ភ្នំពេញៈ ក្រសួង​សង្គម​កិច្ច អតីត​យុទ្ធជន និង​យុវនី​តិសម្បទា និង​ស្ថាប័ន​ពាក់ព័ន្ធ គ្រោង​ដាក់​ឱ្យ​អនុវត្ត​ជា​ផ្លូវ​ការ​នូវ​សៀវភៅ​ណែនាំ​ស្ដី​ពី​នីតិ​វិធី​ប្រតិបត្តិ​កិច្ច​ការ​ពារ​កុមារ​សម្រាប់​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌដើម្បី​ឱ្យ​អាជ្ញាធរ​ថ្នា​ក់​ក្រោម​ជាតិ បាន​ដឹង​ពី​តួនាទី ភារកិច្ច​ ក្នុងការ​​ឆ្លើយ​តប​ការផ្ដល់​សេវា​ជូន​កុមារ​ដែល​ទទួល​រង​គ្រោះ​។


លោក ភី ណូ ប្រធាន​នាយកដ្ឋាន​កិច្ច​ការ​ពារ​កុមារ នៃ​ក្រសួង​សង្គម​កិច្ច បានប្រាប់​​ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៥ ខែ​វិច្ឆិកា​ថា គោល​បំណង​នៃ​ការ​បង្កើត​សៀវ​ភៅ​ណែនាំ​នេះ ​​ដើម្បី​ចង់​​ពង្រឹង​ប្រព័ន្ធ​កិច្ច​ការ​ពារ​កុមារ​ជា​រួម​មួយ​ដោយ​សារ​ក្រសួងមើល​ឃើញ​ថា ប្រព័ន្ធ​កិច្ច​ការ​ពារ​កុមារ​នៅ​ក្នុង​ប្រទេស​កម្ពុជា​បច្ចុប្បន្ន​នេះ កំពុង​ស្ថិត​ក្នុ​ង​ស្ថានភាព​រាយ​ប៉ាយ ខណៈ​ដែល​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើ​ការ​ជា​មួយ​កុមារ ពួកគាត់​មាន​ប្រព័ន្ធ​កិច្ច​ការ​ពារ​កុមារ​ផ្សេង​ពី​ខាង​ក្រសួង​។

លោកបាន​ប​ន្ត​ថា សម្រាប់​រាជ​រដ្ឋាភិបាល ក៏​ដូច​ជា​ក្រសួង គឺមា​ន​ផែន​ការ​​ច្រើន​លើ​ប្រព័ន្ធ​កិច្ចកា​រ​ពារ​កុមារ ដូច្នេះ​ហើយ​ទើប​ក្រសួង​សង្គម​កិច្ច ក៏​ដូចជា​ស្ថាប័នពា​ក់​ព័ន្ធ បាន​រួម​គ្នា​ធ្វើ​សេចក្ដី​ព្រាង​សៀវភៅ​ណែនាំ​ស្ដី​ពី​នីតិវិធី​ប្រតិបត្តិ​កិច្ច​ការ​ពារ​កុមារ​សម្រាប់​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ ដើម្បី​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន និង​អង្គការ​ស​ង្គម​ស៊ីវិល រួម​គ្នា​អនុវត្ត​។


លោកបាន​​ថ្លែង​ថា​៖ «​នៅក្នុ​ង​សៀវភៅ​ណែនាំ​ហ្នឹង ​មាន​លក្ខណៈ​សុខ​ដុមនីយកម្ម ហើយ​មាន​យន្តការ​ច្បា​ស់​លាស់​ក្នុង​ការ​ទទួល​ខុស​ត្រូវ និង​ឆ្លើយតប​​ ហើយ​មួយ​ទៀត នីតិវិធី​ក្នុង​សៀវភៅ​នេះ បាន​រៀប​ចំ​ឡើង​ដោ​យ​ផ្អែក​ទៅ​តាម​កម្មវិធី​គោល​នយោបាយ​របស់​រាជ​រដ្ឋាភិបាល ពាក់​ព័ន្ធ​នឹង​ការ​ធ្វើ​វិមជ្ឈការ​រដ្ឋបាល​ថ្នាក់​ក្រោ​ម​ជាតិ អ៊ីចឹង​មន្ត្រី​នៅថ្នា​ក់​ក្រោម​ជាតិ មាន​តួនាទី​សំខាន់​ណាស់​ក្នុង​ឆ្លើយតប និ​ងផ្ដ​ល់សេវា​ចំពោះ​កុមារ​ងា​យ​រង​គ្រោះ​ដោយ​អំពើ​រំលោភ​បំពាន​»​។

បើតា​ម​លោក ភី ណូ បាន​ឱ្យ​ដឹង​ទៀត​ថា បច្ចុប្បន្ន​នេះ សៀវភៅ​ណែនាំ​ស្ដី​ពី​នីតិវិធី​ប្រតិបត្តិ​កិច្ច​ការពា​រ​កុ​មា​រ​សម្រាប់​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ បាន​​អនុវត្ត​សាកល្បង​នៅ​ក្នុង​ស្រុក​ចំនួន​២ ​ក្នុង​ខេត្ត​បាត់ដំបង កាល​ពីចុ​ង​​ឆ្នាំ​២០២២ ខណៈ​ដែល​ការ​អនុវត្ត​សៀវភៅ​ណែនាំ​នេះ គឺ​ឱ្យ​អាជ្ញាធរ​ថ្នាក់​ស្រុក ឃុំ ត្រូវ​អនុវត្ត​ភារកិច្ច​រប​ស់​​ខ្លួន នៅ​ពេល​ដែល​កុមារ​រង​គ្រោះ​ដោយ​សារ​អំពើ​ហិង្សា ឬ​អំពើ​រំលោភ​បំពាន​។ 


លោកបន្តថា ដូច្នេះ​អាជ្ញាធរ​មូល​​ដ្ឋាន ពួកគាត់​នឹង​ច្បាស់​អំពី​តួនាទី​ថា​ ត្រូវ​ឆ្លើយ​តប​អ្វី​ខ្លះ ឬ​​បើ​ឆ្លើយ​តប​មិន​បា​ន​អាច​នឹង​បញ្ជូន​មក​ខេត្ត​ដើម្បី​ធ្វើ​ការ​ដោះ​ស្រាយ​។

លោក ភី ណូ​ បាន​​បញ្ជាក់​៖ «​អ៊ីចឹង​! សារៈ​ប្រយោជន៍​នៃ​សៀវភៅ​ហ្នឹង គឺ​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន​នៅ​ថ្នាក់​ក្រោ​ម​ជាតិ ជា​ពិសេស​ឃុំ​-​សង្កាត់ ស្រុក ​យល់​ច្បាស់​​ពី​ភារកិច្ច​របស់​ខ្លួន និង​នីតិ​វិធី​ជួយ​ទៅ​ដល់​កុមារ នៅ​ពេល​កុ​មារ​មាន​ការ​រំលោភ​បំពាន ការ​គំរាម​កំហែង ឬ​ក៏​ប្រឈម​នឹង​ការ​រង​គ្រោះ​អ្វី​មួយ​»​។

​សៀវភៅ​ណែនាំ​នេះ ក៏​បាន​ផ្ដល់​ប្រយោជន៍​សម្រាប់​កុមារ ដើម្បី​ទទួល​បាន​​កិច្ច​គាំ​ពារ ការ​ការ​ពារ ហើយ​និង​ទទួល​បាន​សេវា​សម​ស្រប​ទៅ​តាម​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ដែល​មាន​។ 

លោកបាន​បន្ថែម​ថា ហេតុនេះ​ទាំង​អង្គការ​សង្គម​ស៊ីវិល ក៏​ត្រូវ​អនុវត្ត​ទៅ​តាម​នីតិវិធី​នៅ​ក្នុង​សៀវភៅ​ណែនាំ​នេះ​​ដែរ មិន​មែន​តែ​ស្ថាប័ន​រាជ​រដ្ឋាភិបាល​​ទេ ទោះបី​ករណី​ដែល​កើត​ឡើង​លើ​កុមារ វា​ជា​កិច្ច​អន្ត​រាគមន៍​របស់​សមត្ថកិច្ច និង​អាជ្ញាធរក៏​ដោយ ប៉ុន្តែ​សមត្ថកិច្ច និង​អាជ្ញាធរ ក៏​អាច​សហការ​ជាមួ​យ​អង្គការ​ដៃគូ ដើម្បី​ផ្ដល់​សេវា​ជូន​កុមារ​ដែល​រង​គ្រោះ​ទាំង​អស់​នោះ​បាន​ដែរ​។

ទាក់​ទង​នឹង​សៀវភៅ​ណែនាំ​នេះ លោក អំ សំអាត នាយក​ទទួល​បន្ទុក​កិច្ច​ការ​ទូទៅ នៃ​អង្គការ​ការ​ពារ​សិទ្ធិ​មនុស្ស​លីកាដូ បានលើកឡើង​​ដែរ​ថា វា​ជា​សៀវភៅ​ណែនាំមួយ​ដើម្បី​ឱ្យ​អាជ្ញាធរ​ថ្នាក់​ក្រោម​ជាតិ ក៏​ដូច​ជា​អង្គការ​សង្គម​ស៊ីវិល រួម​គ្នា​ក្នុង​ការ​ជួយ​ការ​ពារ និង​ជួយ​សង្គ្រោះ​កុមារ​ដែល​ងាយ​រង​គ្រោះ​។​

លោក​ថ្លែង​ថា៖ «​សំខាន់​អាហ្នឹង​ជា​គោល​ការណ៍​ណែនាំ​ទេ ប៉ុន្តែ​អ្វី​ដែល​សំខាន់​បំផុត គឺ​ការ​អនុវត្ត​​ច្បាប់​ទាក់​ទង​នឹង​ការ​ការ​ពារ​កុមារ អ៊ីចឹង​យើង​ត្រូវ​នាំ​គ្នា​ធ្វើ​ម៉េច ​ដើម្បី​អនុវត្ត​ច្បាប់​ហ្នឹង​ឱ្យ​មាន​ប្រសិទ្ធ​ភាព ជួយ​ការ​ពារ​ទៅ​ដល់​កុមារ និង​សង្គ្រោះ​កុមារ​ដែល​ត្រូវ​រង​គ្រោះ​ដោយ​ការ​រំលោភ​បំពាន​ផ្សេងៗ​»​។

លោកបាន​បន្ថែម​ថា ទោះ​បី​ជា​យ៉ាង​ណា​ការ ​បង្កើត​សៀវភៅ​ណែនាំ​នេះ វា​ក៏​ជា​រឿងល្អ​​មួយ​សម្រាប់​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ ដឹង​ពី​ភារកិច្ច តួនាទី​ត្រូវ​អនុវត្ត ក៏​ដូច​ជា​ចូល​រួម​សហការ​ជាមួ​យ​ស្ថាប័ន​ពាក់​ព័ន្ធ រួម​ជា​មួយ​អង្គការ​សង្គម​ស៊ីវិល​ផង ជា​ពិសេស​ត្រូវ​ធ្វើ​យ៉ាង​ណា​ឱ្យ​សៀវភៅ​ណែនាំ​នេះ​ពេល​ដាក់​អនុវត្ត​ផ្លូវ​ការ គឺ​មាន​ការ​ផ្សព្វ​ផ្សាយ​ឱ្យ​បាន​ទូ​លំ​ទូ​លាយ​ផង​ដែរ​។

សូម​បញ្ជាក់​ថា នៅ​ថ្ងៃ​ទី​១៤ ខែ​វិច្ឆិកា​ ឆ្នាំ២០២៣​ ក្រសួង​សង្គម​កិច្ច និង​ក្រសួង​មហាផ្ទៃ បាន​បើក​សិក្ខា​សាលា​ពិគ្រោះ​យោបល់​ជា​លើក​ចុង​ក្រោយ ​ជា​មួយ​ស្ថាប័ន្ធ​ពាក់​ព័ន្ធ លើ​សេចក្តី​ព្រាង​សៀវភៅ​ណែនាំ​ស្តី​ពី​នីតិ​វិធី​ប្រតិបត្តិ​កិច្ច​ការ​ពារ​កុមារ​សម្រាប់​រដ្ឋ​បាល​ក្រុង ស្រុក ខណ្ឌ មុន​នឹង​ស្នើ​សុំ​ការ​អនុម័ត​​ពី​ថ្នាក់​ដឹក​នាំ​ក្រសួង​សង្គម​កិច្ច អតីត​យុទ្ធជន និងយុ​វនីតិ​សម្បទា និង​ក្រសួង​មហា​ផ្ទៃ សម្រាប់​ដាក់​​ឱ្យ​​អនុវត្ត​ជា​ផ្លូវ​ការ​ក្នុង​ពេល​ឆាប់ៗ​នេះ​៕