ប្រទេស​កម្ពុ​ជា មាន​ចំណី​លក់ដូរ​តាម​ដងផ្លូវ​យ៉ាង​សម្បូរបែប ប្រសិន​បើ​យើង​ដើរ​តាមផ្លូវ​លេខ​​ ២៧១ ឆ្ពោះទៅ​មហាវិថី​សម្ដេច​សុធារស យើង​នឹង​ឃើញ​អាហារ​លក់​តាម​ដង​ដងផ្លូវ​តម្រៀបជួរ​គ្នា​យ៉ាង​វែង ដែល​មានឱជារស​ឆ្ងាញ់ៗ​ក្នុងតម្លៃ​សមរម្យ​។

តាម​ដងផ្លូវ​នោះ យើង​នឹង​ឃើញ​រទេះ និង​តូប​លក់​ម្ហូប​អាហារ មាន​ច្រើន​ជម្រើស រាប់​ពី​មីឆា និង​បាយ​សាច់ជ្រូក រហូតដល់​សាច់មាន់​ចង្កាក់​ផងដែរ​។ សព្វ​ថ្ងៃនេះ យើង​អាច​រក​ទិញ​មុខម្ហូប​សឹងតែ​គ្រប់មុខ​ទៅហើយ​នៅតាម​ដងផ្លូវ​។

ម្ហូប​ដែល​ខ្ញុំ​ចូលចិត្ត គឺ​ចង្រិត​បំពង ដោយសារតែ​សម្បូរ​សារជាតិ​ចិញ្ចឹម ហើយ​មាន​បរិស្ថាន​មេត្រី​ថែមទៀត​។ ទោះជា​យ៉ាង​​ណា ខ្ញុំ​នៅ​ពុំទាន់​បាន​សាក​អា​ពីង​បំពង​នៅឡើយ​ទេ ប៉ុន្តែ​ខ្ញុំ​ប្រាកដជា​សាក​។ ចុះ​អ្នក​វិញ សាក​ឬទេ​?


​ទោះយ៉ាងណា ខ្ញុំ​មិនមែន​មក​ធ្វើ​បទ​វិភាគ​ម្ហូបអាហារ​តាម​ដងផ្លូវ​នោះទេ ប៉ុន្តែ​ខ្ញុំ​មកនេះ ដើម្បី​ចែករំលែក​ពី​បញ្ហា​ប្រឈម​របស់​អាជីវ​ករលក់​ដូរ​តាម​ដងផ្លូវ​ដ៏​ក្លា​ហាន​ជាច្រើន​នាក់ ហើយ​ពិភាក្សាគ្នា​ថា តើ​យើង​អាចធ្វើ​អ្វី​បាន​ខ្លះ​ដើម្បី​លើកកម្ពស់​ជីវភាព និង​សុខ​ភាព​សេដ្ឋកិច្ច​របស់​ពួកគាត់​។​ប្រជាពលរដ្ឋ​ប្រកបមុខរបរ​លក់​-​ដូរ​តាម​ដងផ្លូវ​នៅ​ប្រទេស​កម្ពុ​ជាមាន​ចំនួន​ច្រើន ហើយ​ភាគច្រើនបំផុត​ជា​ស្ត្រី​។​


​កាលពី​ឆ្នាំ​​ ២០១៦ អ្នកស្រាវជ្រាវ ១​​​ ក្រុម មកពី​សាកលវិទ្យាល័យ យ៉ាម៉ា​គូ​ឈី (Yamaguchi) របស់​ប្រទេស​​ជប៉ុន​តាមរយៈ​ការប្រើប្រាស់​ជំរឿន​សេដ្ឋកិច្ច​របស់​កម្ពុជា បាន​ប៉ាន់​ប្រមាណ​ថា ៨,៣% នៃ​សហ​គ្រាស​កម្ពុជា គឺជា​អាជីវកម្ម​លក់​-​ដូរ​តាម​ដងផ្លូវ ហើយ ៧៦,៦% នៃ​អ្នក​ដែល​ប្រកប​របរ​លក់ដូរ​តាម​ដងផ្លូវ​នេះ គឺជា​ស្ត្រី​។ ទន្ទឹមនឹងនេះ​អាជីវកម្ម​លក់ដូរ​តាម​ដង​​ផ្លូវ​ក៏​កំពុង​កើនឡើង​ទៀតផង​។​


​ទោះ​មាន​ភ័ស្តុតាង​តិចតួច​ដើម្បី​យកមក​ពន្យល់ ថា​តើ​ហេតុអ្វី​បានជា​អាជីវកម្ម​លក់ដូរ​តាម​ដងផ្លូវ​សម្បូរ​ដោយ​ស្ត្រី​បែបនេះ​ក្ដី ប៉ុន្តែ​រឿង​ពិត​មិនអាច​ប្រកែក​បាន គឺថា ស្ត្រី​កម្ពុជា​នៅតែ​ប្រឈម​នឹង​ច្បាប់ទម្លាប់​វប្បធម៌ និង​ការ​មាក់​​ងាយ​ពី​សង្គម​។ ស្ត្រី​ជាច្រើន​ជា​អ្នកធ្វើការងារ​ប្រចាំ​គ្រួសារ​ដែល​គ្មាន​ប្រាក់​ឈ្នួល មើលថែទាំ​កូនចៅ មនុស្ស​ចាស់ និង​ការងារ​ក្នុងផ្ទះ​ជាដើម​។


បើទោះបីជា​ស្ថានភាព​របស់​ស្ត្រី​បាន​ប្រសើរឡើង​ក្នុង​រយៈ​កាល​ជាច្រើន​ឆ្នាំកន្លងមក​នេះ​ក្ដី ប៉ុន្តែ​ស្ត្រី​ដែល​ទទួលបាន​ការអប់រំ​តិចតួច​ជារឿយៗ​ទៅ​ប្រក​បរបរ​នៅក្នុង​វិស័យ​ក្រៅ​ប្រព័ន្ធ ដូចជា​ការលក់ដូរ​តាម​ដងផ្លូវ​ជាដើម​។ 

​ការលក់ដូរ​តាម​ដងផ្លូវ ដើរតួនាទី​សំខាន់​ក្នុង​ប្រព័ន្ធ​អេកូឡូស៊ី​ពា​ណិ​ជ្ជ​កម្ម​របស់​ទីក្រុង ដោយបាន​ផ្ដល់​ការងារ​ធ្វើ និង​ប្រាក់ចំណូល​ដល់​ក្រុម​ប្រជាជន​ដែល​បាត់​ឱកាស​ជាងគេ​បំផុត​។ យោងតាម​ជំរឿន​ប្រជាជន​ឆ្នាំ​ ​២០១៩ ដោយ​ក្រសួង​ផែនការ បាន​រកឃើញថា បើទោះបីជា​ស្ត្រី​មាន​ចំនួន​ជិត​ ៥២%​នៃ​ចំនួន​ប្រជាជន​សរុប​របស់​កម្ពុ​ជា​ក្ដី​ប៉ុន្តែ​ការគាំទ្រ​នៅមានកម្រិត​នៅឡើយ​សម្រាប់​ស្ត្រី​ប្រកប​របរ​លក់​​ដូរ​តាម​ដងផ្លូវ និង​ស្ត្រី​ជា​ម្ដាយ​។​

​បញ្ហា​ប្រឈម​ធំ​មួយ​សម្រាប់​អាជីវករ​លក់ដូរ​តាម​ដងផ្លូវ ជា​​ពិសេស​នៅតាម​បណ្ដា​ក្រុង​នានា ដូចជា​បាត់ដំបង សៀមរាប និង​ភ្នំពេញ​ជាដើម​នោះ គឺ​លទ្ធភាព​ទទួលបាន​មណ្ឌល​ថែទាំ​កុមារ​។ លោកអ្នក​ប្រហែលជា​បាន​សង្កេតឃើញថា អាជីវករ​លក់ដូរ​តាម​ដងផ្លូវ​ដាក់​កូន​ក្នុង​រទេះ​តូប​លក់​អាហារ ឬ​លើ​ម៉ូតូ នៅពេល​កំពុង​លក់ដូរ​តាម​ដងផ្លូវ​។​

​ស្ថានភាព​បែបនេះ​កំពុងមាន​ការកើនឡើង ហើយ​បង្ក​ហានិភ័យ​ខ្លាំងណាស់​ចំពោះ​សុវត្ថិភាព​របស់​កុមារ និង​លទ្ធភាព​របស់​ពួកគេ​ក្នុង​ការចូល​សាលា​រៀន និង​រីករាយ​នឹង​ជីវិត​កុមារភាព​របស់ខ្លួន​។ កង្វះ​ការទទួលស្គាល់ និង​ការការពារ​ផ្នែក​ច្បាប់ ក៏​ជា​បញ្ហា​ប្រឈម​សម្រាប់​អ្នក​ប្រកប​​របរ​លក់ដូរ​តាម​ដងផ្លូវ​។ ពួក​គាត់​ជាច្រើន​នឹង​ប្រាប់​អ្នក​ថា ពួក​​គាត់​ត្រូវ​បង់លុយ​ដើម្បី​បាន​កន្លែង​លក់ដូរ និង​ការការពារ​។​ 

​សុវត្ថិភាព​ម្ហូបអាហារ​ក្នុងចំណោម​អាជីវករ​តាម​ដងផ្លូវ​នៅ​កម្ពុជា​កំពុង​ក្លាយជា​ក្ដីបារម្ភ​កាន់តែខ្លាំង​ឡើង​។ ម្ហូបអាហារ​តាម​ដងផ្លូវ​នៅទីនេះ​ជា​អាហារ​ចម្អិន​ស្រាប់ និង​អាច​ទទួលទាន​បាន​ភ្លាមៗ​ហើយ​ម្ហូប​-​អាហារ​ទាំងនេះ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​បាក់តេរី និង​មេរោគ​ផ្សេងៗ ដែល​បណ្តាលឱ្យ​ឈឺពោះ​ក្អួតចង្អោរ រាករូស និង​ចុះក្អួត​ជាដើម​។  ​

ជា​រឿយៗ ហានិភ័យ​ទាំងនេះ​ក៏​ដោយសារតែ​ម្ហូបអាហារ​ទាំងនោះ​ប៉ះពាល់​យូរ​នឹង​ការបំពុល​ចេញពី​ចរាចរណ៍ មជ្ឈដ្ឋាន​ជុំវិញ​គ្មាន​អនាម័យ និង​កង្វះ​លទ្ធភាព​មាន​ទឹកស្អាត និង​សម្ភារ​អនាម័យ​ត្រឹម​ត្រូវ ដែល​អាច​កើតមាន​ដោយ​សារ​តែ​អវត្តមាន​ទីតាំង​លក់ដូរ​សមរម្យ​។ បណ្ដា​ប្រទេស​មួយចំនួន​ដូចជា​ចិន និង​ថៃ​ជាដើម​ថែម​​ទាំង​បាន​គិតគូរ​មុខរបរ​នេះ​ជា​បញ្ហា​សន្តិសុខ​ជាតិ​ថែម​ទៀតផង​។ 

​លទ្ធផល​ពី​ការស្រាវជ្រាវ​បាន​លើកឡើងថា ម្ហូបអាហារ​តាម​ដងផ្លូវ​ជា​ប្រភព​ចម្បង​នៃ​បញ្ហា​ម្ហូបអាហារ​នៅតាម​បណ្ដា​ប្រទេស​កំពុងអភិវឌ្ឍន៍​ជាច្រើន​។ ប្រទេស​កម្ពុជា បាន​បោះជំហាន​ទៅមុខ​មួយកម្រិត​តាមរយៈ​ការអនុម័ត​លើ​ច្បាប់​ស្ដីពី​សុវត្ថិភាព​ម្ហូប​អា​ហារ​កាលពី​ខែកក្កដា ឆ្នាំ ​២០២២​។ ប៉ុន្តែ​អវត្តមាន​ទីតាំង​លក់ដូរ​សម​រម្យ នៅតែ​បន្ត​រាំងស្ទះ​ដល់​ការ​ខិតខំ​ប្រឹងប្រែង​ក្នុងការ​ពង្រឹង​សុ​​វត្ថិ​ភាព​ម្ហូបអាហារ​នៅក្នុង​ប្រទេស​កម្ពុជា ដោយ​បង្ក​ជា​ហានិភ័យ​ដល់​សុខភាព​សាធារណៈ​។ គោល​នយោបាយ​អន្តរាគមន៍​ជា​រឿង​ត្រូវ​​ការ​ជា​ចាំបាច់​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ ។ 

​ដោយសារ​អាជីវ​ករល​ក់​ដូរ​តាម​ដងផ្លូវ​ភាគច្រើន​ជា​ស្ត្រី ដូច្នេះ​ពួកគាត់​ជួបប្រទះ​បញ្ហា​ប្រឈម​ជាច្រើន​ជា​រៀងរាល់ថ្ងៃ រាប់​ចាប់តាំងពី​រង​ការ​បៀត​​បៀ​ន កង្វះ​មណ្ឌល​ថែទាំ​កុមារ និង​លទ្ធភាព​នៅមានកម្រិត​ក្នុងការ​​ទទួលបាន​អត្ថប្រយោជន៍​គាំពារ​សង្គម​។ ជា​សំណាងល្អ បញ្ហា​ទាំងនេះ​អាច​ដោះស្រាយបាន​។​

​សម្ដេចនាយក​រដ្ឋមន្ត្រី​ ហ៊ុន ម៉ា​​ណែ​ត និង​រដ្ឋាភិបាល​របស់​សម្ដេច មាន​មធ្យោបាយ និង​ធនធាន​ដើម្បី​កែលម្អ​បញ្ហា​ទាំងអស់នេះ​។ ការ​ផ្ដល់​ការទទួលស្គាល់ និង​ការពារ​ផ្លូវច្បាប់ នឹង​ជួយ​ការពារ​ដល់​សុខុមាលភាព​សេដ្ឋកិច្ច​របស់​អ្នក​​ប្រកប​របរ​លក់ដូរ​តាម​ដងផ្លូវ​។ ការធ្វើ​ដូច្នេះ នឹង​ធ្វើឱ្យ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ និង​ថ្នាក់មូលដ្ឋាន ទទួលខុសត្រូវ​លើ​ការការពារ និង​គាំទ្រ​ដល់​សុខុមាលភាព​សេដ្ឋកិច្ច​របស់​អាជីវក​រ​លក់ដូរ​តាម​ដងផ្លូវ ហើយ​ទប់ស្កាត់​ការ​បៀតបៀន​ពី​សំណាក់​ជន​ឆ្លៀតឱកាស​។​ 

​សាលា​រាជធានី​ភ្នំពេញ និង​អា​​ជ្ញា​ធរ​ថ្នាក់ក្រោម​ជាតិ​គួរ​ពិចារណា​អនុវត្ត​ប្រព័ន្ធ​មួយ ដែល​កំណត់ និង​ផ្ដល់​ទីតាំង​លក់ដូរ​មាន​សុវត្ថិ​​ភាព​សម្រាប់​អ្នក​ប្រកប​របរ​លក់ដូរ​តាម​ដងផ្លូវ​។ ទីតាំង​ទាំងនោះ​គួរ​មាន​ទឹកស្អាត សម្ភារ​អនាម័យ​ត្រឹមត្រូវ និង​ស្ថិតនៅ​ឆ្ងាយ​ពី​ការ​​បំពុល​ដោយ​ចរាចរណ៍​ដើម្បី​ធានាបាន​សុវត្ថិភាព​ម្ហូបអាហារ និង​សុខភាព​សាធារណៈ​។

បន្ថែម​លើ​នេះ​ការបង្កើត​មណ្ឌល​ថែទាំ​កុមារ​ដែលមាន​តម្លៃ​សមរម្យ និង​ងាយ​ស្រួល​ប្រើប្រាស់ ស្ថិតនៅ​ជិត​នឹង​ទីតាំង​លក់ដូរ នឹង​ផ្ដល់​ផល​ប្រ​​យោជន៍​យ៉ាងច្រើន​ដល់​អាជីវករ​ស្ត្រី​ជា​ម្តាយ​លក់ដូរ​តាម​ដងផ្លូវ​។ ការធ្វើ​ដូច្នេះ នឹង​អនុញ្ញាតឱ្យ​ពួកគាត់​ប្រកបការងារ ដោយ​ពុំមាន​ការបារម្ភ​ចំពោះ​សុវត្ថិភាព និង​ការអប់រំ​របស់​កូនៗ​។ 

​ជាងនេះទៅទៀត យុទ្ធនាការ​លើកកម្ពស់​ការយល់ដឹង និង​កម្មវិធី​បណ្ដុះបណ្ដាល​ស្ដីពី​ការអនុវត្ត​សុវត្ថិភាព​ម្ហូបអាហារ និង​អនាម័យ ក៏​អាច​ត្រូវបាន​រៀបចំឡើង​សម្រាប់​អាជីវករ​លក់ដូរ​តាម​ចិញ្ចើមផ្លូវ​ផងដែរ​។ ការផ្ដល់​ចំណេះដឹង និង​ឧបករណ៍​នានា ដើម្បី​ធានាបាន​សុវត្ថិភាព​ម្ហូបអាហារ​របស់​ពួកគាត់ មិន​ត្រឹមតែ​ជួយ​ការពារ​សុខ​ភាព​សាធារណៈ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ ក៏​ជួយ​ពង្រឹង​កេរ្តិ៍ឈ្មោះ​របស់​ពួក​គេ និង​ការពេញចិត្ត​ពី​អតិថិជន​ផងដែរ​។​

​ការគាំទ្រ​ពី​អង្គ​ការមិន​​មែនរដ្ឋាភិបាល (NGOs) និង​ទីភ្នាក់ងារ​ជំនួយ​អន្តរជាតិ​អាច​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការដោះស្រាយ​បញ្ហា​ប្រឈម​ដែល​អាជីវករ​លក់ដូរ​តាម​ដងផ្លូវ​ជួប​ប្រទះ​។ អង្គការ​ទាំងនេះ​អាច​សហការ​ជាមួយ​រដ្ឋាភិបាល​ក្នុងការ​ផ្តល់​ការបណ្តុះបណ្តាល​វិជ្ជាជីវៈ​កម្មវិធី​ចំណេះដឹង​ហិរញ្ញវត្ថុ និង​លទ្ធភាព​ទទួលបាន​មីក្រូឥណទាន​សម្រាប់​អាជីវករ​លក់ដូរ​តាម​ដង​-​ផ្លូវ ជាពិសេស​ស្ត្រី ដើម្បី​ជួយ​ពួក​​គេ​លើកកម្ពស់​អាជីវកម្ម និង​ជីវ​ភាព​រស់នៅ​របស់​ពួកគាត់​។​

​នៅ​ឆ្នាំនេះ ក្នុងឱកាស​ទិវា​អាជីវ​ករ​លក់ដូរ​តាម​ដងផ្លូវ​អន្តរជាតិ​លើក​ទី​ ១១ អង្គការ​អុក​ស្វា​ម ព្រម​ជាមួយនឹង​ដៃគូ និង​ភាគី​ពាក់ព័ន្ធ​ផ្សេងទៀត រួមគ្នា​អបអរសាទរ​ចំពោះ​សារៈសំខាន់​នៃ​ការធ្វើ​បរិ​យាប​ន្ន​សង្គម និង​ការទទួលស្គាល់​អាជីវករ​លក់ដូរ​តាម​ដងផ្លូវ ជា​កម្មករ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​តម្រូវ​ការ​របស់​ពួកគាត់ និង​ការរួម​ចំ​ណែ​ករ​បស់​ពួកគាត់​ដល់​សង្គម​កម្ពុជា​។ នៅ​កម្ពុជា​យើង​មាន​គោល​បំណង​ក្លាយជា​សង្គម​មាន​បរិ​យាប​ន្ន ដែល​មិន​ទុក​នរណាម្នាក់​ចោល​ឡើយ​។ 

​ដើម្បី​សម្រេច​គោលបំណង​នេះ​បាន យើង​ត្រូវ​​ការ​គោលនយោបាយ​គាំពារ​សង្គម​ដែលមាន​ភាព​បិ​រយាប​ន្ន និង​សមធម៌ សម្រាប់​ពលរដ្ឋ​គ្រប់រូប​។ ជា​រឿង​សំខាន់ ដែល​រដ្ឋាភិបាល អង្គការ​មិនមែន​រដ្ឋាភិបាល និង​សហគមន៍ រួបរួមគ្នា និង​ប្រឹងប្រែង​ធ្វើការ​ដើម្បី​បង្កើត​មជ្ឈដ្ឋាន​អំណោយផល​សម្រាប់​អាជីវករ​លក់ដូរ​តាម​ដងផ្លូវ​ឱ្យ​រីកចម្រើន​លូតលាស់ និង​រួមចំណែក​ដល់​សេដ្ឋកិច្ច​ក្នុងស្រុក ហើយ​ធានាបាន​សុវត្ថិភាព​ម្ហូបអាហារ និង​សុខភាព​សាធារណៈ​។ អង្គការ​​អុក​ស្វា​ម និង​ដៃគូ​ត្រៀមលក្ខណៈ​រួចរាល់​ដើម្បី​ធ្វើការ​ជាមួយនឹង​រាជរដ្ឋាភិបាល​កម្ពុជា​ដើម្បី​ជួយ​នាំឱ្យ​ការផ្ដល់សេវា​គាំពារ​សង្គម​ក្លាយជា​ការពិត​សម្រាប់​អាជីវករ​លក់ដូរ​តាម​ដងផ្លូវ៕ 

លោក​​ស្រី ភាណ សោ​ភ័ណ​ នាយិកា​អង្គកា​រអុក​ស្វាម