ភ្នំ​ពេ​ញៈ​ស​​ហ​ព័ន្ធ​​កីឡា​ប៊ូ​ល ​និ​ង​ប៉េត​ង់​កម្ពុ​​ជាក្រោ​ម​​កញ្ចប់​​​ថវិ​កា​ចំណា​​យ​របស់​​ក្រសួង​អប់​​​រំ​ យុ​វ​ជ​ន ​និ​ងកី​ឡា​ បា​ន​​រៀបចំ​​​ការ​ប្រកួត​កីឡាប៊ូល និង​ប៉េ​ត​ង់ជើ​ង​ឯ​កថ្នា​ក់​ជា​តិ ​ឆ្នាំ​២​០​២​៣​ ​នៅ​លើ​ទីលានប៉េតង់​នៃ​ពហុកី​ឡដ្ឋា​ន​ជាតិ​ ​កា​លពី​ព្រឹក​ថ្ងៃទី​១៦ ​ខែវិ​ច្ឆិ​កា ដោយ​នឹ​ង​​​​បញ្ច​ប់​នៅទី​​​១៨​ ​ខែ​វិច្ឆិ​កា​។​​​

ថ្លែ​​ង​​នៅ​​ក្នុង​ពិ​ធីបើ​ក​ការ​ប្រកួត កាលពី​ព្រឹ​ក​ថ្ងៃ​ព្រ​ហ​ស្បតិ៍​នោះ លោក សុខ សូកាន រដ្ឋលេខា​ធិ​ការ​ក្រ​សួ​ងរៀ​ប​ចំ​ដែន​​ដី ​នគ​រូ​បនី​យ​ក​ម្ម​ និ​ង​សំ​ណ​ង់​ និង​ជា​ប្រធាន​សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា បាន​លើក​ឡើង​ថា ការ​ប្រកួតជើងឯក​ថ្នាក់ជាតិ​នេះ គឺ​ផ្តោត​ខ្លាំង​ទៅលើ​​ការ​ផ្តល់​ឱកាស​​ឱ្យ​​គ្រប់​កីឡាករ កីឡាការិនីទាំង​អស់ បាន​ប្រកួត​ប្រជែង​គ្នា ដើម្បី​សម្រិត​សម្រាំង​រក​អ្នក​មាន​​សមត្ថ​ភាព និង​ទេ​ព​កោ​ស​​ល្យ ​ចូ​ល​​ហ្វឹ​ក​ហា​ត់​ ​ជាមួ​យ​​​ក្រុ​ម​ជម្រើ​ស​ជា​តិ ​នៅ​ឆ្នាំ​ក្រោយ។

លោក​​បញ្ជាក់​ថា៖ «ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ ឆ្នាំ២០២៣ រៀបចំ​ឡើង​ក្នុង​គោល​បំណង​លើក​ស្ទួយ​វិស័យ​កីឡា​ប៊ូល និង​ប៉េតង់​កម្ពុជា ព្រមទាំង​បង្កើន​ទំនាក់​ទំនង​រវាង​​សម្ព័ន្ធ ក្លិប និង​​ផ្តល់​ឱកាស​ដល់​កីឡាករ កីឡាការិនី​ទូទាំង​ប្រទេស ​អាច​ចូល​រួម​ប្រកួត​ប្រជែង និង​ដុស​ខាត់​សមត្ថភាព ហើយ​នេះ​​ជា​វេទិកា​សម្រាប់​សហព័ន្ធ​​ សម្លឹង​មើល​កីឡាករ កីឡា​​ការិនី ដែល​មាន​សក្តា​នុពល និង​ឧបនិស្ស័យ​លើ​កីឡា​ប៊ូល និង​ប៉េតង់ មក​ចូល​រួម​ប្រមូល​ផ្តុំ​ជា​​ក្រុម​​ជម្រើស​ជាតិ យុវជន ឬថ្នាល នា​​ឆ្នាំ​​បន្ត​បន្ទាប់​ទៀត»។ 


ជាមួយ​គ្នានេះ លោក សុខ សូកាន ដែល​បាន​ចូល​ដឹកនាំ​សហព័ន្ធ​កីឡាប៊ូល និង​ប៉េ​តង់​កម្ពុជា កាលពី​ថ្ងៃទី​២០ ខែ​កក្កដា ឆ្នាំ​២០២២ ជំនួស​ប្រធាន​សហព័ន្ធ​មុន លោក ស សុខា នោះបាន​មើល​ឃើញ​ថា សមត្ថភាព​ប្រកួត​ប្រជែង​របស់​កីឡាករ កីឡា​ការិនី​ប៉េតង់ មានការ​រីកចម្រើន​ជាលំ​ដាប់ បើទោះបីជា​ក្រុមនេះមិន​អាច​ដណ្តើម​បាន​មេដាយ​​មាស ពោលគឺ​បាន​ត្រឹម​ឈ្នះ​មេដាយប្រាក់៦ និងសំរឹទ្ធ​៤ ពី​ការ​​ប្រកួត​ស៊ីហ្គេម លើក​​ទី​៣២ ឆ្នាំ​២០២៣ ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ។​

លោក​បាន​ថ្លែង​ថា៖ «តាម​រយៈ​ការ​ប្រកួត​នា​ឆ្នាំ​កន្លង​មក ខ្ញុំ​បាន​កត់​សម្គាល់​ឃើញ​ថា កីឡាករ កីឡាការិនី ម្នាក់ៗ​​មានទឹកដៃ​ក្នុង​ការ​លេង​ខុសៗគា្ន ហើយ​ពី​​ ១​ ឆ្នាំ​ ទៅ ​​១​  ឆ្នាំ សមត្ថភាព​របស់​កីឡាករ កីឡា​​ការិនី ក៏​កាន់​តែ​រីក​ចម្រើន​ឡើង ដូច្នេះ​ការ​ប្រកួត​នេះ​អាច​ចាត់​ទុកថាជា​​ទីលាន​សាក​ល្បង​សមត្ថភាព ជាកន្លែង​មួយ​សម្រាប់​ចែក​រំលែក​បទពិ​សោធន៍ និង​រៀន​សូត្រ​ពី​បច្ចេក​ទេស​​ក្នុង​ការ​លេង​​​កីឡា​​ប៊ូល និង​ប៉េតង់រ​វា​ង​គ្នា​ទៅ​វិ​ញទៅ​ម​ក​»។


សម្រាប់​ការ​ប្រកួត​កីឡា​ប៊ូល និង​ប៉េតង់​ជើងឯក​ថ្នាក់ជាតិ ឆ្នាំ​២០២៣​នេះ មាន​ប្រតិភូ​កីឡា​​តំណាង​​ឱ្យ​សម្ព័ន្ធ និង​ក្លិប ចំនួន​៥៣ ​បានដាក់ពាក្យ​ចូលរួម​ប្រកួត ក្នុង​នោះ​មាន​ប្រតិភូ​ ៥០ នាក់  គ្រូ​បង្វឹក ​៥០​ នាក់ កីឡាករ​២៣០​ នាក់ និង​កីឡាការិនី​ចំនួន​ ៨៦​ នាក់ ដោយ​អ្នកទាំង​នេះ ត្រូវ​​ប្រកួត​​ប្រជែង​​​គ្នា នៅលើ​វិញ្ញាសា​ចំនួន ​៦ គឺ​ប្រកួត​៣ទល់ ៣ ​នាក់ ​ទាំង​បុរស-នារី, ​វាយយក​ពិន្ទុ ទាំង​​បុរស-នារី និងការ​ប្រកួត ១ ទល់ ​១ នាក់ ទាំង​ផ្នែក​យុវជន និងយុវនា​រី ដែល​មាន​អាយុ​ ១៣ ដល់​​ ១៦ ​ឆ្នាំ។

ទន្ទឹម​នឹ​ង​នេះ​​ លោ​ក​ សុ​ខ​ សូកា​ន​ បាន​បន្ថែម​ថា៖​«ខ្ញុំ​សូម​លើក​ទឹក​ចិត្ត​ដល់​គណៈកម្មការ​រៀបចំ​​ការ​ប្រកួត និង​អំពាវ​នាវ​ដល់​កីឡាករ កីឡាការិនី សម្ព័ន្ធ-ក្លិប តាម​បណ្តា​រាជ​ធានី ខេត្ត សូម​ប្រកួត​​ដោយ​យក​ចិត្ត​ទុក​ដាក់ ប្រឹង​ប្រែង​ឱ្យ​អស់​ពី​សមត្ថភាព ប្រកួត​ដោយ​ភាព​ត្រឹម​ត្រូវ និង​យុត្តិធម៌​ព្រ​ម​ទាំ​ង​គោ​រ​ពតា​ម​​ប​ទ​ប​​ញ្ជា​ ​ប​ច្ចេក​ទេ​ស​ ​និង​វិ​ន័​យនៃ​​ការ​ប្រ​កួត ​ក្រោ​ម​ស្មារ​តី​ «​សា​មគ្គី​​ជា​មហា​គ្រួសារ​កី​ឡា​ប៊ូ​ល ​និ​ងប៉េ​ត​ង់»​។

ចំណែក​លោក អ៊ិន គឹម​ស្រ៊ុន ទីប្រឹក្សា​សហព័ន្ធ និង​ជាប្រធាន​គណៈ​កម្មការ​រៀប​ចំ​ការ​ប្រកួត បាន​​ប្រកាស នៅ​ក្នុងពិធី​បើក​ការ​ប្រកួត​ថ្នាក់ជាតិ​នេះ​ថា បន្ទាប់ពី​ការ​រៀបចំ​ការ​ប្រកួត​កីឡា​ស៊ីហ្គេម​លើ​កទី​៣​២​ ​ឆ្នាំ២០២៣​រួចមក​ ក្រុម​កីឡាករ កីឡា​ការិនី​ជម្រើស​ជា​តិ​កី​ឡាប៊ូ​ល​​ និ​ង​​ប៉េតង់ បា​ន​ប្រមូ​ល​ផ្ដុំ​ហាត់​ហ្វឹ​​កហ្វឺ​ន​ឡើង​វិ​ញ ​ក្នុ​ង​​ឆ្នាំ​២០​២៣ ចាប់​តាំង​ពី​ដើម​ខែ​កក្កដា រហូត​ដល់​​ចុង​ខែវិច្ឆិកា។

ចំពោះ​ការ​ហ្វឹកហាត់​នេះ លោក​​បញ្ជាក់​​ថា៖ «ការិយាល័យ​បច្ចេកទេស ​និង​​អភិវឌ្ឍ​​បាន​ដាក់​​ចេញ​បន្ថែម​​ឱ្យ​​ហ្វឹក​ហាត់​​នូវ​បច្ចេកទេស​កម្រិត​ខ្ពស់​ចំនួន​​ ៧​​ មុខ​​ជំនាញ ដើម្បី​ពង្រឹង​សមត្ថ​ភាព និង​គុណផល គឺ​ទី​១ ការចូលប៊ូល​ចំនួន​​៦០​គ្រាប់ ទី​២ការ​ចូល​ប៊ូល​តាម​​រូប​ភាព​​លើក​ប៊ីឡើង និង​លើក​ប៊ីចូលកង ទី​៣វាយ​យកពិន្ទុ ទី​៤​វា​យចូ​លតា​ម​រូ​ប​ភាព I, H, Y​ ទី​​​៥​ ប្រ​កួត ទី​៦សំ​ណួ​រផ្ទា​ល់មាត់ និងទី​​៧វិន័យ ហើយ​ជាលទ្ធ​ផលតាមការធ្វើតេស្តប្រចាំខែ គឺ​គុណ​ផ​ល​រ​ប​ស់ កីឡា​ករ​ ​កីឡា​កា​រិនី មាន​ការ​កើន​​ឡើង​​គួរ​​ឱ្យ​កត់​សម្គាល់»។

យ៉ាង​ណា​ក៏​ដោយ លោក គឹមស្រ៊ុន បាន​ស្នើឱ្យ​បណ្តាសម្ព័ន្ធ និង​ក្លិប ពិនិត្យ និង​ក​ត់​ចំណាំ​ ​ដើ​ម្បី​​អាច​​ស្ទង់​មើល​ពី​ការ​ហ្វឹក​ហាត់​របស់​កីឡាករ កីឡាការិនី ដើម្បី​ដឹងថា​កម្រិត​បច្ចេក​ទេស​ពួកគេកើន​ឡើង ឬថយ​ចុះ។ មួយ​វិញ​ទៀត លោក​ស្នើ​សុំ​ឱ្យប​ណ្ដាស​ម្ព័ន្ធ​ ​និង​​ក្លិប​រាជធានី​ខេត្ត​ធ្វើការ Update បញ្ជី​ប​ច្ចុ​ប្បន្ន​​ភា​ព និង​បាន​​លើក​ទឹក​ចិត្ត​ដល់​រាជធានី​ខេត្ត​ដែល​មិន​ទាន់​បាន​ចុះ​បញ្ជី​បច្ចុប្បន្នភាព​ជាមួយ​សហព័ន្ធ សូមរៀបចំ ដើម្បី​ពង្រីកវិ​សាល​ភាព​វិស័យ​កីឡា​ប៊ូល និង​ប៉េតង់​នៅ​​ទូទាំង​ប្រទេ​ស៕