ភ្នំពេញ: នៅក្នុង​សាច់រឿង «Expend4bles» វគ្គ​​ ៤ បន្ដ​បង្ហាញ​ឈុត​ឆាក​បាញ់ប្រហារ និង​វាយតប់ មិន​ចាញ់​វគ្គ​មុនៗ​ឡើយ​។ ក្រុម​បេស​ក​កម្ម​ដែល​ដឹកនាំ​ដោយ​អ្នកក្លាហាន ដូចជា Barney Ross និង Lee Christmas បាន​ប្រជែង​គ្នា​នឹង​ពេល​វេលា​ ដើម្បី​រារាំង​ការគំរាមកំហែង​នុយ​ក្លេ​អ៊ែរ​ដែល​បានរៀបចំ​ឡើង​ដោយ​ភេរវ​ករ​ដែលមាន​កូដ​ឈ្មោះ Ocelot​។​


ក្នុងចំណោម​សមាជិក​ថ្មី គឺជា​តួអង្គ​ដែល​ជីវិត​ពិត​គឺ​គួរឱ្យ​ចាប់អារម្មណ៍​ដូចនឹង​សកម្មភាព​សម្ដែង គឺ​លោក​ ណុប ដា​រ៉ែ​ន ជា​តួអង្គ​លេង​ក្បាច់គុន បាន​សម្ដែង​ជា​សេនា​ដៃស្ដាំ​របស់​តួ​អាក្រក់​។ 

​លោក ​ដា​រ៉ែ​ន បាន​និយាយថា​៖ «​នៅក្នុង​រឿង «Expendables 4» ខ្ញុំ​លេង​ជា​តួអង្គ​បាញ់ និង​វាយតប់ ដោយ​មិនបាន​ធ្វើជា​អ្នក​បង្វឹក​ក្បាច់គុន​នោះទេ​។ ផលិតករ​ភាពយន្ត​នេះ​បាន​ជួល​ក្រុម​​បង្វឹក​ក្បាច់គុន​ជន​ជាតិចិន​សម្រាប់​សក​ម្ម​ភាព​វាយតប់​។ អ្នកដឹកនាំ​បានស្នើ​សុំឱ្យ​ខ្ញុំ​ថត​ឈុត​ឆាកប្រយុទ្ធ​ដោយ​ខ្លួនឯង​»​។


ក្លាយជា​តួ​សម្ដែង និង​អ្នក​​ប្រយុទ្ធ​ក្នុង​សាច់​រឿងនេះ​ពិតជា​មានការ​​លំបាក​ច្រើន ដោយ​លោក​បាន​និយាយថា ក្នុង​រយៈពេល​ត្រៀមខ្លួន​ត្រឹមតែ ១ ​ខែ​ប៉ុណ្ណោះ លោក​ចាប់ផ្ដើម​ថត​ឈុត​ឆាក​វាយតប់ និង​បាញ់ប្រហារ ដោយបាន​ចូលរួម​ជាមួយ​បងប្រុស​ជា​តួអង្គ​ជំនួស ឈ្មោះ លោក ណុប ដា​វីដ​។

​លោក​ ដា​រ៉ែ​ន​ បាន​និយាយថា​៖ «​លោក តូ​នី ចា និង​ខ្ញុំ​បាន​ថត​ឈុត​វាយតប់​គ្នា ដោយ​ធានាថា យើង​មិន​ចម្លង​ស្ទីល​ដូចគ្នា​នៃ​ក្បាច់គុន​មួយ​ថៃ និង​ល្បុក្កតោ​នោះទេ​។ ខ្ញុំ​បាន​បំប្លែង​ក្បាច់គុន​ចម្រុះ​មួយចំនួន​»​។​


ការខិតខំ​របស់លោក​ដំណើរការ​ទៅ​យ៉ាង​រលូន​ជាមួយ​សកម្មភាព​សម្ដែង​ប្រើប្រាស់​កាំភ្លើង និង​ការរត់​ប្រដេញ​វាយតប់​គ្នា ក៏ដូចជា ការដេញ​បាញ់​តួអង្គ​របស់ Jason Statham​។ តួ​សម្តែង​សំខាន់​នៃ​រឿង «Expend4bles «​មាន​តារា​ល្បីៗ រួមមាន Jason Statham, Sylvester Stallone, Dolph Lundgren, Randy Couture, Curtis "50 Cent" Jackson, Megan Fox, Tony Jaa, Iko Uwais, Jacob Scipio, Levy Tran, Andy García និង Nop Daren​។​

រូបថត ណុប ដា​រ៉ែ​ន

​ពួកគេ​មាន​សញ្ជាតិ​ខុសៗ​គ្នា​ចាប់ពី​អង់គ្លេស អាមេរិក ស៊ុយអែត ថៃ ឥណ្ឌូ​នេ​ស៊ី និង​កម្ពុជា ក៏ដូចជា​កូនកាត់​​អាមេរិក វៀតណាម យ៉ាងហោចណាស់​ ៦​ សញ្ជាតិ​ផ្សេងគ្នា​។​

កូន​ខ្មែរ​ដែល​ប្រសូត​នៅ​ប្រទេស​បារាំង ក្រោយ​ឪពុកម្ដាយ​រត់​ភៀសខ្លួន​ពី​សង្គ្រាម​រូបនេះ ក៏មាន​ឈុត​ខ្លះ​សម្ដែង​ដោយផ្ទាល់​ជាមួយ​កំពូល​តារាភាពយន្ដ រួមទាំង Sylvester Stallone, Jason Statham និង Dolph Lundgren នៅក្នុង​ខ្សែភាពយន្ត​នៅពេល​លោក​ចូលក្នុង​គុក ដែល​ពួកគេ​ទាំងនោះ​នៅ​ឈរ​ពីមុខ​របស់លោក​។ បន្ទាប់មក​លោក​បាន​ប្រយុទ្ធ​គ្នា​ជាមួយ Jason Statham មុនពេល Statham សម្លាប់​លោក​។​

​លោក ដា​រ៉ែ​ន បាន​និយាយថា លោក​ចូលចិត្ត​រឿង​នោះ​ពេល​លោក​កំពុង​ដេញ​បាញ់​លោក Jason Statham​។ 

​យ៉ាងណាមិញ លោក​បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្ដិ៍​ថា​៖ «​ខ្ញុំ​ពិតជា​សោកស្ដាយ​ណាស់​នៅពេលដែល​ភាពយន្ត​នេះ​ចេញមក ដោយសារតែ​ពួកគេ​បាន​កាត់​ឈុត​សម្តែង​ជាច្រើន​របស់ខ្ញុំ ដែលជា​ឈុត​​ឆាកប្រយុទ្ធ​ដ៏​ល្អ​»​។

ឈុត​ឆាកប្រយុទ្ធ​ជាមួយ​តួអង្គ​ថៃ លោក តូ​នី ចា និង​ការប្រយុទ្ធ​គ្នា​យ៉ាងសំខាន់​ជាមួយ Jason Statham ត្រូវបាន​កាត់ចោល ជាការ​សម្រេចចិត្ត​ដែល​ធ្វើឱ្យ​លោក ដា​រ៉ែ​ន ខកចិត្ត​យ៉ាងខ្លាំង​។ លោក​បានឱ្យដឹងថា ភាពយន្ត​នេះ​ចេញមក​ក្នុង​ពេលវេលា​ដ៏​អាក្រក់ ដោយសារ​តែមាន​វិបត្ដិ​នៅក្នុង​ឧស្សាហកម្ម​ភាពយន្ត​ដែល​លោក​មិនទាន់​ទទួលបាន​ឱកាស​ណាមួយ​នៅឡើយ​។​

​លោក​ប្រាថ្នា​ថា លោក​នឹង​ត្រូវបាន​អញ្ជើញ​ឱ្យ​សម្ដែង​ជា​តួ​ក្នុង​គម្រោង​ផ្សេងៗ​ទៀត ព្រោះ​លោក​ចង់​ក្លាយជា Action Actor ច្រើនជាង​គ្រាន់តែ​ជា​អ្នក​សម្ដែង​ធម្មតា ឬ​អ្នក​ក្បាច់​រាំ​។ លោក​និយាយថា​៖ «​បំណង​​ប្រាថ្នា​របស់ខ្ញុំ​គឺ​ចង់​ក្លាយជា​តារា​លេង​ក្បាច់គុន​បារាំង​​កម្ពុ​ជាទី​ ១»​។​

​ចំពោះ​អាជីព​លើ​វិថី​សិល្បៈ​របស់​តួ​សម្ដែង​ក្បាច់គុន​វ័យ ៣៧​ ឆ្នាំ​រូបនេះ លោក​បាន​អរគុណ​ដល់​ប្រធាន​ក្រុម​អ្នក​​បង្វឹក​ក្បាច់គុន និង​តួ​ជំនួស​របស់ ឈិន ឡុង គឺ​លោក Brad Allan​។ ភាពជឿ​ជាក់​របស់លោក Allan លើ​លោក ដា​រ៉ែ​ន បានផ្តល់​ឱ្យ​លោក​នូវ​ឱកាស​ជាច្រើន​នៅក្នុង​ឧស្សាហ​កម្មនេះ ដែល​កំណត់​ទិសដៅ​នៃ​អាជីព​សិល្បៈ​សម្ដែង​នេះ​។​

​លោក ដា​រ៉ែ​ន​ ថ្លែងថា​៖ «​បងធំ​របស់ខ្ញុំ​... គាត់​គឺជា​បុរស​ដែល​ទុកចិត្ត​ខ្ញុំ ហើយ​ផ្តល់ឱកាស​ជាច្រើន​ដល់​ខ្ញុំ​។ គាត់​ដូច​ជា​បងធំ​ដែល​ខ្ញុំ​មិនដែល​មាន​ទេ​»​។​

ចាប់តាំងពី​ពេលនោះ លោក​បានបង្ហាញ​ទេពកោសល្យ​នៅក្នុង​រឿង «John Wick 4» និង​ជា​អ្នករៀបចំ​ការប្រយុទ្ធ​នៅក្នុង​ភាពយន្ដ​ភាគ «Star Wars: Acolyte»​។ ពេល​សម្លឹង​ឆ្ពោះទៅមុខ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​នាពេលខាងមុខ លោក ដា​រ៉ែ​ន តែងតែមាន​ក្តីសង្ឃឹម​ក្នុងការ​ធ្វើឱ្យ​បេតិកភណ្ឌ​កម្ពុជា​ប្រកបដោយ​មោទនភាព និង​មហិច្ឆតា​រះ​លើ​វិថី​ហូលីវូដ​។​

រូបថត ណុប ដា​រ៉ែ​ន

លោក ដា​រ៉ែ​ន បាន​ថ្លែងអំណរគុណ​ចំពោះ​អ្នកគាំទ្រ​ដោយ​ជំរុញ​ឱ្យ​ពួកគេ​ទៅ​ទស្សនា​រឿង «Expend4bles» និង​កោតសរសើរ​ចំពោះ​ការខិតខំ​ប្រឹង​ប្រែង​ដែល​លោក​បាន​ចូលរួមចំណែក​ក្នុង​ភាពយន្ដ​នេះ ទោះបីជា​ឈុត​ឆាក​ជាច្រើន​ត្រូវបាន​កាត់​ក៏ដោយ​។ 

​លោក​និយាយថា​៖ «​ខ្ញុំ​គ្រាន់តែ​ចង់​និយាយថា Enjoy the movie ហើយ​ខ្ញុំ​សង្ឃឹមថា អ្នក​រាល់គ្នា​នឹង​ចូលចិត្ត​រឿង​ខ្ញុំ​សម្ដែង​។ ខ្ញុំ​ចង់​និយាយថា អរគុណ​ដែល​បន្ត​គាំទ្រ​ខ្ញុំ​»​។

ដំណើរ​របស់លោក​ពី​កូន​របស់​ឪពុកម្តាយ​ជនភៀសខ្លួន​នៅ​ទីក្រុង​ប៉ារីស​ទៅជា​តារា​សម្ដែង​លំដាប់​ហូលីវូដ មិន​ត្រឹមតែ​ជា​ជោគជ័យ​ផ្ទាល់ខ្លួន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​ជាស​ញ្ញា​នៃ​ការ​បំផុសគំនិត​ឱ្យ​កូន​ខ្មែរ​ដទៃទៀត​ហ៊ាន​បង្ហាញ​ទេពកោសល្យ​របស់ខ្លួន​ផងដែរ​៕