​ភ្នំពេញៈ រដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា​ លោក ​ទៀ ​សីហា​ និង​រដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ជាតិប្រទេស​វៀត​ណាម​ លោក ផាន​ វ៉ាន់​យ៉ាង (Phan Van Giang)​ បាន​បញ្ជាក់​ពី​ការ​ពង្រឹង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ ដើម្បី​នាំ​មក​នូវ​ការ​រីក​ចម្រើន និង​រក្សា​ឱ្យ​បាន​ទំនាក់​ទំនង​ដ៏​ល្អ​រវាង​កង​ទ័ព​និង​ប្រជា​ជន​នៃ​ប្រទេស​ទាំង​២​។​


​រដ្ឋមន្ត្រី​ទាំង​ ២ ​បាន​បញ្ជាក់​ដូច្នេះ​ក្នុង​ជំនួប​ទ្វេ​ភាគី​កាល​ពី​ថ្ងៃទី​១៣ ខែ​វិច្ឆិកា នៅ​ប្រទេស​វៀត​ណាម​ ក្នុង​ឱកាស​ដែល​លោក​ទៀ សីហា ​ដឹកនាំ​គណៈប្រ​តិភូ​យោធា​ជាន់​ខ្ពស់​ក្រសួង​ការ​ពារជាតិ​កម្ពុជា​បំពេញ​ទស្សន​កិច្ច​នៅ​ប្រទេស​នេះ​រយៈ​ពេល​៣​ថ្ងៃ​ចាប់ពី​ថ្ងៃទី​១២​ ដល់​ថ្ងៃទី​១៤ ​ខែវិច្ឆិកា ​តប​តាម​ការ​អញ្ជើញ​របស់​លោក​ ផាន​ វ៉ាន់​យ៉ាង​។​

សេចក្តី​ប្រកាស​របស់​ក​ង​ទ័ព​ជើង​គោក​កម្ពុជា​បាន​ឱ្យ​ដឹង​នៅថ្ងៃទី​១៤ ​វិច្ឆិកា ​ថា​៖ «​ក្នុង​ជំនួប​ទ្វេ​ភាគី​រវាង​រដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ប្រទេស​ទាំង២​ កម្ពុជា​-វៀត​ណាម​ បាន​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ការ​ពង្រឹង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​រ​វាង​កង​ទ័ព​ទាំង​២ ​កម្ពុជា​-​វៀត​ណាម​ ដើម្បី​នាំ​មក​នូវ​ការរី​កចម្រើន​ដល់​កងទ័​ព​ទាំង​២​ កម្ពុជា-​ វៀត​ណាម និង​រក្សា​ឱ្យ​បាន​ទំនាក់​ទំនង​ដ៏​ល្អ​ផូរផ​ង់​រវាង​ក​ងទ័ពនិង​ប្រជាជន​នៃ​ប្រទេស​ទាំង​២ ​»​។​


សេចក្តីប្រកាស​ដដែល​ប​ញ្ជា​ក់ថា លោក ទៀ សីហា ដែល​អមដោយ​លោក ហ្វុ​ង ស៊ី​ទីន អនុប្រធាន​អគ្គសេនាធិការ​កងទ័ព​ប្រជាជន​វៀតណាមនៅ​ថ្ងៃទី​១៣ ខែវិច្ឆិកា បាន​ដឹកនាំ​គណៈប្រតិភូ​យោធា​ជាន់ខ្ពស់​ក្រសួងការពារជាតិ​កម្ពុ​ជាទៅ​ដាក់​កម្រងផ្កា​គោរព​វិញ្ញាណក្ខន្ធ​នៅ​ស្តូប​វីរជននិង​បន្ទាប់មកបាន​បន្តទៅ​ដាក់​កម្រងផ្កា​គោរព​វិញ្ញាណក្ខន្ធ លោក ហូ ជី​មិញ អតីត​មេដឹកនាំ​វៀតណាម នៅក្នុង​រដ្ឋធានី​ហាណូយ​។​

សេចក្តីប្រកាស​បានឱ្យដឹង​ថា មន្ត្រី​ដែលអមដំណើរ​លោក លោក ទៀ សីហា ទៅ​បំពេញ​ទស្សនកិច្ច​នេះ រួមមាន លោក ឥត សារ៉ាត់ អគ្គ​មេបញ្ជាការរងនិង​ជា​នាយសេនាធិការ​ចម្រុះ​នៃ​កងយោធពល​ខេមរភូមិន្ទ(​ខ​.​ភ​.​ម​.)​លោកម៉ៅ សុផាន់ អគ្គ​មេបញ្ជាការរងខ​.​ភ​.​ម និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក លោក ណឹ​ម សុវត្ថិ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​នយោបាយនិង​កិច្ចការបរទេស​ក្រសួងការពារជាតិព្រមទាំង​នាយទាហានជាន់ខ្ពស់​នៃ​ក្រសួងការពារជាតិ​ជាច្រើន​នាក់​ទៀត​។​


លោក យង់ ពៅ អគ្គលេខាធិការ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា​ថ្លែងថា នេះ​ជាការ​ផ្លាស់ប្តូរ​ទំនាក់ទំនង​ទៅវិញទៅមក​ជា​ប្រក្រតី​រវាង​កម្ពុជា​និង​វៀតណាម​ដែលជា​ទំនាក់ទំនង​មិត្តភាពប្រទេសជិតខាងនិង​គ្រប់​ជ្រុងជ្រោយ​និង​ជា​ដៃគូ​យុទ្ធសាស្ត្រ​ជាមួយគ្នា​។ 

លោកបាន​ថ្លែងថា​៖ «​យើង​ចង់​កត់សម្គាល់ថា ការពិត​ត្រូវតែ​ពង្រឹង​ទំនាក់ទំនង​ផ្នែក​ការពារជាតិ​ទៅវិញទៅមក​ដែលជា​ប្រទេស​ជាប់​ព្រំដែន​ជាមួយគ្នា​។ខ្ញុំ​ចង់​កត់សម្គាល់ថា​ យើង​ត្រូវតែមាន​ភាពស្មោះត្រង់​នឹង​គ្នា​ទៅលើ​ទំនាក់ទំនង​រវាង​បណ្ដា​ប្រទេស​ដែលមាន​ភូមិ​ផង​របង​ជាមួយគ្នានេះ​»៕