ភ្នំពេញៈ លោក ស សុខា រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធានកិត្តិយស​សមាគម​មិត្ត​នគរបាលជាតិ​កម្ពុជា​បាន​ណែនាំ​ដល់​ថ្នាក់ដឹកនាំ​ទាំងអស់ ត្រូវ​ពង្រឹងសមត្ថភាព​លើ​ការគ្រប់គ្រង ដើម្បី​ចូលរួមចំណែក​ឱ្យ​សមាគម​មិត្ត​នគរបាលជាតិ​កម្ពុជា មានដំណើរ​ការល្អ​ប្រកបដោយ​ប្រសិទ្ធភាព និង​បង្កើន​ទំនុកចិត្ត​។​


​លោក ស សុខា បាន​ថ្លែងថា សមាគម​មិត្ត​នគរបាលជាតិ​កម្ពុជា បាន​ដំណើរការ​រយៈពេល​ ៤​ អាណត្តិ​រួចមកហើយ ដោយ​ទទួលបាន​ជោគជ័យ​គួរ​ជាទី​មោទន និង​មិនអាច​កាត់ថ្លៃ​បាន​ពី​ការខិតខំ​ប្រឹងប្រែង ដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ពី​សំណាក់​ថ្នាក់ដឹកនាំ​នៅក្នុង​គណៈកម្មាធិកា​រ​កណ្ដាល គណៈកម្មការ​មូលដ្ឋាន និង​សមាជិក សមាជិក និង​ក្រុមគ្រួសារ​សមាគម​។​

​លោក​បាន​ថ្លែង​ដូចនេះ ក្នុងឱកាស​អញ្ជើញ​បិទ​មហាសន្និបាត​សមាគម​មិត្ត​នគរបាលជាតិ​កម្ពុ​ជាកា​លពី​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២៣​។ នេះ​បើ​យោងតាម​ខ្លឹមសារ​នៃ​មហាសន្និបាត ដែល​បាន​ផ្សព្វផ្សាយ​តាម​គេហទំព័រ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​។​


​ជាមួយនឹង​សមិទ្ធផល​ទាំងនេះ​លោក​បាន​ណែនាំ​បន្ថែម​ដល់​ថ្នាក់ដឹកនាំ​សមាគម​ទាំងអស់ ត្រូវ​ពង្រឹងសមត្ថភាព​លើ​ការគ្រប់គ្រង និង​បំពេញ​រាល់​ចំណុច​ខ្វះខាត​ដែល​កើតមាន​នាពេល​កន្លងមក ដើម្បី​បង្កើន​ទំនុកចិត្ត និង​ភាពជឿជាក់​របស់​សមាជិក​ប្រមាណ​ជាង​ ៧​ ម៉ឺន​នាក់ ​នាពេល​បច្ចុប្បន្ននេះ​។​

​លោក ស សុខា ថ្លែងថា​៖«​សមាគម​មិត្ត​នគរបាលជាតិ​កម្ពុជា មានការ​រីកចម្រើន​ជា​បន្ដបន្ទាប់​ទាំង​បរិមាណ និង​គុណភាព​ពី​១​អាណត្តិ ទៅ​ ១​ អាណត្តិ ដែល​បច្ចុប្បន្ននេះ​សមាគម​មាន​សមាជិក ចំនួន ​៧៨ ០៦៩ ​នាក់ ដោយឡែក​ថវិកា​ដែល​នៅសល់​ប្រមាណ​ជាង​ ១៨​ ពាន់​លាន​រៀល ដែលជា​ចំនួន​គួរឱ្យកត់សម្គាល់​អាចធ្វើ​ឱ្យ​សមាគម​មានលទ្ធភាព​ពង្រឹងសមត្ថភាព ជួយ​សមាជិក​កាន់តែ​ល្អប្រសើរ​បន្ថែមទៀត​»​។​


​ដើម្បី​ចូលរួមចំណែក​ឱ្ស​សមាគម​មិត្ត​នគរបាលជាតិ​កម្ពុជា មានដំណើរ​ការល្អ​ប្រកបដោយ​ប្រសិទ្ធភាព​បន្ថែមទៀត លោក​ប្រធានកិត្តិយស បានស្នើ​ដល់​គណៈកម្មាធិការ​កណ្ដា​ល​ថ្មី ត្រូវមាន​វិធី​ប្រជុំ​ជា​កំណត់​មួយ​ពេញលេញ​ច្បាស់លាស់ ដើម្បី​ពិនិត្យ​លើ​ការដឹកនាំ​ដោះស្រាយ​បញ្ហា​ដែល​កើតឡើង​ទាន់ពេលវេលា ព្រមទាំង​ចង្អុល​ដឹកនាំ​គណៈកម្មការ​មូលដ្ឋាន​ឱ្យមាន​ប្រសិទ្ធភាព​។​

​លោក​សង្កត់ធ្ងន់ថា កន្លងមក​គណៈកម្មកា​រ​តាម​មូលដ្ឋាន​បាន​អនុវត្ត​ល្អ​រួចមកហើយ ប៉ុន្ដែ​ការងារ​មួយចំនួន​អ្វីដែល​លោក​សង្កេតឃើញ​ផ្ទាល់ គឺមាន​មន្ដ្រី​មួយចំនួន​នៅ​ថ្នាក់ក្រោម​ជាតិ មិនបាន​បំពេញ​កាតព្វកិច្ច​អ្វីដែល​ប្រគល់ជូន​។​

​លោក​បន្តថា ជាពិសេស​ក្នុងការ​សម្របសម្រួល​ក្នុង​ពិធី​បុណ្យសព​ជូន​ដល់​មន្ដ្រី ដូចនេះ​លោក​ទទូច​ឱ្យ​សមាគម​ពិនិត្យ​លើ​ការងារ ពិសេស​ស្នើ​គណៈកម្មាធិការ​អាណត្តិ​ថ្មី​នេះ ពិចារណា​ក្នុងការ​បង្កើត​ក្រុមការងារ​អនុវត្តន៍​កិច្ច​ការដែល​នៅ​សេសសល់​។​

​លោក​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​លើកឡើងថា​៖«​ថវិកា​របស់​សមាគម​មិត្ត​នគរបាលជាតិ​កម្ពុជា មាន​គ្រប់គ្រាន់​ប៉ុន្ដែ​ការបើក និង​ផ្ដល់ប្រាក់​ឧបត្ថម្ភ​ជូន​ក្រុមគ្រួសារ​សព​ដែលជា​សមាជិក នៃ​សមាគម​មានការ​យឺតយ៉ាវ ពេលខ្លះ​មាន​រយៈពេល ១​ ខែ ពេលខ្លះ​មាន​រហូតដល់ ​២​ ខែ ដូច្នេះ​ការងារ​នេះ​ឯកឧត្តម​សូម​ស្នើឱ្យ​ប្រធាន​ថ្មី មេត្តា​ពិនិត្យ​របៀបរបប​នីតិវិធី​នៃ​ការស្នើសុំ​យ៉ាងយូរ​ក្រោម​ ១២​ ថ្ងៃ នៃ​ថ្ងៃ​ធ្វើការ ដែលជា​វេលា​មួយ​សមរម្យ​»​។​

​ជាមួយគ្នា​នោះដែរ លោក ម៉ៅ ច័ន្ទ​តារា រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួងមហាផ្ទៃ និង​ជា​អនុគណៈកម្មាធិការ​កណ្តា​ល​សមាគម​មិត្ត​នគរបាលជាតិ​កម្ពុជា​បាន​សម្តែង​ការកោតសរសើរ និង​លើកទឹកចិត្ត​ចំពោះ​កងកម្លាំង​នគរបាលជាតិ​កម្ពុជា ដែលជា​និច្ចកាល​បាន​ខិតខំ​ព្យាយាម​ជម្នះ​រាល់​ឧបសគ្គ ប្រកៀក​ស្មា​គ្នា​យ៉ាងរឹងមាំ​ជាមួយ​កងកម្លាំងប្រដាប់អាវុធ និង​អាជ្ញា​ធរមាន​សមត្ថកិច្ច តស៊ូ​ប្តូរផ្តាច់​ការពារ ខឿន​សន្តិភាព អធិបតេយ្យភាព​ជាតិ បូរណភាព​ទឹកដី ទប់ស្កាត់បាន​អំពើ​ភេរវកម្ម និង​បង្ក្រាប​ទាន់ពេលវេលា​បទឧក្រិដ្ឋ​ឆ្លងដែន​។​

​លោក​បញ្ជាក់ថា​៖«​សកម្មភាព​ទាំងនេះ​គឺជា​សក្ខីកម្ម​ឆ្លុះបញ្ចាំង​ឱ្យឃើញ​អំពី​សារៈសំខាន់ នៃ​សមាគម​មិត្ត​នគរបាលជាតិ​កម្ពុជា ពិសេស​ការបង្ហាញ​ពី​ការពង្រឹង​មិត្តភាព ចំណង​សាមគ្គីភាព និង​ការជួយ​សម្រួល​ការលំបាក​ខ្វះខាត​ក្នុងពេល​មន្ត្រីនគរបាល​ជាតិ​ជួប​ទុក្ខលំបាក​និង​ករណី​ប្រធាន​ស័ក្តិ​ផ្សេងៗ​ជាដើម​»​។

​បើតាម​លោក ហុក ថាវ​ណ្ណ អនុប្រធាននាយកដ្ឋាន​បុគ្គលិក និង​ជា​អគ្គលេខាធិការ​សមាគម​នគរបាលជាតិ​កម្ពុជា គិត​ចាប់ពី​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០១៨ ដល់​ខែសីហា ឆ្នាំ​២០២៣ សមាគម​មិត្ត​នគរបាលជាតិ​កម្ពុជា មាន​សមាជិក​ចំនួន ៧៨ ០៦៩ ​នាក់​។​

​ក្នុងនោះ​មាន សមាជិកសមាគម​ជា​មន្ត្រីនគរបាល​ចំនួន ៦១ ៨៩៧​ នាក់ សមាជិក​ជា​មន្ត្រីនគរបាល ដែល​បាន​ចូលនិវត្តន៍​ចំនួន ១៦ ១៧០​ នាក់ និង​មន្ត្រីនគរបាល​ពិ​ការដែល​ស្ម័គ្រចិត្ត​នៅ​បន្ត​ជា​សមាជិកភាព​របស់​ស​មា​គម ចំនួន​២​នាក់​៕