ភ្នំពេញៈ ប្រធាន​នាយកដ្ឋាន​​ការពារ​សុខភាព​នៃ​ក្រសួងសុខាភិបាល​លោក កុល ហេ​រ៉ូ បាន​ថ្លែងថា ជំងឺមិនឆ្លង អាច​បង្ការ​បាន​រហូត​ទៅដល់​ ​៨០% តាមរយៈ​ការបង្ការ និង​ការពារ ​«​ដោយ​គ្រាន់តែ​យើង​រួមគ្នា​ដោះស្រាយ​កត្តា​ហានិភ័យ រួម​ចំនួន​ ៤ ​ធំៗ គឺ​ឈប់​ប្រើប្រាស់​ថ្នាំជក់ ឈប់​ទទួល​ទាន​គ្រឿង​ស្រវឹង​ប្រកបដោយ​គ្រោះថ្នាក់ របប​អាហារ​ដែល​មិនមាន​ផាសុកភាព និង​ការអនុវត្ត​កាយ​វប្បកម្ម​ឱ្យបាន​ត្រឹមត្រូវ​ជាប្រចាំ​»​។​


​លោក​បានលើកឡើង​ដូចនេះ នា​ពិធី​បើក​យុទ្ធនាការ​ទិវា​ទឹក​​នោម​ផ្អែម​ពិភពលោក​ឆ្នាំ ២០២៣​ កាលពី​ថ្ងៃទី​ ១១ ខែវិច្ឆិកា ឆ្នាំ​ ២០២៣ ដែល​រៀបចំ​ដោយ​ក្រសួងសុខាភិបាល​,​សមាគម​លើកកម្ពស់​សុខភាព​កូរ៉េ និង​អង្គការ KOICA ប្រចាំ​នៅ​ប្រទេស​កម្ពុជា​។

លោក ​កុល ហេ​រ៉ូ ឱ្យដឹងថា ជំងឺមិនឆ្លង បាននិងកំពុង​បង្ក​ការគំរាមកំហែង​ដល់​ការអភិវឌ្ឍ​សេដ្ឋ​កិច្ច​ជាតិ គ្រួសារ និង​ការសម្រេច​នូវ​គោលដៅ​អភិវឌ្ឍន៍​សហស្ស​វត្សរ៍​កម្ពុជា ដោយសារ​ការ​ចំណាយ​ច្រើន​ចំពោះ​ការព្យាបាល ពិការភាព និង​បាត់បង់​កម្លាំង​ពលកម្ម ដែលជា​កត្តា​ជំរុញឱ្យមាន​ភាពក្រីក្រ​។


លោក​កុល ហេ​រ៉ូ បញ្ជាក់ថា ការបង្ការ និង​ការពារ​ជំងឺមិនឆ្លង​មិនអាច​អនុវត្ត​ប្រកប​​ដោយ​ជោគជ័យ​តាមរយៈ​ក្រសួង​សុខាភិបាល​តែឯង​បានទេ គឺ​ចាំ​បាច់​មានការ​ចូលរួម​ពី​គ្រប់ភាគី​ទាំងអស់​រួមមាន គ្រប់​ក្រសួង​ស្ថាប័ន អង្គការ​ដៃគូ សង្គម​ស៊ីវិល សប្បុរសជន វិស័យ​ឯកជន ជា​​ពិសេស​គឺ​ចេញពី​បុគ្គល​ម្នាក់ៗ​។ 

​សូម​បញ្ជាក់ដែរថា ផែនការ​ពហុ​វិស័យ​ជាតិ​ស្តីពី​ការការពារ និង​ប្រយុទ្ធ​នឹង​ជំងឺមិនឆ្លង ឆ្នាំ ២០១៨-២០២៧ ដែល​ត្រូវ​បានអនុម័ត​ឱ្យប្រើ​ប្រាស់ ដោយ​លោក ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី​បាននិងកំពុង​យកមកប្រើ​ជា​យន្តការ​សម្រាប់​ក្រសួង​ស្ថាប័ន អង្គការ​ដៃគូ សង្គម​ស៊ីវិល សហ​​ការអនុវត្តន៍ ក្នុងការ​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺមិនឆ្លង​។


​លោក កុល ហេ​រ៉ូ បញ្ជាក់ថា ៖ «​ក្រសួងសុខាភិបាល​កំពុង​អនុវត្ត​កម្ម​វី​ធី​ពង្រឹងគុណភាព និង​សមធម៌​សុខាភិបាល​ក្នុងការ​ពិនិត្យ និង​ស្រាវជ្រាវ​រក​ក្នុងចំណោម​ប្រជាពលរដ្ឋ ដែល​កើត ឬ​ត្រៀម​កើត​ជំងឺមិនឆ្លង ក្នុង​គោលដៅ​យក​អ្នកជំងឺ​មក​ព្យាបាល​ឱ្យទាន់ពេល និង​ផ្តល់​ការអប់រំ​ផ្ដល់​ដំបូន្មាន លើ​ការកាត់បន្ថយ ឬ​ចៀសវាង កត្តា​ហានិភ័យ ដែល​ជំរុញ​ឱ្យ​កើតមាន​ជំងឺមិនឆ្លង​»​។ 

​លោក​ក៏បាន​ជំរុញ​ឱ្យ​គ្រប់​ក្រសួង​ស្ថាប័ន​ពាក់​ព័ន្ធ ដៃគូ​អភិវឌ្ឍន៍​ទាំងអស់​ចាត់ទុក​ជំងឺមិនឆ្លង ជា​អាទិភាព​ចម្បង​មួយ និង​ធ្វើការ​រួមគ្នា​អនុវត្ត​សកម្ម​ភាព​កាត់បន្ថយ​បន្ទុក​ជំងឺមិនឆ្លង​ដែល​អាច​ការពារ​បាន​។​

​នាឱកាស​នោះដែរ លោកស្រី ស៊ិន ជុង​យ៉ឺ​ន នាយិកា​រង​ប្រតិបត្តិ​អង្គការ​ក​យ​កា ​(KOICA)​ ប្រចាំ​នៅ​កម្ពុជា ក៏បាន​ថ្លែង​ដែរ​ថា ស្របតាម​យុទ្ធសាស្ត្រ​ ៥​ យ៉ាង របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ការិយាល័យ​ក​យ​កា​នៅ​កម្ពុជា​ខិតខំ​ជួយ​ដល់​ប្រជាជន​កម្ពុជា​ទាំងអស់ ឱ្យ​រស់​នៅមាន​សុខភាព​ល្អ​ជាង​មុន ដោយ​ធ្វើឱ្យ​ប្រសើរឡើង​កន្លែង​ថែទាំ​សុខភាព​សាធារណៈ ពង្រឹងសមត្ថភាព​សេវា​ថែទាំ​សុខភាព និង​គាំទ្រ​ដល់​មូលនិធិ​សមធម៌​សុខាភិបាល​។ 

​លោកស្រី​ថ្លែងថា ៖«​ខ្ញុំ​សង្ឃឹមថា យុទ្ធនាការ ដែល​បាន​ធ្វើឡើង​នៅក្នុង​ឱកាស​រំឭក​ដល់​ទិវា​ជំងឺ​ទឹកនោមផ្អែម​ពិភព​​លោក​នៅ​ថ្ងៃទី​ ១៤ ខែវិច្ឆិកា​នេះ នឹង​ក្លាយជា​ពេលវេលា​មួយ​ដើម្បី​ដឹង​ពី​ភាព​ធ្ងន់ធ្ងរ​នៃ​ជំងឺមិនឆ្លង​ដូចជា​ជំងឺ​ទឹកនោមផ្អែម និង​ជំងឺ​លើស​សម្ពាធ​ឈាម និង​ការយល់​ដឹង​ពី​សារៈសំខាន់​នៃ​ការការពារ​ជំងឺមិនឆ្លង​នេះ​»​។​

​សូម​រំឭក​ដែរ​ថា ទាក់ទង​នឹង​ការការពារ​ជំងឺមិនឆ្លង​នេះដែរ កាលពី​ថ្ងៃទី ​១២ ខែវិច្ឆិកា ក្រសួង​​សុខាភិបាល​បានរៀបចំ​ពិធី​ «​ដើរ​ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺមិនឆ្លង​» នា​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​ដោយមាន​ការគាំទ្រ​ពី​នាយកដ្ឋាន​​ការពារ​សុខភាព​នៃ​ក្រសួង​សុខា​​ភិ​បាល​រួមសហការ​ឧបត្ថម្ភ​ពី​វិស័យ​ឯកជន និង​មានការ​ចូលរួម​ពី​ប្រជាពលរដ្ឋ​ជាង​ ២០០ ​នាក់​។

​នៅក្នុង​ពិធី​នោះដែរ លោក ង៉ូ​វ កាង រដ្ឋលេខាធិការ​ក្រសួង​សុខា​​ភិ​បាល បានលើកឡើង​ពី​អត្ថ​ប្រយោជន៍​នៃ​ការធ្វើ​លំ​ហាត់​​ប្រាណ​ទៀងទាត់ និង​ជាប្រចាំ និង​ការបរិភោគ​អាហារ​ដែលមាន​សុ​វត្តិភាព​សម្រាប់​សុខភាព​ដោយ​ចៀសវាង និង​កាត់បន្ថយ​អាហារ​ដែលមាន​ជាតិ​ប្រៃ​ខ្លាំង ផ្អែម​ខ្លាំង ខ្លាញ់​ច្រើន បារី និង​គ្រឿង​​ស្រវឹង​ដែលជា​អាហារ​បង្ក​គ្រោះ​​ថ្នាក់​ដល់​សុខភាព ពីព្រោះ​វា​ជា​កត្តា​ជំរុញ​នៃ​ការកើតឡើង​ជំងឺ​ទឹកនោមផ្អែម លើស​សម្ពាធ​ឈាម និង​ជំងឺមហារីក​ជាដើម​។​

​ទិវា​ជំងឺ​ទឹកនោមផ្អែម​ពិភព​លោក ​(World Dabetisday)​ ត្រូវបាន​បង្កើត​ក្នុង​ឆ្នាំ​ ១៩៩១ ដោយ​សម្ព័ន្ធ​ជំងឺ​ទឹកនោមផ្អែម​អន្តរជាតិ ដោយមាន​ការគាំទ្រ​ពី​អង្គការ​សុខភាព​ពិភពលោក​ក្នុងការ​ឆ្លើយតប​ទៅនឹង​ការព្រួយបារម្ភ​កាន់តែខ្លាំង​ឡើង អំពី​សុខភាព និង​ការគំរាមកំហែង​សេដ្ឋកិច្ច បង្កឡើង​ដោយ​ជំងឺ​ទឹកនោមផ្អែម​៕