ភ្នំពេញៈ ព្រះរាជាណាចក្រ​កម្ពុជា និង​ព្រះរាជាណាចក្រ​អារ៉ាប៊ី សាអ៊ូឌីត បានបង្ហាញ​ពី​ឆន្ទៈ​រៀងៗ​ខ្លួន ក្នុងការ​រឹត​បន្តឹង​ចំណងមិត្តភាព តាមរយៈ​ការបន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហការ​រវាង​ប្រទេស​ទាំង​​ ២ ​ឱ្យ​កាន់តែ​ប្រសើរឡើង ដោយ​ផ្តោតជាសំខាន់​ដើម្បី​អភិវឌ្ឍ​វិស័យ​អប់រំ​បន្ថែមទៀត​។​


​ការលើកឡើង​របស់​ភា​គី​ទាំង ២ បាន​ធ្វើឡើង​ក្នុងជំនួប​ពិភាក្សា​ការងារ រវាង​លោក ហង់​ជួន ណា​រ៉ុ​ន ឧបនាយក​រដ្ឋ​មន្ត្រី រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា និង​លោក Mohammed Ismaeil A.Dahlwy ឯកអគ្គរាជទូត​នៃ​ព្រះរាជាណាចក្រអា​រ៉ាប៊ី សាអ៊ូឌីត ប្រចាំ​កម្ពុជា ដែលមាន​និវេសនដ្ឋាន​នៅ​ទី​ក្រុង​ហាណូយ កាលពី​ថ្ងៃទី​ ១៣ ខែវិច្ឆិកា ឆ្នាំ ​២០២៣​។​ 

​យោងតាម​ហ្វេ​ស​ប៊ុ​ក​ក្រសួង​អប់រំ ឯក​​អគ្គរាជទូត​អារ៉ាប៊ី សាអ៊ូឌីត ​ប្រចាំ​កម្ពុជា​លោក Mohammed IsmaeilA.Dahlwy បានបង្ហាញ​ពី​ឆន្ទៈ​ក្នុងការ​រឹត​បន្តឹង​ចំណងមិត្តភាព និង​កិច្ចសហការ​រវាង​ប្រទេស​ទាំង​ ២​ ឱ្យ​កាន់តែ​ប្រសើរ​បន្ថែមទៀត​។​


​លោក​បាន​អះអាងថា​៖ «​ទូត​អា​រ៉ា​ប៊ី ​សា​អ៊ូ​ឌី​ត បាន​និង​បន្ត​ផ្តល់ព័ត៌មាន​ពី​អាហារូបករណ៍​ជាច្រើន សម្រាប់​សិស្ស​និស្សិត​ខ្មែរ​ដែល​ចង់ទៅ​បន្ត​ការសិក្សា​នៅ​ព្រះរាជាណាចក្រអា​រ៉ាប៊ី សាអ៊ូឌីត»។​

​ឆ្លើយតប​នឹង​ការលើកឡើង​នេះដែរ​លោក ហង់​ជួន ណា​រ៉ុ​ន បាន​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​កិច្ច​សហ​​ប្រតិបត្តិការ​នានា របស់​ព្រះរាជា​ណា​ចក្រ​អារ៉ាប៊ី សាអ៊ូឌីត ដែល​បាន​ចូលរួមចំណែក​អភិវឌ្ឍ​ធនធានមនុស្ស​នៅ​កម្ពុជា​កន្លងមក​។​


​លោក​រដ្ឋមន្ត្រីបាន​ថ្លែងបន្តថា​៖ «​ក្រសួង​អប់រំ​រីករាយ​បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​នេះ​ឱ្យ​កាន់​តែ​ប្រសើរឡើង​ឈានទៅ​សម្រេច​គោល​ដៅ​ជាច្រើន​បន្ថែមទៀត ពិសេស​លើ​វិស័យ​អប់រំ​នៅ​កម្ពុជា​នាពេលខាងមុខ​»​។​

​លោក គង់ សំនៀង ប្រធាន​សហព័ន្ធ​សេវា​អប់រំ​កម្ពុជា បាន​ថ្លែង​នៅ​ថ្ងៃទី​ ១៤ ខែវិច្ឆិកា ថា ប្រសិនបើ​អារ៉ាប៊ី សាអ៊ូឌីត ជួយ​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទៅលើ​វិស័យ​អប់រំ​កម្ពុជា​តាំង​នាម​ឱ្យ​វិស័យ​អប់រំ​ឯកជន​លោក​ពិតជា​សប្បាយរីករាយ ខណៈ​គ្រប់គ្នា​ដឹង​ហើយ​ថា អារ៉ាប៊ីសាអ៊ូឌីត ជា​ប្រទេស​ដែលមាន​ប្រព័ន្ធ​អប់រំ និង​ភាព​រីកចម្រើន​នៃ​បច្ចេក​​វិទ្យា​ខ្លាំង​។​

​លោក គង់ សំនៀង ថ្លែងបន្តថា​៖ «​កាលណា​ប្រទេស​ ១​ ខ្លាំង គឺ​គេ​មាន​ភាព​រីកចម្រើន​ខ្លាំង​លើ​ប្រព័ន្ធ​អប់រំ និង​គុណ​ភាព​អប់រំ កាន់​តែមាន​ស្តង់ដា​ខ្ពស់ ហើយ​អារ៉ាប៊ី សាអ៊ូឌីត គឺជា​ប្រទេស ​១ ​ដែល​បាន​យកចិត្តទុកដាក់ និង​អភិវឌ្ឍ​កម្មវិធីសិក្សា​ជាប់​ប្រចាំ​»​។​

​លោក គង់ សំនៀង ថ្លែងថា គម្រោង​នេះ​នឹង​កើតឡើង ហើយ​ផ្តល់​ផល​ច្រើន​ទៅដល់​ប្រជាជន​កម្ពុជា​បាន​ច្រើន ហើយ​លោក​ក៏​សូមឱ្យ​ការផ្តល់​អាហា​រូប​​ករ​ណ៍​ណាមួយ​ពី​អារ៉ាប៊ី សាអ៊ូឌីត ត្រូវ​បែងចែក​ឱ្យមាន​តម្លាភាព​ទៅដល់​សិស្ស​និស្សិត​ទាំង​ទីក្រុង និង​ជនបទ​អាចមាន​ឱកាស​សិក្សា​រៀនសូត្រ​ពី​ប្រទេស​ជឿនលឿន​នេះ​ឱ្យ​ក្លាយជា​ធនធានមនុស្ស​នាពេល​អនាគត​។​

​សូម​រំឭក​ដែរ​ថា ក្នុង​កិច្ចប្រជុំ​អាស៊ាន​ក្រុមប្រឹក្សា​សហប្រតិបត្តិការ​មហា​ឈូង​សមុទ្រ​នា​ប្រទេស​អារ៉ាប៊ី សាអ៊ូឌីត កាលពី​ថ្ងៃទី​ ២០ ខែតុលា កន្លងទៅ​ថ្មីៗ​នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត និង​ជាមួយ​ព្រះអង្គម្ចាស់ Mohammed Bin Salman Bin Abdulaziz Al Saud រជ្ជទាយាទ និង​ជា​នាយក​រដ្ឋ​មន្ត្រី នៃ​ព្រះរាជាណាចក្រអា​រ៉ា​ប៊ី​សា​អ៊ូ​​ឌី​ត បាន​ប្តេជ្ញាចិត្ត​រួមគ្នា​ក្នុងការ​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​ទ្វេភាគី បន្ថែមទៀត​ផងដែរ។​

​ក្នុងនោះ ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំង ២ ក៏បាន​ឯកភាព​លើ​ទិសដៅ​នៃ​ការបង្កើត​យន្តការ​ទ្វេភាគី ដើម្បី​ពិភាក្សា​អំពី​កិច្ចសហ​ប្រតិបត្តិការ​លើ​វិស័យ​សក្តានុពល​មួយចំនួន ដូចជា វិស័យ​ពាណិជ្ជ​​កម្ម  ​វិស័យ​វិនិយោគ វិស័យ​អប់រំ និង​កី​ទ្បា វិស័យ​សុខាភិបាល និង​វិស័យ​គមនាគមន៍​ជាដើម៕​