ភ្នំពេញៈ ​ក្រសួងកសិកម្ម រុក្ខា​ ប្រមាញ់ និង​នេសាទ​បាន​ចុះ​ហត្ថ​​លេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ជាមួយ​ធនាគារ​វី​ង ដើម្បី​ជួយ​កសិករ សហគមន៍ ​និង​អ្នកជំនួញ​ក្នុង​វិស័យ​កសិកម្ម សំដៅ​លើកកម្ពស់​កម្លាំង​ថាមពល ក្នុង​ការជួយ​ជំរុញ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ឱ្យបាន​មួយកម្រិត​ទៀត​តាមរយៈ​ការផ្តល់ជូន​ឥណទាន ដែលមាន​ការប្រាក់​ទាប​បំផុត​មិន​ធ្លាប់មាន​។ កម្មវិធី​នេះ​បានធ្វើ​ឡើង​នៅ​ទីស្តីការ​ក្រសួងកសិកម្ម អគារ​ផ្ការំដួល សាល​សែន​ពិដោរ នៅ​រសៀល​ថ្ងៃទី​ ​១៤ ខែវិច្ឆិកា។ 

​លោក​ ឌិ​ត ទីណា រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ថ្លែងថា ធនាគារ​វី​ង​មានការ​យោគ​យល់​ក្នុង​ការជួយ​ដល់​ប្រជាកសិករ និង​សហគមន៍ ដោយ​រៀបចំ​ឱ្យមាន​ការផ្តល់ជូន​ឥណទាន​ដែលមាន​ការប្រាក់​ទាប​ចន្លោះ​រង្វង់​ពី​ ៧ ទៅ​ ៨ ភាគរយ​ក្នុង​ ១ ឆ្នាំ ដោយ​មិន​គិតពី​សេវា​កម្រៃ​ផ្សេងៗ​អ្វី​ទាំងអស់ ហើយ​កញ្ចប់​ដែល​
​ធនាគារ​វី​ង​បាន​ផ្តល់ជូន​សម្រាប់​កម្ចី​ឥណទាន​ក្នុង​ជំហាន​ដំបូង​នេះ​មាន​ថវិកា ៥ ​លាន​ដុល្លារ​ស​ហ​រដ្ឋ​អាមេរិក​។​


​លោក​ថ្លែងថា​៖ «​ក្នុង​កញ្ចប់​ថវិកា ​៥ ​លាន​ដុល្លារ ​ដែល​ធនាគារ​វី​ង​បានដាក់​នៅក្នុង​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​នេះ កម្រិត​ត្រឹមតែ​ ៧ ​ទៅ ​៨ ​ភាគរយ​ក្នុង​ ១​ ឆ្នាំ គឺជា​ការផ្តល់​សម្បទាន​មួយ​យ៉ាង​ធំ​។ ខ្ញុំ​សង្ឃឹមថា ក្នុងថ្ងៃនេះ នឹង​បើក​នូវ​ទំព័រ​ប្រវត្តិសាស្ត្រ​ថ្មី ដើម្បីឱ្យ​សហគ្រាស​មីក្រូហិរញ្ញវត្ថុ ឬ​ធនាគារ​ផ្សេងៗ​ទៀត​អាច​គិតគូរ​ពិចារណា​ក្នុង​ការដើរតាម​គំរូ​ធនាគារ​វី​ង​នេះ ក្នុង​ការជួយជ្រោមជ្រែង​ដល់​កសិករ​យើង​និង​សហគ្រាស​ថែមទៀត»។ 

លោក​រដ្ឋមន្ត្រី​លើកឡើងថា  ​អ្នកមាន​តម្រូវការ​ឥណទាន​មាន​ច្រើន ដើម្បី​យកទៅ​វិនិយោគ​បន្ថែម ឬ​ត្រូវការ​ជា​ទុន​បង្វិល​សម្រាប់​ធ្វើយ៉ាងណា​ដោះស្រាយ​ទិញ​កសិផល ឬ​វិនិយោគ​លើ​ការ​​ដាំ​ដុះ​ឱ្យទាន់​ពេលវេលា​ក្នុង​រដូវ​ដាំ​ដុះ​នីមួយៗ​។ ក្នុងន័យនេះ ក្រសួងកសិកម្ម នឹងធ្វើ​ការងារ​បន្តទៀត​ជាមួយ​ធនាគារ​វី​ង ពិនិត្យមើល​កសិករ សហគមន៍ ឬ​សហគ្រាស​ធុន​តូច និង​មធ្យ​មណា​ដែលមាន​សក្តានុពល​ក្នុងការ​​យក​កម្ចី​នេះ​ទៅធ្វើ​ការអភិវឌ្ឍ​ឱ្យមាន​ការរីកចម្រើន។​ 


​លោក​ គិត ម៉េង ប្រធាន​ក្រុម​ប្រឹក្សា​ភិ​បាល​នៃ​ធនាគារ​វី​ង ថ្លែងថា ការចុះ​អនុស្សរណៈ​នៃ​ការ​យោគយល់​ថ្ងៃនេះ​គោលបំណង​សំខាន់​គឺ​ផ្តល់​ឥណទាន​ជូន​កសិករ ដើម្បី​ជំរុញ​ការងារ​វិនិយោគ​នៃ​កសិកម្ម​។ លោក​ថា ក្រោម​ការ​ដឹកនាំ​របស់​នាយករ​ដ្ឋ​មន្ត្រី​ថ្មី​ក្នុង​អាណត្តិ​ទី​៧ ​នេះ គឺមាន​ការជំរុញ​ការអភិវឌ្ឍ​សមត្ថភាព​កសិករ 
​បង្កើន​ផលិតផល​កសិកម្ម​ដែលមាន​គុណភាព​សំដៅ​ជំរុញ​កំណើន​ការនាំចេញ​បន្ថែមទៀត​ទៅកាន់​ប្រទេស​ផ្សេងៗ​។​ 

​លោក​ថ្លែងថា​៖ «​ថ្មីៗ​នេះ រាជរដ្ឋាភិបាល​បាន​ដាក់ចេញ​យុទ្ធសាស្ត្រ​មុត​ស្រួច​ជាទីបំផុត ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​ការវិនិយោគ​របស់​យើង កាន់តែ​មានការ​រីកចម្រើន ធ្វើយ៉ាងណា​កែសម្រួល​បរិយាកាស​វិនិយោគ​ឱ្យបាន​ជោគជ័យ​ដើម្បី​យើង​មិនមែន​ប្រកួត​នៅក្នុង​ស្រុក​ទេ​គឺ​ប្រ​កួត​ក្រៅ​ស្រុក​របស់​យើង​បាន​»​។ 

លោក គិត ម៉េង ឱ្យដឹងថា ប​ច្ចុ​ប្បន្ន​ធនាគារ​វី​ង មាន​អតិថិជន​សរុប ១៧​ លាន​នាក់ ​ដែល​ប្រតិ​ប​ត្តិ​ក្នុង​ចរន្ត​ប្រព័ន្ធ​ធនាគារ​នេះ​។​ជាមួយគ្នា​នោះ​ធនាគារ វី​ង​ក៏មាន​អា​ខោ​ន ​(​គណនី​)​ ចំនួន ​៩ ​លាន ដែល​បាន​ចុះបញ្ជី​សហការ​ជា​​មួយ​ប្រព័ន្ធ​ធនាគារ វី​ង​។ 

លោក​ ឈឺ​ន ផា​តំណាង សហ​​គម​ន៍​កសិកម្ម​សុវណ្ណ​ភូមិ បាន​សម្តែង​ការគាំទ្រ​ចំពោះ​ការបង្កើតឱ្យមាន​កម្ចី​ឥណទាន ដែលមាន​ការប្រាក់​ទាប​ដែល​មិន​ធ្លាប់មាន​បែបនេះ​សម្រាប់​កសិករ និង​សហគមន៍​។ លោក​សង្ឃឹមថា នឹងមាន​ធនាគារ​ជាច្រើន​ទៀត​នៅក្នុង​ប្រទេស អនុវត្ត​ទៅតាម​គោលការណ៍​ដូច​ធនាគារវីង។ 

លោក​ថ្លែងថា​៖ «​ដោយសារ​ធនាគារ​វី​ង​គាត់​មាន​អត្រា​ការប្រាក់​ទាប​ហើយ​គាត់​ឱ្យ​សហគមន៍​ខ្ចី​អ៊ីចឹង​ធ្វើឱ្យ​ប្រជាជន​យើង​មានការ​រីកចម្រើន ព្រោះ​ការប្រាក់​វា​ទាប ៧​ ទៅ​ ៨​ ភាគរយ ​ក្នុង ​១ ​ឆ្នាំ​មានន័យថា ទាប​មែនទែន នៅ​ស្រុក​ខ្មែរ​អត់​ទាន់​មាន​ទេ​មានតែ ​១០ ទៅ​ ១២ ​ភាគរយ ​ក្នុង​ ១ ​ឆ្នាំ  ​អ៊ីចឹង​សង្ឃឹមថា​កសិករ​យើង​នឹងមាន​សង្ឃឹម​ទៅ​ថ្ងៃ​អនាគត​ក្នុង​ការបង្កើន​មុខរបរ​និង​ផលិតកម្ម​ផ្សេងៗ​»៕