ភ្នំពេញៈ ​អាជ្ញាធរ​ជាតិ​អប្សរា​ បានស្នើ​សុំ​ក្រុមហ៊ុន​បណ្តាញ​សង្គម TikTok ​ទប់ស្កាត់​ការ​បង្ហោះ​វីដេអូ​ឃ្លី​ប ក៏ដូចជា​សំណូមពរ​ដល់ សាធារណជន​ទាំងអស់ សូមកុំ​ចូលរួម​ចែករំលែក​បន្ត​វីដេអូ​ខ្លី​ថត​ដោយ​ជនជាតិ​វៀតណាម​នៅ​ប្រាសាទអង្គរវត្ត ដែលមាន​រូបភាព​ខ្លឹមសារ​ប៉ះពាល់​វប្បធម៌ និង​បេតិកភណ្ឌ​ដ៏​ផូរផង់​របស់​កម្ពុជា​។​


ការស្នើ​របស់​អាជ្ញាធរ​ជាតិ​អប្សរា​នេះ ធ្វើឡើង​តាមរយៈ​សេចក្តីជូនដំណឹង​ចុះ​ថ្ងៃទី​ ១២ ខែវិច្ឆិកា ឆ្នាំ​ ២០២៣ ក្រោយពី​មានប្រតិកម្ម​ពី​សំណាក់​ប្រជាពលរដ្ឋ​ដែលជា​អ្នកលេង​បណ្តាញ​សង្គម និង​មានការ​ចែករំលែក​ក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់ទំនង​សង្គម​នូវ​វីដេអូ​ខ្លី​ថត​នៅ​ប្រាសាទអង្គរវត្ត អមដោយ​ភ្លេង​និង​រូបភាព​កាត់ត​បញ្ចូល​ផ្សេងៗ​ដែល​ធ្វើឱ្យប៉ះពាល់​ដល់​វប្បធម៌ និង​បេតិកភណ្ឌ​ដ៏​ផូរផង់​របស់​កម្ពុជា​។ 

អាជ្ញាធរ​ជាតិ​អប្សរា បាន​បញ្ជាក់ថា កាលពី​ថ្ងៃទី ​២៣ ខែតុលា ឆ្នាំ​ ២០២៣ ក្រុម​ភ្នាក់ងារទេសចរណ៍​រប​ស់​អាជ្ញាធរ​ជាតិ​អប្សរា បាន​ហាមឃាត់​អ្នកទេសចរ​បរទេសមួយ​ចំនួន ដែលមាន​បំណង​ថត​សម្លៀកបំពាក់​ច្នៃប្រឌិត ជាមួយនឹង​សម្ភារ​មួយចំនួន​។ បន្ទាប់ពី​ហាម​មិនឱ្យ​ប្រើប្រាស់​សម្ភារ​មួយចំនួន​មក ភ្នាក់ងារទេសចរណ៍ ក៏បាន​តាម​ពិនិត្យ និង​បានស្នើ​សុំឱ្យ​លុបចោល​រូបភាព​មួយចំនួន​ផ្សេងៗ​ទៀត ដែលមាន​លក្ខណៈ​មិន​សមស្រប​ចោល​។ 


ប្រភព​ដដែល​បន្តថា ជាយថាហេតុ សមាជិក​នៅក្នុង​ក្រុម​នោះ​ដែល​បាន​ប្រើប្រាស់​ទូរស័ព្ទដៃ​ជា​ឧបករណ៍​ថត អាច​នឹង​ធ្វើការ​លាក់កំបាំង​ហើយ​ប្រើប្រាស់​រូបភាព​មួយចំនួន ទាំង​ក្នុង​និង​ក្រៅ​ប្រាសាទ​យកមក​កាត់ត​បញ្ចូល​គ្នា​ទាំង​សំឡេង និង​រូបភាព​ផ្សេងៗ ដើម្បី​ផ្សព្វផ្សាយ ក្នុង​គោលបំណង​មិនល្អ​។​

អាជ្ញាធរ​ជាតិ​អប្សរាបាន​សង្កត់ធ្ងន់ថា៖ «​ដោយសារ​សកម្ម​ភាពជា​វីដេអូ​ឃ្លី​ប មាន​លក្ខណៈ​ញុះញង់​ក្នុងសង្គម អាជ្ញាធរ​ជាតិ​អប្សរា​បានស្នើ​សុំ​ក្រុមហ៊ុន​បណ្តាញ​សង្គម TikTok ​ទប់ស្កាត់​ការ​បង្ហោះ​វីដេអូ​ឃ្លី​ប ក៏ដូចជា​សំណូមពរ​ដល់​សាធារណជន​ទាំងអស់ មេត្តា​កុំ​ចូលរួម​ចែករំលែក​បន្ត ពីព្រោះ​ជាការ​គាំទ្រ​នូវ​ការ​ញុះញង់ ដល់​សកម្មភាព​អវិជ្ជមាន​ទាំងនោះ​»​។ 


​ប្រភព​ដដែល​បន្តថា៖ «​ជាមួយគ្នានេះ អាជ្ញាធរ​ជាតិ​អប្សរា​សូម​អភ័យទោស ចំពោះ​ការខ្វះខាត​មួយចំនួន​ដែល​កើតមានឡើង​ជាយថាហេតុ ហើយ​ប្ដេជ្ញា​នឹង​ពង្រឹង​កិច្ចការងារ​ក្នុងការ​ថែរក្សា​នូវ​រូបភាព​ដ៏​បវរ​នៃ​រមណីយដ្ឋាន​អង្គរ​បន្ថែមទៀត​»​។​

ជុំវិញ​បញ្ហា​នេះ លោក ឡុង កុសល អ្នកនាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា នៅ​ថ្ងៃទី ​១៣ ខែវិច្ឆិកា ឆ្នាំ​ ២០២៣ បានស្នើ​សុំ​មិន​ធ្វើ​អត្ថាធិប្បាយ​បន្ថែម​ពីអ្វី​ដែលមាន​នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​នោះទេ​។ 

លោក ឈ​ត ប៊ុន​ថង មន្ដ្រី​ស្រាវជ្រាវ​ផ្នែក​ទំនាក់ទំនង វប្បធម៌ អប់រំ និង​ទេសចរណ៍​នៃ​រាជបណ្ឌិត្យសភាកម្ពុជា​នៅ​ថ្ងៃទី​១៣ ខែវិច្ឆិកា បាន​ថ្លែងប្រាប់​ដោយ​លោក​គាំទ្រ​ ចំពោះ​អាជ្ញាធរ​ជាតិ​អប្សរា ដែល​ស្នើសុំ​កុំ​បន្ត​ចែករំលែក​វីដេអូ​នោះ​បន្តទៀត ព្រោះ​ទង្វើ​នៃ​អ្នក​ថត​ដែល​បាន​កាត់​បញ្ចូល​រូបភាព​ទង់ជាតិ និង​ព្រះមហាក្សត្រ​ថៃ ក្នុង​ចេតនា​មិនល្អ​ណាមួយ​ដែល​ចង់​បញ្ជាក់ថា​ប្រាសាទអង្គរវត្ត​ជា​របស់​ថៃ ដូច​មានការ​ទាម​ទានា​ពេលកន្លងមក​។​

លោក ឈ​ត ប៊ុន​ថង ថ្លែងថា៖ «​គាត់​មាន​ចេតនា​មិនល្អ ថ្វីដ្បិតតែ​អាជ្ញាធរ​ជាតិ​អប្សរា​អះ​អា​ថា​បាន​លុប​រូប​ចោល​មួយចំនួន​ហើយ ប៉ុន្តែ​នៅមាន​រូប​មួយចំនួនទៀត ដែល​ត្រូវបាន​ប្រើប្រាស់ និង​កាត់ត​។ អ៊ីចឹង​ទេ វា​ជា​ចេតនា​មួយ អត់​ល្អ​។ បញ្ហា​នេះហើយ​ដែល​ធ្វើឱ្យមាន​បញ្ហា​រសើប ដែល​អាច​នឹង​ផ្ទុះ​ឡើងវិញ​រវាង​ប្រជាពលរដ្ឋ​ខ្មែរ និង​ពលរដ្ឋ​ថៃ​។ ដូច្នេះ យើង​ត្រូវតែ​បិទ​កុំឱ្យ​មានការ​ចែករំលែក​ផ្សព្វផ្សាយ​បន្តទៀត ដែលនាំឱ្យ​មាន​កំហឹង​ពី​សំណាក់​លេង​បណ្តាញ​សង្គម​»​។​

ទោះជា​យ៉ាងណា លោក ឈ​ត ប៊ុន​ថង ចាត់ទុក​ករណីនេះ​ជា​កម្ទេច​ភ្លើង​មួយ​ដ៏​តូច​ប៉ុណ្ណោះ​។ ​ដូច្នេះ​ប្រជាពលរដ្ឋ​ខ្មែរ និង​អ្នកលេង​បណ្តាញ​សង្គម​មិនគួរ​ប្រកា​សវា​ឱ្យ​កា្ល​យ​ទៅជា​ជម្លោះ​វប្បធម៌ ឬ​ជម្លោះ​ការទូត​រវាង​ប្រទេសជិតខាង​នោះទេ​។ 

មួយ​គ្នា​នោះ ប្រជាពលរដ្ឋ​ខ្មែរ​ដែលជា​អ្នកលេង​បណ្តាញ​សង្គម​ទាំងអស់​គួរតែបញ្ឈប់​ការ​ចុច​ Like ឬ​ចែកចាយ ​(Share)​ និង​ជាពិសេស​អាជ្ញាធរ​ជាតិ​អប្សរា​គួរតែ​ស្នើ​ដល់​អ្នកប្រព្រឹត្ត ឬ​អ្នក​បង្ហោះ​វីដេអូ ឱ្យ​ដក​ចេញពី​បណ្តាញ​សង្គម កុំឱ្យ​មានការ​ឡើងក​ម្តៅ​រវាង​ពលរដ្ឋ​ខ្មែរ និង​ពល​ដ្ឋ​នៃ​ប្រទេសជិតខាង​៕