ភ្នំពេញៈ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ឆ្លើយតប​ចំពោះ​កិច្ចសហប្រតិបត្តិការ​ជាមួយ បារាំង​លើ​គម្រោង​ធំៗ​ ៣ ​ក្នុង​វិស័យ​វប្បធម៌ ក្នុងនោះ​មានការ​ពង្រីក​សារមន្ទីរ​ជាតិ ជួសជុល​បដិមា​ព្រះ​វិស្ណុ​ផ្ទំ​ធ្វើ​ពី​សំរឹទ្ធ​ និង​កិច្ច​សហ​ប្រតិបត្តិការ​លើ​កិច្ចការ​អភិរក្ស និង​អភិវឌ្ឍន៍​រមណីយដ្ឋាន​អង្គរ​និង​សំបូរ​ព្រៃ​គុក​។​


​យោងតាម​ខ្លឹមសារ​ប្រកាស​របស់​ក្រសួង​វប្បធម៌​នៅ​ល្ងាច​ថ្ងៃទី​ ១៤ ខែវិច្ឆិកា ឆ្នាំ ​២០២៣ ​បានឱ្យដឹងថា ក្រសួង​ស្វាគមន៍​ចំពោះ​ការប្តេជ្ញា​គាំទ្រ​របស់​បារាំង​លើ​គម្រោង​កិច្ចសហប្រតិបត្តិការ​ផ្នែក​វប្បធម៌​រវាង​ប្រទេស​ទាំង​ ២ តាមរយៈ​ព្រះរាជសវនាការ រវាង​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី និង​ប្រ​ធានា​​ធិបតី​បារាំង​លោក​អេ​ម៉ា​នុយ​អែល​ម៉ា​ក្រុង នា​វិមាន​ប្រធានាធិបតី​បារាំង ​Élysée​ នា​ថ្ងៃទី ​១៣ ​វិច្ឆិកា​។​

​ចំពោះ​គម្រោង​ពាក់ព័ន្ធ​នឹង​ការពង្រីក​សារមន្ទីរ​ជាតិ និង​កិច្ច​សហការ​រវាង​សារមន្ទីរ​ជាតិ​កម្ពុជា​និង​សារមន្ទីរ Guimet របស់​បារាំង ក្រសួង​វប្បធម៌​បញ្ជាក់ថា​ជាការ​ឆ្លើយតប​នឹង​តម្រូវការ​ចាំបាច់​របស់​ភ្ញៀវទេសចរ និង​កំណើន​សមុច្ច័យ ក្រសួង​បានគិត​ពី​លទ្ធ​ភាព​ក្នុង​ការពង្រីក​សារមន្ទីរ​ជាតិ​ទៅ​ទីតាំង​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ​បច្ចុប្បន្ន ឬ​នៅ​ទីតាំង​ថ្មី​។ 


​កន្លងមក​ក្រសួង​បានប្រកាស​សុំ​ជំនួយ​អ្នកជំនាញ​កាលពី​ឆ្នាំ​ ២០២២ ទៅកាន់​ដៃគូ​បរទេស ហើយ​មានការ​ទទួល​ពី​ស្ថានទូត​បារាំង​ប្រចាំ​កម្ពុជា​នៅ​ដើមឆ្នាំ​ ២០២២​។

ក្រសួង​វប្បធម៌​បញ្ជាក់ថា​៖ «​ក្នុង​គម្រោង​នេះ បារាំង​ថា ​នឹង​បញ្ជូន​ក្រុម​ជំនាញ​ចុះមក​ពិនិត្យ​និង​ពិភាក្សា​ជាមួយ​ក្រសួង​ដោយ​កន្លងមក​ភាគី​ទាំង​ ២ ​បាន​ជួប​ពិភាក្សាគ្នា​នា​រាជធានី​ភ្នំពេញ​កាលពី​ពាក់កណ្តាល​ឆ្នាំ​ ២០២៣ ​កន្លងទៅ ហើយ​បច្ចុប្បន្នកំពុង​រៀបចំរ​បាយ​ការណ៍​បច្ចេកទេស​ពី​លទ្ធផល​ជំនួប​នោះ​ផងដែរ​»​។​


​ពាក់ព័ន្ធ​នឹង​គម្រោង​ទី​២​ ជុំវិញ​ការជួសជុល​បដិមា​ព្រះ​វិស្ណុ​ផ្ទំ​ធ្វើ​ពី​សំរឹទ្ធ​វិញ ក្រសួង​វប្បធម៌ បានលើកឡើង​ដែរ​ថា​នឹង​ចាប់​អនុវត្ត​ពី​ពាក់កណ្តាល​ឆ្នាំ​២០២៤ ខាង​មុខ​ហើយ​រំពឹងថា នឹង​បញ្ចប់​នៅ​ពាក់កណ្តាល​ឆ្នាំ​ ២០២៥​។​

​ក្រសួង​នឹង​បញ្ជូន​បដិមា​ព្រះ​វិស្ណុ​នេះ​ពី​សារមន្ទីរ​ជាតិ​ទៅ​ជួសជុល​ពង្រឹង​ផ្ទៃ​លោហៈ​ដែល​ខូចខាត​ដោយ​កត្តា​ធម្មជាតិ​ព្រមទាំង​យកទៅ​សិក្សា​វិភាគ​ស្វែងយល់​ពីធាតុ​ផ្សំ​និង​បច្ចេកទេស​នៃ​ការ​សិត​លោហៈ​កាលសម័យ​បុរាណ​ក៏ដូចជា​សាកល្បង​ផ្គុំ​បំណែក​ផ្សេងទៀត​ភ្ជាប់​ទៅនឹង​តួខ្លួន​បដិមា​នេះ​។​

​ចំណែកឯ​គម្រោង​ទី​៣​ គឺ​ពាក់​ព័ន្ធ​នឹង​កិច្ចសហប្រតិបត្តិការ​លើ​យន្តការ​គណៈកម្មាធិការ​អន្តរជាតិ​សម្របសម្រួល​កិច្ចការ​អភិរក្ស​និង​អភិវឌ្ឍន៍​រមណីយដ្ឋាន​អង្គរ​សំបូរ ព្រៃ​គុក​ (ICC-Angkor SamboPrei Kuk International Coordinating Committee) ដែលមាន​ជប៉ុន​ជា​សហប្រធាន​។​

​គណៈកម្មាធិការ​អន្តរជាតិ​នេះ​ជា​យន្តការ​អន្តររដ្ឋាភិបាល​ដើម្បី​ការងារ​អភិរក្ស​រមណីយដ្ឋាន​អង្គរ​និង​តំបន់​ប្រាសាទសំបូរព្រៃគុក​។​

​ក្រសួង​លើកឡើងថា​៖ «​យន្ត​ការ​អន្តរជាតិ​នេះ​កំពុង​ត្រូវបាន​មជ្ឈដ្ឋាន​អន្តរជាតិ​ជាពិសេស​យូ​ណេ​ស្កូ​ចាត់ទុកជា​យន្តការ​គំរូ​និង​ជោគជ័យ​សម្រាប់​វិស័យ​អភិរក្ស​និង​អភិវឌ្ឍន៍​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ហើយក៏​ជា​ជោគជ័យ​នៃ​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​របស់​កម្ពុជា​ផងដែរ​»​។​

​ប្រភព​ដដែល​បន្ថែមថា យន្តការ ICC-Angkor បាន​ដំណើរការ​រយៈពេល ៣០ ​ឆ្នាំ​មកហើយ​ហើយនឹង​មាន​កិច្ចសហប្រតិបត្តិការ​បន្ថែម​រយៈ​ពេល ១០​ឆ្នាំ​ទៅមុខទៀត​ដែល​ផ្តោត​សំខាន់​លើ​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស​ខាង​វិស័យ​អភិរក្ស​។ សម្រាប់​យន្តការ​នេះ​ក៏មាន​កិច្ចប្រជុំ​ដាក់ចេញ​យុទ្ធសាស្ត្រ​ ១០​ ឆ្នាំ​ (២០២៤-២០៣៤) ផងដែរ​ដែល​ធ្វើឡើង​នៅ​ទីស្នាក់ការ​កណ្តាល​អង្គកា​រ​យូណេស្កូ​នៅ​ទីក្រុង​ប៉ារីស​ប្រទេស​បារាំង ​នា​ថ្ងៃទី​ ១៥ ខែវិច្ឆិកា ឆ្នាំ​ ២០២៣​។​

​លោក​ ស៊ុំ ម៉ាប់ រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​វប្ប​ធម៌​បាន​ប្រាប់ឱ្យដឹង​នៅ​ថ្ងៃទី​ ១៥ ខែវិច្ឆិកា​ថា​កម្ពុជា​និង​បារាំង​មាន​ទំនាក់ទំនង​ល្អជា​ប្រវត្តិ​សា​ស្ត្រ​លើ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​នានា​ជាពិសេស​លើ​វិស័យ​វប្បធម៌​ជា​កិច្ចសហប្រតិបត្តិការ​ជា​ប្រពៃណី​និង​មិត្តភាព​។

លោក​សង្កត់ធ្ងន់ថា​៖ «​ក្នុង​ទំនាក់ទំនង​វិស័យ​វប្បធម៌​នេះ​ក៏​បង្ហាញ​ផង​ដែរ ពី​ការរីកចម្រើន​នៃ​ទំនាក់ទំនង​មិត្តភាព​កម្ពុជា និង​បារាំង ហើយ​បារាំង​តែង​ជួយ​គាំទ្រ​កម្ពុជា​តួយ៉ាង​នៅក្នុង​វិស័យ​អប់រំ​វិស័យ​សុខាភិបាល​ក្តី​បារាំង​ជួយ​ច្រើនណាស់​»​។​

​លោក ​គិ​ន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា​ស​ង្កេ​ត​ឃើញថា ទំនាក់ទំនង​កម្ពុជា​-​បារាំង​មាន​លក្ខណៈ​ល្អប្រសើរ​ដែល​កើត​ចេញពី​ទំនាក់​ទំនងជា​ប្រវត្តិ​សាស្ត្រ​ពី​មរតក​អាណានិគម ហើយ​បន្ត​ជា​រៀងរហូត​មកទល់​សព្វ​ថ្ងៃ​។

លោក​បន្តថា លើកលែងតែ​ក្នុងសម័យ​សង្គ្រាមត្រជាក់​ដែល​ទំនាក់ទំនង​ប្រទេស​ទាំង​ ២ ហាក់​ឃ្លាតឆ្ងាយ​ប៉ុន្តែ​បារាំង​នៅតែ​ដើរតួនាទី​សំខាន់​តួយ៉ាង​ការ​​សម្របសម្រួល​ឱ្យមាន​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ក៏ដូចជា​ការស្តារ​ប្រទេស​កម្ពុជា​ឡើងវិញ​។

​លោក​បាន​ថ្លែងថា​៖ «​ជាការ​សង្កេត​បារាំង​តែង​ជួយ​កម្ពុជា​លើ​ការកសាង​ធនធាន​​មនុស្ស​ជាពិសេស​វិស័យ​សុខា​​ភិ​បាល​ច្បាប់​និង​ការងារ​វប្បធម៌​មាន​កិច្ចការ​សារមន្ទីរ​ជួសជុល​អភិរក្ស​ប្រាសាទ​វត្ថុ​បុរាណ វិចិត្រ​​សិល្បៈ ហើយ​បារាំង​ជា​សហ​​ប្រធាន ​ICC-Angkor ជាយ​ន្ត​ការ​អន្តរជាតិ​ជួយ​ស្តារ​និង​អភិរក្ស​ប្រាសាទខ្មែរ​យើង​»​។​

​បើតាម​ការលើកឡើងរ​ប​ស់លោក គិ​ន ភា បារាំង​ជា​ច្រក​​ទ្វារ​សំខាន់​របស់​កម្ពុជា​សម្រាប់​ការពង្រីក​ទំនាក់ទំនង​ទៅ​អឺរ៉ុប​និង​ក្រុម​បស្ចិម​លោក ហើយ​បារាំង ក៏ ជា​ម្ចាស់ជំនួយ​សំខាន់​របស់​កម្ពុជា​ផងដែរ​។

លោក​ថា​៖ «​ទោះបី​សព្វ​ថ្ងៃ​ការប្រើ​ភាសា​បារាំង​មានការ​ថយចុះ​នៅ​កម្ពុជា​ក្តី​ប៉ុន្តែ​ឥទ្ធិពល​បារាំង​នៅមាន​តួនាទី​យ៉ាងសំខាន់ ក្នុង​កិច្ចការ​នយោបាយ​ដែល​ខ្ញុំសុំ​ស្នើ​ភាគី​ទាំង​ ២ ​បង្កើន​ដំណើរ​ទស្សនកិច្ច​ក្នុងចំណោម​ថ្នាក់​ដឹក​នាំ​រវាង​គ្នា​និង​គ្នា​បន្ថែមទៀត​»៕