ភ្នំពេញៈ អ្នកគ្រប់គ្រង​កម្មវិធី​ប្រដាល់ នៅ​សង្វៀន​ប៉ុស្តិ៍​លេខ ​៥ លោក សេង ក​ដិ​កា បាន​អះអាងថា ការរៀបចំ​ឱ្យមាន​ការប្រកួត «​ជើងឯក​គុន​ខ្មែរ​ប៉ុស្តិ៍​លេខ ​៥» គឺ​ដើម្បី​ជំរុញ និង​លើកទឹកចិត្ត​ឱ្យ​កីឡាករ​ក្នុងស្រុក ខំប្រឹង​ប្រកួត​គ្នា​ឱ្យ​អស់ពី​សមត្ថភាព ដើម្បី​អាច​ក្លាយជា​ធនធាន​កីឡាករ ដែលមាន​សមត្ថភាព សម្រាប់​ចូលរួម​ប្រកួត​អន្តរជាតិ​ធំៗ តំណាងឱ្យ​កម្ពុជា​។​

​លោក សេង ក​ដិ​កា បាន​ប្រាប់ថា​៖ «​ការរៀបចំ​ឱ្យមាន​ការប្រកួត​ជើងឯក​គុន​ខ្មែរ​ប៉ុស្តិ៍​លេខ​ ៥ ​នេះ យើង​ចង់ឱ្យ​កីឡាករ​កម្ពុជា កាន់តែ​ខិតខំ​ប្រឹងប្រែង​ប្រកួត​គ្នា​អស់ពី​សមត្ថភាព ជាមួយ​ការប្រើ​ក្បាច់ និង​បច្ចេកទេស​ថ្មីៗ ស្របតាម​ក្បួនខ្នាត​នៃ​ក្បាច់គុន​ដូនតា​របស់​យើង ហេតុនេះហើយ​ទើប​ខាង​ម្ចាស់​ឧបត្ថម្ភ​របស់​យើង មានការ​ឧបត្ថម្ភ​ទឹកប្រាក់​បន្ថែម​ទៅដល់​កីឡាករ​រូប​ណា ដែល​បាន​ផ្តួល​គូប្រកួត​ឱ្យ​សន្លប់ ដោយ​ប្រើ​ក្បាច់​ពិសេស​»​។​

ការលើកឡើង​បែបនេះ​របស់ លោក សេង ក​ដិ​កា ដោយសារតែ​សង្វៀន​ប៉ុស្តិ៍​លេខ ​៥ ទើបតែ​ចាប់ផ្តើម​រៀបចំ​ឱ្យមាន​ការប្រកួត «​ជើងឯក​គុន​ខ្មែរ​ប៉ុស្តិ៍​លេខ​៥» ប្រចាំ​សប្តាហ៍​ទី​១ កាលពី​ថ្ងៃទី​១២ ខែវិច្ឆិកា ដោយ​អ្នក​ផ្គូផ្គង​ប្រចាំ​សង្វៀន ដែលមាន​អាយុកាល​យូរ​ជាងគេ​មួយ​នេះ បានសម្រេច​ដាក់​កីឡាករ ពុទ្ធ សំបូរ ឱ្យ​ប្រកួត​ជាមួយ​អ្នកជំនាញ​ប្រើ​កែង ធ្លាប់មាន​ប្រវត្តិ​ខ្លាំង រឿ​ម វណ្ណៈ​។​


តែ​ទោះបីជា​យ៉ាងណា ការព្យាយាម​វាយ​សម្រុក​គ្នា តាំងពី​ដើមទី ធ្វើឱ្យ​ជំនួប​របស់​អ្នក​ទាំង​២​នេះ បានបញ្ចប់​ត្រឹម ​១ ​ទឹក​ទេ ដោយ ពុទ្ធ សំបូរ បាន​ប្រើ​កណ្តាប់ដៃ​ម៉ាត់​ឱ្យ រឿ​ម វណ្ណៈ សន្លប់​នៅ​ចុង​ទឹក បន្ទាប់ពី​បាន​វាយ​ឱ្យ​អាជ្ញាកណ្តាល​រាប់​ចំនួន​២​លើក ហើយ​ការ​ចាញ់​យ៉ាង​ផុយស្រួយ​នេះ បានធ្វើឱ្យ​អ្នកទស្សនា​មួយចំនួនធំ​មិន​អស់ចិត្ត​សោះ ចំណែក លោក សេង ក​ដិ​កា ក៏បាន​បង្ហាញ​ការសោកស្តាយ​ចំពោះ​លទ្ធផល​នេះ​ផងដែរ​។ 

​លោក​បាន​ថ្លែងថា​៖ «​ដូច​យើង​បានដឹងហើយថា ទាំង ពុទ្ធ សំបូរ និង រឿ​ម វណ្ណៈ សុទ្ធតែជា​កីឡាករ​មានឈ្មោះ​បោះ​សំឡេង ស្ថិតក្នុង​កម្រិត​ល្អ​មួយ នៅក្នុង​ស្រុក​យើង ដែល​យើង​រំពឹងថា នឹង​ប្រកួត​គ្នា​យ៉ាង​ស្វិតស្វាញ​ដល់ ​៥ ​ទឹក ប៉ុន្តែ​វា​ជា​រឿង​ដ៏​គួរឱ្យ​សោកស្តាយ ដែល​ការប្រកួត​នេះ បាន​ត្រឹម ​១ ​ទឹក ដោយសារតែ​ការប្រកួត​នេះ​អ្នក​ទាំង​ ២​ នេះ បាន​ផ្តោត​ខ្លាំង​ទៅលើ​ការ​វាយ​សម្រុក ក្នុង​បំណង​ផ្តួល​គ្នា​ឱ្យ​សន្លប់​ដូចគ្នា ដើម្បី​ក្លាយជា​ម្ចាស់​ជើងឯក​»​។​


តាមរយៈ​ការ​ផ្តួល​កីឡាករ​ជើងចាស់ រឿ​ម វណ្ណៈ ឱ្យ​សន្លប់ ដោយ​ប្រើពេល​មិន​ដល់​៣​នាទី​នេះ បាន​ជួយ​ឱ្យ ពុទ្ធ សំបូរ ទទួលបាន​ប្រាក់រង្វាន់​ចំនួន ១,២​លាន​រៀល បន្ថែម​ទៅលើ​ប្រាក់​តម្លៃ​ខ្លួន ហើយ​រូបគេ​ក៏​នឹង​ទទួលបាន​ឱកាស​ប្រកួត​អន្តរជាតិ ដែល​រៀបចំ​ដោយ​សង្វៀន​ប៉ុស្តិ៍​លេខ ​៥ នៅ​ថ្ងៃទី ​២៦ ខែវិច្ឆិកា ជាមួយ​ការទទួលបាន​តម្លៃ​ខ្លួន​កាន់តែ​ខ្ពស់​ផងដែរ ចំណែក​អ្នកចាញ់ រឿ​ម វណ្ណៈ ក៏​ទទួលបាន​ប្រាក់រង្វាន់​ចំនួន ១​ លាន​រៀល​ផងដែរ​។​

ចំពោះ​ទិសដៅ​ទៅមុខទៀត លោក សេង ក​ដិ​កា បញ្ជាក់ថា​៖ «​យើង​នឹង​បន្ត​រៀបចំ​ឱ្យមាន​ការប្រកួត​ជើងឯក​គុន​ខ្មែរ​ប៉ុស្តិ៍​លេខ ​៥ ជា​រៀងរាល់​សប្តាហ៍ ដោយ​យើង​នឹង​ផ្តល់ឱកាស​ឱ្យ​ទាំង​កីឡាករ​ជើង​ថ្មី និង​ជើងចាស់ បាន​ប្រកួត​គ្នា ដើម្បី​ពង្រឹងសមត្ថភាព​របស់​ពួកគេ​ឱ្យ​កាន់តែ​ល្អ ហើយក៏​ដើម្បី​បណ្តុះ​ធនធាន​កីឡាករ​គុន​ខ្មែរ​ល្អៗ ឱ្យបាន​កាន់តែច្រើន​ផងដែរ ព្រោះ​អ្នក​ដែល​ទទួលបាន​ជ័យជម្នះ ក្នុងការ​ប្រកួត​ជើងឯក​នេះ មិន​ត្រឹមតែ​ទទួលបាន​ប្រាក់រង្វាន់​បន្ថែម​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ទទួលបាន​ឱកាស​ប្រកួត​អន្តរជាតិ នៅលើ​សង្វៀន​របស់​យើង ជាមួយនឹង​ការផ្តល់​តម្លៃ​ខ្លួន​ខ្ពស់ជាង​មុន​ផងដែរ​»​។ 

ដោយឡែក​សម្រាប់​ការប្រកួត​មិត្តភាព​អន្តរជាតិ​កម្ពុជា​-​ថៃ ដែល​ត្រូវបាន​ធ្វើឡើង នៅលើ​សង្វៀន​ប៉ុស្តិ៍​លេខ​ ៥  ព្រែកកំពឹស នា​ថ្ងៃទី​ ១២ ខែវិច្ឆិកា នោះដែរ កីឡាករ​ជើង​ថ្មី​របស់​កម្ពុជា ធន់ តុ​ប​ផេង បាន​ស្មើ​ពិន្ទុ​ជាមួយ​អ្នក​ប្រដាល់​ជើងចាស់​របស់​ថៃ Toun Pe​ បន្ទាប់ពី​អ្នក​ទាំង​ ២​ នេះ បាន​ប្រកួត​គ្នា​យ៉ាង​ស្វិតស្វាញ​ចំនួន​ ៥ ​ទឹក​ពេញ​។​

ចំណែក​អ្នក​ប្រដាល់​គុន​ខ្មែរ រិទ្ធី សុផាត មកពី​ក្លិប Super Fight បាន​ប្រកួត​ចាញ់​ពិន្ទុ​អ្នក​ប្រដាល់​ថៃ Ba Bou​ ដោយ​ការប្រកួត​ក្នុង​ទម្ងន់ ​៦៣,៥​គីឡូក្រាម​នេះ Ba Bou​ មានប្រៀប​លើ សុផាត ស្ទើរ​គ្រប់ទឹក​តែម្ដង​។ ប៉ុន្តែ​ម្ចាស់​មេដាយ​សំរឹទ្ធ​ស៊ី​ហ្គេម វ៉ាន់ វឿន បាន​ព្យាយាម​វាយ​សង្គ្រប់​ទៅលើ​កីឡាករ​ថៃ Ram Bo ចំនួន​ ៥ ​ទឹក​ពេញ ហើយក៏​មានប្រៀប​ស្ទើរ​គ្រប់ទឹក ជាមួយ​ការ​ម៉ាត់ ទាត់ វាយ​កែង និង​បុក​ជង្គង់​ដ៏​ល្អ​របស់គេ​ផងដែរ ដើម្បី​ទទួលបាន​ជ័យជម្នះ​លើ​ថៃ ដោយ​ពិន្ទុ​ដាច់​៕