ភ្នំពេញៈ ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី លោក វ​ង្សី វិស្សុត បាន​ជំរុញ​ឱ្យ​រាជ​បណ្ឌិត្យសភាកម្ពុជា បង្កើន​កិច្ចសហការ​ជាមួយ​ដៃគូ​ពី​ខាងក្រៅ ដើម្បី​បង្កើតជា​គម្រោង​សិក្សា​ស្រាវជ្រាវ​រួមគ្នា​លើ​ប្រធានបទ​នានា ពិសេស​ក្នុង​ផ្នែក​វិទ្យាសាស្ត្រ​។​


​នៅក្នុងពេល​ដឹកនាំ​កិច្ចប្រជុំ​ការងារ​របស់​រាជបណ្ឌិត្យ​សភា​កម្ពុជា កាលពី​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២៣ លោក វ​ង្សី វិស្សុត បានធ្វើ​ការណែនាំ​មួយចំនួន​ដើម្បី​តម្រង់ទិស​នៃ​ការសិក្សា​ស្រាវជ្រាវ​របស់​រាជបណ្ឌិត្យ​សភា​កម្ពុជា​រៀបចំ​ឱ្យ​កាន់​តែមាន​គុណភាព ប្រសិទ្ធភាព និង​មាន​លក្ខណៈ​ផ្សារភ្ជាប់​ការអនុវត្ត ដោយ​ផ្តោតលើ​ជំនាញ​ជាក់លាក់ ដែលជា​ឧត្តមភាព​ប្រៀបធៀប​កំពុងមាន​ស្រាប់ និង​ផ្សព្វផ្សាយ​ស្នាដៃ​ស្រាវជ្រាវ​ឱ្យ​កាន់តែ​ទូលំទូលាយ និង​អាច​យកមកប្រើ​ប្រាស់​ជា​គុណប្រយោជន៍​នៃ​ការអភិវឌ្ឍ​ប្រទេសជាតិ​។​

​តាមរយៈ​តេ​ឡេ​ក្រាម អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល លោក​បាន​ថ្លែងថា​៖«​រាជបណ្ឌិត្យសភាកម្ពុជា ត្រូវ​បង្កើន​កិច្ចសហការ​ជាមួយ​ដៃគូ​ពី​ខាងក្រៅ ដើម្បី​បង្កើតជា​គម្រោង​សិក្សា​ស្រាវជ្រាវ​រួមគ្នា​លើ​ប្រធានបទ​នានា ពិសេស​ក្នុង​ផ្នែក​វិទ្យាសាស្ត្រ ដែល​រាជបណ្ឌិត្យសភាកម្ពុជា ត្រូវ​ពង្រឹងសមត្ថភាព​របស់​ខ្លួន​ឱ្យ​កាន់តែ​រឹងមាំ និង​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​»​។​


​លោក វ​ង្សី វិស្សុត បាន​បន្ថែមថា តាមរយៈ​បេសកកម្ម និង​ភារកិច្ច​របស់ខ្លួន ដូច​មានកំណត់​ក្នុង​លិខិតបទដ្ឋាន​គតិយុត្ត​ជា​ធរមាន ស្នាដៃ​នៃ​ការសិក្សា​ស្រាវជ្រាវ​របស់​រាជបណ្ឌិត្យ​សភា​កម្ពុជា មាន​សក្តានុពល​រួមចំណែក​ដល់​ការកំណត់​ចក្ខុវិស័យ​របស់​ប្រទេស និង​ការរៀបចំ​គោលនយោបាយ​នានា សម្រាប់​បម្រើឱ្យ​ការអភិវឌ្ឍ​រយៈពេល​វែង ក៏ដូចជា​ការអភិវឌ្ឍ​ធនធានមនុស្ស​កម្រិត​ខ្ពស់ និង​ការអប់រំ​ខាង​ផ្នែក​សង្គម សីលធម៌ ចរិយា​ធម៌ ជាពិសេស​ការថែរក្សា​អត្តសញ្ញាណ​ជាតិ នៅក្នុង​បរិការណ៍​សកលភាវូបនីយកម្ម​។​

«​ត្រូវ​បង្កើន​ការប្រាស្រ័យ​ទាក់ទង​ជាមួយ​គ្រប់​ក្រសួង​ស្ថាប័ន​នានា ដើម្បី​ចៀសវាង​ការស្រាវជ្រាវ​ជាន់គ្នា និង​បង្កើន​ថាមភាព​រវាង​គ្នា ទាំង​ជាមួយ​អង្គភាព​នានា​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី និង​ទាំង​ក្រសួង​ស្ថាប័ន​នានា​របស់​រដ្ឋ​។ មួយវិញទៀត ក៏ត្រូវ​ផ្តោតលើ​ការសិក្សា​ស្រាវជ្រាវ​គោលនយោបាយ​ផ្សេងៗ ដូចជា​ការប្រែប្រួល​អាកាសធាតុ​ដើម​»​។​លោក វ​ង្សី វិស្សុត បានបញ្ជាក់​បន្ថែម​។​


​លោក សុខ ទូច ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា បាន​ថ្លែង​នៅ​ថ្ងៃទី​១៥ ខែវិច្ឆិកា ថា រាជបណ្ឌិត្យសភាកម្ពុជា​ត្រូវបាន​បង្កើត​ឡើងវិញ និង​មានដំណើរ​ការចាប់​ពីថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​១៩៩៩ ហើយ​ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុជា​ចាត់ទុកជា ធនាគារ​ខួរក្បាល​របស់​ជាតិ ដោយ​សា្ថ​ប័ន​នេះ​បាន​ប្រមូលផ្តុំ​បញ្ញវន្ត​ជាច្រើន​របស់​ជាតិ ដើម្បី​បម្រើ​ការងារ​ក្នុង​វិស័យ​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​។​

​លោក​ថ្លែងថា​៖ «​ក្នុង​បេសកកម្ម​រយៈពេល​ជាង ​២០​ ឆ្នាំ​ មកនេះ រាជបណ្ឌិត្យសភាកម្ពុជា បាន​សិក្សា​ស្រាវជ្រាវ និង​ស្វែងរក​ធាតុ​ចូល​យ៉ាងច្រើន​ជូន​ដល់​រាជរដ្ឋាភិបាល ក៏ដូចជា​ស្ថាប័ន​ពាក់ព័ន្ធ​»​។​

​លោក​បាន​បន្តថា​៖«​រាជបណ្ឌិត្យសភាកម្ពុជា បាន​បង្កើន​កិច្ចសហប្រតិបត្តិការ​ជាមួយ​ស្ថាប័ន​ស្រាវជ្រាវ និង​សាកលវិទ្យាល័យ​ជាតិ និង​អន្តរជាតិ​ជា​បន្តបន្ទាប់ ជាមួយ​ប្រទេស​ជា​សមាជិក​អាស៊ាន និង​អាស៊ី​ប៉ាស៊ីហ្វិក ដូចជា ជប៉ុន សាធារណរដ្ឋ​កូរ៉េ ចិន អាមេរិក អាល្លឺម៉ង់ រុស្ស៊ី អូស្ត្រាលី បង់​ក្លា​ដែ​ស បេឡា​រុស ប៉ូឡូញ និង​អ៊ីតាលី ជាដើម​។ យើង​នឹង​បន្ត​បេសកកម្ម​របស់​យើង​នេះ​ជា​បន្តទៀត​»​។​

​លោក សុខ ទូច បាន​អះអាងថា ទស្សនវិស័យ​របស់​រា​ជ​បណ្ឌិត្យសភា​កម្ពុជា​ក្រោម​ការដឹកនាំ​របស់លោក គឺ «​ទ្រឹស្តី​ផ្សារភ្ជាប់​នឹង​អនុវត្តន៍ ភ្ជាប់​ដោយ​លទ្ធផល និង​ចងភ្ជាប់​ដោយ​ក្រមសីលធម៌​វិជ្ជាជីវៈ​»៕