ភ្នំពេញៈ ឧបនាយករដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រី​ការពារជាតិ​លោក ​ទៀ សីហា បាន​លើកឡើងថា ដំណើរ​ទស្សនកិច្ច​ផ្លូវការ​ដំបូង​របស់លោក​នៅ​វៀតណាម​បង្ហាញ​ពី​ការបន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំង​២ ទៅលើ​វិស័យ​នយោបាយ សន្តិសុខ និង​សង្គម ដើម្បី​កសាង​សហគមន៍​កម្ពុជា​-​វៀតណាម ខណៈ​ភាគី​វៀតណាម​ថា ទំនាក់ទំនង​ប្រទេស​ទាំង​២ បាន​វិ​វត្ត​មក​ល្អប្រសើរ​ឡើង​នៅ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​។​


​ការលើកឡើង​របស់លោក​ ទៀ សីហា បែបនេះ​នា​ជំនួប​ពិភាក្សា​ការងារ​របស់លោក​ជាមួយ​លោក​​ ហ្វា​ម មិញ​ជី​ញ នាយករដ្ឋមន្ត្រី​វៀតណាម កាលពី​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២៣ អំឡុងពេល​ប្រមុខ​ការពារជាតិ​កម្ពុជា​រូបនេះ​រួមជាមួយ​គណៈប្រតិភូ​ក្រសួងការពារជាតិ ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​វៀតណាម​ចាប់ពី​ថ្ងៃទី​១២ ដល់​ថ្ងៃទី​១៤ ខែវិច្ឆិកា​។ នេះ​បើ​យោងតាម​ខ្លឹមសារ​ដែល​បាន​ផ្សព្វផ្សាយ​ដោយ​ហ្វេ​ស​ប៊ុ​ក​ក្រសួងការពារជាតិ​នៅ​ថ្ងៃទី​១៤ ខែវិច្ឆិកា​។​

​តាមរយៈ​ក្រសួង​ដដែល​លោក ​ហ្វា​ម មិញ​ជី​ញ បាន​លើកឡើងថា ទំនាក់ទំនង​កម្ពុជា​-​វៀតណាម​ ជា​ទំនាក់ទំនង​ប្រវត្តិសាស្ត្រ​ដ៏​យូរលង់ ហើយ​ធ្លាប់​រួម​សាមគ្គី​គ្នា តស៊ូ​រួមគ្នា ព្រមទាំង​មាន​កិច្ចសហប្រតិបត្តិការ​គ្នា ក្នុង​គោលដៅ​អភិវឌ្ឍន៍​ប្រទេស​រៀងៗខ្លួន​។​


​ក្នុង​ទំនាក់ទំនង​យោធា លោកនាយក​រដ្ឋមន្ត្រី​វៀតណាម ក៏បាន​បញ្ជាក់ដែរថា កងទ័ព​នៃ​ប្រទេស​ទាំង​២ បាន​សហការគ្នា​យ៉ាង​ល្អ​នៅក្នុង​រយៈពេល​កន្លងមក​នេះ ដោយ​ឈរលើ​ស្មារតី​មិត្តភាព និង​ភាពជា​បងប្អូន​។​

​លោក​ ហ្វា​ម មិញ​ជី​ញ បន្តថា​៖ «​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ អតីត​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ សម្តេច​បាន​ចូលរួមចំណែក​យ៉ាងច្រើន ក្នុងការ​ពង្រឹង​ទំនាក់ទំនង​ប្រទេស​ទាំង​២ កងទ័ព​ទាំង​២ ដែល​យើង​ត្រូវតែ​ថែរក្សា​ពូន​ជ្រំកសាង​ឱ្យបាន​រឹងមាំ​បន្ថែមទៀត​ក្នុង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ការពារជាតិ​»​។​


​នា​ជំនួប​នោះដែរ លោក​ ទៀ សីហា ក៏បាន​ថ្លែង​ឡើង​ដែរ​ថា ដំណើរ​ទស្សនកិច្ច​រប​ស់លោក​នៅ​វៀតណាម​ ជា​លើកដំបូង​នេះ ជា​ប្រវត្តិសាស្ត្រ​ដើម្បី​បន្ត​ស្មារតី​ពង្រឹង​ទំនាក់ទំនង កិច្ចសហប្រតិបត្តិការ​ផ្នែក​នយោបាយ សន្តិសុខ និង​សង្គម ដើម្បី​កសាង​សហគមន៍​រួមគ្នា​កម្ពុជា​-​វៀតណាម​។​

​លោក​ក៏បាន​អរគុណ​ដល់​រដ្ឋាភិបាល កងទ័ព និង​ប្រជាជន​វៀតណាម ដែល​តែង​គាំទ្រ​ដល់​កងយោធពល​ខេមរភូមិន្ទ និង​ប្រជាជន​កម្ពុជា​លើ​វិស័យ​នានា ជាពិសេស​នៅក្នុង​ដំណាក់កាល​កូ​វីដ​១៩ កន្លងទៅ ដែល​វៀតណាម​បាន​ជួយ​កម្ពុជា​ទាំង​សម្ភារ និង​ស្មារតី ដែល​បង្ហាញ​យ៉ាងច្បាស់​ពី​ចំណងមិត្តភាព សាមគ្គីភាព និង​មនោសញ្ចេតនា​រវាង​កង​ទ័ព​និង​ប្រជាជន​រវាង​ប្រទេស​ទាំង​២​។​

​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក​ស៊ឺន សម អ្នកជំនាញ​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា បាន​ប្រាប់​ឱ្យដឹងថា ដំណើរ​ទស្សនកិច្ច​រប​ស់​ប្រមុខ​ការពារជាតិ​កម្ពុជា​ទៅកាន់​វៀតណាម​ជា​រឿង​សំខាន់ ដោយសារ​កម្ពុជា​និង​វៀតណាម​ជា​ប្រទេស​ភូមិ​ផង​របង​ជាមួយ ហើយ​ជា​អ្នកជិតខាង​ដែលមាន​ទំនាក់ទំនង​ល្អ ហើយ​ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ផង​។​

​លោក​បាន​ថ្លែងថា​៖ «​ទំនាក់ទំនង​ល្អ​រវាង​ប្រទេស​ទាំង​២ សំខាន់​ដើម្បី​​រក្សា​នូវ​សន្តិភាព ស្ថិរភាព ជាពិសេស​កិច្ចសហប្រតិបត្តិការ​តាម​បណ្តោយ​ព្រំដែន​»​។

​ទោះជា​យ៉ាងណា លោក​ក៏បាន​ស្នើឱ្យ​ភាគី​ទាំង​២ បង្កើន​ការស្វែងយល់​ពីគ្នា​ថែមទៀត គោរព​គ្នា​ទៅវិញទៅមក​ក្នុង​ស្មារតី​គោរព​ផលប្រយោជន៍​រៀងៗ​ខ្លួន ជាពិសេស​គោរព​និង​អនុវត្តតាម​កិច្ចព្រមព្រៀង​រួមគ្នា​ដែល​បាន​ព្រាងទុក ដើម្បី​ឆ្លើយតប​នឹង​ទំនាក់ទំនង​ក្នុង​ភាពជា​បងប្អូន​។​


​លោក​លោក ថុង ម៉េង​ដាវី​ត ប្រធាន​ផ្នែក​ស្រាវជ្រាវ​នៅ​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី (AVI) បាន​ប្រាប់ឱ្យដឹង​ដែរ​ថា វៀតណាម​មិន​ខុសពី​ចិន​ឡើយ ដែលជា​ដៃគូ​យុទ្ធសាស្ត្រ​ក្នុង​កិច្ចសហប្រតិបត្តិការ​ផ្នែក​យោធា​សម្រាប់​កម្ពុជា​ក៏ដូចជា​ម្ចាស់ជំនួយ​ផង សម្រាប់​ផ្តល់ជំនួយ​យុទ្ធោបករណ៍​ ជំនួយ​បច្ចេកទេស និង​ការហ្វឹកហ្វឺន​យោធា ហើយ​កិច្ចសហការ​កន្លងមក​មាន​ទាំង​សមយុទ្ធ​យោធា​រួមគ្នា ការការពារ​ព្រំដែន ជាដើម​។​

​លោក​បាន​ថ្លែងថា​៖ «​ដំណើរ​ទស្សនកិច្ច​ទៅ​វៀតណាម​របស់​ឯកឧត្តម ទៀ សីហា គឺ​ដើម្បី​បង្កើន​ចំណងមិត្តភាព និង​ពិភាក្សា​ការងារ​ក្នុងនោះ​សង្កត់ធ្ងន់​លើ​កិច្ចសហប្រតិបត្តិការ​ព្រំដែន​និង​ការជួញដូរ​ខុសច្បាប់ ការដោះដូរ​ព័ត៌មាន ការកសាង​សមត្ថភាព​យោធា​ជាដើម ដែល​ទាំងនេះ​គឺជា​កិច្ចសហប្រតិបត្តិការ​ប្រពៃណី​រវាង​កងទ័ព​ទាំង​២»​។

​លោក ​ថុង ម៉េង​ដាវី​ត បាន​បន្ថែមថា យោធា​នៃ​ប្រទេស​ទាំង​២ ត្រូវ​បង្កើន​ការយកចិត្តទុកដាក់​លើ​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​និង​តំបន់ និង​បង្កើន​ការសិក្សា​រួមគ្នា​ទៅលើ​ការ​ប្រែប្រួល​សន្តិសុខ​តំបន់ និង​ពិភពលោក តួយ៉ាង​សង្គ្រាម​សម័យ​ទំនើប ការប្រឆាំង​ភេរវកម្ម និង​សន្តិសុខ​សាយ​ប៊័រ ជាដើម​៕