ភ្នំពេញៈ ​ការ​ប្រកួត​កីឡា​តេ​ក្វាន់​ដូ ITF ពានរ​ង្វាន់​ឯកឧ​ត្តម​ ហ៊ុន ម៉ា​នី ​ឆ្នាំ​ ២០២៣ ​ត្រូវ​បាន​រៀបចំ​ឱ្យ​មាន​ជា​លើក​ដំបូង​ នៅ​ពហុ​កីឡ​ដ្ឋាន​ជាតិ​អូឡាំពិក​ចាប់​ពី​ថ្ងៃ​ទី​ ១៧ ​ដល់ទី ​១៩ ​ខែវិច្ឆិកា​ហើយ​គ្រូបង្វឹក​ និង​មន្ត្រី​ជំនាញ​របស់​សហ​ព័ន្ធ​កីឡា​តេ​ក្វាន់​ដូ​អាយ​ធី​អែ​ហ្វ​កម្ពុជា ​បាន​អះអាង​ថា កា​រប្រកួត​ពាន​នេះនឹង​ផ្តល់​ឱកាស​បន្ថែម​ទៀត​ ដល់​សហ​ព័ន្ធ ​ក្នុង​ការ​ពង្រឹង​ធន​ធាន​កីឡាករ​ កីឡាការិនី​ ដើម្បី​សម្រិត​សម្រាំង​អត្ត​ពលិក​មាន​គុណ​វុ​ឌ្ឍិ​ខ្ពស់ ​សម្រាប់​ប្រកួត​នៅ​លើ​ឆាក​អន្តរ​ជាតិ​តំណាង​ឱ្យ​កម្ពុជា​។​

ចំពោះ​ការ​ប្រកួត​នេះ ​លោក​ បួន​ហ៊ីង សុធី​យ៉ា ​អគ្គ​លេខាធិ​ការ​សហ​ព័ន្ធ​កីឡា​តេ​ក្វាន់​ដូ ITF​ កម្ពុជា​ បាន​ប្រាប់​ថា​៖ «​ការ​ប្រកួត​ពាន​រង្វាន់​ថ្មី​មួយ​នេះ​ត្រូវ​បាន​បង្កើតឡើ​ង ក្រោម​ចំណារ​ឯក​ភាព​ដ៏​ខ្ពង់ខ្ព​ស់​របស់​ឯក​ឧត្តម​​ហ៊ុន ម៉ានី ​រដ្ឋ​មន្ត្រី​ក្រសួង​មុខ​ងារ​សា​ធារ​ណៈ និង​ជា​គោល​គំនិត​របស់​ឯក​ឧត្តម​ កែវ​ រ៉េមី ជា​ប្រធាន​សហ​ព័ន្ធ ​ដើម្បី​ពង្រឹង​គុណ​ភាព​កីឡា​ករ ​កីឡា​ការិនី​ទាំង​ក្រុម​ជម្រើស​ជាតិ​ ក្រុម​ថ្នាល ​និង​ក្រុម​ពេញ​វ័យ គឺ​យើង​មាន​ទាំង​អស់​»​។​

​ជា​មួយ​គ្នានេះ ​ប្រធាន​បច្ចេក​ទេស​ការ​ប្រកួត ​លោក​ បួន​ហ៊ីង សុធី​យ៉ា បាន​ចាត់​ទុក​​ការ​ប្រកួត​ពាន​រង្វាន់​ឯក​ឧត្តម ​ហ៊ុន ម៉ានី ​នេះ ​ថា ជាការ​បង្កើត​ឱ្យ​មាន​កា​រ​ប្រកួត​ប្រជែង​ថ្មី​មួយ​ទៀត​ សម្រាប់​ក្រុម​តេ​ក្វាន់​ដូ ITF​បន្ទាប់​ពី​ក្រុម​នេះ ​បាន​ខក​ខាន​ចេញ​ទៅ​ប្រកួត​នៅ​ក្រៅ​ប្រទេស​មួយ​រយៈ​ពេល​ ជាពិសេស​ការ​ខកចិត្ត​ មិន​បាន​ចូល​រួម​ប្រកួត​កីឡា​ស៊ី​ហ្គេម ​លើក​ទី​៣២ ឆ្នាំ​២០២៣ ​នៅលើ​ទឹកដី​ខ្លួន​ឯង​ ជា​លើកដំ​បូង កា​លពី​ខែ​ឧសភា​ បើទោះបី​ជា ITF​បាន​ប្រឹង​ប្រែង​ខ្លាំង​សម្រាប់​ត្រៀម​ចូល​រួម​ការ​ប្រកួត​នេះ​។​


លោក​បាន​បញ្ជាក់​ថា​៖ «​បើទោះ​បីជា​​យើងបាន​ខក​ខាន​ការប្រ​កួត ​នៅលើ​ឆាក​អន្ត​រជាតិ ​ជា​ពិសេស​កា​រប្រកួត​កីឡា​ស៊ី​ហ្គេម ​លើក​ទី​៣២ ឆ្នាំ​២០២៣ ​នៅលើ​ទឹកដី​ខ្លួន​ឯង ​ប៉ុន្តែ​ជាគោ​លការ​ណ៍​របស់​សហ​ព័ន្ធ ​ក្រោម​គំនិត​ផ្តួច​ផ្តើម​របស់​ឯក​ឧត្តម​ប្រធាន គឺ​​យើង​ត្រូវ​ជំរុ​ញឱ្យ​មាន​ការប្រ​កួត​នៅ​ក្នុង​ស្រុក​ឱ្យបាន​កាន់​តែច្រើន ​ដើម្បី​ដុស​ខាត់​ចំណេះ​ជំនាញ​ដល់​អត្ត​ព​លិ​ក​របស់​យើង​ឱ្យ​កាន់តែ​ប្រសើរ ​ដើម្បី​សម្រិត​សម្រាំង​បាន​នូវ​ធន​ធាន​ល្អៗ សម្រាប់​ប្រកួត​តំណាង​ឱ្យ​ជាតិ​»​។​

ការបង្ហាញសម្ដែងកីឡា​តេ​ក្វាន់​ដូ ITF នាពេលកន្លងទៅ។ រូបថត ITF


លោក​ កៅ មករា អគ្គលេ​ខាធិការ​រង​សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ​អាយ​ធី​អែ​​ហ្វ​​កម្ពុជា​ បាន​ឱ្យដឹង​ថា ​ការប្រកួត​កីឡា​តេ​ក្វាន់​ដូ ITF ពានរ​ង្វាន់​ឯក​ឧត្តម​ ហ៊ុន ម៉ា​នី ឆ្នាំ​២០២៣ ជា​លើក​ដំបូង​នេះ ​មាន​ក្លិប​-​សមាគ​ម​ចំនួន​១៨​ បាន​ចុះ​ឈ្មោះ​មក​ចូល​រួម ​ដោយ​ក្នុងនោះ​ មាន​ប្រតិភូ​ចំនួន​៣៦​នាក់​ កីឡា​ករ​១០៧​នាក់ ​និង​កីឡា​ការិនី​៧១​នាក់ សរុប​ចំនួន​២១៤​នាក់​។​

ចំពោះ​ក្រុម​អត្ត​ព​លិ​ក​ទាំង​១៧៨​នាក់​នេះ​ត្រូវបាន​ចែក​ចេញ​ជា​២​វ័យ គឺ​យុវជន​អាយុ​១៣​ឆ្នាំ ​ដល់​១៨​ឆ្នាំ ​និង​ពេញ​វ័យ ​អាយុ​ចាប់​ពី​១៨​ឆ្នាំ​ឡើង​ ហើយ​ត្រូវ​ប្រកួត​លើ​វិ​ញ្ញាសា​សរុប​ចំនួន​២៩ ​ក្នុង​នោះ​ផ្នែក​យុវជន​ មាន​ការ​ប្រកួត​មេគុន​ឯកត្ត​ជន ​ចំនួន​២​វិ​ញ្ញាសា គឺ​​ខ្សែក្រវា​ត់​ក្រោម​ខ្មៅ​ទាំង​ផ្នែក​បុរស​-​នារី​ និង​ការ​ប្រកួត​វិញ្ញា​សា​ប្រយុទ្ធ មាន​៦​ប្រភេទ​ទម្ងន់​ គឺ​ផ្នែក​បុរស​មាន​៥០​គ​.​ក្រ ៥៥​គ​.​ក្រ និង​៦០​គ.ក្រ ហើ​យ​ផ្នែក​នារី​មាន​ទម្ងន់​ ៤៥, ៥០ និង​៥៥​គ​.​ក្រ​។​

ចំពោះ​ផ្នែក​ពេញ​វ័យ​វិញ  មាន​ការ​ប្រកួត​មេ​គុន​សម្រាប់​ក្លិប ​ចំនួន​៤​វិញ្ញា​សា ​លើ​កម្រិត​ខ្សែក្រ​វាត់​ក្រោម​ខ្មៅ និង​ខ្សែ​ក្រវាត់​ខ្មៅ​១​ជាន់ ​ទាំង​ឯកត្ត​ជន​បុរស​-​នារី​, ប្រកួត​មេគុន​សម្រាប់​ក្រុម​ជម្រើស​ជាតិ ​មាន​៤​វិញ្ញាសា​ ក្នុង​កម្រិត​ខ្សែក្រ​វាត់​ខ្មៅ​១​ជាន់ ​និង​២​ជាន់​ឯកត្ត​ជន​បុរស​-​នារី​, វិញ្ញា​សា​ប្រយុទ្ធ​សម្រាប់​ក្លិប មាន​៨​ប្រភេទ​ទម្ងន់ (​បុរស​មាន​ទម្ងន់ ​៥០,​៥៥, ៦០, +៦៥​គ​.​ក្រ និង​នារី​មាន​ទម្ងន់ ​៤៥, ​៥០, ៥៥, +៦០​គ​.​ក្រ​) និង​ប្រកួត​វិញ្ញា​សា​ប្រយុទ្ធ​សម្រាប់​ជម្រើស​ជាតិ ​មាន​៥​ទម្ងន់ គឺ​បុរស​មាន​ទម្ងន់ ​៥២-៥៨​គ​.​ក្រ​, +៥៨-៦៤​គ​.​ក្រ +៦៤-៧០​គ​.​ក្រ និង​នារី​មាន​ទម្ងន់​៤៨-​៥៥​គ​.​ក្រ និង ៥៥+៦៥​គ​.​ក្រ​)​។​

ការបង្ហាញសម្ដែងកីឡា​តេ​ក្វាន់​ដូ ITF នាពេលកន្លងទៅ។ រូបថត ITF

ជា​មួយ​គ្នានេះ​ដែរ​ ម្ចាស់​មេដាយ​មាស​ជើង​ឯក​ពិភព​លោក​ ប៉ាល់​ ជីវ័ន បាន​មើល​ឃើញថា​ ការប្រកួត​កីឡា​តេ​ក្វាន់​ដូ ITF ពាន​រង្វាន់​ឯក​ឧត្តម​ ហ៊ុន​ ម៉ា​នី ឆ្នាំ​២០២៣ នឹង​បាន​បន្ថែម​នូវ​កម្លាំង​ចិត្ត​មួយ​ទៀត​ដល់​កីឡាករ​ កីឡា​កា​រិនី​មកពី​គ្រប់​បណ្តា​ក្លិប ​ឱ្យ​កាន់​តែ​ខំប្រឹង​ហ្វឹកហា​ត់ និង​ប្រកួត​ប្រជែង​គ្នា ​ដើម្បី​ភាព​រីកចម្រើន​របស់​ស​ហ​ព័ន្ធ​កីឡា​តេ​ក្វាន់​ដូ ​ITF កម្ពុជា ត​ទៅ​មុខ​ទៀត​។  

គ្រូ​ជំនួយ​ក្រុម​ជម្រើស​ជាតិ ​លោក ​ប៉ាល់ ជីវ័ន បាន​និយាយ​ថា​៖ «​ការ​ប្រកួត​នេះ ​ពិតជា​ល្អណា​ស់ គឺ​​ទី​១ ​យើង​បាន​ដឹង​ពី​ភាព​រីកច​ម្រើន​របស់​កីឡាក​រ កី​ឡាការិនី​នៅ​តាម​ក្លិប​នីមួយៗ​ និង​ទី​២ វា​ធ្វើ​ឱ្យ​ក្រុម​អត្ត​ព​លិ​ក​របស់​យើង មាន​ទឹក​ចិត្ត​ក្នុងការ​ហ្វឹក​ហាត់ ​ព្រោះ​ជា​ធម្មតា ​នៅ​ពេល​មាន​ការ​ប្រកួត​ ពួក​គាត់​នឹង​ប្រឹងប្រែង​ហ្វឹក​ហា​ត់ ដែល​នឹង​ធ្វើឱ្យ​សមត្ថ​ភាព​របស់​គាត់​កាន់​តែខ្លាំង​ឡើងៗ ចំ​ណែក​ការ​ប្រកួត​ប្រជែង​គ្នា ក៏​កាន់​តែ​ស្វិតស្វា​ញ ​អ៊ីចឹង​វា​នឹង​ជួយ​ឱ្យ​សហព័​ន្ធ អាច​ជ្រើស​រើស​បាន​អត្ត​ព​លិ​ក​ល្អៗ សម្រាប់​ចូល​ជា​ជម្រើស​ជាតិ​»៕