ភ្នំពេញៈ លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានប្រកាសផ្តល់ការអនុគ្រោះពន្ធបន្ថែម លើផលិតផលកសិកម្មចំនួន ៥ មុខ ដែលកំពុងមានសក្តានុពល រួមមាន ស្វាយ មៀនប៉ៃលិន វារីវប្បកម្ម ការចិញ្ចឹមសត្វ និងផលិតផលដូងប្រេង ពីលើផលិតផលកសិកម្ម ៨ មុខដែលមានការអនុគ្រោះស្រាប់ ក្នុងរយៈពេល ២ ឆ្នាំ ដើម្បីសម្រាលបន្ទុករបស់ប្រជាជនទូទៅ និងវិស័យឯកជនផ្នែកកសិកម្ម។
លោកនាយករដ្ឋមន្រ្តីបានប្រកាសបែបនេះ កាលពីថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២៣ នាវេទិការាជរដ្ឋាភិបាល និងផ្នែកឯកជនលើកទី១៩។
លោកបានលើកឡើងថា ការអនុគ្រោះពន្ធបបន្ថែមផលិតផលកសិកម្មចំនួន ៥ មុខនេះ គឺអនុវត្តតាមយន្តការលើកទឹកចិត្ត ដូចគ្នានឹង «ប្រកាសលេខ ២៥២ សហវ.ប្រក ចុះថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ ស្តី ពីការលើកទឹកចិត្តផ្នែកពន្ធដារចំពោះសហគ្រាសផលិត, ផ្គត់ផ្គង់ក្នុងស្រុក ឬនាំចេញស្រូវ, អង្ករ, ពោត, សណ្ដែក,ម្រេច, ដំឡូងមី, គ្រាប់ស្វាយចន្ទី, និងជ័រកៅស៊ូ» ដោយភ្ជាប់លក្ខខណ្ឌតម្រូវឱ្យមានការផ្តល់បញ្ជីឈ្មោះអ្នកផ្គត់ផ្គង់ទំនិញ ឬសេវាកម្ម ឱ្យបានច្បាស់លាស់ទៅអគ្គនាយកដ្ឋានពន្ធដារ សម្រាប់ផ្ទៀងផ្ទាត់។
លោក ហ៊ុន ម៉ាណែត បញ្ជាក់ថា៖«កសិកម្ម គឺជាវិស័យអាទិភាព ដែលរាជរដ្ឋាភិបាល បាននិងកំពុងផ្ដល់ការអនុគ្រោះពន្ធ និងការលើកទឹកចិត្តជាច្រើន ក្នុងគោលដៅគាំទ្រ និងជំរុញការអភិវឌ្ឍឱ្យក្លាយទៅជាចន្ទល់សេដ្ឋកិច្ចមួយដ៏រឹងមាំ។ ការផ្តល់ជូនការអនុគ្រោះនេះ គឺឆ្លើយតបទៅនឹងសំណើរបស់វិស័យឯកជន ក្រុម«ក» និងក្រុម«ឈ» ដែលបានដាក់សំណើមកតាមរយៈក្រសួងសេដ្ឋកិច្ច»។
នៅក្នុងវេទិការាជរដ្ឋាភិបាល និងផ្នែកឯកជន លើកទី១៨ កន្លងទៅ លោក ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីបានផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារ ចំពោះសហគ្រាសផលិត, ផ្គត់ផ្គង់ក្នុងស្រុក ឬនាំចេញផលិតផលកសិកម្ម ចំនួន ៨ មុខ។
ផលិតផលកសិកម្មទាំងនោះ រួមមាន៖ ស្រូវ, អង្ករ, ពោត, សណ្ដែក, ម្រេច, ដំឡូងមី, គ្រាប់ស្វាយចន្ទី និងជ័រកៅស៊ូ ដែលផលិតផលកសិកម្ម ចំនួន ៨ មុខនេះ ទទួលបានការលើកលែងពន្ធកាត់ទុក លើការទូទាត់ចំពោះការផ្គត់ផ្គង់សេវា ដោយបុគ្គលមិនស្ថិតក្នុងរបបស្វ័យប្រកាសអាករលើតម្លៃបន្ថែម លើការផ្គត់ផ្គង់សេវាឱ្យដល់សហគ្រាសទទួលការផ្គត់ផ្គង់ជាបន្ទុករដ្ឋ និងពន្ធអប្បបរមា ក្នុងករណីបានកាន់នូវបញ្ជីគណនេយ្យត្រឹមត្រូវ ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។
ចំពោះការអនុគ្រោះនេះដែរ លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានថ្លែងនៅថ្ងៃទី១៤ ខែវិច្ឆិកាថា លោកនិងកសិករ មានសេចក្តីត្រេកអរចំពោះការប្រកាសលើកលែងពន្ធបន្ត២ឆ្នាំទៀតនេះ ព្រោះថា វាបានសម្រាលបន្ទុកច្រើនដល់អ្នកចិញ្ចឹមសត្វនៅកម្ពុជា។
លោកបានបញ្ជាក់ថា៖«ពន្ធដែលយើងទទួលបានការអនុគ្រោះ២ឆ្នាំបន្តទៀតនេះ គឺពន្ធកាត់ទុក១ភាគរយ និងពន្ធអាករលើតម្លៃបន្ថែម(VAT) ១០ភាគរយ ដែលនេះបានជួយសម្រាលការលំបាករបស់អ្នកចិញ្ចឹមសត្វច្រើន ស្របពេលតម្លៃសត្វ ជាពិសេសសាច់ជ្រូកនិងគោ កំពុងធ្លាក់ថ្លៃដោយសារការនាំចូលសាច់បង្កកដោយខុសច្បាប់»។
លោកបន្ថែមថា សមាគមក៏អបអរចំពោះអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការរឹតបន្តឹងនូវផលិតសាច់បង្កក ដែលបានលួចនាំចូលដោយខុសច្បាប់ពីប្រទេសជិតខាងផងដែរ ដោយសមាគមរំពឹងថា មន្រ្តីថ្នាក់ក្រោមនឹងអនុវត្តបទបញ្ជានេះឱ្យមានប្រសិទ្ធភាព។
បន្ថែមពីលើការអនុគ្រោះពន្ធនេះដែរ លោក ហ៊ុន ម៉ាណែត ក៏បានណែនាំឱ្យអគ្គិសនីកម្ពុជា ពិនិត្យលទ្ធភាពផ្ដល់ថ្លៃអនុគ្រោះ ជូនអតិថិជនក្នុងវិស័យឧស្សាហកម្ម និងកសិកម្ម ដែលប្រើប្រាស់ថាមពលលើស ដើម្បីរួមចំណែកជំរុញសេដ្ឋកិច្ចជាតិ។
លោកបានបញ្ជាក់យ៉ាងដូច្នេះថា ៖ «ដើម្បីរួមចំណែកជំរុញសេដ្ឋកិច្ចជាតិ រាជរដ្ឋាភិបាលបានណែនាំឱ្យអគ្គិសនីកម្ពុជា ពិនិត្យលទ្ធភាពផ្ដល់ថ្លៃអនុគ្រោះ ជូនអតិថិជនឧស្សាហកម្ម និងកសិកម្ម ចំពោះបរិមាណថាមពលបើលើស ជាការលើកទឹកចិត្ត ដល់អ្នកវិនិយោគឱ្យបង្កើនការផលិត និងបង្កើនការងារបន្ថែម»។
លោក ហ៊ុន ម៉ាណែត បានបន្ថែមថា កន្លងមក រាជរដ្ឋាភិបាលទទួលបានការស្នើសុំបញ្ចុះថ្លៃអគ្គិសនី និងការអនុញ្ញាតឱ្យប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យលើកដំបូល។ ជុំវិញការបញ្ចុះថ្លៃអគ្គិសនី, ជាគោលការណ៍ រាជរដ្ឋាភិបាលតែងខិតខំបញ្ចុះថ្លៃអគ្គិសនីឱ្យអស់លទ្ធភាព ដើម្បីកាត់បន្ថយថ្លៃដើម ផលិតកម្ម ព្រមទាំងសម្រួលដល់ជីវភាពរស់នៅរបស់ប្រជាជន។
ទោះជាយ៉ាងនេះក្តីលទ្ធភាពនៃការបញ្ចុះថ្លៃអគ្គិសនី អាស្រ័យទៅតាមស្ថានភាពនិរន្តរភាពនៃអាជីវកម្ម និងស្ថិរភាពនៃការផ្គត់ផ្គង់ ដែលត្រូវមានការសិក្សាឱ្យបានច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយផងដែរ។
លោក ឡែមផូរ វរិទ្ធិ មន្រ្តីអភិវឌ្ឍន៍សមាគម និងជាអ្នកនាំពាក្យសមាគមវារីវប្បករកម្ពុជា បានឱ្យដឹងដែរថា មុននឹងមានការរៀបចំវេទិការាជរដ្ឋាភិបាល និងឯកជន ខាងសមាគមវារីវប្បករកម្ពុជា និងសមាគមអ្នកចិញ្ចឹមសត្វ ធ្លាប់បានស្នើតាំងពីរាជរដ្ឋាភិបាលអាណត្តិមុននិងអាណត្តិថ្មីនេះ ឱ្យមានការលើកលែងងពន្ធនេះតែម្តង ហើយលទ្ធផលគឺរាជដ្ឋាភិបាលសម្រេចពន្យារពេលអនុគ្រោះ២ឆ្នាំបន្តទៀត។
លោកបានប្រាប់ថា៖ «ការលើកឡើងនេះ គឺខាងវារីវប្បកម្មទទួលផលដោយប្រយោល មានន័យថា នៅពេលដែលក្រុមហ៊ុនពាក់ព័ន្ធនឹងការលក់ចំណីត្រី ទទួលបានការលើកលែងពន្ធនោះ មានន័យថា គេអាចលក់ចំណីឱ្យកសិករក្នុងតម្លៃធូរថ្លៃដែរ»៕