ភ្នំពេញៈ លោក​ ឈាង​ រ៉ា​ រ​ដ្ឋ​មន្ត្រី​ក្រសួង​សុខាភិ​បាល​ បា​ន​ផ្ដល់​អនុ​សាសន៍​ណែ​នាំ​ ឱ្យ​មន្ទីរ​ពេទ្យ​ព្រះ​អង្គ​ឌួង​ បន្ត​សកម្ម​ភាពក្នុង​ការ​ពង្រីក​អគារ​សម្រាក​-​ព្យាបាល​បន្ថែម​ និង​ធ្វើ​ទំនើប​កម្ម​មន្ទីរ​ពេទ្យ​ ដើ​ម្បី​ផ្ដល់​សេវា​សុខា​ភិបា​ល​កាន់​តែ​មាន​ប្រសិទ្ធ​ភាព​ និង​សុវត្ថិ​ភាព​ជូន​ប្រ​ជា​ពល​រដ្ឋ​។​​


​ការ​ផ្ដល់​អនុ​សាសន៍​ណែ​នាំ​បែប​នេះ ​ខណៈ​ដែល​លោក​ ឈាង​ រ៉ា​ បាន​ចុះ​មក​ពិនិត្យ​ការ​ផ្តល់​សេវា​សុខាភិ​បាល​ជូន​ប្រជា​ពល​រដ្ឋ​ ព្រម​ទាំង​មក​សំណេះ​សំ​ណាល​ និង​សួរ​សុខ​ទុក្ខ​ថ្នាក់​ដឹក​នាំ​ មន្ត្រី​រាជ​ការ ​និង​បុគ្គលិក​សុខាភិ​បាល​ នៃ​មន្ទីរ​ពេទ្យ​ព្រះ​អង្គ​ឌួង​កាល​ពី​ថ្ងៃទី​១៥ ​ខែ​វិច្ឆិកា​ ឆ្នាំ​២០​២៣​។ ​នេះ​បើ​យោង​តាម​ហ្វេ​ស​ប៊ុ​ករ​បស់​ក្រ​សួង​សុខា​ភិ​បាល​​។​​

​ក្នុង​ការ​ចុះ​ពិនិត្យ​នេះ​ដែរ​ លោក​ ឈាង​ រ៉ា​ បាន​វាយ​តម្លៃ​ខ្ពស់​ពី​ភាព​រីក​ចម្រើន​របស់​ម​ន្ទីរ​ពេទ្យ ​ទាំង​សំណង់​អគារ​ថ្មីៗ​ និង​អគារ​ដែល​មាន​ស្រាប់​  ដោយ​ត្រូវ​បាន​រៀប​ចំ​ និង​ជួស​ជុល​ឡើង​វិញ​បាន​យ៉ាង​ល្អ​ប្រ​សើរ​ រួម​ទាំង​សម្ភារ​បរិក្ខារ​វេជ្ជ​សាស្ត្រ ​និង​ធន​ធាន​មនុស្ស​មាន​ជំ​នាញ​ច្បាស់​លាស់​ ក្នុង​ការ​ផ្តល់​សេវា​ជូន​ប្រជា​ពល​រដ្ឋ​ ប្រកប​ដោយ​គុណ​ភាព សុវត្ថិ​ភាព ​ប្រសិទ្ធ​ភាព ​និង​សម​ធម៌​។​​


​លោក​ថ្លែង​ថា​៖ ​«​ទន្ទឹម​នឹង​ការ​រីក​ចម្រើន​នេះ ​ខ្ញុំ​សូម​ផ្តល់​អនុ​សាសន៍​បន្ថែម​ទៀត​ក្នុង​ការ​បន្ត​សកម្ម​ភាព​ត​ទៅ​មុខ​ទៀត​ដូច​ជា​ការ​ធ្វើ​ទំនើប​កម្ម​មន្ទីរ​ពេទ្យ​ប្រកប​ដោយ​នវា​នុ​វត្តន៍​ ឌី​ជី​ថល ​និង​មាន​ការ​ទទួល​ស្គាល់​គុណ​ភា​ព​ និង​ការ​ជំរុញ​អនុវត្ត​គម្រោង​សាង​សង់​អគារ​ថ្មីៗ​បន្ថែម​ទៀត​។ ​ជា​ពិសេស​បន្ត​អនុ​វត្ត​សកម្ម​ភាព​ ដែល​មាន​ស្រាប់ ​ដោយ​ធានា​ឆ្លើយ​ត​ប​នឹង​អាទិ​ភាពដែល​បាន​ដាក់​ចេញ​ក្នុង​យុទ្ធ​សាស្ត្រ​បញ្ច​កោណដំណាក់​កាល​ទី​១​ក៏​ដូច​ជា​អាទិ​ភាព​រប​ស់​ក្រ​សួង​សុខាភិ​បាល​»​​។​​

​បើ​តា​ម​លោក ​ឈាង ​រ៉ា ​បាន​បញ្ជាក់​ថា​ ការ​ដាក់​ចេញ​នូវ​យុទ្ធ​សាស្ត្រ​បញ្ច​កោណរបស់​រាជ​រដ្ឋាភិ​បាល​ អា​ណត្តិ​ទី​៧ ​ដែល​ក្នុង​នោះ​វិស័យ​សុខាភិ​បាល​ជា​វិស័យ​អាទិ​ភាព​១ ​ក្នុង​ការ​លើក​ក​ម្ពស់​សុ​ខ​ភាព​ និង​សុខុមា​ល​ភាព​ប្រជា​ជន​។​ លោក​បន្ត​ថា ដើម្បី​ឈាន​ទៅ​សម្រេច​បាន​ ការ​គ្រប​ដណ្តប់​សុខ​ភាព​ជា​ស​កល​ ត្រូវ​ចូល​រួម​អនុវត្ត​យុទ្ធ​សាស្ត្រ​គន្លឹះ​ទាំង​ ៩​ចំណុច​ និង​អាទិ​ភាព​គន្លឹះ​រួម​មាន​ពង្រឹង​មណ្ឌល​សុខ​ភាព តាម​រយៈ​ការ​ពង្រឹង​ពង្រីក​ហេដ្ឋា​រចនា​សម្ព័ន្ធ​ ការ​បំពាក់​ឧប​ករណ៍​សម្ភារ​បរិក្ខា​រ​វេជ្ជ​សាស្ត្រ ​និង​ការ​ផ្គត់​ផ្គង់​ឱសថ​ឱ្យ​បាន​គ្រប់​គ្រាន់​ និង​ទាន់​ពេល​វេលា​ និង​ការ​ពង្រឹង​សមត្ថ​ភា​ព​បុ​គ្គ​លិ​ក​ ដើ​ម្បី​ធានា​ការ​ផ្តល់​សេវា ​២៤​ ម៉ោង ​លើ ​២៤ ​ម៉ោង​។​​


​លោក​បន្ថែម​ថា ​ក្រៅពី​នេះ ​ពង្រឹង​គុណ​ភា​ព​សេវា​ថែទាំ​សុខ​ភាព​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ស្រុក ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​ និង​មន្ទីរ​ពេទ្យ​ជាតិ ​ដោយ​ផ្តោត​ទៅ​លើ​ការ​ពង្រឹង​ផ្នែក​ប្រ​ពោធ​ន​ក​ម្ម ​ផ្នែក​សង្គ្រោះ​ប​ន្ទាន់​ ផ្នែក​វះ​កាត់​ ផ្នែក​មន្ទីរ​ពិ​សោធន៍ ​និង​ផ្នែក​រូប​ភាព​វេជ្ជ​សាស្ត្រ​។​ ហើយ​និង​ពង្រឹង​សមត្ថ​ភាព​មន្ត្រី​សុខាភិ​បាល​នៅ​គ្រប់​កម្រិត​ តាម​រយៈ​ការ​បណ្តុះ​បណ្តាល​ផ្នែក​ភាព​ជា​អ្នក​ដឹក​នាំ ​និង​នវា​នុ​វត្តន៍​។​​

​លោក ​យង់​ គិ​ម​​អេង​ ប្រធាន​មជ្ឈមណ្ឌល​ប្រជា​ពលរ​ដ្ឋ​ដើម្បី​អភិ​វឌ្ឍន៍ ​និង​សន្តិ​ភាព ថ្លែង​ថា​ ការ​ផ្តល់​អនុ​សាសន៍​ជា​សារ​ជំរុញ​ និង​លើក​ទឹក​ចិត្ត​ ពី​ព្រោះ​មន្ទីរ​ពេទ្យ​ព្រះអ​ង្គ​ឌួង​ជា​មន្ទីរ​ពេទ្យ​ពេញ​និយម​១​ដែល​ជួយ​ផ្ដល់​សេវា​ព្យាបាល​ជូន​ទៅ​ដល់​ប្រជា​ពលរដ្ឋ​យ៉ាង​មាន​ប្រសិទ្ធ​ភាព​។​ លោក​បន្ត​ថា​ មន្ទីរ​ពេទ្យ​នេះ​ ក៏​មាន​កេរ្តិ៍​ឈ្មោះ​ល្បី​ក្នុង​ការ​ព្យា​បា​ល​ជំងឺ​ត្រចៀក​ ច្រមុះ ​និង​ជំងឺ​ផ្សេងៗ​ទៀត​ ខណៈ​ដែល​ជា​ទូ​ទៅ​ប្រជា​ពល​រដ្ឋ​ដែល​មាន​បញ្ហា​ជំងឺ​បែប​នេះ​តែង​តែ​ទៅ​ព្យា​បាល​នៅ​មន្ទីរ​ពេទ្យ​ព្រះ​អង្គ​ឌួង​​។​​

​លោក​ថ្លែង​ថា​៖ ​«​អ៊ី​ចឹង​! ​រដ្ឋ​មន្ត្រី​លោក​ចុះ​មក​ពិនិត្យ​មន្ទីរ​ពេទ្យ​នេះ​ វា​ជា​ការល្អ​ ហើយ​សង្ឃឹម​ថា​គាត់​អាច​នឹង​ទៅ​ធ្វើ​ការ​ចុះ​ពិនិត្យ​នៅ​តាម​មន្ទីរ​ពេទ្យ​ផ្សេងៗ​ទៀត​ ជាពិ​សេស​ជំរុញ​វិស័យ​ណា​ដែល​មិន​ទាន់​ដើរ​បាន​ល្អ​នៅក្នុង​មន្ទីរ​ពេទ្យ​ឱ្យ​កាន់​តែ​ប្រសើរ​​»​។​​

​លោក​ យង់​ គិ​ម​អេង​ ថ្លែង​ថា​ ក្រៅ​ពី​នេះ​ក្រសួង​សុខាភិ​បាល​ ក៏​ត្រូវ​តែ​ជំរុញ​ធ្វើ​ទំនើប​កម្ម​បន្ថែម​​ទៀត​នៅ​គ្រប់​មន្ទីរ​ពេទ្យ​ ដើម្បី​ធ្វើយ៉ា​ង​ណា​ឱ្យ​មន្ទីរ​ពេទ្យ​ក្នុង​ប្រទេស​កម្ពុជា មាន​លទ្ធ​ភាព​វះ​កាត់​ជំងឺ​ធំៗ​ ធ្វើ​ឱ្យ​ប្រជា​ពលរដ្ឋ​មាន​ទំនុក​ចិត្ត​ក្នុង​ការ​ព្យា​បាល​ ដោយ​មិន​ចាំ​បាច់​ឱ្យ​ប្រជា​ពល​រដ្ឋ​ ឬ​អ្នក​ជំងឺ​ដែល​មាន​លទ្ធ​ភាព​ ចេញ​ទៅ​ធ្វើកា​រ​ព្យាបា​ល​នៅ​​ប្រទេស​ក្រៅ​ឡើយ​។ ​

កន្លង​មក​ឱ្យតែ​​ប្រជា​ពលរដ្ឋ​ណា​ដែល​មាន​ជំងឺ​ធ្ងន់​ធ្ងរ​ ​គឺ​ពួក​គាត់​មិន​សូវ​ជ្រើស​រើស​មន្ទីរ​ពេទ្យ​ក្នុងស្រុក​ ដើម្បីព្យាបាល​នោះ​ទេ ​លុះ​ណាតែ​​ពល​រដ្ឋ​គ្មាន​ជម្រើស​និង​អត់​មាន​លទ្ធ​ភាព​ ទើប​សម្រេច​ចិត្ត​មក​ព្យា​បាល​ក្នុង​ស្រុក​។​  ហេតុ​នេះហើ​យ​វា​ធ្វើ​ឱ្យប៉ះ​ពាល់​មុខ​មាត់​សេវា​សុខាភិ​បាល​ផង​ និង​ត្រូវ​ខាត​បង់​ថវិកា​សេដ្ឋ​កិច្ច​ជាតិ​ផង​ដែរ​។​​

​លោក​បន្ថែម​ថា​៖ «​អ្វី​ដែល​សំខាន់​ គឺ​យើង​ត្រូវ​ធ្វើ​ឱ្យ​ប្រជា​ព​ល​រដ្ឋ​មាន​ទំនុក​ចិត្ត​ និង​មាន​ការ​ជឿ​ជា​ក់ ​អ៊ី​ចឹ​ង​!​ វា​អាស្រ័យ​ទៅ​លើ​គុណ​ភាព​នៃ​ការ​ផ្ដល់​សេវា​ និង​ក្រម​សីល​ធម៌​របស់​គ្រូ​ពេទ្យ​ដែល​បាន​ប្រព្រឹត្ត​ចំពោះ​អ្នក​ជំងឺ​ដោយ​ការ​គោរព​ និង​សេច​ក្ដី​ថ្លៃ​ថ្លូ​​រ​​»៕