សៀមរាបៈ នាយក​ប្រតិបត្តិ​អង្គការ​​មរតក​វប្បធម៌​ខ្មែរ លោក អ៊ុន មណី​នី​តា បានឱ្យដឹងថា កម្មវិធី​អប់រំ​បេតិកភណ្ឌ​កុមារ​ក្នុង​តំបន់​អង្គរ​ក្រោម​កិច្ចសហការ​រវាង​អាជ្ញាធរ​ជាតិ​អប្សរា និង​អង្គការ​មរតក​វប្បធម៌​ខ្មែរ​ សម្រាប់​សិស្ស​ថ្នាក់​វិទ្យា ល័យ បឋមសិក្សា និង​សិស្ស​នៃ​វិទ្យាល័យ​ក្នុង​តំបន់​អង្គរ​បាន​ជួយ​ឱ្យ​សិស្ស​យល់​ច្រើន​ពី​ការការពារ ការ​ថែ​​រក្សា និង​អភិរក្ស​វត្ថុ​បុរាណ​ខ្មែរ បន្ទាប់​​ពី​បានចាប់ផ្តើម​ធ្វើឡើង​តាំងពី​ឆ្នាំ​ ​២០១៨ មក​។​


​លោក​អ៊ុន មណី​នី​តា បាន​លើក​ឡើង​នៅ​ថ្ងៃទី​ ១៣ ខែវិច្ឆិកា​ថា កម្មវិធី​អប់រំ​បេតិកភណ្ឌ​កុមារ​ក្នុង​តំបន់​អង្គរ​នេះ សម្រាប់​ជា​មូលដ្ឋានគ្រឹះ​សិក្សា នៅក្នុង​ថ្នាក់រៀន និង​ទស្សនា​ភ័ស្តុតាង​ជាក់​ស្តែង​នៅតាម​ប្រាសាទ ដោយ​ក្នុងនោះ​មានការ​សិក្សា​ស្រាវជ្រាវ និង​កន្លែង​ធ្វើ​កំណាយ​នៅតាម​តំបន់​អង្គរ រួមជាមួយ​នឹង​វត្ថុ​បុរាណ​ដែល​ត្រូវបាន​យកមក​ដាក់​នៅក្នុង​សារមន្ទីរ​។​

​លោក​បាន​បញ្ជាក់ថា ៖ «​សាលារៀន​ដែល​ត្រូវបាន​ជ្រើសរើស​សម្រាប់​ក​ម្ម​វិធី​អប់រំ​បេតិកភណ្ឌ​កុមារ​នេះ ត្រូវ​ទស្សនា​ដោយផ្ទាល់​នៅតាម​ប្រាសាទ យ៉ាង​ហោចណាស់ ​២​ដង ក្នុង ​១ ​ឆ្នាំ និង​សារ​មន្ទីរ​ ១ ​ដង សម្រាប់​សាលារៀន​ ១​។ បើ​គិត​ជា​សរុប​មាន​សិស្ស​កម្រិត​បឋម​សិក្សា ជាង​ ៣០០ នាក់  ​និង​វិទ្យាល័យ​ប្រមាណ​ ៥៥ ​នាក់​បាន​ចូលរួម​កម្មវិធី​អប់រំ​បេតិកភណ្ឌ​កុមារ​ក្នុង​តំបន់​អង្គរ​នេះ​ក្នុង​ ១ ​ឆ្នាំៗ​»​។​


​លោក​អ៊ុន មណី​នី​តា បាន​បន្តថា ៖ «​ក្រោយ​ពេលដែល​អង្គការ​បាន​ដាក់ចេញ​កម្មវិធី​អប់រំ​បេតិកភណ្ឌ​កុមារ​ក្នុង​តំបន់​អង្គរ​នេះ សិស្សានុសិស្ស​ទាំងនោះ បាន​យល់ដឹង​ច្រើន​ពាក់ព័ន្ធ​នឹង​ការពារ ការថែរក្សា និង​អភិរក្ស​វត្ថុ​បុរាណ​ដែលជា​បេតិកភណ្ឌ​របស់​ជាតិ ជាពិសេស​បាន​យល់ដឹង​ពី​គុណ​តម្លៃ​នៃ​មរតក​វប្បធម៌ ខណៈ​ពីមុន​មិនបាន​យល់ដឹង​ដូច្នេះ​ទេ តែ​ពួកគេ​ជឿ​តែ​តាម​គ្នីគ្នា​ប៉ុណ្ណោះ​»​។​

​លោក​បញ្ជាក់ទៀតថា អង្គការ​លោក​មាន​គម្រោង​ច្រើន​លើ​ការអនុវត្ត​កម្មវិធី​អប់រំ​បេតិកភណ្ឌ​កុមារ​ក្នុង​តំបន់​អង្គរ ដោយ​ក្នុងនោះ​នឹង​ពង្រីក​ទៅតាម​ខេត្ត​មួយចំនួនទៀត​ដែលមាន​ប្រាសាទ​បុរាណ​ខ្មែរ​ផងដែរ​។​


​ទាក់ទង​នឹង​កម្មវិធី​អប់រំ​បេតិកភណ្ឌ​កុមារ​ក្នុង​តំបន់​អង្គរ​នេះ​កាលពី​ថ្ងៃទី​ ១១ ខែវិច្ឆិកា ឆ្នាំ ២០២៣ អាជ្ញាធរ​ជាតិ​អប្សរា​សហការ​ជាមួយ​អង្គការ​មរតក​​វប្បធម៌​ខ្មែរ បាន​ដឹកនាំ​សិស្សានុសិស្ស​ចំនួន​ ១៨៥ ​នាក់ រួមមាន ថ្នាក់​ទី​ ៥ និង​ទី​ ៦ ​នៃ​សាលាបឋមសិក្សា​ក្របី​រៀល​បាន​ចុះ​ទស្សនកិច្ច​សិក្សា​នៅ​ប្រាសាទបាយ័ន ដើម្បីឱ្យ​កុមារ​ដែល​រស់នៅ​ជិត​រមណីយដ្ឋាន​អង្គរ​បាន​សិក្សា​ស្វែងយល់​ពី​អរិយ​ធម៌ ការរៀបចំ​ក្រុង​អង្គរធំ រួមទាំង​ផាត់​ពណ៌​រូបភាព​ផ្សេងៗ​ជា​ផ្នែក​មួយ​នៃ​កម្មវិធី​អប់រំ​បំ​ណិ​ន​ជីវិត​។​

​យោងតាម​អាជ្ញាធរ​ជាតិ​អប្សរា​បានឱ្យដឹងថា​៖ «​កម្មវិធី​អប់រំ​បេតិកភណ្ឌ​កុមារ​ក្នុង​តំបន់​អង្គរ​នេះ ដើម្បី​បង្ហាញ​ពី​ភាពជាក់ស្តែង​នៃ​កិច្ចការពារ ថែរក្សា អភិរក្ស ការងារ​គ្រប់គ្រង និង​ការ​អភិ​​វ​ឌ្ឍ​ចីរភាព​យូរអង្វែង​សម្រាប់​តំបន់​អង្គរ​ផ្ដល់ឱ្យ​កុមារ​នូវ​ចំណេះដឹង និង​ទេព​កោសល្យ​សម្រាប់​ឱ្យ​ពួកគេ​ស្គាល់​សម្បត្តិ​វប្បធម៌​កាន់តែច្បាស់​តាម​រូបភាព​នីមួយៗ ក៏ដូចជា បង្កើន​ស្មារតី​កុមារ​ឱ្យ​ស្រឡាញ់ និង​ជួយ​ថែរក្សា ការពារ​បេតិកភណ្ឌ​បន្ថែមទៀត​»​។​

​សូមបញ្ជាក់ថា កម្មវិធី​អប់រំ​បេ​តិក​ភណ្ឌ​កុមារ​ក្នុង​តំបន់​អង្គរ​ដល់​សិ​ស្សា​នុ​-សិស្ស​ក្រៅពី​បង្រៀន​ទ្រឹស្តី​នៅក្នុង​ថ្នាក់​ក៏មាន​កម្មសិក្សា​នៅតាម​រមណីយដ្ឋាន​ផ្ទាល់​ផងដែរ ដូចជា​ចុះ​ទស្សនា​តាម​ប្រាសាទ សារមន្ទីរ កិច្ច​ពិធី​ផ្សេងៗ​នៅក្នុង​ភូមិ​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ និង​ផ្តល់​ចំណេះដឹង​តាមរយៈ​សកម្មភាព​ផ្ទាល់​ផ្សេងៗ​ជាដើម​។​

​សូម​រំឭក​ដែរ​ថា កាលពី​ថ្ងៃទី​ ៨ ខែវិច្ឆិកា អាជ្ញាធរ​ជាតិ​អប្សរា​បាន​បិទ​វគ្​បណ្តុះបណ្តាល​ស្តីពី​ការអប់រំ​បេតិកភណ្ឌ ដល់​សិស្សានុសិស្ស នៃ​សាលា​បឋម​សិក្សា​ក្របី​រៀល​សម្រាប់​ឆ្នាំ​ ២០២៣  បន្ទាប់ពី​បានចាប់ផ្តើម​កម្មវិធីសិក្សា អស់​រយៈពេល​ ១១ ​ខែ កន្លងមក​។​

​ក្នុង​ពិធី​បិទ​វគ្គ​នោះដែរ លោក ឡុង​កុសល អគ្គនាយករង និង​ជា​អ្នក​នាំ​ពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា បាន​ថ្លែងថា កិច្ចខិតខំ​ប្រឹងប្រែង​រៀនសូត្រ​មិន​ថា​កម្មវិធី​របស់​សាលារៀន ឬ​កម្មវិធី​អប់រំ​ពី​បេតិកភណ្ឌ​ផ្សារភ្ជាប់​ទំនាក់ទំនង​និង​ភាពស្មោះត្រង់​គឺជា​ស្ពាន​នៃ​ការ​កសាង​អនាគត​ដ៏​ប្រសើរ​ក្នុង​ថ្ងៃ​ខាងមុខ​ដើម្បី​ក្លាយទៅជា​ធនធានមនុស្ស ជា​អ្នក​បន្តវេន​មរតក​វប្បធម៌​ដែល​បុព្វបុរស​បាន​បន្សល់ទុក​។​

​លោក​បាន​បញ្ជាក់ថា​៖«​អ្វីៗ​ដែល​អាជ្ញាធរ​ជាតិ​អប្សរា បាន​បំពេញ​ក្នុង​ពេលនេះ គ្រាន់តែ​ជាការ​ចូលរួម​មួយផ្នែក​ប៉ុណ្ណោះ​ដើម្បី​ជំរុញ​ឱ្យ​ក្មួយៗ​ទទួល​បាន​ចំណេះដឹង​អំពី​ការចូលរួម​ការពារ ថែរក្សា និង​អភិរក្ស សម្បត្តិ​បេ​តិក​ភណ្ឌ​របស់​ជាតិ​»​។​

​លោក​បន្តថា កម្មវិធី​អប់រំ​បេតិកភណ្ឌ ពិត​មាន​សារៈសំខាន់​ខ្លាំងណាស់ សម្រាប់​អ្នក​ដែល​រស់នៅក្នុង​តំបន់​បេតិកភណ្ឌ ជាពិសេស​សម្រាប់​យុវ​ជន​ជំនាន់​ក្រោយ​បាន​យល់ដឹង​ពី​តម្លៃ​បេតិកភណ្ឌ និង​ផ្តល់ឱកាស​ដល់​យុវជន​បាន​យល់​ពី​តម្លៃ​មរតក​វប្បធម៌ បេ​តិក​​ភណ្ឌ​បណ្តុះ​គំនិត​ជាមួយនឹង​បេ​តិក​ភណ្ឌ ឱ្យ​ពួកគាត់​ចេះ​ស្រឡាញ់ និង​ចូលរួម​ថែរក្សា​ការពារ ព្រមទាំង​យល់​ដឹង​ពី​ភារកិច្ច​នៃ​ការការពារ អភិរក្ស និង​ការងារ​គ្រប់គ្រង​របស់​អាជ្ញាធរ​ជាតិ​អប្សរា និង​ធ្វើជា​គំរូ​ដល់​សហ​គម​ន៍​របស់ខ្លួន​៕​