ភ្នំពេញៈ​ កម្ពុជា និង​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត ប្តេជ្ញា​ជំរុញ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និង​អប់រំ ខណៈ​ភាគី​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត បានបង្ហាញ​សុច្ឆន្ទៈ​ក្នុងការ​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​កម្ពុជា​ដើម្បី​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​ឱ្យ​កាន់តែ​រឹងមាំ​បន្ថែមទៀត​។​


​ការបង្ហាញ​ជំហរ​នេះ​ធ្វើឡើង​តាមរយៈ​ជំនួប​រវាង លោក ឃួន ផុន​រតនៈ រដ្ឋលេខាធិការ​​ក្រសួងការបរទេស និង​សហ​ប្រតិបត្តិការ​អន្តរជាតិ និង​លោក​​ Mohammed Ismaeil A. Dahlwy​ ឯកអគ្គរាជទូត​នៃ​ព្រះ​​រាជាណាចក្រ​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត​នា​ទីស្តីការក្រសួង​កាលពី​ថ្ងៃទី​ ១៤ វិច្ឆិកា ឆ្នាំ​ ២០២៣​។​

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​ស្តីពី​លទ្ធផល​ជំនួប​នេះ បានឱ្យដឹងថា ភាគី​ទាំង​ ២ ​បាន​ផ្លាស់ប្តូរ​ទស្សនៈ​ប្រកបដោយ​អត្ថន័យ​លើ​ទំនាក់ទំនង​ទ្វេភាគី​ដែលមាន​ស្រាប់ និង​ប្តេជ្ញា​ជំរុញ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ពាណិជ្ជកម្ម វិនិយោគ ទេស​ចរណ៍ និង​អប់រំ​។​ 


​ប្រភព​ដដែល​បាន​បន្តថា ភាគី​ទាំង​ ២ ​ក៏បាន​ផ្លាស់ប្តូរ​ទស្សនៈ​ពាក់ព័ន្ធ​នឹង​ភាពចាំបាច់ ដើម្បី​បង្កើត​កិច្ច​ពិគ្រោះ​យោបល់​នយោបាយ​ទ្វេភាគី​រវាង​ក្រសួង​ការបរទេស និង​កិច្ច​សហ​ប្រតិ​​ប​ត្តិ​ការ​អន្តរជាតិ​កម្ពុជា និង​ក្រសួងការបរទេស​អា​រ៉ា​ប៊ី សា​​អ៊ូ​ឌី​ត និង​គណៈកម្មការ​សេដ្ឋកិច្ច​ចម្រុះ​រវាង​ប្រទេស​ទាំង​២​ដែលជា​វេទិកា​សំខាន់​មួយ​សម្រាប់​ស្វែងរក​មធ្យោបាយ​ថ្មី​នៃ​សកម្ម​ភាពជាក់ស្តែង​ដើម្បី​ជួយ​សម្រួល​និង​ជំរុញ​កិច្ចសហប្រតិបត្តិការ​ពា​ណិ​ជ្ជ​កម្ម និង​សេដ្ឋកិច្ច​។​

​ក្រសួងការបរទេស​បាន​បញ្ជាក់ថា​៖ «​ភាគី​ទាំង​ ២ ​បាន​សង្កត់ធ្ងន់​លើ​ការប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ ក្នុង​ការបន្ត​ពង្រឹង​កិច្ច​សហ​ប្រតិ​ប​ត្តិ​ការ​ទាំង​ក្នុង​ក្របខ័ណ្ឌ​ទ្វេភាគី និង​ពហុភាគី​រវាង​ប្រទេស​ទាំង​ ២ និង​បាន​ផ្លាស់ប្តូរ​ទស្សនៈ​លើ​ការវិវឌ្ឍ​ក្នុង​តំបន់ និង​អន្តរ​ជាតិ នាពេល​បច្ចុប្បន្ន ទាំង​នៅក្នុង​តំបន់ និង​ពិភពលោក​»​។​


​នាឱកាស​នោះ លោក​ Mohammed Ismaeil A. Dahlwy​ បានបង្ហាញ​ពី​សុច្ឆន្ទៈ​ក្នុងការ​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ក្រសួងការបរទេស និង​សហ​ប្រតិបត្តិការ​អន្តរជាតិ និង​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​ដទៃទៀត​ដើម្បី​ពង្រឹង​ទំនាក់ទំនង​កម្ពុជា​-​អា​​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត ឱ្យ​កាន់តែ​រឹងមាំ​បន្ថែមទៀត​។​

​ជាមួយគ្នានេះ លោក ឃួន​- ផុន​រតនៈ ក៏បាន​បញ្ជាក់ប្រាប់​លោក Mohammed Ismaeil A. Dahlwy​ផងដែរ​ពី​ការត្រៀមខ្លួន​របស់​កម្ពុ​ជា ក្នុងការ​ផ្តល់​ការសម្របសម្រួល និង​ការគាំទ្រ​ចាំបាច់​នានា​សម្រាប់​ដំណើរ​ការបើក​ស្ថាន​ឯកអគ្គ​-​រាជទូត​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត នៅ​ទីក្រុង​ភ្នំពេញ​ដែល​គ្រោង​នឹងធ្វើ​នៅ​ឆ្នាំក្រោយ​។​

​ជុំវិញ​ជំនួប​នេះដែរ លោក យង់ ពៅ អគ្គលេខាធិការ​នៃ​រាជ​បណ្ឌិត្យសភា​កម្ពុជា បាន​ថ្លែង​នៅ​ថ្ងៃទី ​១៥ ខែវិច្ឆិកា ដោយ​លោក​បាន​កត់សម្គាល់ថា មួយរយៈ​ចុងក្រោយ​នេះ កម្ពុជា និង​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត មាន​ទំនាក់ទំនង​ល្អ​ជាមួយគ្នា​ដែល​ខុសពី​រជ្ជ​កាល​មុនៗ​ពុំ​ដែលមាន​ទំនាក់​​ទំនង​បែបនេះ​ទេ​។​

​លោក​បាន​បន្តថា ការបង្ហាញ​ជំហរ​របស់​ភាគី​ទាំង​ ២ ​ទាំង​វិស័យ​ការទូត និង​ពាណិជ្ជកម្ម គឺជា​ការបើក​ច្រក​កាន់តែ​ទូលាយ​សម្រាប់​នយោបាយ​ការបរទេស​កម្ពុជា​ឆ្ពោះទៅ​មជ្ឈិមបូព៌ា ដែល​លើសពី​តំបន់​អឺរ៉ុប អាស៊ី និង​អ្រា​ហ្វិ​ក ជាដើម​។​

​លោក​យង់ ពៅ បាន​ថ្លែងថា​៖«​យើង​អាច​កត់សម្គាល់ថា កាលណា​ពង្រីក​កិច្ច​សហ​ប្រតិ​ប​ត្តិ​ការ​ទៅ​តំបន់​ថ្មី ហើយ​ជា​តំបន់​ដែលមាន​សក្តានុពល​ដែលមាន​ការប្រកួតប្រជែង​ឥទ្ធិពល​ភូមិសាស្ត្រ​នយោបាយ​របស់​មហាអំណាច នោះ​ជា​សក្តានុពល​ទាំង​សេដ្ឋកិច្ច ទាំង​នយោបាយ​ការទូត​របស់​កម្ពុជា​ដែល​ពីមុនមក​យើង​រួម​តូច​ជាង​បច្ចុប្បន្ន​»​។​

​សូម​រំឭកថា ក្នុង​កិច្ចប្រជុំ​អា​ស៊ាន​ក្រុមប្រឹក្សា​សហប្រតិបត្តិ​ការ​មហា​ឈូង​សមុទ្រ​នៅ​ប្រទេស​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត កាលពី​ខែតុលា ឆ្នាំ​ ២០២៣ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន ម៉ា​ណែ​ត និង​ព្រះអង្គម្ចាស់ Mohammed bin Salman bin Abdulaziz Al Saud ព្រះរាជ​ទា​យា​ទ និង​ជា​នាយករដ្ឋមន្ត្រី​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត បាន​ប្តេជ្ញា​ជំរុញ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​។​

​នៅក្នុង​ជំនួប​ទ្វេភាគី​នោះ លោក​ហ៊ុន ម៉ា​ណែ​ត បានបង្ហាញ​ការពេញចិត្ត​ចំពោះ​វឌ្ឍនភាព​នៃ​ទំនាក់ទំនង​ទ្វេភាគី​រវាង​កម្ពុជា និង​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត តាមរយៈ​ការសម្រេចចិត្ត​បង្កើត​ស្ថានទូត​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត​ប្រចាំ​នៅ​ទីក្រុង​ភ្នំពេញ និង​បាន​ស្នើឱ្យ​ភាគី​ទាំង ​២ ​ស្វែងយល់​ពី​លទ្ធភាព​នៃ​ការបង្កើត​កិច្ចព្រមព្រៀង​ជាពិសេស​កិច្ចព្រមព្រៀង​ស្តីពី​ការលើកលែង​ទិដ្ឋាការ​សម្រាប់​ការទូត និង​អ្នក​កាន់​លិខិត​ឆ្លងដែន​ផ្លូវការ៕