ភ្នំពេញៈ រាជរដ្ឋាភិបាល​កម្ពុជា បានទទួល​នូវ​ការជឿទុកចិត្ត​គាំទ្រ​ពី​កិច្ចប្រជុំ​នៃ​រដ្ឋ​ភាគី​នៃ​អនុសញ្ញា​អូ​តា​វ៉ា ​ដែលមាន​សមាជិក​ចំនួន ​១៦៤​ ប្រទេស បានសម្រេច​ឱ្យ​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល និង​ធ្វើជា​ប្រធាន​អនុសញ្ញា​អូ​តា​វ៉ា​នេះ ពេញ​ ១ ​ឆ្នាំ​តែ​ម្តងនា​ឆ្នាំ​ ២០២៤ ដែល​កម្ពុជា​នឹង​ទទួលបាន​ញញួរ​ធ្វើជា​ប្រធាន​នេះ​នៅ​សប្តាហ៍​ក្រោយ នៅ​ប្រទេស​ស្វ៊ីស។​


​នេះ​ជាការ​ថ្លែង​បញ្ជាក់​ឱ្យដឹងពី​លោក​ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធាន​ទី​១​ អាជ្ញាធរ​មីន នា​សន្និសីទ​សារព័ត៌មាន​ទាក់ទង​នឹង​កិច្ចប្រជុំ​កំពូល​សៀមរាប​-​អង្គរ​ស្តីពី «​ពិភពលោក​ ១​ ដែល​គ្មាន​មីន (​កិច្ចប្រជុំ​ត្រួតពិនិត្យ​ឡើងវិញ​លើក​ទី​៥ នៃ​អនុសញ្ញា​អូ​តា​វ៉ា​)» កាលពី​ថ្ងៃទី​ ១៦ ខែវិច្ឆិកា ឆ្នាំ​ ២០២៣ នាទី​ស្នាក់ការ​អាជ្ញាធរ​មីន​។ 

​លោក​បាន​ថ្លែងថា​៖ «​វា​គឺជា​កិ​តិ្ត​យស​ដ៏​ធំធេង​ណាស់​សម្រាប់​ប្រទេស​កម្ពុជា​ យើង​បានទទួល​ធ្វើជា​ប្រធាន ហើយក៏​ជា​ប្រទេស​លើកដំបូង​នៅ​តំបន់​អាស៊ី​នេះដែរ​។ អាជ្ញាធរ​មីន​នឹង​ដឹកនាំ​គណៈប្រតិភូ​ទៅ​ចូលរួម​កិច្ចប្រជុំ​រដ្ឋ​ភាគី​នៅ​ថ្ងៃទី​ ២០-២៥ ខែវិច្ឆិកា​នេះ នាទី​ក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វ៊ីស ហើយ​ពេលនោះ កម្ពុជា​នឹង​ទទួលបាន​ញញួរ​ធ្វើជា​ប្រធាន​អនុសញ្ញា​អូ​តា​វ៉ា​ ១ ឆ្នាំ​ពេញ​ក្នុង​ឆ្នាំ​ ២០២៤​ ផងដែរ​»​។​


​លោក លី ធុជ បាន​បន្តថា​៖ «​ការទទួលបាន​ញញួរ​នេះ មិនមែន​តែ​អាជ្ញាធរ​មីន​នោះទេ តែ​គឺ​រាជរដ្ឋាភិបាល រួម​នឹង​ប្រជាជន​យើង​ទាំងមូល​តែម្តង​ដែល​ក្លាយជា​ប្រធាន ជា​ម្ចាស់​អនុសញ្ញា​អូ​តា​វ៉ា​នេះ ដែល​ស័ក្តិសម​សម្រាប់​កម្ពុជា ដែល​បានបញ្ចប់​នូវ​ការឈឺចាប់​នៃ​មនុស្សលោក​ពី​សំណល់​ជាតិ​ផ្ទុះ​នៃ​សង្គ្រាម​នេះ​»​។​

​នៅពេលដែល​កម្ពុជា បានទទួល​ធ្វើជា​ប្រធាន​ហើយ នៅ​ឆ្នាំ​២០២៤​ នេះ កម្ពុ​ជាមាន​សកម្មភាព​សំខាន់ៗ​មួយចំនួន​ក្នុងនោះ​រួមមាន ការជំរុញ​ការអនុវត្តគាំទ្រ​អនុសញ្ញា​អូ​តា​វ៉ា​ដល់​ប្រទេស​ចំនួន ៣៦​ ដែល​មិនទាន់​ចូល​ជា​សមាជិក និង​ប្រទេស​ជា​សមាជិក​អាស៊ាន ចំនួន ៤ ​គឺ ប្រទេស​សិង្ហ​បុរី មី​យ៉ាន់​ម៉ា វៀតណាម និង​ប្រទេស​ឡាវ​។ ដូចនេះ កម្ពុជា​នឹង​កៀរគរ បញ្ចុះបញ្ចូល​ប្រទេស​ទាំងនេះ ឱ្យចូល​ជា​សមាជិក​សន្ធិសញ្ញា​អូ​តា​វ៉ា​នេះ​។ នេះ​បើតាម​លោក លី ធុជ បន្ថែម​។​


​លោក​ថា ៖ «​ពិភពលោក​ទាំងមូល​បានចាត់ទុក​ប្រទេស​កម្ពុជា​ ជា​ប្រទេស​១​ ដែល​ជោគជ័យ​លើ​ការងារ​បោសសម្អាត​មីន ជោគជ័យ​ពី​ការផ្ទេរ​ពី​ប្រទេស​មាន​សង្គ្រាម​មកជា​ប្រទេស​មាន​សន្តិភាព​។ ទាំងនេះហើយ​ដែល​ធ្វើឱ្យ​គណៈ​គ្រប់គ្រង​នៃ​អនុសញ្ញា​អូ​តា​វ៉ា និង​ប្រទេស​ជា​សមាជិក ជឿ និង​ទុកចិត្ត​ឱ្យ​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល​នៃ​អនុសញ្ញា​អូ​តា​វ៉ា​នេះ​»​។​

​សូមបញ្ជាក់ថា អនុសញ្ញា​អូ​តា​វ៉ា គឺជា​អនុស​ញ្ញា​នៃ​អង្គការសហប្រជាជាតិ​ដែលមាន​ប្រទេស​ចំនួន​ ១៦៤​ ជា​រដ្ឋ​ភាគី​ជា​សមាជិក ​ដែល​បាន​ចុះហត្ថលេខា និង​បាន​គាំទ្រ​នូវ​ការអនុវត្តអនុសញ្ញា​អូ​តា​វ៉ា​នេះ ក្នុងនោះ​ក៏មាន​កម្ពុជា​ផងដែរ​។​

​ទាក់ទង​នឹង​កម្ពុជា ​ធ្វើជា​ប្រធាន​អនុសញ្ញា​អូ​តា​វ៉ា​នេះ លោក លី ធុជ បាន​ថ្លែង​ឱ្យដឹង​ដែរ​ថា កិច្ចប្រជុំ​កំពូល​ដែល​នឹងធ្វើ​នៅ​កម្ពុជា​នាពេល​ខាងមុខនេះ​ នឹង​នាំមក​នូវ​អត្ថប្រយោជន៍​ជាច្រើន​ជូន​ជាតិ​មាតុភូមិ ហើយ​ក្នុង​នាំ​ជា​ម្ចាស់ផ្ទះ និង​ជា​ប្រធាន​នៃ​កិច្ចប្រជុំ​កំពូល​អនុសញ្ញា​អូ​តា​វ៉ា​នេះ កម្ពុជា​នឹង​ចែករំលែក​នូវ​បទពិសោធន៍​នៃ​កត្តា​វិជ្ជមាន​ដែល​កម្ពុជា​បានទទួល​បន្ទាប់ពី​ការខិតខំ​ប្រឹងប្រែង​រហូត​ទាញ​ប្រទេសឱ្យ​មាន​សុខសន្តិភាព​នេះ​។​

​កិច្ចប្រជុំ​អនុសញ្ញា​អូ​តា​វ៉ា​ដែល​ប្រារព្ធ​ឡើង​នៅ​ខេត្តសៀមរាប នឹងមាន​ប្រទេស​ចំនួន​ជិត​ ២០០​ ប្រទេស​ លើ​ពិភពលោក មក​ចូលរួម​ប្រជុំ​ស្តីពី​ការ​បោសសម្អាត​គ្រាប់មីន​ប្រឆាំង​មនុស្សជាតិ ដោយមាន​ការចូលរួម​ពី​ប្រមុខ​រាជរដ្ឋាភិបាល លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត នា​ខែវិច្ឆិកា ឆ្នាំ​២០២៤ ផងដែរ​។​

​សូម​រំឭកថា អនុសញ្ញា​អូ​តា​វ៉ា គឺជា​អនុ​សញ្ញា​មួយ​ដែល​ហាមឃាត់​ការប្រើប្រាស់ ការដឹកជញ្ជូន ការ​ស្តុក​ទុក និង​ការផ្ទេរ​នៃ​គ្រាប់មីន​ប្រឆាំង​មនុស្សលោក​។ គ្រាប់មីន​ប្រឆាំង​មនុស្សលោក​ត្រូវបាន​ប្រើប្រាស់​នៅក្នុង​សង្គ្រាម ហើយ​បាន​ផ្តល់នូវ​ការឈឺចាប់ ការលំបាក ការស្លាប់ និង​ពិការភាព​ជាច្រើន​របស់​ប្រជាពលរដ្ឋនៅក្នុង​ពិភពលោក និង​បានធ្វើឱ្យ​ដីស្រែ​ចម្ការជាច្រើន​ហិក​តា​ពុំ​អាច​អនុញ្ញាតឱ្យ​ប្រជាកសិករ​ប្រើប្រាស់​ពោរពេញ​ដោយ​សុវត្ថិភាព​បានឡើយ​៕