​ភ្នំពេញៈ​នាយក​ប្រតិ​បត្តិ​ប្រចាំ​តំបន់​អាស៊ី​នៃ​ក្រុម​ហ៊ុន​ដេ​ន​សូ (Denso) ដែល​មក​វិនិយោ​គ​នៅ​កម្ពុជា​ តាំង​ពី​ឆ្នាំ​២០១៣​មក​នោះ ​បាន​ឱ្យដឹ​ង​ថា នៅ​ឆ្នាំ​ក្រោយ ​ក្រុម​ហ៊ុន​គ្រោង​នឹង​ពង្រីក​រោងច​ក្រ​របស់ខ្លួ​ន​នៅ​កម្ពុជា ​ដើម្បី​ផ្តល់ឱ​កាស​ការងារ​ប្រមាណ​ ៧០០​ កន្លែង​បន្ថែម​ទៀត​។​

​ការ​លើក​ឡើង​នេះ​ធ្វើ​ឡើ​ង​ក្នុង​ជំនួប​សម្តែង​ការគួ​រសម​ និង​ពិ​ភាក្សា​ការងារ​ជា​មួយ​លោក​ ជា វុទ្ធី អគ្គលេ​ខាធិកា​រ​គណៈ​កម្មការ​វិនិយោ​គ​កម្ពុជា ​នៅ​ទីស្តី​ការ​ក្រុម​ប្រឹក្សា​អភិវ​ឌ្ឍន៍​កម្ពុជា​នា​រសៀល​ថ្ងៃទី​១៣ ខែវិ​ច្ឆិកា ឆ្នាំ​២០២៣​។​


​យោង​តាម​​សេច​​ក្តីប្រ​កាស​ព័ត៌មាន​របស់​ក្រុម​ប្រឹក្សា​អភិ​វឌ្ឍន៍​កម្ពុជា​បាន​ឱ្យដឹ​ងថា ក្នុង​ជំនួបនោះ​ លោក អ៊ី​នី​ហ្ស៊ី​កា ណា​អូ​តូ នាយ​ក​ប្រតិប​ត្តិ​ប្រចាំ​តំបន់​អាស៊ី​នៃ​ក្រុម​ហ៊ុន​ដេ​ន​សូ (Denso) បាន​លើក​ឡើង​ពី​គម្រោង​ពង្រីក​រោងច​ក្រ​នេះ​ ដោយ​លោក​​ថា ​បច្ចុប្បន្ន​ក្រុម​ហ៊ុន​ដែល​កំពុង​វិនិយោគ​នៅ​កម្ពុ​ជា​ដែល​មាន​កម្មករ​ប្រមាណ​ជាង​៥០០​នាក់​បាន​និង​កំពុង​បម្រើ​ការ​ងារ​នៅ​ក្នុង​រោង​ចក្រ​Denso​។

​លោក​បាន​បញ្ជាក់​ថា​៖«​នៅ​ឆ្នាំក្រោ​យ​ខាងមុខ​នេះ ក្រុ​មហ៊ុន​នឹង​មាន​គម្រោង​ផ្តល់​ឱកាស​ការ​ងារ​បន្ថែ​ម​ទៀត​ប្រមាណ​៧០០​ កន្លែង​ ផង​ដែរ​»​។​


​លើស​ពីនេះ​ទៀត​នាយក​ក្រុម​ហ៊ុន​ជប៉ុន​ខាង​លើនេះ​​ ក៏បាន​បញ្ជាក់​ដែរថា​ បច្ចុប្បន្ន​ក្រុមហ៊ុន​ Denso ​ក៏មាន​កិច្ចសហ​ប្រតិ​បត្តិការ​ជា​មួយ​វិទ្យា​ស្ថាន​បច្ចេក​វិទ្យា​កម្ពុជា (​សាលា​តិច​ណូ​) ផងដែររ​ហូត​ឈាន​ដល់​ការចុះ​អនុ​ស្សរណៈ​យោគ​យល់​គ្នា​ស្ដីពី​ការ​អភិវឌ្ឍ​មូល​ធន​មនុស្ស​នៅ​កម្ពុជា​។ ក្នុង​នោះលោ​កថា មាន​បុគ្គលិក​ចំនួន​ ៥០​ នាក់​ ក្នុងចំណោម​វិស្វករ​ចំនួន​១០០​នាក់​ដែល​បាន​ និងកំពុង​បម្រើ​ការ​នៅក្នុង​រោង​ចក្រ​ Denso ​គឺជា​សិស្ស​ ដែល​បាន​បញ្ចប់​ការ​សិក្សា​មកពី​សា​លា​តិច​ណូ​ផង​ដែរ​។

​នា​ឱកាស​នោះ​ដែរ​ លោក ​ជា វុទ្ធី អគ្គលេ​ខាធិ​ការ​គណៈ​កម្មកា​រ​វិនិយោ​គ​កម្ពុជានៃ​​ក្រុម​ប្រឹក្សា​អភិ​វឌ្ឍន៍​កម្ពុជា ​បាន​ស្វា​គមន៍​និង​គាំទ្រ​ដល់​ក្រុម​ហ៊ុន​ជប៉ុន​ធំ​មួយ​នេះ ដែល​បានធ្វើ​សកម្ម​ភាព​វិនិយោគ​នៅ​កម្ពុជា​តាំង​ពី​ឆ្នាំ​២០១៣ មក ​ហើយ​នៅ​ឆ្នាំនេះ​ក៏ជា​ខួប​ ១០ ​ឆ្នាំ​ នៃ​ការ​បង្កើត​ក្រុម​ហ៊ុន​ Denso នៅក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ​។​

​លោក​បាន​បន្ត​ថា​៖«​សូម​សម្តែង​ការអ​បអរសា​ទរ​ចំពោះ​ការរីក​ចម្រើន​របស់​ក្រុមហ៊ុ​ន​ដែលឈា​នទៅដ​ល់​គម្រោង​ពង្រីក​រោង​ចក្រ​ ជា​ពិសេស​ការ​បណ្តុះ​បណ្តាល​មូលធ​ន​មនុស្ស​កម្ពុជា​ដើម្បី​បង្កើន​ផលិត​ភាព​របស់​ក្រុម​ហ៊ុន​បន្ថែម​ទៀត​»​។​

​សូម​បញ្ជាក់​ដែរ​ថា​ ក្រុម​ហ៊ុន DENSO Cambodia គឺជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុម​ហ៊ុន​ DENSO Corp​oration​ ដែល​មាន​មូល​ដ្ឋាន​នៅ​ជប៉ុន។​ក្រុម​ហ៊ុន​នេះជា​ក្រុម​ហ៊ុន​ដែល​ផ្គត់​ផ្គង់​ប្រព័ន្ធ​បច្ចេក​វិទ្យា​ទំនើប​និង​គ្រឿង​រថយន្ត​សកល​ ដោយ​មាន​ក្រុម​ហ៊ុន​បុត្រ​សម្ព័ន្ធ​ជាង ​២០០​ នៅលើ​ពិភព​លោក​ និង​មាន​ក្រុម​ហ៊ុន​ដៃគូ​នៅ​ ៣៥ ប្រទេស​។ ក្រុម​ហ៊ុន​នេះ ​បាន​ចុះ​បញ្ជី​វិនិ​យោគ​មាន​តម្លៃ ​១០​ លាន​ដុល្លារ​នៅ​កម្ពុជា ​តាំងពី​ឆ្នាំ​២០១៣ ​មកម្ល៉េះ នៅក្នុង​តំបន់​សេដ្ឋ​កិច្ច​ពិសេស​ភ្នំពេញ​។​

​ជុំវិញ​រឿងនេះ​ លោក ​លឹម ហេង អនុ​ប្រធាន​សភា​ពាណិជ្ជ​កម្ម​កម្ពុជា​នៅ​ថ្ងៃទី​១៤ ​ខែវិច្ឆិកា​ បាន​សា​ទរ​ចំពោះ​គម្រោង​ពង្រីក​រោងច​ក្រ​របស់​ក្រុមហ៊ុន​ជប៉ុន ​ដើម្បី​ផ្តល់​ឱកាស​ការងារ​បន្ថែ​ម​ទៀត ។

 លោក​ថា​ នេះ​ជាស​ញ្ញា​មួយ​ដ៏​ល្អ​ប្រសើរ​សម្រាប់​អ្ន​កវិ​និយោគ​នៅ​កម្ពុជា ​ពិសេស​ជាការ​ជួយ​ផ្សព្វ​ផ្សាយ​ដល់​ធុរកិច្ច​បរទេស​ដទៃទៀ​ត​អំពី​សក្តានុ​ពល​វិយោគ​នៅ​កម្ពុជាថា​កម្ពុជា​ពិតជា​អាច​វិនិ​យោគ​បាន​។​

​លោក​បាន​ថ្លែង​ថា​៖«​បច្ចុប្បន្ន​ការវិនិ​យោគ​របស់​ក្រុមហ៊ុន​ជប៉ុន​នៅ​កម្ពុជា ​មាន​ចំនួន​ច្រើន​គួរ​ឱ្យកត់​សម្គាល់ ​ហើយ​ការ​បន្ត​ពង្រីក​ខ្លួន​នេះ​ជាស​ញ្ញា​ល្អ សម្រាប់​កម្ពុជា​ ព្រោះ​ថា​ ការវិ​និយោគ​របស់​ជប៉ុន ​នឹង​ជួយ​ទាក់​ទាញ​វិនិយោ​គិន​ជប៉ុន​មក​វិនិ​យោគ​នៅ​កម្ពុជា​បន្ថែម​»​។​

​លោក ​លឹម ហេ​ង បាន​បញ្ជាក់​ថា៖ «​យើង​ឃើញ​ថា ការវិនិ​យោគ​របស់​ក្រុម​ហ៊ុន​ភាគច្រើ​ន​ប​ណ្តុះបណ្តា​ល​ជំនាញ​បច្ចេក​ទេសវិជ្ជា​ជីវៈ​ដល់ក​ម្មករ​យើង​ឱ្យ​មាន​ឱកាស​ទទួល​បាន​ប្រាក់​ខែ​កាន់តែ​ខ្ពស់​ និង​ឈានទៅ​​ជំរុញ​សេដ្ឋកិច្ច​គ្រួសារ​ និង​សង្គម​ជាតិ​បាន​ប្រសើរ​ឡើង​»​។

​សូម​រំឭក​ដែរ​ថា នៅក្នុ​ង​ពិធី​អបអរសា​ទរ​ខួប​អនុ​ស្សាវរីយ៍​លើក​ទី​៧០ នៃ​ទំនាក់​ទំនង​ការទូត​រវាង​កម្ពុជា ​និង​ជប៉ុន កាល​​ពីដើម​ខែ​ឧសភា ​លោក​ ហ៊ុន​ សែន​ អតីត​នាយ​ក​រដ្ឋមន្ត្រី​កម្ពុជា បា​ន​លើកឡើងថា​ ​ក្នុង​ឆ្នាំ​២០២២ ​ទំហំ​ពាណិជ្ជ​កម្ម​កម្ពុជា​-​ជប៉ុន ​សម្រេច​បាន​១ ៩៤៨​ លាន​ដុល្លារ​អា​មេរិក​ ក្នុង​នោះ​កម្ពុជា​នាំ​ចេញទៅ​ជប៉ុន​ក្នុង​តម្លៃ ១​ ១៧៣​ លាន​ដុល្លារ ​ខណៈ​ជប៉ុន​នាំ​ចូល​មក​កម្ពុជាមា​នតម្លៃ​ ៧៧៤​ លាន​ដុល្លារ​។​

​ក្នុង​នោះ ​ផលិត​ផល​សំខាន់​ដែល​កម្ពុជា​បាន​នាំ​ចេញ​ទៅ​ជប៉ុន មា​នដូចជា​​  ស្បែក​ជើង ​គ្រឿង​បង្គុំ និង​កសិផល​​។ ចំណែក​ជប៉ុន​នាំ​ចូល​មក​កម្ពុជា​វិញ ​រួម​មាន ​គ្រឿង​ម៉ាស៊ីន ​រថយន្ត ​គ្រឿង​អេឡិច​ត្រូនិក និង​គ្រឿងច​ក្រ​សម្រាប់​វិស័យ​កសិក​ម្ម​ជាដើ​ម​។​

​យ៉ាង​ណាមិ​ញ​ លោក​ លឹម ហេង អនុប្រ​ធាន​សភាពា​ណិជ្ជ​កម្ម​កម្ពុជា​ បាន​បង្ហាញ​ក្តី​រំពឹង​ថា ការវិនិ​យោគ​របស់​ជ​ប៉ុន​នៅ​កម្ពុជា ​កាន់តែ​ច្រើន​ក៏​នឹង​ឈាន​ទៅ​ចូលរួ​ម​អនុវត្ត​កិច្ចព្រម​ព្រៀង​ភាពជា​ដៃគូ​សេដ្ឋ​កិច្ច​គ្រប់​ជ្រុង​ជ្រោយ​តំបន់​( RCEP) ផ​ងដែ​រ ជាពិសេស​ឈាន​ទៅ​ពង្រីក​ពាណិជ្ជ​កម្ម​កម្ពុជា​-​ជប៉ុន ​ឱ្យ​កាន់​តែ​ខ្លាំង​ថែម​ទៀត​៕