជា​និមិត្តរូប​នៃ​ភាពរួបរួម និង​ក្តីមេត្តា សារ និង​សកម្មភាព​របស់តារា​ K-pop រូបនេះ ជាការ​រំឭក​​ពី​ឥទ្ធិពល​វិជ្ជមាន​ដែល​បុគ្គល​មាន​​ឥទ្ធិពល​​ចំពោះ​​សហគមន៍​ដែល​កំពុង​ព្យាយាម​សម្រាប់​អនាគត​ដ៏​ត្រចះត្រចង់​។​

​ការគាំទ្រ​របស់​កញ្ញា លីសា ​ពិតជា​បាន​បំផុសគំនិត​យុវជន​នៅ PSE ឱ្យ​បន្តដំណើរ​ឆ្ពោះទៅរក​ភាពជោគជ័យ និង​ការ​ពង្រឹង​អំណាច​៕ ​