ភ្នំពេញៈ ស្ពាន​កោះនរា និង​ស្ពាន​នាគ​ភ្លោះ​កោះនរា​ដែល​ត​ភ្ជាប់​តំបន់​អភិវឌ្ឍន៍​កោះនរា និង​តំបន់​អភិវឌ្ឍន៍​កោះ​ពេជ្រ​ទៅកាន់​ផ្លូវជាតិ​លេខ​​ ១ ​ត្រូវបាន​ប្រ​កាស​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់ ជា​ផ្លូវការ​នា​ថ្ងៃទី​ ១៥ ខែវិច្ឆិកា ឆ្នាំ ​២០២៣ ដោយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត​។​


​នាឱកាស​នោះ លោក ឃួ​ង​ ស្រេង អភិបាល​រាជធានី​ភ្នំពេញបានឱ្យដឹងថា ស្ពាន​នាគ​ភ្លោះ​កោះនរា​ជា​ប្រភេទ​ស្ពានបេតុង​ត​ភា្ជ​ប់​ពី​ផ្លូវជាតិ​លេខ​ ១ ទៅកាន់​តំបន់​អភិវឌ្ឍន៍​កោះនរា ក្នុង​ខណ្ឌ​ច្បារអំពៅ ដែល​ត្រូវបាន​ចំណាយពេល​នៃ​ការសាងសង់​អស់​រយៈពេល​ជាង​ ២៥ ​ខែ ដែល​ចំណាយ​ថវិកា​អស់​ជាង ​១ ​លាន​ ៦​ សែន​ដុល្លារ​អាមេរិក ដែលជា​កញ្ចប់​ថវិកា​បានមកពី​មូលនិធិ​តំបន់​អភិវឌ្ឍន៍​កោះនរា​របស់​ក្រុមហ៊ុន​វិនិយោគទុន​អាណិកជន​កម្ពុជា ​(OCIC)​។ 

​ចំណែក​ស្ពាន​កោះនរា ​គឺជា​ប្រភេទ​ស្ពាន​ប្រអប់​បេតុង​ខ្សែកាប​ដែល​ត​ភ្ជាប់​ពី​តំបន់​អភិវឌ្ឍន៍​កោះនរា​ទៅកាន់​ទីក្រុង​រណប​កោះ​ពេជ្រ​ស្ថិតក្នុង​ភូមិសាស្ត្រ​ចំណុចប្រសព្វ​ខណ្ឌ​ចែក​ដោយ​ទន្លេបាសាក់​រវាង​ខណ្ឌ​ច្បារអំពៅ និង​ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ​។ លោក​ឃួ​ង ស្រេង បញ្ជាក់ថា​៖ «​ស្ពាន​នេះ​បាន​ចំណាយពេល​សាងសង់​រយៈពេល​ជិត​ ៣៥ ​ខែ ដោយបាន​ចំណាយ​ថវិកា​សាងសង់​ចំនួន​ ៣៨ ​លាន​ដុល្លារ​អាមេរិក ដែលជា​កញ្ចប់​ថវិកា​បានមកពី​មូលនិធិ​តំបន់​អភិវឌ្ឍន៍​កោះនរា​របស់​ក្រុមហ៊ុន ​(OCIC)»​។​


​លោក​បន្ថែមថា សមិទ្ធផល​ថ្មី​ដ៏​សំខាន់​មួយ​នេះ គឺជា​អាទិភាព​គន្លឹះ​ទី​២ នៅក្នុង​អាទិភាព​គន្លឹះ​ទាំង​ ៥ «​មនុស្ស ផ្លូវ ទឹក ភ្លើង និង​បច្ចេក​វិទ្យា​» ​នៃ​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​កម្ពុជា នីតិកាល​ទី ​៧ ដែល​នឹង​ជួយ​កាត់បន្ថយ​ការចំណាយ​លើ​ឥន្ធនៈ​ដោយសារ​ការកកស្ទះ និង​សម្រួល​ដល់​ការធ្វើដំណើរ​ប្រកបការងារ​ដើម្បី​សេដ្ឋកិច្ច​របស់​ប្រជាពលរដ្ឋ​។​

​លោក ពុង ឃាវ​សែ អគ្គនាយក​ក្រុមហ៊ុន OCIC បាន​ថ្លែង​ក្នុង​ពិធី​សម្ពោធ​នោះដែរ​ថា មុននឹង​មានការ​អភិវឌ្ឍ​កោះនរា​នេះ ដែល​បើ​គិតពី​វិមានឯករាជ្យ និង​វត្ត​និរោធ​រង្សី ស្ថិតនៅ​ខណ្ឌ​ច្បារអំពៅ គឺមាន​ចម្ងាយ​ត្រឹមតែ ៥​ គីឡូម៉ែត្រ​ប៉ុណ្ណោះ ប៉ុន្តែ​ប្រជាពលរដ្ឋ​ត្រូវ​ចំណាយពេល​ធ្វើដំណើរ​ប្រមាណ​ជាង​ ១​ ម៉ោង ទៅ ​២ ម៉ោង​នៅពេលដែល​ស្ទះចរាចរណ៍​ខ្លាំង​ម្តងៗ​។​


លោក​នាយ​ករដ្ឋ​មន្ត្រី ហ៊ុន ម៉ាណែត ក្នុង​ពិធី​សម្ពោធស្ពាន កាលពីម្សិលមិញ​។ រូបថត STPM

​លោក​បន្តថា ប៉ុន្តែ​នៅពេល​បច្ចុប្បន្ន បន្ទាប់ពី​ស្ពាន​កោះនរា និង​ស្ពាន​នាគ​ភ្លោះ​កោះនរា ត្រូវបាន​អនុញ្ញាត​ឱ្យប្រើ​ប្រាស់​ជា​បណ្តោះ​អាសន្ន នៅ​អំឡុង​ថ្ងៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​កន្លងទៅនេះ លោក​សង្កេតឃើញថា ចរាចរណ៍​លែងមាន​ការកកស្ទះ​ដូចពេលមុន​ទៀតហើយ​។​ 

​លោក​ថ្លែងថា​៖ «​ទាំងនេះ សុទ្ធតែជា​អនុ​សាសន៍​ណែនាំ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ សម្តេច​ហ៊ុន សែន​អតីត​នាយករដ្ឋមន្ត្រី​កម្ពុជា ដែល​សម្តេច​លោក​តែងតែ​យកចិត្តទុកដាក់​ខ្ពស់ ព្រមទាំង​មាន​ចក្ខុវិស័យ​ច្បាស់លាស់ និង​ត្រឹមត្រូវ​បំផុត​»​។​

​ស្ពាន​កោះនរា និង​ស្ពាន​នាគ​ភ្លោះ​កោះនរា​នេះ ត្រូវ​សាងសង់​បេតុង​ច្រាំងទន្លេ ប្រវែង​សរុប ៨ ២០០ ​ម៉ែត្រ ប្រព័ន្ធ​លូ​បង្ហូរ​ក្រោម​ដី ​២ ​ប្រភេទ គឺ​លូទឹក​ភ្លៀង និង​លូទឹកកខ្វក់ ដែលជា​ប្រព័ន្ធ​លូ​ទំនើប ហើយ​ងាយស្រួល​គ្រប់គ្រង និង​មិន​ប៉ះពាល់​ដល់​បរិស្ថាន និង​ទន្លេ​។ លោក​ឃាវ​សែ បញ្ជាក់ដែរថា ក្រុមហ៊ុន OCIC ក៏បាន​សាងសង់​ឧទ្យាន​ន​រា ដែលមាន​ប្រវែង ៤ ២០០ ​ម៉ែត្រ ស្របតាម​ទន្លេមេគង្គ​ក្រោម​ដែលជា​សួនច្បារ​ដ៏​ស្រស់ស្អាត និង​វែង​ជាងគេ​ក្នុងស្រុក​នាពេល​បច្ចុប្បន្ន និង​មាន​ប្រជាពលរដ្ឋ​ប្រមាណ​ជា ៥​ ពាន់ ទៅ​ ១ ​ម៉ឺ​នាក់ មក​កម្សាន្ត​ជា​រៀងរាល់ថ្ងៃ​។​

​ក្នុងឱកាស​ប្រកាស​ដាក់ឱ្យ​ប្រើប្រាស់​ស្ពាន​នេះដែរ លោក​ ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ស្ពាន​នេះ​នឹង​ជួយ​សម្រួល​ដល់​ការធ្វើ​ចរាច​រណ៍ ការដឹក​ទំនិញ បង្កើត​សេដ្ឋកិច្ច​មូលដ្ឋាន បន្ថែម​ពីនេះ​វា​នឹង​ជួយ​ក្នុង​ការពង្រីក​សេដ្ឋកិច្ច​តំបន់​រួមទាំង​ខណ្ឌ​ច្បារអំពៅ និង​ខណ្ឌចំការមន​ប​ន្ថែ​ម​ទៀត​។

លោក​មានប្រសាសន៍ថា​៖ «​ពិតណាស់​ពលរដ្ឋ​ដែល​ទទួលផល​មាន​លក្ខណៈ​ខុសគ្នា ខាង​ក្រុមហ៊ុន​បាន​ផល​តាម​ការវិនិយោគ​ពលរដ្ឋ​ដែល​ធ្វើការ​ងារ​បាន​ផល​តាមរយៈ​ប្រាក់ខែ ពលរដ្ឋ​ដែលមាន​លទ្ធភាព​ដែល​ធ្វើ​អាជីវកម្ម​ក៏បាន​ផល និង​សួន​សា​ធា​​រណៈ ប៉ុន្តែ​អ្វីដែល​សំខាន់​គឺ​ផល​សម្រាប់​ប្រជាជន​រស់នៅក្នុង​ក្រុងភ្នំពេញ​។ នេះ​ជា​អ្វីដែល​ជាការ​អភិវឌ្ឍ​ដែលមាន​លក្ខណៈ​បរិ​យាប​ន្ន និង​សមធម៌ គឺ​ផ្តល់​ផល​ជូន​ប្រជាពលរដ្ឋ​ទាំងអស់គ្នា​»​។​

​លោកនាយក​រដ្ឋមន្ត្រី​បន្ថែមថា សំខាន់បំផុត​ការអភិវឌ្ឍ​នៅទីនេះ​នឹងចូលរួម​បន្ថែមទៀត ទៅដល់​ការជំរុញ​ការ​អភិ​វ​ឌ្ឍ​ឆ្ពោះទៅ​ទិសខាងកើត​។ លោក​ថា​៖ «​ឥឡូវនេះ​យើង​មាន​ស្ពាន​ ៨ ដែល​បាន​កសាង​រួចហើយ គ្រោង​សាងសង់​ ៣ ​ខ្សែ​ទៀត ខ្សែ​ធំ​គឺ​ស្ពាន​អរិយ​ក្សត្រ​ភ្ជាប់​ផ្សារ​រាត្រី ស្ពាន​ព្រែក​​ប្រា គ្រោង​បុកគ្រឹះ​ក្នុងឆ្នាំនេះ ហើយ​និង​ស្ពាន​នៅ​ចាក់អង្រែលើ​មួយទៀត​។ អ៊ីចឹង​!​យើង​សង្ឃឹមថា បើ​ស្ពាន​ទាំងអស់នេះ ភ្ជាប់​បន្ថែមនឹង​ជំរុញ​សេដ្ឋកិច្ច​ទៅ​ទិសខាងកើត បន្ថែមទៀត​»​។ 

​សរសៃឈាម​ទាំង​ការតភ្ជាប់​ផ្លូវគោក ស្ពាន ទាំង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ នឹង​ជំរុញ​កំណើនសេដ្ឋកិច្ច​ជាពិសេស​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​ ១ ដែល​នឹង​ឃើញ​ផ្លែផ្កា​សេដ្ឋកិច្ច និង​ការរីកចម្រើន​ក្នុង​តំបន់​របស់ខ្លួន​។

លោក​បញ្ជាក់ថា​៖ «​ជាមួយនឹង​ការអបអរសាទរ​សមិទ្ធ​ផល​បន្ថែម​ជា​ជំហាន​បែបនេះ​យើង​ក៏ត្រូវ​អបអរសាទរ និង​ព្យាយាម​ដើម្បី​ធានា​នូវ​អ្វី​ដែលជា​សក្តានុពល និង​លក្ខខណ្ឌ​នៃ​ការអភិវឌ្ឍ គឺ​ការថែរក្សា​សុខសន្តិភាព ស្ថិរភាព​ឱ្យបាន​គង់វង្ស បើ​យើង​ជាប់ដៃ​រវល់​វាយ​គ្នា​គ្មាន​ពេល​ឯណា​ទៅ​សាង​សង់​។ ខ្ញុំ​សង្ឃឹមថា ការកសាង និង​ការអភិវឌ្ឍ​របស់​យើង​នឹង​បន្ត​ថែមទៀត​»៕