ភ្នំពេញៈ ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ក្រុមហ៊ុន​ HD HYUNDAI HEAVY INDUSTRIA របស់​កូរ៉េខាងត្បូង បានសម្រេច​បង្កើត​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​ធនធានមនុស្ស​នៅ​កម្ពុជា​ លើ​វិស័យ​ឧស្សាហកម្ម​ធុន​ធ្ងន់​នៅ​កម្ពុជា​ជាពិសេស​លើ​ផ្នែក​ផលិត​នាវា និង​កប៉ាល់​។ 


​ការសម្រេច​នេះ គឺធ្វើឡើង​ក្នុង​កិច្ចពិភាក្សា​ត្រីភាគី​រវាង​លោក ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លោក​ Park Jung Wook​ ឯកអគ្គរដ្ឋទូត​កូរ៉េខាងត្បូង​ប្រចាំ​កម្ពុជា និង​លោក Kim Dong il​ អគ្គនាយករង​ក្រុមហ៊ុន HD HYUNDAI HEAVY INDUSTRIA ដែល​ភាគច្រើន​ផលិត​នាវា និង​កប៉ាល់​ធំៗ​នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង កាលពី​ថ្ងៃទី​១៥​ខែវិច្ឆិកា ឆ្នាំ​២០២៣​។​

​ក្នុងជំនួប​នោះ គ្រប់ភាគី​បាន​ឯកភាព​លើ​ការបណ្តុះបណ្តាល​ប្រជាពលរដ្ឋ​កម្ពុជា​ឱ្យមាន​ចំណេះដឹង​លើ​វិស័យ​ឧស្សាហកម្ម​ធុន​ធ្ងន់​ក្នុង​ច្រវាក់​ផលិតកម្ម​ផលិត​នាវា និង​កប៉ាល់​ដែល​កំពុងមាន​សក្តានុពល​។​

​បើតាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ការងារ ក្នុងជំនួប​ខាងលើ លោក ហេង សួរ បាន​ថ្លែងអំណរគុណ​ដល់​រដ្ឋាភិបាល​សាធារណរដ្ឋ​កូរ៉េខាងត្បូង​និង​ក្រុមហ៊ុន​ដែល​បានផ្តល់​វគ្គ​បណ្តុះបណ្តាល​នេះ​ជូន​ពលរដ្ឋ​កម្ពុជា ឱ្យមាន​ជំនាញ​ក្នុង​វិស័យ​ឧស្សាហកម្ម​ធុន​ធ្ងន់​មួយ​នេះ​។


​លោក​បញ្ជាក់ថា​៖« ក្រសួង​បាន​ត្រៀមខ្លួន​រួចជាស្រេច ដើម្បី​ជួយ​គាំទ្រ​ដល់​ក្រុមហ៊ុន ក្នុងការ​បណ្តុះបណ្តាល​លើ​ជំនាញ​នេះ​នៅ​កម្ពុជា​ឱ្យ​ទទួលបាន​ភាពជោគជ័យ​»​។


​សម្រាប់​ឯកអគ្គរដ្ឋទូត​កូរ៉េខាងត្បូង​វិញ បាន​បញ្ជាក់ថា កិច្ចសហការ​បណ្តុះបណ្តាល​ធុន​ធ្ងន់​នេះ នឹង​ក្លាយជា​ចំណុច​ជ្រោមជ្រែង​ដ៏​សំខាន់​បន្ថែមទៀត ​ដែល​នឹង​ធ្វើឱ្យ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​២ ​កាន់តែ​ស្អិតល្មួត និង​ស៊ីជម្រៅ​ទាំង​ផ្នែក​សេដ្ឋកិច្ច និង​ភាពជា​មិត្ត​របស់​ប្រជាជន​នៃ​ប្រទេស​ទាំង​២​។​

​គួរ​ជម្រាប​ថា ក្រុមហ៊ុន HD HYUNDAI HEAVY INDUSTRIA គឺជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន​កម្រិត​ពិភពលោក HYUNDAI Group ដែល​ត្រូវបាន​បង្កើតឡើង​នៅ​ឆ្នាំ​១៩៧២ ដែលមាន​ជំនាញ​លើ​ការផលិត​កប៉ាល់ និង​នាវា​ធំៗ​។

​អ្នកនាំពាក្យ​ក្រសួង​ការងារ​លោក កត្តា អ៊ុន បាន​ថ្លែងប្រាប់​បន្ថែមថា កិច្ចសហការ​លើ​ការអភិវឌ្ឍ​ធនធានមនុស្ស​កម្ពុជា​លើ​ឧស្សាហកម្ម​ធុន​ធ្ងន់​គឺ​សំដៅលើ​ផ្នែក​ផលិត​កប៉ាល់​។ លោក​បន្តថា​ចំណែក​ពេលវេលា​នៃ​ការអនុវត្ត​ជាក់ស្តែង​នោះ គឺ​ក្រសួង​បានស្នើ​សុំ​ភាគី​ក្រុមហ៊ុន​កូរ៉េ​ឱ្យបាន​លឿន ខណៈ​ក្រុមហ៊ុន​នឹង​ជូនដំណឹង​តាម​ក្រោយ​។​

​ប្រធាន​សហព័ន្ធ​សហជីព​ឥទ្ធិពល​ការងារ​លោក ម៉ាន់ សេង​ហាក់ នៅ​ថ្ងៃទី​១៦ ខែវិច្ឆិកា​នេះ បាន​ថ្លែងថា កិច្ចសហការ​បណ្តុះបណ្តាល​នេះ នឹង​ផ្តល់​ចំណេះ​ជំនាញ​បន្ថែម​ដល់​ពលរដ្ឋ​កម្ពុជា​ផ្នែក​ឧស្សាហកម្ម​ធុន​ធ្ងន់​នេះ​។

លោក​ថា​៖«​ក្នុងករណី​បណ្តុះបណ្តាល​ទទួលបាន​ប្រសិទ្ធភាព នឹង​អាច​ទាក់ទាញ​វិនិយោគិន​បរទេស​ផ្នែក​ធុន​ធ្ងន់​មកកាន់​កម្ពុជា​»​។​

​កិច្ចសហការ​ខាងលើ​ធ្វើឡើង​ស្របពេល ​ដែល​រាជរដ្ឋាភិបាល​កម្ពុ​ជាកា​លពី​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២៣ បានប្រកាស​ដាក់ចេញ​ឱ្យ​អនុវត្ត​កម្មវិធី​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​ដល់​យុវជន​មកពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ​ចំនួន ១,៥ លាន​នាក់ ដោយ​ឥតគិតថ្លៃ ដើម្បី​ផ្តល់​ជំនាញ​ឆាប់រហ័ស​ និង​ទទួលបាន​ការងារ​ធ្វើ​សមរម្យ​។​

​ដើម្បីឱ្យ​កម្មវិធី​បណ្តុះបណ្តាល​នេះ ដំណើរ​ទៅ​ប្រកបដោយ​ភាពជោគជ័យ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​សហការ​ជាមួយ​ស្ថាប័ន និង​ដៃគូ​ពាក់ព័ន្ធ​ដោយបាន​កំណត់​ជ្រើសរើស​វិស័យ និង​មុខជំនាញ​អាទិភាព ដោយ​ធ្វើការ​សិក្សា​លើ​ស្ថានភាព​សេដ្ឋកិច្ច តាម​វិស័យ​និង​អនុវិស័យ​, ការសិក្សា​ទីផ្សារការងារ​ផ្អែកលើ​ចំនួន​រោងចក្រ សហគ្រាស និង​កម្មករនិយោជិត​, និង​គោលនយោបាយ​អាទិភាព ឬ​យុទ្ធសាស្ត្រ​នយោបាយ​នានា​ដោយ​កំណត់​បាន​មុខជំនាញ​សម្រាប់​ជំហាន​ដំបូង ចំនួន ៣៨​ មុខជំនាញ នៅក្នុង​វិស័យ​អាទិភាព​ចំនួន ១០​។ 

ក្នុងនោះ​រួមមាន​រួមមាន សំណង់​, អគ្គិសនី​និង​ថាមពល​, អេឡិចត្រូនិក​, បរិក្ខារ​ត្រជាក់​និង​កម្ដៅ​, កម្មន្តសាល​, មេកា​និក​ទូទៅ​/​មេកា​និក​រថយន្ត​, ទេសចរណ៍​, សេវាកម្ម​, កសិកម្ម និង​ក​សិ​-​ឧស្សាហកម្ម​, និង​ធុរកិច្ច​និង​ព័ត៌មានវិទ្យា​៕