ភ្នំពេញៈ ក្រុមប្រឹក្សា​ជាតិ​រណសិរ្ស​សាមគ្គី​អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា​បន្ត​អំពាវនាវ​ដល់​ជនរួមជាតិ​ទាំងមូល និង​គ្រប់​មជ្ឈដ្ឋាន​សង្គម សាមគ្គី​គ្នា​ជា​ធ្លុង​មួយ នៅក្រោម​ដំបូល​រដ្ឋធម្មនុញ្ញ ដើម្បី​សម្រេចបាន​សមិទ្ធផល​ធំៗ​ថ្មីៗ​ថែមទៀត ក្នុង​ការងារ​កសាង អភិវឌ្ឍ​ប្រទេសជាតិ ឱ្យមាន​ការរីកចម្រើន​ដូច​បណ្តា​ប្រទេស​អភិវឌ្ឍន៍​នានា​នៅក្នុង​តំបន់ និង​នៅលើ​សកលលោក ។​


​ការអំពាវនាវ​នេះ​ធ្វើឡើង​តាមរយៈ​សេចក្តីសម្រេចចិត្ត​នៃ​មហាសន្និបាត​រណសិរ្ស​សាមគ្គី​អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា​លើក​ទី​៦ ដែល​បាន​ធ្វើឡើង​នៅ​ថ្ងៃទី​ ១៥ ខែវិច្ឆិកា ឆ្នាំ​ ២០២៣ ក្រោម​អធិបតីភាព​លោក ហេង សំរិន ប្រធានកិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធានកិត្តិយស​នៃ​ក្រុមប្រឹក្សា​ជាតិ​រណសិរ្ស​សាមគ្គី​អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា និង​លោក ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជា​ជនកម្ពុជា និង​ជា​អធិបតី​កិត្តិយស​នៃ​ក្រុមប្រឹក្សា​ជាតិ​រណសិរ្ស​សាមគ្គី​អភិ​​វឌ្ឍន៍​មាតុភូមិ​កម្ពុជា​។​

​សេចក្តីសម្រេច​នេះ​បាន​បញ្ជាក់ថា​៖ «​ក្នុង​ស្មារតី​សាមគ្គី​ភាពជា​ភាត​រៈ អង្គ​មហាសន្និបាត​បាន​បំពេញការងារ​ដោយ​ជោគជ័យ​តាមរបៀប​វារៈ​ដែល​បានកំណត់ និង​ដាក់ចេញ​នូវ​សេចក្តីសម្រេចចិត្ត​មួយចំនួន​ដោយ​ក្នុងនោះ អង្គ​មហាសន្និបាត​បាន​ឯកភាព​ទាំងស្រុង​លើ​របាយការណ៍ និង​ការវាយតម្លៃ​នូវ​លទ្ធផល​នៃ​សកម្មភាព​ការងារ​របស់​រណសិរ្ស​គ្រប់​ថ្នាក់​ក្នុង​រយៈពេល​ ១៧ ​ឆ្នាំ ពី​ឆ្នាំ​ ២០០៦ ដល់​ឆ្នាំ​ ២០២៣»​។​ 


​ជាមួយនេះដែរ អង្គ​មហា​ស​ន្និ​បាត​ក៏បាន​អបអរសាទរ​សមិទ្ធ​ផល​សម្រេចបាន​ក្នុងការ​កសាង​និង​អភិវឌ្ឍ​ប្រទេសជាតិ​ឱ្យមាន​ការរីកចម្រើន​លើ​គ្រប់​វិស័យ​របស់​រាជរដ្ឋាភិបាល​អាណត្តិ​មុនៗ​

​ក្នុង​កិច្ច​ជំរុញ​ការអនុវត្ត​យុទ្ធ​​សាស្ត្រ​ចតុកោណ​នៅ​គ្រប់​ដំ​ណាក់​កាល​យ៉ាង​មាន​ប្រសិទ្ធ​ភាព​ខ្ពស់​។​អង្គ​មហាសន្និបាត​ក៏បាន​អំពាវនាវ​ដល់​សមាជិក សមា​ជិ​កា​រណសិរ្ស​គ្រប់លំដាប់​ថ្នាក់​ត្រូវ​បន្ត​គាំទ្រ និង​ចូលរួម​អនុវត្ត​យ៉ាងសកម្ម​នូវ​កម្មវិធី​និង​ផែនការ​សកម្មភាព​នានា​របស់​រណសិរ្ស​ដែល​បាន​ដាក់ចេញ​ដើម្បី​រួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ក្នុងការ​បង្កើត​សមិទ្ធផល​ធំៗ​ថ្មីៗ​ថែមទៀត​ក្នុង​ការកសាង និង​អភិវឌ្ឍ​ប្រទេសជាតិ​។​


​នៅក្នុង​ឱកាស​នោះ​លោក ហ៊ុន​ សែន ថ្លែងថា​៖ «​ព្រះ​វត្តមាន និង​វត្តមាន​គណៈអធិបតី  សមាជិក​-សមាជិកា​នៃ​មហាសន្និបាត  ដែលជា​តំណាង​មកពី​គ្រប់​សមាស​ភាព បាន​យាង និមន្ត និង​អញ្ជើញ​មក​ចូលរួម គឺជា​ការ​រំឭក​នៃ​ការ​បដិសន្ធិ​រណសិរ្ស​សាមគ្គី​​សង្គ្រោះ​ជាតិ​កម្ពុជា​ដែល​បច្ចុប្បន្ន​មានឈ្មោះ​រណសិរ្ស​សាមគ្គី​អភិ​វឌ្ឍន៍​មាតុភូមិ​កម្ពុជា និង​មហា​​ជ័យជម្នះ ៧ មករា ១៩៧៩  ព្រមទាំង​សមិទ្ធិ​ធំ​ទាំងឡាយ​ដែល​ប្រទេសជាតិ​និង​ប្រជាជន​កម្ពុជា​សម្រេចបាន​រហូតមកដល់​បច្ចុប្បន្ន​នេះ »​។​ 

​លោក​បាន​បន្តថា ចាប់តាំងពី​ថ្ងៃទី​ ១៧ ខែមេសា ឆ្នាំ​ ១៩៧៥ របប​កម្ពុជា​ប្រជាធិបតេយ្យ ប៉ុល ពត បាន​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម ប្រល័យពូជសាសន៍​ដែល​មិន​ធ្លាប់មាន​នៅលើ​ពិភពលោក​ត្រឹមតែ​រយៈ​ជាង ៣​ ឆ្នាំ ប្រជា​ជនកម្ពុជា​បាន​បាត់បង់​ជីវិត អស់​ជាង ​៣​ លាន​នាក់​យ៉ាង​​អយុត្តិធម៌​បំផុត​។​ 

​លោក​ថា​៖ «​ស្ថិតក្នុង​កាលៈទេសៈ​ដ៏​មហន្តរាយ​នេះ រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​ដែល​បច្ចុប្បន្ន​មានឈ្មោះ​រណ​សិរ្ស​សាមគ្គី​អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា​បាន​តស៊ូ​រំដោះជាតិ មាតុ​​ភូមិ និង​ប្រជាជន​កម្ពុជា​ឱ្យ​រស់រានមានជីវិត​ឡើងវិញ​»​។​

​ទាក់ទិន​នឹង​រឿងនេះ លោក ថុង ម៉េង​ដាវី​ត ប្រធាន​ផ្នែក​ស្រាវជ្រាវ​នៅ​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី​ (AVI) បាន​ថ្លែង​នៅ​ថ្ងៃទី​ ១៥ ខែវិច្ឆិកាថា មហាសន្និបាត​រណសិរ្ស​សាមគ្គី​អភិវឌ្ឍន៍​មាតុ​​ភូមិ​កម្ពុជា​ជា​កិច្ចការ​មួយ​ឬ​ជា​ស្នូល​មួយ​របស់​គណបក្ស​ប្រជា​ជនកម្ពុជា​ដែល​បាន​ខិតខំ​ស្វែងរក​សន្តិភាព​ជូន​ប្រទេស​កម្ពុជា​ក៏ដូចជា​ប្រជាជន​កម្ពុជា​ចាប់តាំងពី​ឆ្នាំ​ ១៩៩៣ និង​ទទួលបាន​ពេញលេញ បន្ទាប់ពី​បោះឆ្នោត ឆ្នាំ​ ១៩៩៨ កន្លងមក​។​

​ជាមួយគ្នានេះ លោក​បានបង្ហាញ​ក្តីសង្ឃឹម​លើ​ការដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដែលមាន​លោក ហ៊ុន សែន ជា​ប្រមុខ ក្នុងការ​ដាក់ចេញ​គោល​​នយោបាយ​និង​យុទ្ធសាស្ត្រ​ស្នូល​ដ៏​សំខាន់​សម្រាប់​ការបង្រួបបង្រួម​ជាតិ និង​ការ​ស្នេហា​ជាតិ​ព្រមទាំង​លើកកម្ពស់​ទំនៀម​ទម្លាប់ ប្រពៃណី​។ ជាពិសេស​គោរព​គោលការណ៍ និង​ច្បាប់​អន្តរជាតិ​សម្រាប់ធ្វើ​ទំនាក់ទំនង​ជាមួយ​បណ្តា​ប្រទេស​នានា​នៅលើ​ពិភពលោក និង​ស្វែងរក​ដៃគូ​កិច្ចសហប្រតិបត្តិការ​ជាមួយ​ប្រទេស​ដទៃ​ដើម្បី​ទាក់ទាញ​វិ​និ​យោគិន និង​អ្នកទេសចរ​មក​ទស្សនា​កម្ពុជា​កាន់តែច្រើន​ថែមទៀត​។​

​ចំណែក​លោក ជ័យ តិច អ្នក​​ស្រាវជ្រាវ​អភិវឌ្ឍន៍​សង្គម និង​សេដ្ឋកិច្ច​បាន​ថ្លែងថា មហា​សន្និបាត​រណសិរ្ស​សាមគ្គី​អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា ​គឺជា​កិច្ច​ការ​ផ្ទៃក្នុង​របស់​គណបក្ស​ប្រជា​​ជនកម្ពុជា ដូចដែល​គ្រប់គ្នា​បានដឹង​រួចហើយ ​គឺ​នៅពេល​មាន​រណសិរ្ស​នេះ ទើប​មាន​ថ្ងៃ ៧ មករា ដែលជា​ឆ្អឹងខ្នង​របស់​គណបក្ស​។​

​លោក​ថា​៖ «​ការ​ប្រារព្ធ​ធ្វើ​នៅថ្ងៃនេះ ​គឺជា​ការពង្រឹង​សាមគ្គីភាព​ផ្ទៃក្នុង​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ក៏ដូចជា​រៀបចំ​ពិនិត្យមើល​នូវ​លទ្ធផល​ដែល​បានសម្រេច​នាពេល​កន្លងមក និង​ផែនការ​ទៅមុខ ជាពិសេស​គឺ​ការកែ​សម្រួល​រចនាសម្ព័ន្ធ ការ​តែង​តាំង​ឥស្សរជន​មួយចំនួន​ក្នុង​ជួរ​រណសិរ្ស​នេះ​ឱ្យ​សមស្រប​នឹង​បច្ចុប្បន្នភាព នយោបាយ និង​គណបក្ស​ព្រមទាំង​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៧ នេះ​»៕