សៀមរាបៈ ក្រោយពី​មានការ​រំសាយ​រចនាសម្ព័ន្ធ​គ្រប់គ្រង និង​បណ្តេញ​ភិក្ខុ សាមណេរ គណៈ​​កម្ម​ការ និង​អាចារ្យ ចេញពី​វត្ត​​ពោធិ៍​លង្កា ក្នុង​សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ដោយសារតែ​ការ​គ្រប់គ្រង​មិនបាន​ល្អ និង​បែងចែក​បក្ខពួក​ បន្ទាប់​ពី​អាជ្ញាធរ​ពាក់ព័ន្ធ​បានធ្វើ​ការណែនាំ​មិន​ស្តាប់​ជា​ច្រើន​ឆ្នាំ នៅពេលនេះ​វត្ត​នេះ​ត្រូវបាន​ធ្វើការ​បោសសម្អាត​បរិស្ថាន និង​រៀបចំ​សោភណភាព​វត្ត បានល្អ​ឡើងវិញ​ដោយ​គណៈកម្មការ​គ្រប់គ្រង​បណ្តោះអាសន្ន​។ 


​ព្រះ​ភិក្ខុ ទេព ភឿន ព្រះ​វិន័យ​ធម៌ និង​ជា​អ្នកនាំពាក្យ​សាលា​គណ​ខេត្តសៀមរាបឱ្យដឹងថា គណៈ​កម្ម​ការរៀបចំ​គ្រប់គ្រង វត្ត​ពោធិ៍​​លង្កា​បណ្តោះអាសន្ន រួមមាន មន្ត្រី​សង្ឃ​សាលា​គណ​ខេត្ត សា​លា​អនុគណ​ក្រុង ដោយមាន​ការ​ចូលរួម​សហការ​ពី​អាជ្ញាធរ មន្ទីរ​ធម្មការ និង​សាសនា និង​គណៈ​​គ្រប់គ្រង​សាលាបឋមសិក្សា​ពោធិ៍​​លង្កា បានធ្វើការ​បោសសម្អាត រៀបចំ ឱ្យមាន​របៀបរៀបរយ​ល្អ ឡើងវិញ​។​

​វិធានការ​នេះ​ធ្វើឡើង​ក្រោយពី​សាលា​គណ​ខេត្ត​សៀម​រាប​សហការ​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ​ចុះ​អនុវត្ត​សេចក្តីសម្រេច​របស់​គណៈ​សង្ឃនាយក នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ដោយ​បណ្តេញ​ព្រះសង្ឃ គណៈកម្មការ និង​អា​​ចា​រ្យ ចេញពី​វត្ត​កាលពី​ថ្ងៃទី ​១៣ ខែវិច្ឆិកា​។


ព្រះអង្គ​ឱ្យដឹងថា កន្លងមក​ការគ្រប់គ្រង​វត្ត​ពោធិ៍​លង្កា​មាន​ភាពអនាធិបតេយ្យ បែងចែក​បក្ខពួក​ច្រើន គឺ​ព្រះចៅអធិការ​វត្ត​ផ្សេង គ្រូសូត្រឆ្វេង គ្រូសូត្រស្តាំ និង​គ្រូ​វិន័យ​ធម៌​ផ្សេង ដែល​សាលា​គណ​ខេត្តសៀមរាប បានធ្វើ​ការណែនាំ​ជាច្រើនលើក​ច្រើនសា​អស់​រយៈពេល​រាប់​ឆ្នាំ ប៉ុន្តែ​នៅតែ​មិនអាច​ណែនាំ​បាន ទើប​ចុង​ក្រោយ សាលា​គណ​សម្រេច​ធ្វើ​សារ​ដាក់ជូនទៅ​គណៈសង្ឃ​នាយក ហើយ​គណៈ​សង្ឃនាយក​ក៏បាន​សម្រេច បញ្ចប់​មុខតំណែង​គណៈសង្ឃ​វត្ត​នេះ​តែម្តង​។   

​ព្រះ​ភិក្ខុ​បញ្ជាក់ថា​៖ «​និយាយ​រួម​គឺ​យើង​រំសាយ​រដ្ឋបាល​សង្ឃ​មួយ​វត្ត​ពោធិ៍​លង្កា​ហ្នឹង​តែម្តង​ដើម្បី​យើង​សម្រួល​ឱ្យ​វា​ស្រួល​អាហ្នឹង​ភាសា​ងាយ​ស្តាប់​ថា កំណែទម្រង់​នៅក្នុង​ទី​វត្ត​ហ្នឹង ដើម្បី​ឱ្យមាន​សណ្តាប់ធ្នាប់​ក្នុងការ​គ្រប់​គ្រង ប្រកបដោយ​បែបបទ​រដ្ឋបាល​»​។​


​ព្រះអង្គ​អះអាងថា ការរំសាយ​គណៈសង្ឃ​វត្ត​ពោធិ៍​លង្កា​នេះ​មិនមាន​ពាក់ព័ន្ធ​រឿង​នយោបាយ ឬ​រឿង​អ្វី​ផ្សេង​នោះទេ សំខាន់​ព្រោះ​តែ​ក្នុង​វត្ត​នោះ​មិនមាន​ការ​ឯក​ភាព​គ្នា ពិបាក​ក្នុងការ​គ្រប់គ្រង​។

ការរំសាយ​នេះ ប្រៀបដូចជា​ការ​​ព្យាបាល​ដំបៅ​ដែល​ត្រូវ​កាត់​សាច់​ស្អុយ​ចោល ថ្វីដ្បិតតែ​ឈឺ ប៉ុន្តែ​ការព្យាបាល​ជា​នឹង​បានល្អ​ប្រសើរ​វិញ​។ បន្តា​ប់​ពី​ការ​អនុវត្តតាម​នីតិវិធី សាលា​គណ​ខេត្ត​នឹង​រៀបចំ​រចនាសម្ព័ន្ធ​ការគ្រប់គ្រង​ដឹកនាំ​ថ្មី ដែល​ត្រឹមត្រូវ​តាម​ធម៌​វិន័យ ព្រះពុទ្ធសាសនា​។  

​ភិក្ខុ​ ១​ អង្គ​គង់នៅ​វត្ត​ពោធិ៍​លង្កា​ ១០ ​ឆ្នាំ​មកហើយ ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ព្រះនាម​ថា បញ្ហា​ការមិន​ឯកភាពគ្នា​នៅក្នុង​វត្ត​នេះ​ដំបូង​មាន ​២ ​បក្ខ ប៉ុន្តែ​ក្រោយមក​មាន​រហូតដល់​ ៤ ​បក្ខ រញ៉េរញ៉ៃ​ជាខ្លាំង​។ នៅពេល​ឃើញ​មានការ​បញ្ចប់​តំណែង​គណៈ​សង្ឃ​វត្ត​ទាំង​ ៤ ​អង្គ ព្រះអង្គ​មាន​អារម្មណ៍​រីករាយ និង​គាំទ្រ​ព្រោះ​ចង់ឱ្យ​វត្តមាន​ភាព​រីកចម្រើន​តាមរយៈ​អ្នកដឹកនាំ​ថ្មី​ដែល​អាច​រក្សា​អ្នកសិក្សា​រៀនសូត្រ​បាន​ច្រើន​។ 

​បើកាលណា​មិន​ធ្វើបែបនេះ មេ​​រោគ​នៅតែ​មិនអាច​លុបបំបាត់ ហើយ​ភាពអនាធិបតេយ្យ​នៅតែ​កើតមាន​ក្នុង​វត្ត​។

ព្រះអង្គ​បន្តថា​៖ «​វត្ត​ហ្នឹង​អ្នករៀន​មានតែ​ខាង​ចៅ​អធិការ​ទេ ចំពោះ​ខាង​បក្ខ​ដែល​ប្រឆាំង​សុទ្ធតែ​ចាប់​បួស​អត់​មាន​ឆាយា អត់​មាន​សង្ឃដីកា​ច្បាស់​លាស់​ទេ​។ អ៊ីចឹង​ហើយ​ពិបាក ពួកគេ​រាង​ស្ទាវៗ ឈ្លើយ​អ៊ីចឹងទៅ និយាយឱ្យចំ​អាច​ថា ព្រឹក​ឡើង​ដើរ​បិណ្ឌបាត យប់​ឡើង​ប្រែកាយ​អ៊ីចឹងទៅ​»​។ 

​ព្រះសង្ឃ​ដដែល​ប្រាប់ថា ក្រោយ​មានការ​សម្អាត និង​រៀបចំ​រចនាសម្ព័ន្ធ​គ្រប់គ្រង​បានល្អ​ឡើងវិញ​ហើយ អាច​នឹងមាន​ការពិនិត្យ​លទ្ធភាព​ក្នុងការ​ទទួលយក​ភិក្ខុ​សាមណេរ សា​មណៈ​សិស្ស​ដែល​ចេញ​ទៅនោះ​ឱ្យ​ត្រឡប់​ចូលក្នុង​វត្ត​វិញ ដោយ​ពិនិត្យមើល​ប្រវត្តិរូប​ច្បាស់​លាស់ និង​មានការ​ពិនិត្យមើល​សារធាតុ​ញៀន​ជាដើម​។

យ៉ាង​ណា​ក្តី​ការរៀបចំ​ឱ្យ​ចាកចេញ​នោះ មិនមែន​បណ្តេញចេញ​ដោយ​មិនបាន​រៀបចំ​កន្លែង​ត្រូវ​ទៅនោះ​ទេ គឺមាន​ការបញ្ជូន​ឈ្មោះ​ច្បាស់លាស់ ក្នុងការ​ទៅ​នៅ​កន្លែង​ថ្មី​ត្រឹមត្រូវ​។ មុននឹង​បណ្តេញចេញ​ក៏មាន​ការ​ជូនដំណឹង​មុន​ក្នុង​រយៈពេល​មួយ​យូរ​សមរម្យ​ផងដែរ​។ 

​ឧបាសិកា​មុំ អាយុ​ ៧១ ​ឆ្នាំ​បានឱ្យដឹងថា មុនពេល​រំសាយ​គណៈ​សង្ឃ​ក្នុង​វត្ត​លោកយាយ​តែង​ទៅ​វត្ត​ធ្វើបុណ្យ​រក្សាសីល​ធម្មតា ប៉ុន្តែ​ក្រោយ​រំសាយ​គណៈសង្ឃ​លោក​យាយ​ប្តូរ​មក​រក្សាសីល​នៅផ្ទះ ចាំមើល​ការរៀបចំ​វត្ត​រួចរាល់​ទើប​ទៅ​វត្ត​ដូច​ធម្មតា​វិញ​។

រឿងរ៉ាវ​រញ៉េរញ៉ៃ​ក្នុង​វត្ត​នេះ កើតឡើង​យូរណាស់​មកហើយ​ព្រះសង្ឃ​បែង​ចែក​បក្ខពួក​មិនត្រូវ​គ្នា ចាត់ចែង​កាន់​លុយ​ដោយ​ខ្លួនឯង ឱ្យ​ញាតិ​​សន្តាន​មក​ធ្វើការ​លក់ដូរ​ក្នុង​វត្ត​អនាធិបតេយ្យ គ្មាន​គណៈ​​កម្ម​ការគ្រប់គ្រង​ច្បាស់លាស់​។ 

ឧបាសិកា​រូបនេះ​បញ្ជាក់ថា​៖ «​ខ្ញុំ​យល់ឃើញថា រំលាយចោល​ទាំង​​អស់​អ៊ីចឹង​ល្អ ព្រោះ​ខាង​នេះ​ក៏​យ៉ាប់ ខាង​នោះ​ក៏​យ៉ាប់ ខ្ញុំ​ចង់ឱ្យមាន​ចៅអធិការ គ្រប់គ្រង​តែ​១​យើង​ចាស់ទុំ​ស្រួល​ធ្វើបុណ្យ​ធ្វើ​ទាន​»​។ 

​លោក វណ្ណ ប៊ុន​ណា ប្រធាន​​មន្ទីរ​ធម្មការ និង​សាសនា​ខេត្ត​សៀមរាប​ឱ្យដឹងថា ក្រោយពី​មានការ​រំសាយ​គណៈសង្ឃ​នៅក្នុង​វត្ត​ពោធិ៍​លង្កា នៅ​ថ្ងៃទី ​១៣ ខែ​​វិច្ឆិកា មិនមាន​ការតវ៉ា​ណាមួយ​កើតឡើង​ទេ ថ្វីបើ​ពេល​ចុះ​អនុ​វត្តមាន​ការតវ៉ា​ខ្លះ​ពី​ព្រះសង្ឃ ប៉ុន្តែ​ក្រោយ​សម្របសម្រួល ព្រះ​​សង្ឃ​ទាំងនោះ បាន​យល់ព្រម​ចាកចេញ​ទាំងអស់​។

យ៉ាងណាក្តី​លោក​បញ្ជាក់ថា ចំពោះ​បញ្ហា​នៅក្នុង​វត្ត​ដែល​កើតឡើង​នេះ ការដោះស្រាយ​ផ្សេងៗ នៅលើ​ខាង​ផ្នែក​សង្ឃ​ជា​អ្នកសម្រេច មន្ទីរ និង​អាជ្ញាធរ​គ្រាន់តែ​សហ​​ការ​ប៉ុណ្ណោះ​។ 

​តាម​សេចក្តីជូនដំណឹង​របស់​សាលា​អនុគណ​ក្រុង​សៀមរាប ឱ្យដឹងថា ព្រះសង្ឃ​នៅក្នុង​វត្តមាន​ចំនួន​សរុប ១៤០ ​អង្គ និង​តាជី យាយជី ក្មេង​វត្តមាន​ចំនួន ៣១ នាក់​។

ការមិន​អនុញ្ញាត​ឱ្យមាន​អ្នក​នៅក្នុង​វត្ត​បន្ត សាលា​អនុគណ​​ក្រុង​សៀមរាប បាន​ណែនាំ ដល់​ព្រះសង្ឃ និង​យាយជី តាជី ក្មេង​​វត្ត​ទាំងអស់ ទាក់ទង​ទៅ​សាលា​អនុគណ​ដើម្បី​បាន​កន្លែង​ស្នាក់​នៅ​ផ្សេងទៀត​៕