ភ្នំពេញៈ ក្រុមហ៊ុន​កាស៊ីណូ ថប​ដាយ​អឹ​ម៉ិ​ន (TOP DIAMOND CASINO) នៅ​ខេត្តតាកែវ បានចេញ​លិខិត​សូមទោស​ក្រសួង​ព័ត៌មាន ​និង​បានផ្តល់​ឈ្មោះ​ចំនួន​អ្នកសារព័ត៌មាន​ជាង​ ៨០០ ​នាក់ ដែល​ខ្លួន​បានផ្តល់​លុយកាក់​នាពេល​កន្លងមក ខណៈ​ក្រសួង​ព័ត៌មាន ដាក់​កំហិត​ទៅលើ​បុគ្គល​ ទទួល​លុយ​នោះ​ត្រូវ​មក​ធ្វើការ​ផ្ទៀងផ្ទាត់​ឈ្មោះ និង​ឆ្លើយបំភ្លឺ​នៅ​អគ្គនាយកដ្ឋាន​ព័ត៌មាន​ និង​សោតទស្សន៍​។​​ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន ​របស់​ក្រសួង​ព័ត៌មាន​ ចុះ​ថ្ងៃទី​១៦ ខែវិច្ឆិកា​នេះ​។​


​ការផ្តល់​បញ្ជី​ឈ្មោះ​នេះ បន្ទាប់ពី​ក្រសួង​ព័ត៌មាន​កាលពី​ថ្ងៃទី​៤ ខែតុលា ឆ្នាំ​២០២៣ តម្រូវឱ្យ​ក្រុមហ៊ុន​កាស៊ីណូ ថប​ដាយ​អឹ​ម៉ិ​ន (TOP DIAMOND CASINO) សហការ​ផ្តល់នូវ​របា​យ​ការណ៍​ពាក់ព័ន្ធ​ករណី​ក្រុមហ៊ុន​នេះ​ បានផ្ដល់​លុយកាក់ និង​ជួយឧបត្ថម្ភ​ដល់​អ្នកសារព័ត៌មាន និង​បាន​តម្រូវឱ្យ​បុគ្គល​ដែល​ជាប់​ពាក់ព័ន្ធ​ក្នុងករណីនេះ រាយការណ៍​មក​ក្រសួង​ព័ត៌មាន។​

​ជុំវិញ​រឿងនេះ ក្រសួង​បានទទួល​លិខិត​ឆ្លើយបំភ្លឺ និង​សុំ​អភ័យទោស​ពី​ក្រុមហ៊ុន​កាស៊ីណូ ថប​ដាយ​អឹ​ម៉ិ​ន លើ​ករណី​ដែល​ក្រុមហ៊ុន​នេះ​បានចេញ​លិខិត​ធ្វើឱ្យប៉ះពាល់ និង​ជះឥទ្ធិពល​មិនល្អ​ដល់​វិ​ជា្ជ​ជីវៈ​សារព័ត៌មាន​។


សេចក្តីប្រកាស​បញ្ជាក់ថា​៖«​តាមរយៈ​លិខិត​ឆ្លើយបំភ្លឺ និង​សុំ​អភ័យទោស​នេះ ក្រុមហ៊ុន​បាន​សន្យា​បន្ត​សហការ​ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ដោះស្រាយ​បញ្ហា​ដែល​បាន​កើតឡើង​កន្លងមក ព្រមទាំង​គាំទ្រ​ចំពោះ​ចំណាត់ការ​របស់​ក្រសួង​ព័ត៌មាន លើ​អ្នកសារព័ត៌មាន ដែល​បំពាន​ក្រមសីលធម៌ វិជ្ជាជីវៈ ដើម្បី​ពង្រឹងគុណភាព​ព័ត៌មាន និង​សណ្តាប់ធ្នាប់​ស្ថាប័ន​ព័ត៌មាន​នៅ​កម្ពុជា​»​។​

​ជាមួយនឹង​ការឆ្លើយបំភ្លឺ និង​សុំ​អភ័យទោស ក្រុមហ៊ុន​កាស៊ីណូ ថប​ដាយ​អឹ​ម៉ិ​ន បានផ្តល់​បញ្ជី​ឈ្មោះ បុគ្គល​ចំនួន ៨២៨ រូប ដែល​ក្រុមហ៊ុន បានបញ្ជាក់​ថា​ជា​អ្នកសារព័ត៌មាន ដែល​បាន​មកសុំ​លុយកាក់​ពី​ក្រុមហ៊ុន​ជូន​ក្រសួង​ព័ត៌មាន​។ ក្រសួង​ព័ត៌មាន​សូមបញ្ជាក់​ជូន​សាធារណជន​ថា ចំនួន​តួលេខ​ដែល​ក្រុមហ៊ុន​កាស៊ីណូ បាន​ចុះផ្សាយ​នេះ មិនមែនជា​ចំនួន​អង្គភាព​សារព័ត៌មាន​ទេ តែ​ជា​ចំនួន​បុគ្គល​ដែល​បាន​អះអាង​ខ្លួន​ថា​ជា អ្នកសារព័ត៌មាន​។


​បើតាម​ក្រសួង​ព័ត៌មាន បច្ចុប្បន្ន បញ្ជី​ឈ្មោះ​បុគ្គល​ទាំង ៨២៨ រូបនេះ បាន​តម្កល់ទុក​នៅ​ក្រសួង​ព័ត៌មាន ហើយ អគ្គនាយកដ្ឋាន​ព័ត៌មាន​និង​សោតទស្សន៍ កំពុងធ្វើការ​ពិនិត្យ​ផ្ទៀងផ្ទាត់​ដើម្បី​កំណត់​អត្តសញ្ញាណ​ពិតប្រាកដ អំពី​ចំនួន​អង្គភាព​សារព័ត៌មាន​ដែល​បាន​ចុះបញ្ជី និង​មិន​ចុះបញ្ជី​នៅ​ក្រសួង​ព័ត៌មាន​ ដើម្បី​មាន​វិធាន​ការបន្ត​តាមផ្លូវ​ច្បាប់​។

ករណី​ការចេញផ្សាយ និង​ការផ្តល់​បញ្ជី​ឈ្មោះ​អ្នកសារព័ត៌មាន​របស់​ក្រុមហ៊ុន​កាស៊ីណូ ថប​ដាយ​អឹ​ម៉ិ​ន ក្រសួង​ព័ត៌មាន​បាន​ពិនិត្យ​ជាក់ស្ដែង​ឃើញថា គឺ​ពិត​ជាមាន​អ្នកសារព័ត៌មាន​ចូលទៅ​សុំ​លុយ​ក្រុមហ៊ុន​នេះ​ប្រាកដ​មែន​។ 

​លោក ណុប វី នាយក​ប្រតិបត្តិ​សមាគម​សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា (​ខេ​ម​បូ​ចា​)  បាន​លើកឡើងថា សកម្មភាព​របស់​អ្នកសារព័ត៌មាន​ចំនួន​ជាង​ ៨០០​ នាក់​ ដែល​ទទួល​លុយកាក់​ពី​ម្ចាស់​ក្រុមហ៊ុន​ឯកជន​មួយ ​គឺជា​រឿង​ធ្វើឱ្យប៉ះពាល់​ខ្លាំងណាស់​ទៅលើ​ក្រមសីលធម៌​វិជ្ជាជីវៈ​អ្នកសារព័ត៌មាន ជាពិសេស​ធ្វើឱ្យប៉ះពាល់​ដល់​កិត្តិយស​ថ្លៃថ្នូរ​បស់​អ្នកកាសែត​ដែល​ប្រកាន់ខ្ជាប់​វិន័យ​បាន​ត្រឹមត្រូវ​ផ្សេងទៀត​នៅ​កម្ពុជា​។

​លោក​ថា​៖ «​សម្រាប់​ខ្ញុំ​ការអប់រំ និង​ការស្វែងយល់​បន្ថែមទៀត​លើ​បញ្ហា​នេះ មិនមាន​បញ្ហា​អ្វី​ទេ ក៏ប៉ុន្តែ​ការឈាន​ទៅដល់​ការចាត់វិធានការ​ផ្សេងៗ ខ្ញុំ​គិតថា​គួរ​មិនទាន់​ដល់​ថ្នាក់​ហ្នឹង​ទេ​។ យើង​ដឹង​ហើយ​ថា​កម្រិត​នៃ​ក្រមសីលធម៌​វិជ្ជាជីវៈ​បងប្អូន​អ្នកសារព័ត៌មាន​តាម​បណ្តា​ខេត្ត​នោះ​បែបណា នោះ​យើង​គួរតែ​ផ្សព្វផ្សាយ​អំពី​ក្រមសីលធម៌​វិជ្ជាជីវៈ​ឱ្យបាន​ទូលំទូលាយ​» ។​

​ក្រសួង​ព័ត៌មាន​បញ្ជាក់ថា ដើម្បី​បន្ត​វិធានការ​ចំពោះ​បុគ្គល​ដែល​ធ្វើឱ្យប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​ស្ថាប័ន​ព័ត៌មាន និង​ដើម្បី​ការពារ ភាព​ស្អាតស្អំ​ចំពោះ​អ្នកសារព័ត៌មាន ក្រសួង​ព័ត៌មាន តម្រូវឱ្យ​អ្នកសារព័ត៌មាន​និង​បុគ្គល​ដែល​ជាប់​ពាក់ព័ន្ធ ករណី​សុំ​លុយ​ពី​កាស៊ីណូ ថប​ដាយ​អឹ​ម៉ិ​ន ត្រូវ​មក​ធ្វើការ​ផ្ទៀងផ្ទាត់​ឈ្មោះ និង​ឆ្លើយបំភ្លឺ​នៅ​អគ្គនាយកដ្ឋាន​ព័ត៌មាន​និង​សោតទស្សន៍​នៃ​ក្រសួង​ព័ត៌មាន ​រៀងរាល់ថ្ងៃ​ធ្វើការ គិត​ចាប់​ពីថ្ងៃ​ចេញ​សេចក្តីប្រកាស​ព័ត៌មាន រហូតដល់​ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០២៣ ជា​កំហិត​។​

​ក្រសួង​ព័ត៌មាន ក៏បាន​ក្រើនរំឭក​ជា​ចុងក្រោយ​ដល់​អ្នកសារព័ត៌មាន​ទាំងអស់ ដែល​កំពុង​បំពេញភារកិច្ច ជា​អ្នកសារព័ត៌មាន​ត្រូវ​លើកកម្ពស់​ការអនុវត្ត​ច្បាប់​ស្តីពី​របប​សារព័ត៌មាន និង​ក្រមសីលធម៌​វិជ្ជាជីវៈ​សារព័ត៌មាន ចៀសវាង​ការគិត​ពី​ប្រយោជន៍​ផ្ទាល់ខ្លួន ប្រព្រឹត្ត​កំហុសឆ្គង បំពាន​ក្រមសីលធម៌​វិជ្ជាជីវៈ ធ្វើឱ្យ​អាប់ឱន​ដល់​កិត្តិយស សេចក្ដីថ្លៃថ្នូរ និង​កិត្យានុភាព​របស់​ស្ថាប័ន​ព័ត៌មាន និង​ធ្វើឱ្យ​បាត់បង់​សណ្តាប់ធ្នាប់​ស្ថាប័ន​ព័ត៌មាន​។

 ករណី​នៅតែមាន​ការបំពានច្បាប់​ស្ដីពី​របប​សារព័ត៌មាន និង​ក្រមសីលធម៌​វិជ្ជាជីវៈ​សារព័ត៌មាន ក្រសួង​ព័ត៌មាន​នឹង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់ ដោយ​គ្មាន​ការលើកលែង​ឡើយ​៕