ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រដ្ឋនឹងយកពន្ធលើដីធ្លីមិនប្រើប្រាស់ ដែលមានទំហំលើសពី ៥ ហិកតា ក្នុងបំណងទប់ស្កាត់បាតុភាពទិញដីទុកចោល ដែលនាំឱ្យបាត់បង់ផលិតភាពនៃការប្រើប្រាស់ដីក្នុងសកម្មភាពសេដ្ឋកិច្ចដោយត្រូវចាប់អនុវត្តនៅដើមឆ្នាំ២០២៥។
លោកបានលើកឡើងដូចនេះ ក្នុងវេទិការាជរដ្ឋាភិបាល និងផ្នែកឯកជនលើកទី១៩ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅវិមានសន្តិភាព ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ក្នុងជួររាជរដ្ឋាភិបាល វិស័យឯកជន និងមន្ត្រីទូតប្រចាំកម្ពុជាផងដែរ។
លោក ហ៊ុន ម៉ាណែត បានថ្លែងថា ប្រភេទដីធ្លីមិនប្រើប្រាស់នេះភាគច្រើនមិនស្ថិតក្នុងភូមិសាស្ត្ររាជធានីភ្នំពេញទេ ដែលរដ្ឋចង់ឱ្យមានការប្រើប្រាស់ដីធ្លីឱ្យអស់លទ្ធភាពដើម្បីបម្រើប្រយោជន៍សេដ្ឋកិច្ច។
លោកបានបញ្ជាក់ថា៖ «រដ្ឋាភិបាលមានគោលដៅចំនួន ៤ នៅក្នុងការយកពន្ធលើដីធ្លីមិនប្រាស់ប្រាស់នេះ ក្នុងនោះទី១ ដើម្បីទប់ស្កាត់ការទិញដីរាប់សិបហិកតាមិនប្រើប្រាស់សម្រាប់លក់ដំឡើងថ្លៃ និងកេងចំណេញដែលនាំឱ្យបាត់បង់ផលិតភាពប្រើប្រាស់ដី»។
លោកបានបន្តថា៖ «ទី២ ដើម្បីជំរុញការប្រើប្រាស់ដីធ្លីឱ្យបានសមស្របដើម្បីការអភិវឌ្ឍ,ទី៣ ដើម្បីបង្កើនសកម្មភាពសេដ្ឋកិច្ច និងកម្លាំងកាយ និងទី៤ ដើម្បីបង្កើនចំណូលពីពន្ធដើម្បីបង្កើនថវិកាសម្រាប់ចំណាយនៅថ្នាក់ក្រោមជាតិ»។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជាក៏បានបញ្ជាក់ដែរថា អ្នកដែលមានលទ្ធភាពទិញដីលើសពី ៥ ហិកតា ហើយទុកចោលមិនធ្វើអីគឺមានមិនច្រើនទេ ដូច្នេះប្រជាពលរដ្ឋទូទៅអាចរួចការបង់ពន្ធ ហើយដីលើសពី ៥ ហិកតា ក៏មានលក្ខខណ្ឌមួយចំនួនផងដែរដើម្បីអនុគ្រោះពន្ធ ដែលជារួមរដ្ឋាភិបាលមានគោលដៅ កុំឱ្យមានការទិញដីទុកចោលធំពេក។
លោក ហ៊ុន ម៉ាណែត បានបន្តថា សម្រាប់ដីធ្លីលើសពី ៥ ហិកតា ដែលមិនប្រើប្រាស់ រដ្ឋពិចារណាអនុគ្រោះពន្ធសម្រាប់ដីដែលប្រើប្រាស់ក្នុងការដាំដុះដីដែលជួលបង្កើតជារោងចក្រ សហគ្រាស ដីមានសំណង់ ឬគ្មានសំណង់ស្ថិតក្រោមកិច្ចសន្យាជួល។ ដីដែលជាកម្មសិទ្ធិរបស់រដ្ឋ ដែលបានជួល,ដីក្នុងតំបន់សេដ្ឋកិច្ចពិសេស,ដីធ្លីរបស់សហគមន៍,ដីសម្បទានរបស់រដ្ឋសម្រាប់ជួល, ដីដែលបានចុះបញ្ជីក្នុងវិស័យអប់រំ ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងសិក្សាធិការជាដើម ពោលគឺជាដីដែលត្រូវបម្រើសកម្មភាពសេដ្ឋកិច្ច។
លោកបានមានប្រសាសន៍ថា៖«កុំឱ្យដីធ្លីនៅកម្ពុជាយើងទុកចោល គឺយើងត្រូវជំរុញឱ្យដីធ្លីទាញយកផល-ប្រយោជន៍ និងចំណូលសម្រាប់ប្រជាពលរដ្ឋ ដើម្បីប្រយោជន៍សេដ្ឋកិច្ច»។
ជុំវិញវិស័យពន្ធដារនេះ លោកនាយករដ្ឋមន្ត្រី បានបញ្ជាក់ជាថ្មីថា រដ្ឋាភិបាលអាណត្តិទី៧ មិនមានការបង្កើតប្រភេទពន្ធថ្មីឡើយ ហើយប្រភេទពន្ធដែលមានស្រាប់ក៏មិនមានការដំឡើងអត្រាពន្ធដែរ។ កន្លងមក រដ្ឋាភិបាលអាណត្តិមុនៗ បានសម្រេចលុបចោលជាបន្តបន្ទាប់នូវប្រភេទពន្ធមួយចំនួនផងដែរ។ ក្នុងនោះមានពន្ធសត្តឃាត, ពន្ធលើរបបម៉ៅការ, ពន្ធតែមប្រេងសារពើភណ្ឌ,លើលិខិតរដ្ឋបាល,លិខិតតុលាការ និងឯកសារអត្រានុកូលដ្ឋាន, ពន្ធលើមធ្យោបាយដឹកជញ្ជូនទោចក្រយានយន្ដ, ត្រីចក្រយានយន្ដ ត្រាក់ទ័រ និងគ្រឿងយន្ដប្រហាក់ប្រហែល និងជលយានយន្ដ ដែលមានកម្លាំងដល់១៥០សេះ ព្រមទាំងពន្ធប្រថាប់ត្រាលើលិខិតបង្កើតក្រុមហ៊ុនជាដើម។
ទាក់ទងនឹងបញ្ហានេះ លោក ង៉ែត ជូរ អ្នកស្រាវជ្រាវផ្នែកសេដ្ឋកិច្ច បានថ្លែងថា វិធានការថ្មីរបស់រដ្ឋាភិបាលលើពន្ធដីធ្លីមិនប្រើប្រាស់នេះជារឿងល្អ ខណៈកន្លងមក ប្រភេទដីទំហំតូចក៏ជាប់ពន្ធដែរ ហើយចំណាត់ការនេះជាការជំរុញសកម្មភាពសេដ្ឋកិច្ច ដូចជា សំណង់ កសិកម្ម ឧស្សាហកម្ម ជាដើមជាជាងទុកដីចោល ហើយអាចផ្តល់ប្រយោជន៍ដល់រដ្ឋដែលជួយបង្កើនការប្រមូលពន្ធ។
លោកបានបន្តថា៖ «នៅក្នុងស្រុកខ្មែរមិនពិបាកទេ អ្នកដែលមានដីលើសពី៥ហិកតា អាចយកដីទៅធ្វើកសិកម្មដាំដើមឈើផ្សេងៗទាញយកផលផ្សេងៗដាំដំណាំផ្សេងៗដែលវាមិនមែនជាបញ្ហាអ្វីទេក្នុងការប្រើប្រាស់ដី»។
លោកបានបន្ថែមថា អ្នកដែលមានលទ្ធភាពក្នុងការវិនិយោគដីធ្លីលើសពី៥ហិកតា មានសមត្ថភាពគ្រប់គ្រាន់ និងភាពឆ្លាតវៃក្នុងការប្រើប្រាស់ដីធ្លី ដែលអាចច្នៃទៅជាដីកសិកម្ម ដីឧស្សាហកម្មជាដើម ហើយលោកសំណូមពរឱ្យមានការអនុវត្តយន្តការនេះឱ្យច្បាស់លាស់ ចៀសវាងការយកពន្ធត្រួតស៊ីគ្នា។
សម្រាប់លោក ឯម សុវណ្ណារ៉ា សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ បានគាំទ្រវិធានរបស់ប្រមុខរាជរដ្ឋាភិ-បាលលើពន្ធដីធ្លីមិនប្រើប្រាស់នេះ ដើម្បីកុំឱ្យមានការទុកដីចោលច្រើន ជាការខាតបង់សេដ្ឋកិច្ចជាតិ និងដើម្បីកៀរគរចំណូលជាតិផង និងបង្កើនចង្វាក់ផលិតកម្មផង ដែលទាមទាររដ្ឋាភិបាលដាក់ចេញគោលនយោបាយលើបញ្ហានេះ តួយ៉ាងការដាក់ចេញវិស័យអាទិភាពក្នុងការប្រើប្រាស់ដីធ្លី។
លោកបានថ្លែងថា៖«សម្រាប់អ្នកមានដីធ្លីលើសពី ៥ ហិកតា ដើម្បីកុំឱ្យបង់ពន្ធហ្នឹង តើពួកគាត់គួររកស៊ីវិស័យអី?រដ្ឋាភិបាល គួរជួយសម្របសម្រួលជាមួយម្ចាស់ដី ដើម្បីដាក់ចេញវិស័យអាទិភាពណាមួយ ឬលើកទឹកចិត្តម្ចាស់ដីជាមួយការអនុគ្រោះណាមួយដើម្បីទទួលបានលទ្ធផលខ្ពស់ ដើម្បីបង្ការកុំឱ្យម្ចាស់ដីប្រើប្រាស់ដីធ្លីផ្តេសផ្តាសដើម្បីគេចពីការបង់ពន្ធ»។
លើសពីនេះទៀត លោកបានស្នើឱ្យរដ្ឋាភិបាល ពិនិត្យលើទំហំដីធ្លីតិចជាង ៥ ហិកតា ដូចជា៣ ឬ ៤ ហិកតា ដែលនៅតែមានទំហំធំសម្រាប់ភូមិសាស្ត្រមួយចំនួន តួយ៉ាងទីប្រជុំជនឬនៅក្នុងក្រុងឬនៅតំបន់ពាណិជ្ជកម្ម ដែលអាចបម្រើសក្តានុពលសេដ្ឋកិច្ចបាន ដែលរដ្ឋគួរមានការកំណត់ទំហំ ឬលក្ខខណ្ឌផ្សេងសម្រាប់តំបន់ទាំងនេះ៕