​ភ្នំពេញៈ រដ្ឋ​ម​ន្រី្ត​ក្រសួង​សា​​ធា​រណការ និង​ដឹកជញ្ជូន​ឡាវ បានស្នើ​ឱ្យ​ភាគី​កម្ពុជា ពិនិត្យ​ពិចារណា​ទៅលើ​ការបង្កើន​ការ​ត​ភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ និង​បង្កើន​ការកែលម្អ​ច្រករបៀង​ដឹក​ជញ្ជូន ដើម្បី​បង្កើន​លំហូរ​ទំនិញ​និង​ទេសចរ​ទ្វេភាគី​ឱ្យ​កាន់តែ​ប្រសើរឡើង​ថែមទៀត​។​


​ការស្នើ​នេះ បានធ្វើ​ឡើង​តាម​រយៈ​ជំនួប​ពិភាក្សា​ការងារ​ទ្វេ​​ភាគី​នៅ​ប្រទេស​ឡាវ​ជាមួយ​លោក​ ប៉េង ពោធិ៍​នា រដ្ឋមន្ដ្រី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​កម្ពុជា កាល​ចុង​សប្តាហ៍​មុន​។ នេះ​បើតាម​ហ្វេ​ស​ប៊ុ​ក​ក្រសួង​សាធារណការ ផ្សាយ​នៅ​ថ្ងៃទី​​​​ ១៣ ខែវិច្ឆិកា ឆ្នាំ ​២០២៣​។​

​ក្រសួង​សាធារណការ បានឱ្យដឹងថា ជំនួប​ពិភាក្សា​នេះ ដើម្បី​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ដឹកជញ្ជូន​រវាង​ប្រទេស​កម្ពុជា និង​ឡាវ​ដែលមាន​ភូមិ​ផង​របង​ជាប់​គ្នា​។​


​បើតាម​ហ្វេ​ស​ប៊ុ​ក​ក្រសួង​ដដែល ក្នុងឱកាស​នោះ លោក Ngampasong Muongmany រដ្ឋ​ម​ន្រី្ត​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ឡាវ បាន​ថ្លែង​ដោយ​ស្នើឱ្យ​ភាគី​កម្ពុជា​ជួយ​ពិនិត្យ​ពិចារណា​ទៅលើ​ការបង្កើន​ការតភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ បង្កើន​ការកែលម្អ​ច្រករបៀង​ដឹកជញ្ជូន និង​បង្កើន​លំហូរ​ទំនិញ​ទេសចរ សេវាកម្ម រវាង​ប្រទេស​ ២​។​

​លោក​បាន​បញ្ជាក់ថា​៖ «​ការ​ស្នើ​នេះ​សំដៅ​ធ្វើឱ្យ​កាន់តែ​ប្រសើរឡើង ធ្វើយ៉ាងណា​ឈានទៅ​រួមចំណែក​ជំរុញ​ដល់​ការ​អភិ​វ​ឌ្ឍ​សេដ្ឋកិច្ច សង្គម និង​វប្បធម៌ ទាំង​ក្នុង​ក្របខ័ណ្ឌ​ទ្វេភាគី និង​តំបន់​បន្ថែមទៀត​»​។​


​ជាការ​ឆ្លើយតប​នឹង​ការលើកឡើង និង​សំណើ​ភាគី​ឡាវ លោក​ប៉េង ពោធិ៍​នា បាន​ចាត់​ទុក​ការតភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ​រវាង​ប្រទេស​ទាំង ​២ ​ថា ពិត​ជាមាន​សារៈសំខាន់​ណាស់​។​

​លោក​បាន​បញ្ជាក់ថា​៖«​ជារួម​ការតភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ​រវាង​ប្រទេស​ទាំង​ ២ គឺ​ពិតជា​សំខាន់ ក្នុងការ​អភិវឌ្ឍ​សង្គម​សេដ្ឋកិច្ច ហើយ​ដែល​ការតភ្ជាប់​នេះ​គឺ​ស្របតាម​ផែនការមេ​គ្រប់​ជ្រុងជ្រោយ ស្តីពី​ប្រព័ន្ធ​ដឹកជញ្ជូន​អន្ត​រម​ធ្យោ​បាយ និង​ភ័ស្តុភា​រកម្ម ២០២៣-២០៣៣ ដែល​រាជរដ្ឋាភិបាល​កម្ពុជា​ទើបបាន​អនុម័ត​កាល​​ពី​ពេល​ថ្មីៗ​នេះ​ផងដែរ​»​។​

​ពាក់ព័ន្ធ​រឿងនេះ លោក គី​ សេរី​វឌ្ឍន៍ អ្នកស្រាវជ្រាវ​សេដ្ឋ​កិច្ច និង​ជា​ប្រធាន​មជ្ឈមណ្ឌល​​សិក្សា​ចិន​នៃ​រាជបណ្ឌិត្យសភាកម្ពុជា​បានលើកឡើង​នៅ​ថ្ងៃទី ​១៣ ខែវិច្ឆិកា​ថា កន្លងមក កម្ពុជា ក៏​គ្រោង​ត​ភ្ជាប់​ផ្លូវដែក​ល្បឿន​លឿន​ពី​ប្រទេស​ចិន កាត់​តាម​ប្រទេស​​ឡាវ​ដែរ ហើយ​ការដាក់​ស្នើឱ្យ​ព​ន្លឿ​ន​ការតភ្ជាប់​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​របស់ ឡាវ​នាពេលនេះ​គឺជា​ចរន្ត​សេដ្ឋកិច្ច​ដ៏​ធំ​មួយ​របស់​កម្ពុជា ពិសេស​អាចជួយ​លើក​កម្ពស់​ពាណិជ្ជកម្ម​ទ្វេភាគី​កាន់​​តែ​ប្រសើរ​បន្ថែមទៀត​។​

​លោក​បន្តថា​៖ «​យើង​ដឹងថា កំពង់ផែ​របស់​កម្ពុជា​នឹង​ដើរតួនាទី​សំខាន់​ក្នុងការ​ឆ្លងកាត់​ទំនិញ​ទៅ​ប្រទេស​ឡាវ ពីព្រោះ​ប្រទេស​ឡាវ​មិនមាន​ព្រំដែន​សមុទ្រ​ទេ មានតែ​កម្ពុជា​ទេ អ៊ីចឹង​ហើយ​នេះ​ជា​ឱកាស​របស់​កម្ពុជា​ក្នុងការ​ដឹកជញ្ជូន​ពាណិជ្ជកម្ម​ទៅ​ប្រទេស​ឡាវ និង​ការកសាង​ទំនាក់​ទំនង​បន្ថែម​»​។​

​លោក​ គី សេរី​វឌ្ឍន៍ បាន​បន្តថា លើសពីនេះ កិច្ច​សម្រួល​ពាណិជ្ជ​​កម្ម​តាម​តំបន់​ព្រំដែន​រវាង​ប្រទេស​ទាំង​ ២ ​ក៏​ជា​កត្តា​សំខាន់​ក្នុងការ​លើកទឹកចិត្ត​ឱ្យមាន​ពាណិជ្ជ​កម្ម​ទៅវិញទៅមក​កាន់តែខ្លាំង​។​

​សភាពាណិជ្ជកម្ម​កម្ពុជា ធ្លាប់បាន​លើកឡើង​កាលពី​ខែកុម្ភៈ ឆ្នាំនេះ​ថា ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​-​ឡាវ បាន​កើនឡើង​ពី​ ១៦០ ​លាន​ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ​ ២០២១ ​ដល់ ២១០ លាន​ដុល្លារ​អា​មេ​​រិ​កនៅ​ឆ្នាំ​ ២០២២​។​


​យ៉ាងណាមិញ បើតាម​ក្រសួង​សាធារណការ ក្នុងជំនួប​រវាង​រដ្ឋ​មន្ត្រី​ដឹកជញ្ជូន​កម្ពុជា​-​ឡាវ ក៏បាន​ឯកភាពគ្នា​បង្កលក្ខណៈ​ងាយស្រួល​ទៅវិញទៅមក​ដើម្បី​បន្ត និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំង​ ២ ​ជាពិសេស​ការអនុវត្ត​គម្រោង​នានា​ដែល​នឹង​ផ្តល់​ប្រយោជន៍​ជូន​ប្រជាពលរដ្ឋ​ប្រទេស​ទាំង​ ២ ​ថែមទៀត​៕