​ភ្នំពេញៈ ​«​យើង​រួម​កម្លាំង​គ្នា ការពារ​បរិស្ថាន​កម្ពុ​ជា ថ្ងៃនេះ​ខ្ញុំ​មិន​ប្រើ​ថង់​ប្លា​ស្ទិ​ក​ទេ​»​។ នេះ​ជា​សំឡេង​កងរំពង​ស្រែក​ឡើង​ស្រុះៗ​គ្នា​ដោយ​សិស្សានុសិស្ស​ជាច្រើន​នៅក្នុង​បរិវេណ​សាលា​​រៀន​ពេល​ប្រជុំជួរ​គោរព​ទង់ជាតិ​។ សកម្មភាព​នេះ​ជាការ​ចូលរួម​អនុ​​វត្ត​យុទ្ធនាការ ​«​ថ្ងៃនេះ​ខ្ញុំ​មិន​ប្រើ​ថង់​ប្លា​ស្ទិ​ក​ទេ​»​ដែល​ផ្ដួចផ្តើមឡើង​ដោយ​ក្រសួងបរិស្ថាន​សំដៅ​ចូលរួម​កាត់បន្ថយ​ការប្រែប្រួល អាកាសធាតុ​។​ 


​របាយការណ៍​ស្តីពី​ស្ថានភាព​អាកាសធាតុ និង​ការអភិវឌ្ឍ​របស់​កម្ពុ​ជា​ឱ្យដឹងថា ការប្រែប្រួល​អា​កាស​ធាតុ​បង្ក​ហានិភ័យ​ផ្នែក​រូប​​វន្ត​ដូចជា​ការកើនឡើង​សី​តុ​ណ្ហ​ភាព និង​គ្រោះមហន្តរាយធម្មជាតិ​កាន់តែ​ញឹកញាប់ និង​មាន​សភាព​កាន់តែ​ធ្ងន់ធ្ងរ​។ ដើម្បី​ឆ្លើយតប​នឹង​បញ្ហា​នេះ ក្រសួងបរិស្ថាន​ក្នុង​អាណ​ត្តី​ថ្មី​នេះ បានដាក់​ចេញ​ការងារ​អាទិភាព​ចំនួន​ ៣ រួមមាន ទី​១ ការគ្រប់គ្រង​សំណល់​រឹង​សំដៅលើ​ភាព​ស្អាត ពិសេស​លុបបំបាត់​សំណល់​ប្លា​ស្ទិ​ក ទី​២ ការប្រយុទ្ធ​ប្រឆាំងនឹង​ការ​ប្រែ​ប្រួល​អាកាសធាតុ តាមរយៈ​ការ​​ស្តារ​គម្រប​ព្រៃឈើ​បៃតង និង​ទី​៣ នាំ​អាទិភាព​ទាំង ​២ ​ខាងដើម​នេះ​ឆ្ពោះទៅ​ឆាក​អន្តរជាតិ​សំដៅ​ឱ្យមាន​ចីរភាព​បរិស្ថាន​។​ 

​លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួងបរិស្ថានថ្លែងថា ក្រសួង​​បរិស្ថាន​បន្ត​ពង្រឹង​យុទ្ធនាការ​កាត់​បន្ថយ​ការប្រើប្រាស់​ប្លា​ស្ទិ​ក ដោយ​អនុវត្ត​វិធានការ​ជាក់ស្តែង​តាម​​រយៈ​ដាក់ឱ្យ​ប្រើប្រាស់​ធុងសំរាម​ដាច់ដោយឡែក​នៅ​តាម​សាលា​​រៀន និង​លើកទឹកចិត្ត​សិ​ស្សា​-​នុ​សិស្ស​កែច្នៃ​ប្លា​ស្ទិ​ក និង​សំណល់​សំរាម​ធ្វើជា​ជីកំប៉ុស​។ វិធានការ​ដ៏​ចម្បង​នេះ បាននិងកំពុង​ប្រព្រឹត្តទៅ​ស្របតាម​គំនិត​ផ្តួចផ្តើម​ជាស​កល របស់​អង្គការ​សហ​ប្រជា​​ជាតិ ដើម្បី​ដោះស្រាយ​ការបំពុល​ប្លា​ស្ទិ​ក​ផងដែរ​។ 


​លោក​ថ្លែងថា​៖ «​វិធានការ​ទាំងនេះ រួមចំណែក​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​កម្ពុជា នៅក្នុង​ឆាក​អន្តរជាតិ និង​ដោះ​ស្រាយ​បញ្ហា​ឫសគល់​នៃ​ការ​​បំពុល​ប្លា​ស្ទិ​ក តាមរយៈ​ការពង្រឹង​ការអនុវត្ត​ការគ្រប់គ្រង​សំណល់​ឱ្យមាន​ប្រសិទ្ធភាព​»​។​ 

​ក្រសួងបរិស្ថាន​ឱ្យដឹងថា យុទ្ធ​នា​ការ​នេះ​មិន​ត្រឹមតែ​មានការ​គាំទ្រ និង​ចូលរួម​ពី​សាលារៀន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏មាន​ការគាំទ្រ​យ៉ាង​ពេញទំហឹង​ពី​ដៃគូ​អភិវឌ្ឍន៍​ម្ចាស់​រោងចក្រ និង​កាកបាទក្រហម​​កម្ពុជា​ផងដែរ​។ បើតាម​ក្រសួង​បរិស្ថាន ចាប់ពី​ថ្ងៃទី ​១ ខែកញ្ញា​រហូតមកដល់​ថ្ងៃទី​ ១៣ ខែវិច្ឆិកា ឆ្នាំនេះ​សាលារៀន​ទូទាំងប្រទេស​សរុប​ចំនួន ៥ ៨០៨​ សាលា គ្រូបង្រៀន​ចំនួន ១៩១ ១៨៣​ នាក់ និង​សិស្សានុសិស្ស ២ ៤៣៩ ៥៣៩​ នាក់ បាន​ចូលរួម​គាំទ្រ​យុទ្ធនាការ​នេះ ខណៈ​សកម្មភាព​នេះ នៅតែ​បន្តធ្វើ​រហូតដល់​គ្រប់​សាលារៀន​នៅ​ទូទាំងប្រទេស​។​


​ដើម្បី​គ្រប់គ្រង​ធនធានធម្មជាតិ​និង​ការអភិរក្ស​ជីវចម្រុះ និង​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​ប្រសិទ្ធភាព​ក្រសួងបរិស្ថាន​ក៏បាន​ដាក់ចេញ​វិធានការ​មួយចំនួន​ផងដែរ រួមមាន​ការអនុវត្ត​ច្បាប់​ ១០០ ​ភាគរយ​មិន​អត់ឱន​ចំពោះ​ឧក្រិដ្ឋកម្ម​ធនធានធម្មជាតិ​។

ពង្រឹង​សហការ​ឱ្យ​កាន់តែ​ស្អិត​ល្មួត​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​ថ្នាក់​ទប់ស្កាត់​បទល្មើស​ធ​ន​ធាន​ធម្មជាតិ និង​សហការ​ជាមួយ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​និង​កម្លាំង​សមត្ថកិច្ច​ដើម្បី​ពង្រឹង​ការអនុវត្ត​ច្បាប់ ព្រមទាំង​ជំរុញ​ការដាំដុះ​កូនឈើ​យ៉ាងហោច ​១ ​លាន​ដើម​ក្នុង ​១​ ឆ្នាំ​ផងដែរ​។​ 

​លោក ស្រេង ជា​ហេង ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តស្ទឹងត្រែង បានឱ្យដឹងថា ស្របតាម​ទិសដៅ​អា​ទិ​ភាព​របស់​ក្រសួងបរិស្ថាន​ក្នុង​ការចូលរួម​កាត់បន្ថយ​ការ​ប្រែ​​ប្រួល​អាកាសធាតុ មន្ទីរ​បរិស្ថាន​ខេត្តស្ទឹងត្រែង បាននិងកំពុង​បន្តធ្វើ​យុទ្ធនាការ «​ថ្ងៃនេះ​ខ្ញុំ​មិន​ប្រើ​ថង់​ប្លា​ស្ទិ​ក​ទេ​»​ នៅតាម​សាលា​រៀន​ដោយ​ត្រូវអនុវត្ត​រហូត​គ្រប់​សាលារៀន​នៅ​ទូទាំង​ខេត្ត​។​

​លោក​បន្ថែមថា ក្រៅពី​បញ្ជ្រាប​ការយល់ដឹង​ពី​ការ​ទុកដាក់​ថង់​ប្លា​ស្ទិ​ក​នៅតាម​សាលារៀន មន្ទីរជំនាញ​ក៏​កំពុង​យកចិត្តទុកដាក់​ផងដែរ​លើ​ការ​ទុកដាក់​ការប្រើ​​ប្រាស់​សំណល់​រឹង​ផ្សេងៗ​ទៀត​ដូចជា​ដប កំប៉ុង និង​សំរាម​ផ្សេងៗ ដើម្បី​ឱ្យមាន​សណ្តាប់ធ្នាប់​។

ខេត្ត​ស្ទឹងត្រែង​បង្កើត​កាកសំណល់​សំរាម​ទាំង​រឹង និង​រាវ​ពី ​៤០ ទៅ​ ៥០​តោន ក្នុង​ ១ ​ថ្ងៃ​។ យ៉ាងណាក្ដី​បច្ចុប្បន្ន​សំណល់​ប្លា​ស្ទិ​ក និង​សំណល់​រឹង​មួយចំនួន​ដូចជា​ដែក និង​អាលុយមីញ៉ូម​ត្រូវបាន​អ្នក​រើស​អេតចាយ​រើស​ចេញ ប៉ុន្តែ​សំណល់​ប្លា​ស្ទិ​ក​នៅសល់​ច្រើន​។  

​លោក​ថ្លែងថា​៖ «​ថង់​ប្លា​ស្ទិ​ក​គឺ​វា​ប៉ះពាល់​ច្រើន ទី​១ ​បរិស្ថាន​កខ្វក់​ហើយ​មិន​ងាយ​រលាយ​ទេ ហើយ​វា​ប៉ើង​តាម​ខ្យល់ ធ្លាក់ចូល​ទឹក​ធ្វើឱ្យ​បំពុល​ពីលើ​ចុះក្រោម ហើយ​ដល់​ទៅក្នុង​ទឹក​ទៀត នៅ​ស្រុក​យើង​មិនថាតែ​ស្ទឹងត្រែង​ទេ គឺ​នៅ​គ្រប់កន្លែង​ទាំងអស់​ថង់​ប្លាស្ទិ​ក​នេះ​រញ៉េរញ៉ៃ​ពេញ​ទាំងអស់​គឺ​មិនទាន់​គ្រប់គ្រង​បានទេ​»​។​

​ក្រៅពីនេះ​ការពង្រឹង​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​តំបន់ការពារធម្មជាតិ​ទាំងអស់​ជា​រឿង​សំខាន់​ក្នុងនោះ​ចាប់ពី​មានការ​ណែនាំ​ពី​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន កម្លាំង​ជំនាញ​កំពុង​បន្ត​អនុវត្ត ក្នុង​នោះបាន​ចងក្រង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ ៤ ​ករណី​។ បន្ថែម​លើ​នេះ មន្ទីរ​បរិស្ថាន​ខេត្ត​ក៏​បាននិងកំពុង​រៀបចំ​ឱ្យមាន​ថ្នាល​បណ្តុះ​កូនឈើ​បន្ថែមទៀត​សម្រាប់​ដាំ​ដុះ​បង្កើត​គម្រប​ព្រៃឈើ​ឡើងវិញ​។ 

​លោក​ ស្រេង ជា​ហេង បន្ថែមថា ការ​បណ្តុះ​គំនិត​ស្រឡាញ់​បរិស្ថាន​ស្អាត​គ្មាន​ប្លា​ស្ទិ​ក​នៅតាម​សា​​លា​រៀន ​គឺជា​ការផ្លាស់ប្តូរ​ផ្នត់គំនិត​ក្មេង និង​អាច​ផ្សព្វផ្សាយ​ដល់​ឪពុកម្តាយ អាណាព្យាបាល សហ​គ​មន៍​ក្នុងភូមិ​បាន​ចូលរួម​ទាំងអស់គ្នា​បន្ថែ​ម​ទៀត​។ 

«​ពេល​មានការ​​ផ្សព្វផ្សាយ​ពី​លោកគ្រូ​-​អ្នកគ្រូ ពី​មន្ទីរ​អ៊ីចឹងទៅ គាត់​ខំប្រឹង​ខ្លួនឯង​ផង និង​ទៅ​ផ្សព្វផ្សាយ​ទៅដល់​សហគមន៍​ផង ខ្ញុំ​គិតថា វា​ជា​ចំណែក​មួយ​ក្នុង​ការជំរុញ​ការ​​ចូលរួម​កាត់បន្ថយ​ការប្រែប្រួល​អាកាសធាតុ​»​។  

​លោក​ ជ័យ ហ៊ឹម មេឃុំ​ចំបក់ ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ បានឱ្យដឹងថា នៅ​ឆ្នាំនេះ​ក្នុង​មូលដ្ឋាន​ឃុំ​ចំបក់ ចាប់ផ្តើម​យកចិត្ត​ទុក​ដាក់ចូល​រួម​លើ​បញ្ហា​បរិស្ថាន ស្របតាម​ការណែនាំ​នៃ​យុទ្ធនា​​ការ​ «​ថ្ងៃនេះ​ខ្ញុំ​មិន​ប្រើ​ថង់​ប្លា​ស្ទិ​ក​ទេ​» របស់​ក្រសួងបរិស្ថាន​។​ 

​លោក​ថា​៖ «​ឥឡូវនេះ​ក្រោម​ការដឹកនាំ​របស់​មន្ទី​រ ក៏ដូចជា​រដ្ឋបាលខេត្ត ស្រុក គឺ​យើង​មានការ​យកចិត្តទុកដាក់​ច្រើនជាង​មុន​។ មានការ​ចូលរួម​រប​ស់សិ​ស្សានុសិស្ស ជាពិសេស​លោកពូ​អុំ​មាមីង​ដែល​រស់​នៅតាម​បណ្តា​ភូមិ​»​។​

​ការ​បោសសម្អាត​កាកសំណល់​សំរាម​នៅតាម​មូល​ដ្ឋា​ន ក្នុង​ ១ ​សប្តាហ៍​ មាន​សមាជិក​គណៈកម្មកា​រ​ចុះ​ប្រមូល​ទុកដាក់​ក្រោយ​ភ្ញៀវ​មកលេង​កម្សាន្ត​ហើយ​បាន​បន្សល់ទុក​សំរាម​នៅ​ពាស​វាល​ពាសកាល​។ 

​ដោយឡែក​ការ​​រក្សា​ទុកដាក់​សំរាម​នៅតាម​ផ្ទះ​ប្រជាពលរដ្ឋ​គឺ​ធ្វើ​បានល្អ​។ ម្យ៉ាង​តំបន់​នេះ​ជា​តំបន់​ដែលមាន​ភ្ញៀវ​​ទេសចរ​មកលេង​កម្សាន្ត​រៀង​រាល់​ចុង​សប្តាហ៍ ជាពិសេស​គឺ​ភ្ញៀវ​បរទេស​ដែលមាន​ការ​ទុក​ដាក់​សំរាម​យ៉ាង​មាន​របៀប​គួរឱ្យ​យក​គំរូ​តាម​។

បើតាម​លោក​មេឃុំ ការ​ទុកដាក់​សំរាម​បាន​ត្រឹមត្រូវ នឹង​ធ្វើឱ្យ​បរិស្ថាន​ស្អាត កាត់បន្ថយ​ការបំពុល​ដែលនាំឱ្យ​មានការ​ប្រែប្រួល​អាកាសធាតុ​ធ្វើឱ្យ​ប្រជាពលរដ្ឋ​មាន​សុខភាព​ល្អ​។ អាជ្ញាធរ​ឃុំ​នឹង​ជំរុញឱ្យមាន​ការបញ្ជូន​សារ​អប់រំ​បន្ថែមទៀត នៅពេល​មានការ​ប្រជុំ​អាណត្តិ​ក្រុមប្រឹក្សា ឬ​វគ្គ​បណ្តុះបណ្តាល​ផ្សេងៗ នៅក្នុង​មូលដ្ឋាន​។​ 

​លោក ពៅ ពិន នាយក​អនុ​វិទ្យា​ល័យ ហ៊ុន សែន ទួល​សូ​ភី បាន​ថ្លែងថា ការគិតគូរ និង​ចូលរួម​កាត់​បន្ថយ​ការប្រែប្រួល​អាកាសធាតុ​ជា​រឿង​ដែល​គ្រប់គ្នា ត្រូវ​ចូលរួម ព្រោះ​មិនមាន​អ្នកណាម្នាក់​អាច​ហាមឃាត់​ការប្រែប្រួល​ដ៏​ធំធេង​នេះ​បានទេ គួរតែមាន​សកម្មភាព​ធ្វើការ​ដោយ​ផ្តើមចេញពី​បុគ្គល​ម្នាក់ៗ គ្រួសារ ​១ ទៅ​សហគមន៍​ ១ និង​ពី​សង្គម​ ១ ទៅ​សង្គម ​១​។​

​បញ្ហា​នេះ​អនុវិទ្យាល័យ​ ហ៊ុន សែន ទួល​សូ​ភី​ក៏បាន​រួមចំណែក​តាំង​ពី​មុនពេល​ក្រសួងបរិស្ថាន​បើក​យុទ្ធនាការ​លុបបំបាត់​ថង់​ប្លា​ស្ទិ​កមក​ម្ល៉េះ​។​

​លោក​ប្រាប់ថា ការធ្វើឱ្យ​បរិស្ថាន​នៅតាម​សាលារៀន​ល្អ​ស្អាត គ្មាន​សំរាម គ្មាន​ប្លា​ស្ទិ​ក មិន​ត្រឹមតែ​ធ្វើឱ្យ​ការរស់នៅ និង​ការរៀនសូត្រ​មាន​ផាសុកភាព​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​បានរួម​​ចំណែក​កាត់បន្ថយ​ការប្រែប្រួល​អាកាសធាតុ​បាន​មួយចំណែក​ទៀតផង​។

«​ខ្ញុំ​ចង់ឱ្យ​សហគមន៍​យល់ដឹង​ទាំងអស់គ្នា ដើម្បី​បរិ​ស្ថាន​ប្រទេស​យើង សំខាន់​ចាប់​ផ្តើម​ទាំងអស់គ្នា មិនអាច​ធ្វើ​តែ​ពី​សាលា​បានទេ​។ កាលណា​យើង​មាន​បរិស្ថាន​ស្អាត​គឺ​សុខភាព​យើង​វា​ល្អ​យើង​កាត់បន្ថយ​បរិយាកាស​អាក្រក់ ភ្លៀង​ធ្លាក់​ទៀងទាត់ គុណ​ភាព​ដី​យើង​ក៏​ល្អ ងាយស្រួល​បង្កបង្កើនផល​កសិកម្ម​»​។​

​លោក ហេង យ៉ុ​ន​គូ​រ៉ា នាយក​ប្រតិបត្តិ​អង្គការ​កែច្នៃ និង​អនាម័យ​សហគមន៍ បាន​គាំទ្រ​សកម្មភាព​របស់​ក្រួ​ង​បរិស្ថាន​ក្នុង​ការចូល​រួម​កាត់បន្ថយ​ការប្រែប្រួល​អាកាស​ធាតុ ជាពិសេស​គឺ​ការរៀបចំ​ទុក​ដាក់​កាកសំណល់​រឹង និង​លុប​បំបាត់​ការប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក​នៅតាម​សាលារៀន​។​ 

​យ៉ាងណាក្ដី លោក​លើកឡើងថា ការធ្វើ​យុទ្ធនាការ​តែ ​១​ ពេល នៅតាម​សាលារៀន​អាច​មិន​គ្រប់គ្រាន់​ទេ គួរតែមាន​ការធ្វើ​នៅតាម​សហ​​គម​ន៍​ផង​ទើប​រឹតតែ​ល្អ​។

បើតាម​លោក​ យ៉ុ​ន​គូ​រ៉ា ដើម្បីឱ្យ​ការបំពុល​ចេញពី​សហគមន៍​ប្រែ​ទៅ​ល្អប្រសើរ គួរតែមាន​អ្នកប្រមូល​សំរាម​នៅ​ច្រកល្ហក​តាម​ភូមិ និង​មាន​អ្នក​ឃ្លាំមើល​ការបោះ​ចោល​សំរាម​ផង ដែល​ចំណុច​នេះ ប្រសិនបើ​មាន​អ្នក​បោះចោល​មិន​ត្រឹមត្រូវ អាចអនុវត្ត​តាម​គោលការណ៍​ច្បាប់ បទដ្ឋាន​គតិយុត្ត​ដែលមាន​។ 

​លោក​ថ្លែងថា​៖ «​ការប្រែប្រួល​អាកាស​ធាតុ​ហ្នឹង​វា​ផ្សំគ្នា​ដែរ វា​ផ្សំ​ចេញពី​ទឹកលូ​ស្អុយ ឬក៏​ទឹក​សម្អុយ​ហ្នឹង​វា​អាច​ជះ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ឡើងលើ ប៉ះពាល់​ដល់​ការប្រែប្រួល​អាកាសធាតុ វា​ធ្វើឱ្យ​ខ្យល់ពុល​វា​ធ្វើឱ្យ​ចំហេះ​ហើយ​លើ​អាកាស​ហ្នឹង​វា​ពុល អ៊ីចឹង​ទៅណា​»​។​ 

​អនុលោម​តាម ​«​យុទ្ធសាស្ត្រ​បញ្ច​កោណ​»​ ដំណាក់កាល​ទី​១ ​និង​ឈរលើ​មូលដ្ឋាន​នៃ​គោល​នយោបាយ និង​យុទ្ធសាស្ត្រ​ជាតិ​ដែលមាន​ជា​ធរមាន ព្រមទាំង​ក្របខ័ណ្ឌ​អនុសញ្ញា​អន្តរជាតិ​ពាក់ព័ន្ធ  ​អាទិភាព​របស់​ក្រសួង​បរិស្ថាន​ដែល​បានដាក់​ចេញ​នេះ ជាការ​រួមចំណែក​ធានា​ឱ្យបាន​ចីរភាព​បរិស្ថាន និង​សុក្រឹតកម្ម​បរិស្ថាន​ឆ្លើយតប​ទៅនឹង​ការ​ប្រែ​ប្រួល​អាកាសធាតុ និង​លើកកម្ពស់​សេដ្ឋកិច្ច​បៃតង សំដៅ​សម្រេច​គោលដៅ​យុទ្ធសាស្ត្រ​បញ្ច​កោណ​គឺ ​«​ជា​ប្រទេស​អព្យាក្រឹត​កាបូន និង​មាន​គម្រប​ព្រៃឈើ​ ៦០ ភាគ​​រយ​នៅក្នុង​ឆ្នាំ ​២០៥០»៕