ភ្នំពេញ : ពិព័រណ៍​«​ក្រឡេកមើល​ក្រោយ ដើម្បី​ឆ្ពោះទៅមុខ​៖ ៣០/៣០/៣០ រឿងរ៉ាវ​នៃ​ការផ្លាស់ប្ដូរ​» ដែល​រៀបចំ​ដោយ​អ្នក​ថតរូប​ជនជាតិ​ព័រ​ទុយ​ហ្គា​ល់​ដ៏​ល្បីឈ្មោះ លោក មី​ហ្គែ​ល ជេ​រ៉ូ​នី​ម៉ូ ជា​ពិព័រណ៍​ស្នាដៃ​លើស​ការបង្ហាញ​រូបថត​។​

វា​ជា​ដំណើរ​ឆ្លងកាត់​កិច្ចខិតខំ​ប្រឹងប្រែង​៣​ទសវត្សរ៍​នៅ​កម្ពុជា​។ ពិព័រណ៍​នេះ ដែលជា​ការប្រារឰ​ខួប​លើក​ទី​៣០ របស់ អង្គការ Heinrich BoellStiftung (hbs) នៅ​កម្ពុជា បង្ហាញ​រឿង​ចំនួន ៣០ ពី​អង្គការ​សង្គម​ស៊ីវិល​ចំនួន ៣០ និង​គម្រោង​មូលដ្ឋាន​។​

លោក ជេ​រ៉ូ​នី​ម៉ូ អ្នក​ថតរូប​ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​ភ្នំពេញ ពន្យល់ថា​៖ «​សាច់រឿង​ជា​ស៊េរី​នេះ​មាន​គោលបំណង​បង្ហាញ​រឿងរ៉ាវ​ជាច្រើន​នៃ​ការផ្លាស់ប្តូរ​នៅក្នុង​ប្រទេស ដោយ​ផ្តោតលើ​ប្រធានបទ ដូចជា ការដាក់បញ្ចូល​សង្គម យេនឌ័រ បរិស្ថាន និង​សិទ្ធិ​»​។​


លោក ជេ​រ៉ូ​នី​ម៉ូ ជា​អ្នក​យកចិត្តទុកដាក់​លើ​បញ្ហា​សង្គម និង​បរិស្ថាន បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​៖ «​យើង​ត្រូវបាន​បំផុសគំនិត​ដោយ​មនុស្ស​ជាច្រើន រួមទាំង​អង្គការ​សង្គម​ស៊ីវិល​ចំនួន ៣០ ផ្សេងគ្នា ក៏ដូចជា ដើម្បី​ជំរុញ​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា​»​។​

ការតាំងពិព័រណ៍​នេះ​ស្របពេល​ជាមួយនឹង​ការចាប់ផ្តើម​នៃ​ការបោះពុម្ពផ្សាយ «​សាវតារ​នៃ​ភាពក្លាហាន​៖ ដៃគូ ៣០​ឆ្នាំ ពី​ការ​ក្រឡេកមើល​ទៅក្រោយ ដើម្បី​ឆ្ពោះទៅមុខ​» របស់​អង្គការ (hbs) នៅ​កម្ពុជា​។


លោក​បាន​ចែករំលែក​ថា​៖ «Heinrich Boll Stiftung​ជា​មូលនិធិ​បៃតង​ត្រូវបាន​បង្កើតឡើង​នៅក្នុង​ប្រទេស​អស់​រយៈពេល ៣០​ឆ្នាំ​មកហើយ ដោយ​គាំទ្រ​ដល់​អង្គការ​ក្នុងស្រុក​ដែល​ធ្វើការ​លើ​ប្រធានបទ​ចម្រុះ ដូចជា យេនឌ័រ និង​បរិស្ថានវិទ្យា​»​។​


លោក​បាន​ពន្យល់ថា ការតាំងពិព័រណ៍​ផ្តោតលើ​ដៃគូ​ជាច្រើន​ដែល​មូលនិធិ Heinrich BoellStiftung (hbs) បាន​សហការ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​។​

នេះ​មិន​ត្រឹមតែ​រួមបញ្ចូល​អង្គការក្រៅរដ្ឋាភិបាល​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏មាន​គំនិត​ផ្តួចផ្តើម​តូចៗ​ជាច្រើន​ដែល​ដឹកនាំ​ដោយ​យុវជន​ផងដែរ​។ គំនិត​ផ្តួចផ្តើម​ទាំងនេះ​ផ្តល់​សេវាកម្ម​ដ៏​មានតម្លៃ និង​បង្កើត​កន្លែង​សម្រាប់​ការចូលរួម​របស់​យុវជន​ក្នុង​បញ្ហា​សង្គម​។​

លោក​បាន​គូសបញ្ជាក់ថា ការចូលរួម​របស់​ពួកគេ​មាន​ចាប់ពី​ការរៀបចំ​ការតាំងពិព័រណ៍​សិល្បៈ និង​ព្រឹត្តិការណ៍​ដែល​លើកកម្ពស់​ការយល់ដឹង​អំពី​ប្រធានបទ​សំខាន់ៗ ការបង្កើត​ក្រុម​តូចៗ ​ដែល​ផ្តួចផ្តើម​យុទ្ធនាការ ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ជា​វិជ្ជមាន និង​ផ្តល់​ការគាំទ្រ​យ៉ាងសំខាន់​ដល់​សហគមន៍ ​ដែល​កំពុង​ប្រឈមមុខ​នឹង​បញ្ហា ដូចជា ជនជាតិដើម​ភាគតិច​ដែលមាន​ហានិភ័យ​នៃ​ការបាត់បង់​ដី ឬ​វប្បធម៌​។​

នៅពេល​សួរ​អំពី​បញ្ហា​ប្រឈម លោក ជេ​រ៉ូ​នី​ម៉ូ បានឱ្យដឹងថា​៖ «​បញ្ហា​ប្រឈម​ដ៏​សំខាន់​មួយ​គឺ​ដំណើរការ​ជ្រើសរើស​។ យើង​បាន​សម្ភាស​មនុស្ស​ជាច្រើន ហើយ​បាន​ថតរូប​រាប់មិនអស់​។ នៅ​ទីបំផុត ការតាំងពិព័រណ៍​នឹង​បង្ហាញ​រូបថត​ជាង ១០០ សន្លឹក អមដោយ​អត្ថបទ​ដែល​ផ្តល់​អត្ថន័យ​ទៅដល់​ប្រធានបទ​»​។​

ស្ទីល​ថតរូប​របស់លោក​មាន​គោលបំណង​ផ្ដោតលើ​ការនិទាន​រឿង​ជាច្រើន និង​ផ្សព្វផ្សាយ​ការងារ​របស់​អង្គការ និង​គម្រោង​ដែល​ពាក់ព័ន្ធ​ទាំងអស់​។​

លោក​និយាយថា​៖ «​ខ្ញុំ​សង្ឃឹមថា វា​នឹង​ទាក់ទាញ​ចិ​ត្ដ​អ្នកទស្សនា​»​។ ការនិទាន​រឿង​របស់ អាណាន់ បាលី​ហ្គា បាន​បង្គ្រប់​អត្ថន័យ​ទៅដល់​រូបថត​របស់លោក ជេ​រ៉ូ​នី​ម៉ូ ដោយ​ជាមួយគ្នា​នូវ​ដំណើរ​សាច់រឿង​ដែល​តំណាងឱ្យ​ចលនា​ឆ្ពោះទៅមុខ បញ្ហា​ប្រឈម និង​វឌ្ឍនភាព​របស់​កម្ពុជា​។​

ដោយ​លម្អិត​ពី​កិច្ចសហការ​នេះ លោក ជេ​រ៉ូ​នី​ម៉ូ បាន​លើកឡើងថា​៖ «​ក្រុម​ផលិតកម្ម និង​ខ្ញុំ​បានធ្វើ​ដំណើរ​ទៅកាន់​កន្លែង​ជាច្រើន​។ យើង​បានធ្វើ​ការសម្ភាស​ជាច្រើន ជួប​ជាមួយ​សហគមន៍ និង​បុគ្គលិក​សង្គម​ជាដើម​។

បន្ទាប់មក អាណាន់ បាលី​ហ្គា បាន​ជួយ​យើង​កែសម្រួល​សំណេរ ហើយ​អ្នកស្រី ផូ​ឡា អា​ស៊ូ​ប៊ូ​ជី នាយក hbs​បានផ្ដល់​គំនិត​យោបល់​ជាច្រើន​។ វា​ជាការ​ខិតខំ​ប្រឹងប្រែង​ជា​ក្រុម​ពិតប្រាកដ​»​។​

លោក​បានបង្ហាញ​ពី​ក្តី​សង្ឃឹមថា ការចាប់ផ្តើម​នៃ​ការបោះពុម្ពផ្សាយ «​សាវតារ​នៃ​ភាពក្លាហាន​» ដែល​ស្របពេល​ជាមួយនឹង​ការតាំងពិព័រណ៍​នឹង​លើកទឹកចិត្ត​អ្នកអាន​ឱ្យចំ​ណាយ​ពេលវេលា​ក្នុងការ​ស្វែងយល់​ដឹង​អំពី​រឿងរ៉ាវ​ផ្លាស់ប្តូរ​ទាំងនេះ​។​

លោក ជេ​រ៉ូ​នី​ម៉ូ បាន​និយាយថា ពិព័រណ៍​រូបថត​ជា​ស៊េរី​នេះ​មិន​ផ្ដោតលើ​ការ​ស្ទាបស្ទង់​មតិ​ពេញលេញ​ទូទាំងប្រទេស​នេះ​ទេ តែ​ជាការ​បង្ហាញ​រឿងរ៉ាវ​។​

រឿង​ទាំងនេះ​បង្ហាញ​ពី​ទំនាក់ទំនង​មនុស្ស និង​អង្គ​ការដែល​ធ្វើការ​ប្រចាំថ្ងៃ​ដើម្បី​អនុវត្ដ​គំនិត កម្ពុជា ជា​គ្រួសារ​ជាទី​កន្លែងធ្វើការ​ដោយ​ស្មើភាព និង​រីកចម្រើន ហើយ​ធម្មជាតិ​ត្រូវបាន​គោរព និង​ថែរក្សា ហើយ​ប្រជាជន​កម្ពុជា​គ្រប់រូប​មិន​ថា ក្រុម​ជនជាតិភាគតិច ភេទ ឬ​វណ្ណៈ​សេដ្ឋកិច្ចសង្គម​បែបណា​នោះទេ ត្រូវបាន​ចាត់ទុក​ ដោយ​ស្មើភាព និង​ការរីកចម្រើន​របស់​ពួកគេ​ត្រូវបាន​គិតគូរ​។ លោក​បាន​លើកឡើងថា ការ​ក្រឡេក​ទៅ​មើល​រឿង​ទាំងនេះ ​ជួយ​ឱ្យឃើញ​ផ្លូវ​សម្រាប់​ការឈាន​ទៅមុខ​។​

ពិព័រណ៍​«​ក្រឡេកមើល​ក្រោយ ដើម្បី​ឆ្ពោះទៅមុខ​៖ ៣០/៣០/៣០ រឿងរ៉ាវ​នៃ​ការផ្លាស់ប្ដូរ​» បើកទ្វារ​របស់ខ្លួន​នៅ Meta House ចាប់ពី​ថ្ងៃទី​២០ ខែវិច្ឆិកា ហើយ​ដំណើរការ​ដល់​ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០២៣៕