ភ្នំពេញៈ អង្គការ​​យូ​ណេស្កូ និង​​ក្រសួង​​វប្បធម៌​ ​និង​វិចិត្រ​សិល្បៈ​បាន​​រៀប​ចំ​​សិក្ខាសាលា​​ស្តី​ពី​​ការ​​ត្រៀម​លក្ខណៈ​​សង្គ្រោះ​​បន្ទាន់​​សម្បត្តិ​​​បេតិកភណ្ឌ​​វប្បធម៌​​ក្រោម​ទឹក​​ ក្នុង​​តំបន់​​អាស៊ី​​អាគ្នេយ៍ដោយ​មាន​​ការ​​គាំ​ទ្រ​​​ពី​មូលនិធិ​សង្គ្រោះ​​បេតិកភណ្ឌ​យូ​ណេស្កូ (​H​E​F​) ​និង​លេខាធិការដ្ឋាន​​អង្គការ​យូ​ណេស្កូកាល​ពី​ចុង​ខែ​តុលា កន្លងទៅ​។


សិក្ខាសាលា​នេះ​ត្រូវ​បាន​រៀប​ចំ​ឡើង​នៅ​ខេត្ត​សៀមរាប ចាប់​ពី​ថ្ងៃ​ទី​ ២៥ ដល់​ថ្ងៃ​ទី​ ២៨ ខែ​តុលា ដោយ​មាន​កា​រ​ចូល​រួម​ពីអ្ន​ក​ធ្វើ​​គោល​​នយោបាយ​ ​អ្នក​ជំនាញ​​ផ្នែ​ក​​បេតិកភណ្ឌ​ ​និង​អ្នក​ពាក់ព័ន្ធ​ផ្នែក​បេតិកភណ្ឌ​វប្បធម៌​ក្រោមទឹក​ចំនួន​ ​៦​១​ ​នាក់​ ​មកពី​ប្រទេស​កម្ពុជា​ ​ឥណ្ឌូ​នេ​ស៊ី​ ​ឡាវ​ ​ម៉ាឡេស៊ី​ ​មី​យ៉ា​ន់​ម៉ា​ ​ហ្វីលីពីន​ ​សិង្ហបុរី​ ​ថៃ​ ​ទី​ម័​រ​ខាងកើត​ ​និង​វៀតណាម។ 

ប្រទេស​ទាំងនោះនឹង​ទទួល​បាន​បទពិសោធន៍​​ ​និង​ជំនាញ​ពី​អ្នកជំនាញ​មកពី​ប្រទេស​អូស្ត្រាលី​ ​កោះ​ហ្គាំ ​ហុង​គ្រី ​និង​ជប៉ុន​។​ នេះ​បើ​តាម​ការផ្សព្វផ្សាយ​របស់​អង្គការ​យូ​ណេស្កូ​ប្រចាំ​កម្ពុជា​តាម​រយៈ​ហ្វេសប៊ុក​ កាលពី​ថ្ងៃ​ទី​ ១៣ ខែ​វិច្ឆិកា​ ឆ្នាំ ២០២៣​​។


​​​អង្គការយូណេស្កូប្រចាំកម្ពុជាបាន​លើកឡើងថា សិក្ខាសាលានេះមានការចូលរួមពី​​លោ​ក​ S​ar​d​ar​ U​mar​ ​A​l​am​ ​តំណាង​​អង្គការ​​យូ​ណេស្កូ​ប្រចាំ​​កម្ពុជា​ ​និង​​លោក ​ប្រាក់​ ​សូ​ណា​រ៉ា​ ​រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌​ ​និង​វិចិត្រ​សិល្បៈ។

​លោក​ S​ar​d​ar​ U​mar​ ​A​l​am​ ​បាន​​ថ្លែង​​ថា បញ្ហា​​ចម្បង​ដែល​សម្បត្តិ​បេតិកភណ្ឌវប្បធម៌​ក្រោម​ទឹក​​​ប្រឈម​​សព្វ​ថ្ងៃនេះ​ ​រួម​មានការ​​ប្រែ​ប្រួល​​អាកាស​ធាតុ​ ​ដូច្នេះ​តម្រូវ​ការ​សំខាន់​បំផុត​ក្នុងការ​​ដោះ​ស្រាយ​បញ្ហា​នេះ គឺ​​ត្រូ​វ​​ការ​​ពង្រឹង​ ការ​​ត្រៀម​​ខ្លួន​​​សម្រាប់​ការ​ពារ​​អភិ​រក្ស​បេតិកភណ្ឌ​វប្បធម៌​នៅ​ក្នុង​តំបន់​របស់ខ្លួន​។​


លោកបាន​​បញ្ជាក់​ថា​៖ «​វា​ចាំបាច់​ដែល​យើង​ត្រូវ​ពង្រឹង​ក្របខ័ណ្ឌ​គោល​នយោបាយ​របស់យើង​ ​វិនិយោគលើ​ធនធាន​ ​បង្កើន​សមត្ថភាពប្រតិបត្តិការ​ ​ជំរុញ​ការ​សម្របសម្រួល​ ​និង​លើក​ក​ម្ពស់​កិច្ច​សហប្រតិបត្តិការ​ក្នុង​តំបន់​ ​ដើម្បី​បង្កើន​ការការពារជារួមនៃបេតិកភណ្ឌទាំងអស់ និង​ជាពិសេស​បេតិកភណ្ឌ​វប្បធម៌​ក្រោមទឹក​»។​

លោក ​ប្រាក់​ ​សូ​ណា​រ៉ា ​រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌​ ​និង​វិចិត្រ​សិល្បៈ ក៏​​បាន​​ថ្លែងនាពេល​នោះ​ដែរ​​ថា ​សិក្ខា​សាលា​​នេះ​គឺ​ជា​​ឱកាស​​មួយ​ដើម្បី​ឆ្លុះបញ្ចាំង​ពី​ការ​បង្កើត​គំរូ​ក្នុង​អនុ​តំបន់​ ​និង​តំបន់​សម្រា​ប់​ការ​ពង្រឹង​ការ​ការពារ​បេតិកភណ្ឌ​វប្បធម៌​ ​និង​ជាពិសេស​បេតិកភណ្ឌ​វប្បធម៌​ក្រោមទឹក​ ​ដោយមាន​ការ​គាំទ្រ​ពី​អង្គការ​យូ​ណេស្កូ​។​ ​

លោក​ថ្លែង​ថា​៖ «​ភាព​​អស្ចារ្យ​​នៃ​​បេតិកភណ្ឌ​​ក្នុង​​តំបន់​​អាស៊ី​​អាគ្នេយ៍​ ​និង​​ការ​​គំរាម​កំហែង​​ដែល​​កំពុង​កើន​ឡើង​បាន​ជះ​ឥទ្ធិពល​ដល់​បេតិកភណ្ឌ​​ទាំង​នេះ​ ដូច្នេះ​ជា​ដំណោះ​ស្រាយ គឺ​តម្រូវ​ឱ្យ​មាន​កិច្ច​សហការ​ក្នុង​តំបន់ និងផែ​នការ​កាត់​បន្ថយ​ហានិភ័យ​គ្រោះ​មហន្តរាយ​»​។

បើ​តាម​អង្គការ​​យូ​ណេស្កូ តំបន់​អាស៊ី​អាគ្នេយ៍ គឺ​ជា​​ជម្រក​នៃ​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​ដ៏​សម្បូរ​បែប និង​ជា​កន្លែង​បុរាណ​វត្ថុ​វិទ្យា​ក្រោម​ទឹក​ជា​ច្រើន ដែល​ជា​ធន​ធាន​ដ៏មា​ន​តម្លៃ​សម្រាប់​អ្នក​ស្រាវ​ជ្រាវ ហើយ​ទទួល​បាន​ការ​កោត​សរសើរ​កាន់​តែ​ប្រសើរ​ឡើង​អំពី​វប្បធម៌ ប្រវត្តិ​សាស្ត្រ និ​ងវិទ្យាសាស្ត្រ​កាល​ពី​អតីត​កាល​ផង​ដែរ​៕