​ភ្នំពេញៈ ​ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​ដាក់ឱ្យអនុវត្ត​គោល​ការណ៍​ស្តង់ដា​ចម្បងៗ​ចំនួន​ ​៥ ដល់​គ្រឹះ​សា្ថ​ន​បឋមសិក្សា​សា​ធារ​ណៈ ដើម្បី​ក្លាយជា​ស្តង់ដា​សាលារៀន​គំរូ ក្នុង​គោលបំណង​ឈានទៅ​លើកកម្ពស់​គុណភាព​អប់រំ ឱ្យ​កាន់តែ​ប្រសើរឡើង​។​


​ក្រសួង​អប់រំ បានចេញ​សេចក្ដីណែនាំ​ស្តីពី​ដំណើរការ​គ្រឹះ​សា្ថ​ន​បឋមសិក្សា​សាធារណៈ​សម្រាប់​ឆ្នាំ​សិក្សា​ ២០២៣-២០២៤ ​ក្នុង​ក្របខ័ណ្ឌ​ស្តង់ដា​សាលារៀន​គំរូ នេះ​កាលពី​ថ្ងៃទី​ ១៤ ខែវិច្ឆិកា ឆ្នាំ​ ២០២៣​។ លោក​ហង់​ជួន​ ​ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ​បានបញ្ជាក់​ក្នុង​សេចក្តីណែនាំ​នេះ​ថា សាលារៀន​គំរូ គឺជា​សាលារៀន​ដែល​សម្រេចបាន​ស្តង់ដា​ទាំង​៥​ដែល​រួមមាន​៖​លទ្ធផល​សិក្សា​របស់​សិស្ស​,​ការបង្រៀន និង​រៀន​, ការចូលរួម​របស់​ស​ហគ​មន៍​,​ដំណើរ​ប្រតិបត្តិការ និង​រដ្ឋបាល​សាលា​​រៀន និង​គណនេយ្យភាព​រប​ស់​សាលារៀន​។​

​លោក​រដ្ឋមន្ត្រី​បាន​លើកឡើងថា​៖«​ក្រសួង​ដាក់ឱ្យអនុវត្ត​ស្តង់​ដា​សាលារៀន​គំរូ​ចំនួន​ ៥ ​នេះ គឺ​សម្រាប់​ឆ្នាំ​សិក្សា​ ២០២៣-២០២៤ ​ដល់​ដំណើរការ​របស់​គ្រឹះ​ស្ថាន​បឋមសិក្សា​សាធារណៈ ផ្តោតលើ​ការអនុវត្ត​ស្តង់ដា​សា​​លា​រៀន​គំរូ និង​ពានរង្វាន់​សា​លា សម្តេច​មហា​បវរ​ធិបតី និង​ការចូលរួម​អនុវត្ត​យុទ្ធនាការ​សាលារៀន​ស្អាត​គ្មាន​សំរាម សំដៅ​ដើម្បី​លើកកម្ពស់​គុណ​ភាព​អប់រំ​នៅ​កម្ពុជា​»​។ 


​សេចក្តីណែនាំ​របស់​ក្រសួង​​អប់រំ ក៏បាន​បញ្ជាក់ដែរថា ដើម្បី​ឈានទៅ​អនុវត្ត​ស្តង់ដា​សាលា​រៀន​គំរូ​ចំនួន​ ៥​ សម្រាប់​ម​ត្តេ​យ្យ​សិក្សា​រហូតដល់​មធ្យម​សិក្សា​មាន​ប្រសិទ្ធភាព ក្រសួង​បានកំណត់​វិធានការ និង​សូចនាករ​ពាក់ព័ន្ធ​សំខាន់ៗ​រួមមាន​៖ ការ​លើកកម្ពស់​អភិបាលកិច្ច​សា​លា​រៀន​,​ការពិនិត្យ​កែសម្រួល​និង​រៀបចំ​កម្មវិធីសិក្សា និង​សកម្មភាព​ក្រៅ​ម៉ោង​សិក្សា​ឱ្យស្រប​ទៅតាម​តម្រូវការ​ក្នុងការ​ពង្រឹង​ចំណេះដឹង វិន័យ សីលធម៌ និង​ឥរិយាបថ​របស់​សិស្ស​។​

​ការយកចិត្តទុកដាក់​លើ​សុខ​ភាព​របស់​សិស្ស តាមរយៈ​កម្មវិធី​អាហារូបត្ថម្ភ​ដល់​កុមារ និង​ការ​ត្រួតពិនិត្យ​គុណភាព​ចំណី​អា​​ហារ​នៅតាម​សាលា និង​ការជំរុញ​និង​លើកទឹកចិត្ត​ការចូលរួម​របស់​មាតាបិតា អ្នកអាណាព្យាបាល និង​សហគមន៍ ក្នុង​ការអប់រំ​ស្របតាម​ពាក្យស្លោក​ភាពជា​ដៃគូ​រដ្ឋ និង​សហគមន៍​ដើម្បី​ការអប់រំ​។​


​លោកស្រី អ៊ុក ឆា​យ៉ា​វី ប្រធាន​​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​បាន​ថ្លែង​នៅ​ថ្ងៃទី​ ១៥ ខែវិច្ឆិកា​ថា ការដាក់​អនុវត្ត​ស្ដង់ដា​សាលារៀន​គំរូ ចាប់ពី​ថ្នាក់​ម​ត្តេ​យ្យ​សិក្សា​ដល់​ថ្នាក់​វិទ្យាល័យ​នេះ គឺ​ដាក់ឱ្យ​លោកគ្រូ​-​អ្នកគ្រូ​ ខិតខំ​ពង្រឹង​លើ​ការ​បង្រៀន ខណៈ​លោកស្រី​យល់ថា ក្រសួង​គួរ​មាន​កញ្ចប់​ថវិកា​ណាមួយ​ផ្តល់​ទៅកាន់​សាលា ដើម្បីឱ្យ​ការអនុវត្ត​ស្ដង់ដា​សាលារៀន​គំរូ​បាន​ជោគជ័យ​។​

​លោកស្រី​បន្តថា​៖«​អ្វីដែល​យើង​នៅតែ​មើលឃើញ​គឺ​នៅតែ​មានការ​ទាម​ទារ​ឱ្យ​សិស្ស​ត្រូវតែ​បង់​ថវិកា​ទៅឱ្យ​សា​លា ដូច្នេះ​សាលា​គួរតែមាន​កញ្ចប់​ថវិកា​ឱ្យ​ច្រើន​ដើម្បី​ដោះស្រាយ​រឿងនេះ ព្រោះថា បើ​កញ្ចប់​ថវិកា​ហ្នឹង​កើតឡើង​ពី​ប្រជាពលរដ្ឋ ខណៈ​ប្រជាពលរដ្ឋ​កំពុង​ជាប់​វិបត្តិ​ធនាគារ នោះ​គឺជា​បន្ទុក​សម្រាប់​ប្រជាពលរដ្ឋ​ថែមទៀត​។ អ៊ីចឹង​សួរថា តើ​អាចអនុវត្ត​ស្ដង់ដា​សាលារៀន​គំរូ​បាន​ជោគជ័យ និង​ប្រសិទ្ធភាព​បាន​កម្រិតណា​?»​។​

​នៅក្នុង​ទិវា​គ្រូបង្រៀន​លើក​ទី​ ២៦ កាល​ថ្ងៃទី​ ៥ ខែតុលា លោកនាយក​រដ្ឋ​មន្ត្រី ហ៊ុន ម៉ា​ណែ​ត ក៏បាន​ប្រកាស​ដាក់ឱ្យ​ប្រើ​ប្រាស់​ជា​ផ្លូវការ​នូវ​ស្តង់ដា​សាលារៀន​គំរូ និង​ពានរង្វាន់​សាលា​គំរូ «​សម្តេច​មហា​បវរ​ធិបតី​»​ សម្រាប់​សាលារៀន​ដែល​សម្រេចបាន​ស្តង់ដា​សាលារៀន​គំរូ​ចាប់ពី​ឆ្នាំ​សិក្សា ២០២៣-២០២៤ ​នេះ​តទៅ​។​

​លោក​បាន​លើកឡើងថា គោលដៅ​នៃ​ការដាក់ឱ្យ​ប្រើប្រាស់​ស្តង់ដា​សា​​លា​គំរូ​នេះ ដើម្បីឱ្យ​សាលារៀន​មាន​គណនេយ្យភាព​ជាមួយ​សហគមន៍ និង​សម្រេចបាន​ស្តង់ដា​ជា​សាលារៀន​គំរូ ពិសេស​ឈានទៅ​កែលម្អ​សាលារៀន ថ្នាក់រៀន និង​ផ្តល់​ការអភិវឌ្ឍ​វិជ្ជាជីវៈ​ជាប្រចាំ​ដល់​គណៈ​គ្រប់គ្រង​សាលា​រៀន គ្រូបង្រៀន និង​សិស្សានុសិស្ស​ឱ្យមាន​សមត្ថភាព​ខ្ពស់​។ 

​ជាមួយគ្នានេះ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន ម៉ា​ណែ​ត ក៏បាន​ស្នើ​ដល់​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់ ចូលរួម​ជួយ​អភិវឌ្ឍ​សាលារៀន​ចាប់ពី​ថ្នាក់​ម​ត្តេ​យ្យ ដល់​មធ្យមសិក្សា​តាម​គ្រប់​រូបភាព និង​គ្រប់​មធ្យោបាយ​ទៅតាម​ស្តង់ដា​ចំនួន ​៥ ដែល​រាជរដ្ឋាភិបាល និង​ក្រសួង​អប់រំ​បានកំណត់ និង​ប្រកាស​ដាក់ចេញ​ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​៕

​​ក្រសួង​​អប់រំប្រកាសឱ្យអនុវត្ត​ស្តង់ដា​សាលា​រៀន​គំរូ​ចំនួន​ ៥​ សម្រាប់​ម​ត្តេ​យ្យ​សិក្សា​រហូតដល់​មធ្យម​សិក្សា​មាន​ប្រសិទ្ធភាព។ហុង មិនា