ភ្នំពេញៈ ក្នុងវេទិកាសេដ្ឋកិច្ចនៅប្រទេសចិន មន្ត្រីជាន់ខ្ពស់កម្ពុជាលើកឡើងថា ការវិនិយោគរបស់ចិនទៅលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា បានរួមចំណែកធ្វើឱ្យប្រសើរឡើងនូវការប្រកួតប្រជែងរបស់កម្ពុជាក្នុងការទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស (FDI) ជាពិសេសក្នុងវិស័យផលិតកម្ម។
លោក សុក ស៊ីផាន់ណា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេសបានដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំកំពូលសេដ្ឋកិច្ច និងបច្ចេកវិទ្យាចិនសកល កាលពីថ្ងៃទី ៦-៧ ខែវិច្ឆិកា នៅទីក្រុងសិនជិន ប្រទេសចិន ក្រោមប្រធានបទ «ការបង្កើនអានុភាពនៃកំណើន បច្ចេកវិទ្យា និងវិបុលភាពក្នុងតំបន់»។
សេចក្តីប្រកាសព័ត៌មានខុទ្ទកាល័យរបស់លោកបញ្ជាក់ថា៖ «ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិតសភាចារ្យទេសរដ្ឋមន្ដ្រី [លោក សុក ស៊ីផាន់ណា] ក៏បានលើកឡើងពីការវិនិយោគសំខាន់ៗរបស់ប្រទេសចិនក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តរបស់កម្ពុជាដែលរួមចំណែកធ្វើឱ្យប្រសើរឡើងនូវការប្រកួតប្រជែងរបស់កម្ពុជាក្នុងការទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស (FDI) ជាពិសេសនៅក្នុងវិស័យផលិតកម្ម។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងអាសិប បានផ្លាស់ប្ដូរទិដ្ឋភាពពាណិជ្ជកម្មរបស់កម្ពុជាយ៉ាងខ្លាំង ដោយផ្ដល់នូវទីផ្សារថ្មីសម្រាប់ផលិតផលកសិកម្មនិងទំនិញរបស់កម្ពុជា»។
ក្នុងកិច្ចពិភាក្សាស្តីពី «បញ្ហាប្រឈមនៃភូមិសាស្ត្រយុទ្ធសាស្ត្រនិងភូមិសាស្ត្រសេដ្ឋកិច្ច ដែលកំពុងជួបប្រទះនៅក្នុងពិភពលោកពហុប៉ូលថ្មី៖ តួនាទីរបស់ប្រទេសចិន និងអាស៊ី» លោកសុក ស៊ីផាន់ណា បានគូសបញ្ជាក់ពីការផ្លាស់ប្ដូរសណ្តាប់ធ្នាប់ពិភពលោក និងភាពចាំបាច់នៃប្រព័ន្ធពហុភាគីនិយម ក្នុងការដោះស្រាយបញ្ហាប្រឈមសកលនៃសតវត្សរ៍ទី ២១។
លោកបានបញ្ជាក់ថា បច្ចុប្បន្ន ក្រុមប្រទេស BRICS បានក្លាយជាមហាអំណាចសេដ្ឋកិច្ចជាយុទ្ធសាស្ត្រនៅក្នុងពិភពលោកពហុប៉ូល ដែលធ្វើឱ្យចិនក្លាយជាទីផ្សារសេដ្ឋកិច្ចដ៏សំខាន់របស់ពិភពលោក។
ក្នុងកិច្ចប្រជុំនេះ លោក សុក ស៊ីផាន់ណា បានបញ្ជាក់អំពីការវិវឌ្ឍជាច្រើនទសវត្សរ៍នៃទំនាក់ទំនងរវាងប្រទេសចិនជាមួយអាស៊ានដែលក្នុងឆ្នាំ ២០០៣ ប្រទេសជាសមាជិក បានលើកកម្ពស់ទំនាក់ទំនងរបស់ពួកគេទៅជាភាពជាដៃគូយុទ្ធសាស្ត្រ ដែលនាំឱ្យមានសមាហរណកម្ម សេដ្ឋកិច្ចកាន់តែស៊ីជម្រៅ ការពង្រឹងនៃការតភ្ជាប់ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនទៀត ជាពិសេសតាមរយៈគំនិតផ្ដួចផ្ដើមខ្សែក្រវាត់មួយផ្លូវមួយ (BRI) និងផែនការមេស្តីពីការតភ្ជាប់អាស៊ាន។
កិច្ចប្រជុំកំពូលនេះមានគោលបំណងជំរុញកាលានុវត្តភាពសេដ្ឋកិច្ច និងពាណិជ្ជកម្មក្នុងចំណោមប្រទេសជាសមាជិក នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (អាសិប) និងផ្តោតលើកិច្ចពិភាក្សាទាក់ទងនឹងសក្តានុពលរបស់ក្រុមប្រទេស BRICS ដែល អាចក្លាយជាកម្លាំងសេដ្ឋកិច្ចដ៏មានឥទ្ធិពលនៅក្នុងពិភពលោកពហុប៉ូល និងបានស្វែងយល់បន្ថែមអំពីតួនាទីចិនក្នុងការផ្លាស់ប្តូរអំណាចសកល។
កិច្ចប្រជុំកំពូលនេះក៏បានផ្តោតទៅលើសារៈសំខាន់នៃថាមពលបៃតងក្នុងការជំរុញវឌ្ឍនភាពបច្ចេកវិទ្យាសម្រាប់ពង្រឹងនិរន្តរភាព ដែលក្នុងនោះរួមមានការអភិវឌ្ឍទីក្រុងឆ្លាតវៃ និងការដឹកជញ្ជូនដែលមិនប៉ះពាល់ដល់បរិស្ថាន។
កិច្ចប្រជុំក៏បានស្វែងយល់ពីឥទ្ធិពលនៃការប្រែប្រួលសេដ្ឋកិច្ចឌីជីថលទៅលើដំណើរការរបស់រាជរដ្ឋាភិបាល និងអាជីវកម្ម ព្រមទាំងដំណើរការនៃឌីជីថលូបនីយកម្មដែលជះឥទ្ធិពលទៅលើទីផ្សារដែលកំពុងរីកចម្រើន។
កិច្ចប្រជុំកំពូលក៏បានពិនិត្យលើការរួមចំណែករបស់ប្រជាជនចិនដែលរស់នៅជុំវិញពិភពលោកទៅលើភាពជាសហគ្រិន តួនាទីរបស់ពួកគេក្នុងការជំរុញកិច្ចសហការថ្មី និងកត្តាជោគជ័យសំខាន់ៗទៀតនៅក្នុងសហគមន៍ដ៏រស់រវើកមួយនេះ។
អំឡុងពេលកិច្ចប្រជុំកំពូលនេះ លោក សុក ស៊ីផាន់ណា មានកិច្ចប្រជុំទ្វេភាគីដាច់ដោយឡែកចំនួន ៥ ជាមួយតំណាងនៃសមាគមធុរកិច្ចចិន-អាស៊ាន (CABA) ក្រុមហ៊ុន Shui On Group ក្រុមហ៊ុនពិគ្រោះយោបល់ Gao Feng វិទ្យាស្ថានអភិវឌ្ឍន៍ចិន និងបណ្តាញព័ត៌មាន China Daily Asia Pacific។ កិច្ចប្រជុំទ្វេភាគីទាំង ៥ នេះបានផ្ដោតលើមធ្យោបាយជំរុញកាលានុវត្តភាពវិនិយោគ និងពាណិជ្ជកម្មរវាងកម្ពុជា ចិន និងហុងកុង។
កិច្ចប្រជុំកំពូលនេះ ត្រូវបានសហការរៀបចំដោយវិទ្យាស្ថានអភិវឌ្ឍន៍ចិននៃទីក្រុងសិនជិន និងវិទ្យាស្ថានយុទ្ធសាស្ត្រ KSI ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក និងមានចូលរួមពីឥស្សរជនជាន់ខ្ពស់នៃប្រទេសម៉ាឡេស៊ី និងចិន រួមទាំងសហគ្រិន ក្រុមអ្នកស្រាវជ្រាវ ក្រុមអ្នកជំនាញបច្ចេកវិទ្យា និងតំណាងអង្គការអន្តរជាតិ និងក្នុងតំបន់ មកពីហុងកុង ឥណ្ឌូនេស៊ី ថៃ មីយ៉ាន់ម៉ា អូស្ត្រាលី និងកាណាដា ក៏ដូចជាភ្ញៀវកិត្តិយសពីប្រទេសចិន និងបណ្តាប្រទេសជាសមាជិកអាស៊ានសរុបប្រមាណជាង ៤០០ នាក់៕