ភ្នំពេញៈ​ មន្ត្រីជាន់ខ្ពស់​ក្រសួងបរិស្ថាន​បាន​លើកឡើងថា កម្ពុជា​បានប្រកាស​ចាប់ផ្តើម​យុទ្ធនា​ការ​ផ្ទៃមេឃ​ពណ៌​ខៀវ និង​ការ​​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ស្មើ​សូន្យ ២០៥០ ដែល​កម្ពុជា​ជា​ប្រ​ទេស​ទី​១ ​ពី​តំបន់​អាស៊ីអាគ្នេយ៍​នៃ​បណ្តា​ប្រទេស​ជា​សមាជិក​វិទ្យាស្ថាន​អភិវឌ្ឍន៍​បៃតង​សកល ​(GGGI) ដែល​បាន​គាំទ្រ​យុទ្ធ​នា​ការ​សកល​មួយ​នេះ​។​


​យុទ្ធនាការ​ផ្ទៃមេឃ​ពណ៌​ខៀវ និង​ការបញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ស្មើ​សូន្យ​ ២០៥០ នៅ​កម្ពុជា បានប្រកាស​បើក​កាលពី​ថ្ងៃទី​ ១៥ ខែវិច្ឆិកា ឆ្នាំ ​២០២៣ ដែលមាន​ការគាំទ្រ​ពី​ទីភ្នាក់ងារ​អភិ​វឌ្ឍន៍​បារាំង​ (AFD)​ និង​អង្គការ​អុក​ស្វា​ម​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​រួម​របស់​ក្រ​សួង​បរិស្ថាន និង​អង្គការ​ដៃគូ ស្តីពី​ជំហរ​របស់​កម្ពុជា​ចំពោះ​យុទ្ធនាការ ​«​ផ្ទៃមេឃ​ពណ៌​ខៀវ និង​ការបញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ស្មើ​សូន្យ​ ២០៥០ ​នៅ​កម្ពុជា​»​។​

​សេចក្ដីប្រកាស​ព័ត៌មាន​បានលើកឡើង​ថា យុទ្ធនាការ​ដែលជា​គំនិត​ផ្តួចផ្តើម​ជា​របស់​ GGGI មាន​គោលបំណង ចូលរួម​លើកកម្ពស់​ការយល់ដឹង​ពី​សកម្មភាព​អាកាសធាតុ​របស់​ប្រទេស​កម្ពុជា និង​ប្រមូលផ្ដុំ​ការ​​គាំទ្រ​បន្ថែមទៀត ដើម្បី​ចូលរួម​សម្រេចបាន​គោលដៅ​នៃ​ការ​បញ្ចេញ​ឧស្ម័ន​សូន្យ​សុទ្ធ​នៅ​ឆ្នាំ ២០៥០​។​


​លោក​ អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​បាន​ថ្លែង​នៅក្នុង​ពិធី​នោះ​ថា យុទ្ធនាការ​នេះ ជា​វេទិកា​ដ៏​ពិ​សេសមួយ ដែល​បង្កើតឱ្យមាន​ការ​ចូលរួម​ពី​គ្រប់ភាគី​ពាក់ព័ន្ធ រួមមាន​ទាំង​យុវ​ជន​ផងដែរ ដើម្បី​ចូលរួម​លើក​​កម្ពស់​ការយល់ដឹង​អំពី​ការប្រែប្រួល​អាកាសធាតុ  ​និង​ការកសាង​ភាព​ធន់​របស់​កម្ពុជា​។​

​លោក​មានប្រសាសន៍ថា​៖ «​ខ្ញុំ​ប្តេជ្ញា​លើកកម្ពស់​ការអភិវឌ្ឍ​ស្អាត បៃតង និង​ប្រកបដោយ​ចីរភាព​នៅ​កម្ពុជា​។ លើសពីនេះ យុទ្ធនាការ​នេះ​ក៏មាន​ទិសដៅ​ស្របទៅនឹង​ចក្ខុវិស័យ​របស់​ប្រទេស​កម្ពុជា​ផងដែរ​»​។​


​ជាមួយគ្នា​នោះ លោកស្រី ភាណ សោភ័ណ នាយិកា​អង្គ​ការ​អុក​ស្វា​ម​បានបង្ហាញ​ការ​អប​អរសាទរ​ចំពោះ​ការប្តេជ្ញាចិត្ត​របស់​កម្ពុ​ជា​ចំពោះ​យុទ្ធនាការ «​ផ្ទៃមេឃ​ពណ៌​ខៀវ និង​ការ​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ស្មើ​សូន្យ​ត្រឹម​ឆ្នាំ​ ២០៥០»​ នេះ​។​ 

​លោកស្រី​បាន​ថ្លែងថា តាមរយៈ​ការគាំទ្រ​គំនិត​ផ្តួចផ្តើម​ជា​សកល​នេះ កម្ពុជា​កំពុង​បោះជំហាន​ដ៏​សំខាន់​មួយ​ឆ្ពោះទៅរក​ដំណោះស្រាយ​ការប្រែប្រួល​អាកាសធាតុ និង​ការកសាង​អនាគត​ប្រកបដោយ​ចីរភាព​។​ 

លោកស្រី​បាន​បញ្ជាក់ថា​៖ «​យើង​មាន​មោទនភាព​ដែល​បានរួម​ចំណែក​ក្នុង​យុទ្ធនាការ​នេះ ហើយ​យើង​នឹង​សហការ​ជាមួយ​អ្នកពាក់ព័ន្ធ​នានា ដើម្បី​លើកកម្ពស់​សកម្មភាព​អាកាស​​ធាតុ​ប្រកបដោយ​បរិ​យាប​ន្ន និង​សមធម៌ ជាពិសេស​នៅ​សហ​គម​ន៍​ងាយ​រងគ្រោះ»។​

​លោកស្រី Sandrine Boucher នាយិកា​ប្រចាំ​កម្ពុជា​នៃ​ទីភ្នាក់ងារ​បារាំង (AFD) បានលើកឡើង​ដែរ​ថា ជាមួយនឹង​បទពិសោធន៍​ជាច្រើន​ឆ្នាំ​ក្នុង​វិស័យ​គុណភាព​ខ្យល់ និង​បាន​មើលឃើញ​ពី​ផលប៉ះពាល់​ជាស​កល​នៃ​ការបំពុល​បរិយាកាស AFD ប្តេជ្ញា​ចែករំលែក​ជំនាញ​បច្ចេកទេស​របស់ខ្លួន​ជាមួយ​ប្រទេស​កម្ពុជា ដើម្បី​ជួយ​កម្ពុជា​ក្នុងការ​ឆ្លើយតប​ទៅនឹង​ភាព​អវិជ្ជមាន​កាន់តែខ្លាំង​ឡើង​ដែល​កើតឡើង​មកពី​ការបំពុល​ខ្យល់​។​

​លោកស្រី​បាន​ថ្លែងថា​៖ «​យើង​មាន​ក្តីរំភើប​ដែល​បានឃើញ​គំនិត​ផ្តួចផ្តើម​នេះ​ត្រូវបាន​ចាប់ផ្តើម​នៅ​ប្រទេស​កម្ពុជា​»​។​

​ចំណែក​តំណាង​វិទ្យាស្ថាន​អភិវឌ្ឍន៍​បៃតង​សកល​ (GGGI)​ ប្រចាំ​កម្ពុជា​ កញ្ញា Shomi Kim ក៏បាន​បញ្ជាក់ដែរថា​៖ «​យើង​មាន​សេចក្តីសោមនស្ស​រីករាយ​ដែល​បានឃើញ​ការ​សាទរ​ពី​ភាគី​ពាក់ព័ន្ធ​រួមមាន រាជរដ្ឋាភិបាល ដៃគូ​អភិវឌ្ឍន៍ វិស័យ​ឯកជន និង​យុវជន ដែល​បាន​ចូលរួម​គ្នា​នៅ​កន្លែង​តែមួយ​ដើម្បី​ពិភាក្សា​និង​ជជែក​វែកញែក​ជាមួយគ្នា​អំពី វឌ្ឍនភាព និង​ការឆ្លុះបញ្ចាំង នៃ​ដំណើរ​របស់​កម្ពុជា​ឆ្ពោះទៅរក​ទិសដៅ​នៃ​ការបញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ស្មើ​សូន្យ​ ២០៥០»​។​

​សូម​បញ្ជាក់ដែរថា យុទ្ធនា​​ការ​នេះ មាន​គោលបំណង​លើក​​កម្ពស់​ការយល់ដឹង​អំពី​សកម្ម​​ភាព​អាកាសធាតុ​ដែល​ស្របតាម​អាទិភាព​របស់​រាជ​រដ្ឋា​ភិ​បាល​កម្ពុជា ដូចដែល​ត្រូវ​បានកំណត់​នៅក្នុង​ការចូលរួមចំណែក​របស់​ជាតិ​ដើម្បី​អនុវត្ត​អនុ​សញ្ញា​ក្របខ័ណ្ឌ​សហប្រជាជាតិ​ស្ដីពី​ការប្រែប្រួល​អាកាសធាតុ ​(NDCs)​ និង​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​រយៈពេល​វែង​ប្រកបដោយ​​អព្យាក្រឹត​កាបូន ​(LTS4CN)​ និង​គោលនយោបាយ​ជាតិ និង​គោលដៅ​ផ្សេងទៀត​។​

​យុទ្ធនាការ​ «​ផ្ទៃមេឃ​ពណ៌​ខៀវ និង​ការបញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ស្មើ​សូន្យ ២០៥០» បានចាប់ផ្តើម​ដំបូង​នៅ​ឆ្នាំ ​២០២០ ក្រោម​ការផ្តួចផ្តើម​រប​ស់ GGGI និង​មជ្ឈមណ្ឌល​ការប្រែប្រួល​អាកាសធាតុ ​(​សាធារណរដ្ឋ​​កូរ៉េ​)​។ យុទ្ធនាការ​នេះ បាននិងកំពុង​ដើរតួ​ជា​វេទិកា​មួយ​ដែល​ប្រមូលផ្តុំ​រដ្ឋាភិបាល វិស័យ​ឯក​ជន សង្គម​ស៊ីវិល យុវជន និង​វិស័យ​សាធារណៈ ដើម្បី​បង្កើន និង​កសាង​ការយល់ដឹង​ជា​សា​ធា​រណៈ​ពី​ការបំពុល​ខ្យល់ និង​លើកកម្ពស់​ការប្តេជ្ញាចិត្ត​របស់​កម្ពុជា​ពី​អព្យាក្រឹត​កាបូន​៕