ភ្នំពេញៈ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​អង្គការ​អភិរក្ស​ធនធាន​ធម្មជាតិ​ បានប្រកាស​ថ្កោលទោស​ចំពោះ​ជនល្មើស​ណា​ដែល​ប្រើ​ឧបករណ៍​នេសាទ​ខុសច្បាប់ បណ្ដាលឱ្យ​សត្វ​ផ្សោត​ស្លាប់ ខណៈដែល​មាន​សត្វ​ផ្សោត​វ័យ​ទំ​ទង់​១​ក្បាល នៅ​ស្រុក​សៀម​បូក ខេត្តស្ទឹងត្រែង បាន​ស្លាប់​ដោយសារ​ឧបករណ៍​នេសាទ​ខុសច្បាប់​។​


​សត្វ​ផ្សោត​វ័យ​ទំ​ទង់ ​ដែល​បាន​ស្លាប់​នេះ​មាន​អាយុប្រមាណ ៧ ​ឆ្នាំ ទម្ងន់ ៦៥​ គីឡូក្រាម បាន​ស្លាប់​នៅ​ភូមិ​កោះ​ជ្រឹម ឃុំ​អូរ​ម្រះ ស្រុក​សៀម​បូក ខេត្តស្ទឹងត្រែង​។ បើតាម​ការធ្វើ​កោសល្យវិច័យ​របស់​មន្ត្រី​ជំនាញ នៃ​រដ្ឋបាល​ជលផល និង​អង្គការ​មូលនិធិ​សកល​សម្រាប់​អភិរក្ស​ធម្មជាតិ ​(WWF)​ សន្និដ្ឋានថា សត្វ​ផ្សោត​នេះ​បាន​ស្លាប់​ដោយសារ​ឧបករណ៍​ឆក់ ព្រោះ​មាន​ស្នាម​ជាំ​ដុំៗ​នៅ​ផ្នែក​ក្បាល និង​ដងខ្លួន​។ នេះ​បើ​យោងតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​រដ្ឋបាល​ជលផល នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ចុះ​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២៣​។​

​អ្នកនាំពាក្យ​ក្រសួងកសិកម្ម កញ្ញា អ៊ឹម រចនា បានឱ្យដឹង​នៅ​ថ្ងៃ​១៦ ខែវិច្ឆិកា​ថា ក្រោយពី​បានទទួល​ដំណឹង​នេះ ក្រសួង​ពិតជា​មានការ​សោកស្តាយ​ដែល​សត្វ​ផ្សោត​វ័យ​ជំទង់​នេះ ត្រូវបាន​ស្លាប់​ដោយសារ​ឧបករណ៍​ឆក់ បើទោះបីជា​បច្ចុប្បន្ននេះ​ស្ថាប័នរដ្ឋ និង​អង្គការ​ដៃគូ​ទាំងអស់ ខិតខំ​ប្រឹងប្រែង​ក្នុង​គោលដៅ​ការពារ និង​អភិរក្ស​សត្វ​ផ្សោត ដែលជា​រតនសម្បត្តិរ​បស់​ជាតិ​ក៏ដោយ​។


​កញ្ញា​ថ្លែងថា​៖ «​ក្រសួងកសិកម្ម ថ្កោលទោស​ចំពោះ​ជនល្មើស​ទាំងឡាយ​ ដែល​កំពុង​ប្រើប្រាស់​ឧបករណ៍​នេសាទ​ខុសច្បាប់ ហើយ​មន្ដ្រី​ជំនាញ​នៃ​រដ្ឋបាល​ជលផល និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់ នឹង​ប្រើប្រាស់​គ្រប់​មធ្យោបាយ​ទាំងអស់ ដើម្បី​កំណត់​មុខសញ្ញា​ជនល្មើស និង​ឈានទៅដល់​ការបង្ក្រាប និង​ដាក់​ទោសទណ្ឌ​ដល់​ជនល្មើស តាមច្បាប់​ស្ដីពី​ជលផល​»​។​

​ជាមួយគ្នានេះ លោក សេង ទៀក ​នាយក​ប្រតិបត្តិ​អង្គការ​មូលនិធិ​សកល​សម្រាប់​អភិរក្ស​ធនធានធម្មជាតិ WWF ក៏បាន​ថ្លែង​ប្រាប់ថា ក្នុងនាម​ជា​អ្នក​អភិរក្ស លោក​ពិត​ជា មាន​អារម្មណ៍​សោកស្ដាយ​ខ្លាំង​មែនទែន ចំពោះ​ការបាត់បង់​សត្វ​ផ្សោត​វ័យ​ជំទង់ ​១​ ក្បាល ដោយសារ​ការប្រើប្រាស់​ឧបករណ៍​ឆក់​របស់​ក្រុម​ជនល្មើស ជាពិសេស​នៅក្នុង​អំឡុង ​ខែវិច្ឆិកា និង​ខែធ្នូ​ខាងមុខនេះ ជា​ខែ​ដែល​ត្រី​ឡើង​ពី​ទន្លេសាប​ទៅ​ទន្លេមេគង្គ​។ 


លោក​បន្តថា ហេតុនេះ អ្នកនេសាទ នឹង​នាំគ្នា​ចូលទៅ​ធ្វើការ​នេសាទ​ត្រី នៅក្នុង​តំបន់ ឫ​ក្បែរ​តំបន់​ដែល​ផ្សោត​កំពុង​រស់នៅ​។​លោក​ថ្លែងថា​៖«​ជាការ​បារម្ភ​របស់​យើង គឺ​ទៅលើ​ការប្រើប្រាស់​ឧបករណ៍​ខុសច្បាប់​នៅក្នុង​តំបន់​ផ្សោត​រស់នៅ ហើយ​ខ្ញុំ​ជឿថា​អាជ្ញា​ធរមាន​សមត្ថកិច្ច នឹង​នៅតែ​បន្តការងារ​ល្បាត​ជាប្រចាំ ទោះបី​គាត់​បានធ្វើ​ច្រើន​ក៏ពិតមែន ប៉ុន្តែ​ឧបករណ៍​នេសាទ​ប្រើប្រាស់​ខុសច្បាប់​នៅតែមាន​ជនល្មើស​ប្រើ ដើម្បី​លួច​ចូល​តំបន់​ដែល​ផ្សោត​រស់នៅ​»​។​

​បើតាម​លោក សេង ទៀក ទន្ទឹមនឹង​ការបារម្ភ​នេះ លោក​ក៏​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ជាពិសេស​ក្រុម​អ្នកនេសាទ​ដែល​ប្រើប្រាស់​ឧបករណ៍​នេសាទ​ដែលមាន​ការហាមឃាត់​ដោយ​ច្បាប់ គឺ​ចាំបាច់​គួរតែ​បោះបង់​ឧបករណ៍​នេសាទ​ទាំងនោះ​ចោល ដើម្បី​កុំឱ្យ​ប៉ះពាល់​សត្វ​ដែលជា​សម្បត្តិ​បេតិកភណ្ឌ​មានជីវិត​របស់​កម្ពុជា​។ 

លោក​បន្ថែមថា ការចូលរួម​ថែរក្សា​សត្វ​ផ្សោត​នេះ ដើម្បី​ធ្វើឱ្យ​អ្នកជំនាន់ក្រោយ​បាន​ស្គាល់ បានឃើញ​ពីព្រោះ​ការថែរក្សា​សត្វ​ផ្សោត​ឱ្យបាន​គង់វង្ស មិនមែនជា​រឿង​ខាតបង់​នោះទេ​។ ប៉ុន្តែ​ផ្ទុយទៅវិញ​វា​បានផ្តល់​តម្លៃ​ឱ្យ​មនុស្ស​លើ​ផ្នែក​សេដ្ឋកិច្ច តាមរយៈ​ការ​ចូលមក​ទស្សនា​រប​ស់​ភ្ញៀវទេសចរ​ក្នុង​តំបន់​ដែល​ផ្សោត​រស់នៅ​ថែម​ទៀតផង​។​

​សូមបញ្ជាក់ថា គិត​ត្រឹម​ខ​ខែវិច្ឆិកា ឆ្នាំ​២០២៣​នេះ កម្ពុជា​ទទួលបាន​កូន​ផ្សោត​កើត​ថ្មី​សរុប​ចំនួន ៨ ​ក្បាល ខណៈ​ដែលមាន​ផ្សោត​ស្លាប់​ចំនួន ៥ ​ក្បាល ក្នុងនោះ​កូន​ផ្សោត​ស្លាប់ ២​ ក្បាល ជំទង់ ២​ ក្បាល និង​ស្លាប់​ដោយ​ចាស់ជរា ១​ ក្បាល​។ ដូច្នេះ​បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំ​២០២២ កម្ពុជា​ទទួលបាន​កូន​ផ្សោត​កើត​ចំនួន ៦​ ក្បាល ខណៈ​ដែលមាន​ផ្សោត​ស្លាប់​ចំនួន ១១ ​ក្បាល​៕