ភ្នំពេញៈ ​លោក ​ហួត​ ហាក់ ​រដ្ឋមន្ត្រី​ក្រសួង​អធិ​ការ​កិច្ចបាន​ស្នើ​សុំ​សមា​គម​កម្ពុជា​-​ចិន ​ពិនិត្យ​លទ្ធ​ភាព​ចុះ​អនុស្ស​រណៈ​នៃ​ការ​យោគ​យល់​គ្នា​រវាង​ស្ថា​ប័ន​ទាំង​២​ ដើម្បី​ផ្លាស់​ប្ដូរ​ការ​អប់រំដែល​ផ្តោត​ជា​អាទិ៍​លើ​អាហា​រូបករណ៍​ វគ្គ​បណ្តុះប​ណ្តាលនិង​ជំនួយ​សម្ភារ​បច្ចេក​វិទ្យា​ផ្សេងៗ​។​


​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តីពី​លទ្ធផ​ល​នៃ​ជំនួប​សម្តែង​ការ​គួរ​សម​រវាង ​លោក ​ហួត ហាក់​ រដ្ឋមន្ត្រី​ក្រសួង​អធិកា​រកិច្ច ​និង​លោក កាវ ជាន ​(GAO Jian) ​ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​សមា​គម​ក​ម្ពុ​ជា​-​ចិន ​ដើម្បី​ផ្លាស់​ប្ដូរ​ការ​អប់​រំកាល​ពី​ថ្ងៃទី​១៤ ​ខែវិច្ឆិកា​ ឆ្នាំ​២០២៣​។​

​ចំពោះ​សំណើ​នេះ​ដែរ​ លោក ហួត ​ហាក់​ បាន​ប្រាប់ឱ្យ​ដឹង​បន្ថែម​ នៅ​ថ្ងៃទី​១៥ ​ខែវិច្ឆិកា​ថា ​ក្រោយ​ពី​មានកា​រ​ស្នើ​បែប​នេះ​លោក​ប្រធាន​ក្រុម​ប្រឹក្សាភិ​បាលបាន​ឯក​ភាព​គ្នា​ទទួល​យក​សំណើ​នេះ​ហើយ ​ដោយ​ភាគី​ទាំង​២​នឹង​ពិភា​ក្សាគ្នា​លម្អិត​បន្ថែមទៀ​ត​នៅ​ពេល​ក្រោយ​។​


​លោក​រដ្ឋ​មន្ត្រី​បាន​បន្ថែម​ថា៖ «​កម្ពុជា​-​ចិន ​បាន​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​ពង្រឹង​បន្ថែម​ទៀត​នូវ​ក្រប​ខ័ណ្ឌកិច្ច​សហ​ប្រតិ​បត្តិការ​ត្បូង​ពេជ្រ និង​ធ្វើ​ឱ្យ​ស៊ី​ជម្រៅ​នូវ​ការ​កសាង​សហ​គមន៍​វាសនា​រួម​កម្ពុជា​-​ចិន ​ក្នុង​យុគស​ម័យ​ថ្មី​។ យើង​ចង់​បង្កើន​កិច្ច​សហ​ការ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​ថែម​ទៀត​លើ​វិស័យ​អប់រំ​រវាង​ប្រទេស​ទាំង​២​»​។​

​លោក ​ហួត ហាក់ បាន​បន្តថា​​៖«​សមា​គម​កម្ពុជា​-ចិន​នេះ គេ​នឹង​រៀបចំ​ពេល​វេលា​សមស្រប​មួយ​ដើម្បី​ចុះ ​MoU​ ជា​មួយ​ក្រសួង​យើងខ្ញុំ​។​លទ្ធ​ផល​ដែល​យើង​រំពឹង​ទុក​ពី​ការ​ចុះ ​MoU​ នេះ គឺ​កិច្ច​សការ​គ្នា​លើ​វិស័យ​អប់​រំ ដោយ​សារ​ក្រសួង​យើង​បាន​វិទ្យា​ស្ថាន​ជាតិ​អធិការ​កិច្ច​មួយ​ចំណុះ ​ដែល​មាន​បេសក​កម្ម​បណ្តុះ​បណ្តាល​មន្ត្រី​អធិការ​កិច្ច​ទាំង​វ័យ​ក្មេង​ និង​កា​របណ្តុះ​បណ្តាល​បន្ត​»​។​


​លោក​ថា​ ការ​ចុះ​ MoU​ ជា​មួយ​គ្នានេះ​ គឺជា​ស្ពាន​ត​ភ្ជាប់​សម្រាប់​ពង្រឹង​ការ​ងារ​បណ្តុះ​បណ្តាល​អប់​រំដោយ​ក្រសួង​លោក​ផ្តោត​លើ​ជំនាញ​អធិ​ការ​កិច្ច និង​មុខ​ជំនាញ​ផ្សេង​ទៀត​ ដែល​បម្រើ​ឱ្យ​ការងារ​អធិ​ការ​កិច្ច​។​

​ជា​មួយ​គ្នា​នោះ​ ​លោក កាវ ជាន​ ក៏បាន​ស្នើ​ដល់​លោក​រដ្ឋ​មន្ត្រី​ ៤​ ចំណុច​ផង​ដែរ​ រួម​មាន (១) ការ​ផ្តល់​អាហារូ​បករណ៍​កម្រិត​មធ្យម​សិក្សា​ចំនួន​ ២​ កន្លែង​ នៅ​សាលា​អន្តរ​ជាតិ​អាណិក​ជន​កម្ពុជា​-​ចិន​,(២) ការ​ផ្ដល់​អាហារូ​បករណ៍​កម្រិត​ឧត្តម​សិក្សា​ចំនួន​ ២៥០​ កន្លែង ​ជូន​លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន ម៉ា​ណែ​ត​។ (៣) ស្នើ​សុំ​ការ​គាំទ្រ​លើ​គម្រោង​ជំនួយ​អប់រំ​ (Smart Classroom)​ ចំនួន​ ៦៥​ សា​លា ​ជា​សាលា​មិត្ត​ភាព​កម្ពុជា​-​ចិនសម្រាប់​ខួប​ទំនាក់​ទំនង ​៦៥​ ឆ្នាំ ​រវាង​កម្ពុជា​-​ចិន ​និង​(៤ )​លោក​បាន​ស្នើ​អញ្ជើញ​នាយក​រដ្ឋ​មន្ត្រី​កម្ពុជា ​ចូល​រួម​អធិ​បតី​ក្នុង​កម្មវិធី​ពិព័រណ៍​អប់រំ​ចិន​-​អាស៊ាន ​ដែល​នឹងប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី​១-២ ខែធ្នូ ឆ្នាំ​២០២៣ ។​

​ទាក់​ទង​នឹង​កា​រផ្លាស់ប្តូ​រ​ការ​សិក្សា​គ្នា​រវាង​កម្ពុជា និង​ចិន នេះ​ដែរ​ លោក​ គិន​ ភា​ ប្រធាន​វិទ្យា​ស្ថាន​ទំនាក់​ទំនង​អន្តរ​ជាតិ​ នៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា បាន​ឱ្យ​ដឹង​ថា វិទ្យាស្ថា​ន​ទំនាក់​ទំនង​អន្តរជា​តិ​នៃ​រាជ​បណ្ឌិត្យស​ភាកម្ពុជា​និង​ម​ហាវិទ្យាល័​យ​វិទ្យា​សាស្ត្រ​នយោបា​យ​និង​រដ្ឋ​បាល​សាធា​រណ​: នៃ​សា​កល​វិទ្យាល័យ​គរុកោ​សល្យ​ហឺ​ណាន​,ខេត្ត​ហឺ​ណាន​ ធ្លាប់​បាន​សហ​ការគ្នា រៀបចំ​កម្ម​វិធី​បោះ​ជំរំ​រដូវ​ក្តៅ​យុវជន​ឆ្នើម​អា​ស៊ាន​-​ចិន ពីថ្ងៃ​ទី​២០ ដ​ល់ ថ្ងៃ​ទី​២៧ ​ខែសីហា ​ឆ្នាំ​២០២៣ ​នៅ​ខេត្ត​ហឺ​ណាន ​។​

​លោក​បាន​បន្ថែម​ថា កម្មវិធី​បោះ​ជំរំ​កន្លង​ទៅ មាន​គោល​បំណង​លើក​កម្ពស់​ការ​គោរព​គ្នា​ទៅ​វិញ​ទៅមក​ក្នុង​ចំណោម​យុវជន​អាស៊ាន​-​ចិន ​លើក​កម្ពស់​ការ​ផ្លាស់​ប្តូរ​វប្បធម៌ និ​ង​ពង្រឹង​ទំនាក់​ទំនង​អាស៊ាន​ ហើយ​កម្ពុជា ​ជា​ប្រទេស​សមាជិក​អាស៊ាន ​ផង​នោះ វា​ពិត​មាន​ភាព​ចាំ​បាច់​ក្នុង​បង្កើន​ទំនាក់​ទំនង​ឱ្យ​កាន់​ល្អ​រវាង​ប្រទេស​ទាំង​២​។​

​លោក ​គិ​ន ភា បាន​បញ្ជាក់​ថា ៖ «​ក្នុង​បទ​ពិសោធន៍​នេះ​ ខ្ញុំ​បាន​កត់​សម្គាល់​ឃើញ​ថា ​វិស័យ​អប់រំ​របស់​ចិន​មាន​ភាព​ទំនើប ​និង​ជឿន​លឿន​យ៉ាង​ឆាប់​រហ័ស​។ ដូច​នេះ​ខ្ញុំ​យល់​ថា​ ការ​បង្កើន​កិច្ច​សហប្រ​តិប​ត្តិការ​លើ​វិស័យ​អប់រំ​ជាមួយ​ចិន​កាន់​តែច្រើន​ប៉ុន​ណា​ កម្ពុជា​ក៏​នឹង​ទទួល​បាន​អត្ថ​ប្រយោ​ជន៍​ច្រើន​ប៉ុណ្ណឹង​ដែរ​ ព្រោះថា​​ ការ​អ​ភ​វិ​ឌ្ឍ​សមត្ថ​ភាព​ធន​ធាន​មនុស្ស​របស់​កម្ពុជា មាន​សារៈ​សំខាន់​ណាស់​ក្នុង​ការ​ជំរុញ​កំណើន​សេដ្ឋ​កិច្ច​ជាតិ​»៕