ភ្នំពេញៈ ​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ (IDEA) និង​អ្នកលក់ដូរ​តាម​ដងផ្លូវ បានស្នើ​ឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា ពង្រីក​វិសាលភាព​ប្រព័ន្ធ​គាំពារ​សង្គម​ឱ្យ​ដូច​អ្នក​នៅក្នុង​ប្រព័ន្ធ ដើម្បី​ជួយ​លើកកម្ពស់​ជីវភាព​រប​ស់​អ្នកលក់ដូរ​តាម​ដងផ្លូវ​ឱ្យ​កាន់តែ​ប្រសើរឡើង​ថែមទៀត​។​


​យោងតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​អង្គការ​អុក​ស្វា​ម និង​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ (IDEA) បាន​សហការ​រៀបចំ​ប្រារព្ធ​ទិវា​អន្តរជាតិ​អ្នកលក់ដូរ​តាម​ដងផ្លូវ​លើក​ទី​១១ ក្រោម​ប្រធានបទ «​ប្រព័ន្ធ​គាំពារ​សង្គម​សម្រាប់​អ្នកលក់ដូរ​តាមដងផ្លូវ​នៅ​កម្ពុជា​» នៅ​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២៣​។​

​សេចក្ដីប្រកាស​ព័ត៌មាន​បញ្ជាក់ថា​៖ «​អ្នកលក់ដូរ​តាម​ដងផ្លូវ គឺជា​កម្លាំង​ពលកម្ម​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ឬ​បុគ្គល​ស្វ័យ​និ​យោជន៍​ដែល​បាន​ចូលរួមចំណែក​ក្នុងការ​បង្កើន​សេដ្ឋកិច្ចជាតិ​ដ៏​សំខាន់ និង​បាន​ស្រូបយក​កម្លាំង​ពលកម្ម​ទូទាំងប្រទេស ជាពិសេស​បាន​កាត់បន្ថយ​ការ​ចំណាកស្រុក​ដោយ​ប្រថុយប្រថាន​»​។​


​ប្រភព​ដដែល​ថា​៖ «​អ្នកលក់ដូរ​តាម​ដងផ្លូវ​ក៏ដូចជា​កម្មករ​ដទៃ​ដែរ ហេតុដូចនេះ​ពួកគេ​ក៏​អាចមាន​សិទ្ធិ​ទទួល​បានការ​គាំពារ​សង្គម​ដ៏​ពេញលេញ​»​។

​អាជីវ​ករលក់​ចំណីអាហារ​ចល័ត​នៅ​ខណ្ឌដូនពេញ អ្នកស្រី ចាប ចិន្តា បាន​លើកឡើងថា អ្នកស្រី​រីករាយ​ដែល​ទទួលបាន​បណ្ណ ប​.​ស​.​ស​. ដែល​អាចជួយ​អ្នកស្រី​ទទួលបាន​សេវា​ថែទាំ​សុខភាព តែ​អ្វីដែល​អ្នកស្រី​ចង់បាន​នោះ បណ្ណ​នេះ​អាច​គ្របដណ្តប់​របប​គាំពារ​សង្គម​ពេញលេញ​ដូច​អ្នក​ប្រកបមុខរបរ​ក្នុង​ប្រព័ន្ធ​ដែរ ដូចជា គាំពារ​មាតុភាព គ្រោះថ្នាក់​ការងារ និង​សោធន កាន់តែ​ប្រសើរ​។​


​ជាមួយគ្នានេះ លោក វន់ ពៅ ប្រធាន ​IDEA ​បាន​ថ្លែង​នៅ​ថ្ងៃទី​១៥ ខែវិច្ឆិកា​ថា សមាគម បាន​នឹងបន្ត​ធ្វើការ​ចងក្រង ផ្តល់​ការបណ្តុះបណ្តាល ផ្សព្វផ្សាយ និង​ធ្វើ​យុទ្ធនាការ​គាំពារ​សង្គម​ជាមួយ​អ្នកលក់ដូរ​តាម​ដងផ្លូវ ដើម្បី​ទទួលបាន​ប្រព័ន្ធ​គាំពារ​សង្គម​សម្រាប់​អ្នកលក់ដូរ​តាម​ដងផ្លូវ​ឱ្យ​កាន់តែ​ប្រសើរ​។ 

​លោក​បន្តថា បច្ចុប្បន្ន សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ បាន​ចងក្រង​អ្នកលក់ដូរ​តាម​ដងផ្លូវ​បាន​ចំនួន ២២ ​ក្រុម ដែល​រួមមាន​សមាជិក​សរុប ២ ៩៩៤ នាក់ ហើយ​អ្នកលក់ដូរ​ជា​ស្ត្រី​មាន​ចំនួន ២ ៣៧៨ នាក់ នៅតាម​បណ្តា​រាជធានី​ភ្នំពេញ និង​ខេត្ត​ចំនួន​៦​។​

​លោក វន់ ពៅ បាន​ថ្លែងថា​៖ «​អ្នកលក់ដូរ​តាម​ដងផ្លូវ​គឺជា​សរសៃឈាម​នៃ​សេដ្ឋកិច្ចជាតិ ដូច្នេះ​យើង​ស្នើសុំ​រាជរដ្ឋាភិបាល​បន្ត និង​ពង្រឹង​ការ​គាំពារ​ដល់​អ្នកលក់ដូរ​តាម​ដងផ្លូវ​ឱ្យបាន​ពេញលេញ ជាពិសេស​ស្ត្រី មិនត្រូវ​ទុកចោល​ជាដាច់ខាត​»​។​

​ចំណែក លោកស្រី ភាណ សោភ័ណ នាយិកា​របស់​អង្គការ​អុក​ស្វា​ម បានលើកឡើង​ដោយ​កោតសរសើរ​ចំពោះ​កិច្ច​អន្តរាគមន៍​របស់​រាជ​រដ្ឋាភិបាល​ក្នុងការ​ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​ស្វ័យ​និ​យោ​ជ​ជន​និង​កម្មករនិយោជិត​ដែល​បម្រើការ​នៅក្នុង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ តាមរយៈ​ការអនុវត្ត​គម្រោង​របប​សន្តិសុខ​សង្គម​លើ​ប្រព័ន្ធ​ថែទាំ​សុខភាព​តាមរយៈ​ការរួមចំណែក​ដោយ​ស្ម័គ្រចិត្ត​។​

​លោកស្រី​ថ្លែងថា​៖ «​ខណៈពេលដែល​កម្មវិធី​នេះ​ នឹង​ផ្តល់​ការការពារ​ដល់​ផ្នែក​សុខភាព យើង​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​ព​ន្លឿ​ន​ការទទួលស្គាល់​ផ្លូវច្បាប់ និង​ការការពារ​សុខុមាលភាព និង​ស្ថានភាព​សេដ្ឋកិច្ច​របស់​អ្នកលក់ដូរ​តាម​ដងផ្លូវ ជាពិសេស​ស្ត្រី​»​។ 

​លោកស្រី​បន្ថែមថា ហើយ​អង្គការ​អុក​ស្វា​ម​ ប្តេជ្ញា​បន្តការងារ​របស់ខ្លួន​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា និង​អ្នកពាក់ព័ន្ធ​ដទៃទៀត​ក្នុងការ​លើកកម្ពស់ និង​ធានា​ការអនុវត្ត​ប្រកបដោយ​ប្រសិទ្ធភាព​នៃ​កិច្ច​គាំពារ​សង្គម​ប្រកបដោយ​បរិ​យាប​ន្ន​។​

​យោងតាម​ការសិក្សា​រប​ស់​អង្គការ​អុក​ស្វា​ម (Oxfam)​ នៅក្នុង​ឆ្នាំ២០១៩ បាន​ប៉ាន់ប្រមាណ​ថា អ្នកលក់ដូរ​តាម​ដងផ្លូវ​ក្នុងប្រទេស​កម្ពុ​ជាមាន​ចំនួន​រហូតដល់ ១ ៦៧៣ ៣៩០​ នាក់ ឬ​ស្មើនឹង ១០% នៃ​ចំនួន​ប្រជាពលរដ្ឋ​សរុប​។ ការសិក្សា​ដដែល​បានឱ្យដឹង​ទៀតថា ក្នុងចំណោម ១០%​នេះ ក្នុងនោះ​មាន​អ្នកលក់ដូរ​តាម​ដងផ្លូវ​ជា​ស្ដ្រី​ប្រមាណ​ជា ៧៥%៕