ភ្នំពេញៈ កម្ពុជា អូស្ត្រាលី នូ​វែ​ល​សេ​ឡង់ និង​កម្មវិធី​អភិវឌ្ឍន៍​អង្គការសហប្រជាជាតិ (UNDP) នៅ​ថ្ងៃទី​ ១៦ ខែវិច្ឆិកា ឆ្នាំ​ ២០២៣ រួមគ្នា​បើកសម្ពោធ​សប្តាហ៍​ថាមពល​ស្អាត​កម្ពុជា ​ឆ្នាំ​ ២០២៣ ដោយ​អំពាវនាវ​ឱ្យមាន​សកម្មភាព​សម្រប​សម្រួល​លើ​អន្តរកាល​ថាមពល​ស្អាត​ពី​គ្រប់ភាគី​ពាក់ព័ន្ធ ដើម្បី​ឆ្លើយតប​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ​និង​ការអភិវឌ្ឍ​ប្រកបដោយ​បរិ​យាប​ន្ន​។​


​កម្មវិធី​បើក​សម្ភោ​ធ​សប្តាហ៍​ថាមពល​ស្អាត ​២០២៣​ នេះ ​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព​របស់លោក ​ពៅ ម៉ាលី រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោក កាន់ ផា​រិ​ទ្ធ រដ្ឋលេខាធិការ ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ព្រមទាំង​វត្តមាន​របស់​ឯកអគ្គ​រដ្ឋទូត​ប្រចាំ​កម្ពុជា អង្គការ​ដៃគូ​និង​ភាគី​ពាក់ព័ន្ធ​ផ្សេងៗ​ដែល​ធ្វើការ​ក្នុង​វិស័យ​ថាមពល​ស្អាត​ផងដែរ​។​ប្រធានបទ​នៃ​សប្តាហ៍​ថាមពល​ស្អាត​នៅ​ឆ្នាំនេះ​គឺ «​សន្តិសុខ​ថាមពល និង​អនាគត​ថាមពល​ស្អាត​របស់​កម្ពុជា​»​។​

​សេចក្តីប្រកាស​រួម​ស្តីពី​ការសម្ពោធ​នេះ បានឱ្យដឹងថា ព្រឹត្តិការណ៍​នេះ​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​១៦ ដល់ ថ្ងៃទី​២៣ ខែវិច្ឆិកា ដោយ​ក្នុងនោះ​រួមមាន​កម្មវិធី​ដូចជា កិច្ចពិភាក្សា សិក្ខាសាលា ការតាំងពិព័រណ៍ និង​កម្មវិធី​លើកកម្ពស់​ការយល់ដឹង ដើម្បី​បង្ហាញ​ពី​ការច្នៃប្រឌិត ភាពជោគជ័យ និង​អត្ថប្រយោជន៍​ប្រកបដោយ​បរិ​យាប​ន្ន​នៃ​ថាមពល​ស្អាត​។ កម្មវិធី​នេះ​ក៏​នឹង​ជំរុញ​កិច្ចសហប្រតិបត្តិការ​រ​វាង​ភាគី​ពាក់ព័ន្ធ​ក្នុង​វិស័យ​ឯកជន វិស័យ​សាធារណៈ និង​ការយល់ដឹង​ក្នុងចំណោម​សាធារណជន​។​


​ឯកអគ្គរដ្ឋទូត​អូស្ត្រាលី​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​ លោក ចា​ស្ទី​ន វ៉ា​យ​អេ​ត មានប្រសាសន៍​នៅក្នុង​សេចក្តី​ប្រកាសថា អន្តរកាល​ថាមពល​ស្អាត​របស់​កម្ពុជា គឺជា​ឱកាស​មួយ​ដើម្បី​ឆ្លើយតប​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ និង​គាំទ្រ​ដល់​កំណើនសេដ្ឋកិច្ច​ប្រកបដោយ​បរិ​យាប​ន្ន និង​និរន្តរភាព​។​

​លោក​បន្តថា អូស្ត្រាលី​ប្តេជ្ញា​គាំទ្រ​ការផ្លាស់ប្តូរ​នេះ រួមទាំង​ការចែករំលែក​បទពិសោធ​ន៍​របស់ខ្លួន​ក្នុងការ​ធ្វើ​អន្តរកាល​ថាមពល​កកើត​ឡើងវិញ​ទៅក្នុង​បណ្តាញ​អគ្គិសនី​មេ ដើម្បី​ជួយ​កម្ពុជា​​ សម្រេចបាន​នៅ​លទ្ធផល​តាម​ការរំពឹង​ទុក​។​


​លោក​បន្ថែមថា​៖«​តាមរយៈ​កម្មវិធី​ភាពជា​ដៃគូ កម្ពុជា អូស្ត្រាលី សម្រាប់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ប្រកបដោយ​ភាព​ធន់​(CAPRED) អូស្ត្រាលី​កំពុងធ្វើការ​ជាមួយ​ក្រសួង​រ៉ែ និង​ថាមពល អាជ្ញាធរ​អគ្គិសនី​កម្ពុជា ក្រុមហ៊ុន​អគ្គិសនី​កម្ពុជា  និង​ភាគី​ពាក់ព័ន្ធ​ដទៃទៀត​លើ​ការរួមបញ្ចូល​ថាមពល​កកើត​ឡើងវិញ​។

CAPRED ក៏​កំពុង​អនុវត្ត​គម្រោង ​ដែល​ជួយ​ឱ្យ​ប្រជាជន​នៅ​តំបន់​ដាច់ស្រយាល​ ​ដែល​មិនទាន់​ត្រូវបាន​ភ្ជាប់​ទៅកាន់​បណ្តាញ​អគ្គិសនី ឱ្យមាន​លទ្ធភាព​ភ្ជាប់​ទៅនឹង​បណ្តាញ​អគ្គិសនី​ខ្នាតតូច​ដើរ​ដោយ​ថាមពល​សូ​ឡា និង​គាំទ្រ​ប្រសិទ្ធភាព​ថាមពល តាមរយៈ​ទីផ្សារ​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​ថាមពល ​(ESCOs)»​។​

​លោកស្រី AlissarChaker ​អ្នកតំណាង​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ ប្រចាំ​កម្ពុជា ​(UNDP)​ មានប្រសាសន៍ថា ការទទួលយក​ថាមពល​ស្អាត​មិនមែនជា​គោលជំហរ​មនោគមន៍វិជ្ជា​ទេ ប៉ុន្តែ​វា​គឺជា​ឱកាស​អភិវឌ្ឍ​សេដ្ឋកិច្ច​សម្រាប់​កម្ពុជា​ក្នុងការ​បង្កើន​សន្តិសុខ​ថាមពល បង្កើត​ភាគលាភ​ពាណិជ្ជកម្ម និង​ការងារ​លទ្ធភាព​ទទួល​បាន​ហិរញ្ញវត្ថុ និង​បង្កើន​ភាព​ធន់ និង​បរិ​យាប​ន្ន​។

លោកស្រី​ថ្លែងថា​៖«UNDP កំពុងធ្វើការ​ដើម្បី​លើកកម្ពស់ និង​គាំទ្រ​ដល់​អន្តរកាល​ថាមពល​នៅក្នុង​ប្រទេស​កម្ពុជា តាមរយៈ​ភាពជា​ដៃគូ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ដៃគូ​អភិវឌ្ឍន៍ អង្គការក្រៅរដ្ឋាភិបាល សង្គម​ស៊ីវិល បញ្ញវន្ដ និង​ស្ថាប័នឯកជន​»​។

លោកស្រី​បន្ថែមថា ជា​ឧទាហរណ៍ ក្នុងអំឡុងពេល​៣​ឆ្នាំ​ចុង​ក្រោយនេះ UNDP បាន​គាំទ្រ​បទ​ប្បញ្ញត្តិ​សំខាន់ៗ​ដូចជា ការណែនាំ​អំពី​ថាមពល​សូ​ឡា​នៅលើ​ដំបូល និង​ប្រសិទ្ធភាព​ថាមពល​នៅក្នុង​អគារ និង​បាន​ត​ភ្ជាប់​បណ្ដាញ​អគ្គិសនី​ដល់​ភូមិ​ខ្នាតតូច​ដើរ​ដោយ​ថាមពល​ពន្លឺព្រះអាទិត្យ ដោយ​ផ្តល់​លទ្ធភាព​ទៅដល់​សហគមន៍​ដាច់ស្រយាល និង​តំបន់​ដែល​នៅ​ខ្វះខាត​ផងដែរ​។​

​ចំណែក​លោក Matthew Allen លេខា​ទី​១ ផ្នែក​អភិវឌ្ឍន៍ របស់​ស្ថានទូត​នូ​វែ​ល​សេ​ឡង់​ប្រចាំ​កម្ពុជា ឡាវ និង​ថៃ យល់ថា ព្រឹត្តិការណ៍​សប្តាហ៍​ថាមពល​ស្អាត នឹង​ផ្តល់ឱកាស ​ដើម្បី​បណ្តុះ​ការផ្លាស់ប្តូរ​ជា​វិជ្ជមាន និង​ចែករំលែក​ដំណោះស្រាយ​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ ក្នុងការ​ដោះស្រាយ​បញ្ហា​បន្ទាន់​បំផុត ​ដែល​ពិភពលោក​កំពុង​ប្រឈមមុខ​នាពេល​បច្ចុប្បន្ននេះ​។

​ជាមួយគ្នានេះ លោក ​ណ​ត្តា​រុណ ង៉ោ សឺ​ន នាយក​ប្រចាំ​ប្រទេស​របស់​អង្គការ​អេ​ន​នឺ​ជី​ឡេ​ប (EnergyLab Cambodia)​មានប្រសាសន៍ថា «​យើង​សង្ឃឹមថា​សប្តាហ៍​ថាមពល​ស្អាត​ឆ្នាំ​២០២៣ នឹង​គាំទ្រ​ដល់​គោលដៅ​មួយ​របស់​ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល​ក្នុងការ​បង្កើន​ថាមពល​កកើត​ឡើងវិញ​អថេរ (VRE) និង​ថាមពល​សូ​ឡា ដើម្បី​បង្កើន​សន្តិសុខ​ថាមពល​របស់​កម្ពុជា​»៕